លោក ហ៊ុន ម៉ាណែត រង​ការរិះគន់​ករណី​លើកលែងទោស​ឱ្យ​ឧក្រិដ្ឋជន​ពុករលួយ ថា ការពារមន្ត្រី​ខិលខូច

0
21
អតីត​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​គុនមិញ (Kun Ming) ខេត្ត​យូណាន (Yunan) ប្រទេស​ចិន លោក គ្រុយ លឹមហេង។ រូប៖ បណ្ដាញសង្គម
អតីត​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​គុនមិញ (Kun Ming) ខេត្ត​យូណាន (Yunan) ប្រទេស​ចិន លោក គ្រុយ លឹមហេង។ រូប៖ បណ្ដាញសង្គម

​អ្នកឃ្លាំមើល និង​បក្ស​ប្រឆាំង លើកឡើង​ថា លោក ហ៊ុន ម៉ាណែត លើកលែងទោស​ឧក្រិដ្ឋជន​ធំៗ ប៉ុន្តែ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​អ្នក​ដែល​មាន​មតិផ្ទុយ គឺជា​ការអនុវត្ត​ច្បាប់​មិន​ស្មើភាព បក្ខពួក​និយម និង​បំផ្លាញ​នីតិរដ្ឋ​។ ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ា​ណែ​ត ស្នើ​ឱ្យ​ព្រះមហាក្សត្រ លើកលែងទោស​ដល់​ឧក្រិដ្ឋជន​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​លុយ​រដ្ឋ និង អ្នកទោស​ជួញដូរ​គ្រឿងញៀន​ធំៗ ជា​បន្ដ​បន្ទាប់ ហើយ​នៅតែ​បន្ត​ដាក់​ពន្ធនាគារ លើ​អ្នកទោស​មនសិការ និង​អ្នក​ទោស​នយោបាយ។

អ្នកឃ្លាំមើល មន្ត្រី​គណបក្សប្រឆាំង និង​សាច់ញាតិ​សកម្មជន​បរិស្ថាន បង្ហាញ​ការ​ហួសចិត្ត ដែល​លោក ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​លើកលែងទោស​ឧក្រិដ្ឋជន​ពុករលួយ និង ឧក្រិដ្ឋជន​គ្រឿងញៀន ប៉ុន្តែ​នៅ​បន្ត​ចាប់ខ្លួន និង ដាក់​ពន្ធនាគារ​លើ អ្នក​ដែល​មាន​មនសិការ​ការពារ​ផលប្រយោជន៍​ជាតិ។

​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា​  ​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការ​លើកលែងទោស​ឱ្យ​ជន​ពុករលួយ គឺជា​ការ​លើកទឹកចិត្ត​ឱ្យ​មាន​ឧក្រិដ្ឋកម្ម អំពើពុករលួយ និង បក្ខពួក​គ្រួសារនិយម រីឯ​ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​បណ្ដា​ជន​ស្លូតត្រង់ ដែល​ធ្វើ​សកម្មភាព​ដើម្បី​ជាតិ បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល កំពុង​ដើរ​លើ​ផ្លូវខុស ក្នុង​នយោបាយ​ដឹកនាំ​ជាតិ​។ លោក​ថា រដ្ឋាភិបាលសព្វថ្ងៃ កំពុង​បង្កើត​គំរូ​ដឹកនាំ​កខ្វក់ ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា រអិល​ចូលក្នុង​ប្រព័ន្ធ​កុម្មុយនិស្ត​ផ្ដាច់​ការបំផ្លាញ​ជាតិ។

​លោក ស៊ឹង សែនករុណា ពន្យល់​ថា ប្រព័ន្ធ​កុម្មុយនិស្ត​ផ្ដាច់ការ បែប​រដ្ឋាភិបាល គ្រួសារ​ត្រកូល​ហ៊ុន តែងតែ​ប្រមាថ​ស្មារតី​រដ្ឋធម្មនុញ្ញ និង​ចាត់ទុក​អ្នកតស៊ូ​ដើម្បី សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ផលប្រយោជន៍​សង្គម ជា​គូប្រជែង ដែល​ត្រូវ​រឹតត្បិត​សេរីភាព។

លោក ស៊ឹង សែនករុណា៖ «ការ​នៅតែ​បន្ត​យាយី ធ្វើទុក្ខបុកម្នេញ ទៅលើ​សកម្មជន សង្គម នយោបាយ តាមរយៈ​ការប្រើប្រាស់​ច្បាប់​ជា​ឧបករណ៍​នេះ គឺជា​រូបភាព​អាក្រក់​មែនទែន ដែល​ជា​រូបភាព​មួយ​បង្ហាញ​កាន់តែ​ច្បាស់​ថា កំពុង​ដើរទៅ​រក​ការ ដឹកនាំ​មួយ តាម​បែប​កុម្មុយនិស្ត​ផ្ដាច់ការ បក្ខពួក​និយម ហើយ​លើកស្ទួយ​នូវ អំពើពុករលួយ​បំផ្លាញ​ប្រទេសជាតិ នាំ​ឱ្យ​ប្រទេសជាតិ​អន់ថយ»។

​ប្រពន្ធ​សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ប្រាប់​ទូរទស្សន៍ អាស៊ីសេរី ថា លោកស្រី ខកចិត្ត​ខ្លាំង​ណាស់ ខណៈ​កម្ពុជា​អន់ថយ ដោយ​បញ្ហា​ជា ច្រើន​ជំពូក ជាពិសេស វិបត្តិ​សិទ្ធិមនុស្ស ប៉ុន្តែ​បែរជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត យកចិត្ត​ទុក្ខ​ដាក់ ស្នើ​ឱ្យ​លើកលែងទោស​ឧក្រិដ្ឋជន ហើយ​បន្ត​ឃុំខ្លួន​ក្រុម សកម្មជន​បរិស្ថាន និង​អ្នកទោស​មនសិការ ដែល​ជា​បុគ្គល​ស្អាតស្អំ និង​ធ្វើការ​ស្ម័គ្រចិត្ត ដើម្បី​ប្រយោជន៍​ជាតិ​ទៅវិញ។

លោកស្រី ប៉ាត់ រស្មី៖ «ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា គឺជា​ការអនុវត្ត​ទោស ស្តង់ដារ​ពីរ​។ អ៊ីចឹង វា​ជា​រឿង​អយុត្តិធម៌​មែនទែន សម្រាប់​ប្រជាជន ដែល​ស្លូតត្រង់ ពលរដ្ឋ ដែល​ស្រឡាញ់​ធនធានធម្មជាតិ ត្រូវ​បាន​ជាប់​ពន្ធនាគា​រ ហើយ​បែរជា​ទៅ លើកលែងទោស​អ្នក​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ទៅវិញ»។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើ ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស ឱ្យ​ឧក្រិដ្ឋជន​ប្រព្រឹត្ត​អំពើពុករលួយ លោក គ្រុយ លឹមហេង ហើយ​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត​លើកលែងទោស​តាំងពី​ថ្ងៃទី​១៧ ខែ​កក្កដា។

អតីត​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​គុនមិញ (Kun Ming) ខេត្ត​យូណាន (Yunan) ប្រទេស​ចិន លោក គ្រុយ លឹមហេង ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស កាលពី​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២០ ឱ្យ​ជាប់ពន្ធនាគារ ៧​ឆ្នាំ និង​ពិន័យ​ជា ប្រាក់​ចូល​រដ្ឋ ចំនួន ១០​លាន​រៀល ពី​បទចោទ ៤​ករណី រួមមាន បទ​«​បំផ្លាញ ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​» បទ​«​រំលោភ​អំណាច​» បទ​«​វីតិក្រម ឬ ការ​យក​លុយ​លើស​កំណត់ និង បទ​«​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​» ដែល ប្រព្រឹត្ត នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩។

​តុលាការ​រកឃើញ​ថា អតីត​អគ្គ​កុងស៊ុល​លោក គ្រុយ លឹម​ហេង ធ្វើ​ឱ្យ​បាត់​សន្លឹក​ទិដ្ឋាការ​ស្អិត ចំនួន ១៦០០​សន្លឹក ក្លែងបន្លំ​សន្លឹក​ទិដ្ឋាការ​ស្អិត ៥០០​សន្លឹក និង​ប្រើប្រាស់​ថវិកា​របស់​ស្ថាន​អគ្គ​កុងស៊ុល ដោយ​មិន​ប្រក្រតី ហើយ​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​លោក​ជាដើម​។​

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​បំភ្លឺ​ជុំវិញ​ការ លើកលែងទោស​អតីត​អគ្គ​កុងស៊ុល​កម្ពុជា លោក គ្រុយ លឹមហេង បាន​ទេ នៅ​ថ្ងៃទី​២១ ខែ​កញ្ញា។  

មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់ ទូរទស្សន៍​អាស៊ីសេរី​ថា រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន តាំងពី​ឪពុក​ដល់​កូន តែងតែ​លើកលែងទោស​ពួក​ឧក្រិដ្ឋជន ប៉ុន្តែ​បន្ត​ធ្វើបាប​សកម្មជន និង​ក្រុម​អ្នក នយោបាយ​ប្រឆាំង ដែល​ធ្វើ​សកម្មភាព​តាម​រដ្ឋធម្មនុញ្ញ​។ លោក​ថា លោក ហ៊ុន សែន បាន​សាង​កំហុស​ប្រវត្តិសាស្ត្រ​ដ៏​ធំ ក្នុង​ការ​គប់គិត​ជាមួយ​ឧក្រិដ្ឋជន​បំផ្លាញ ជាតិ ហើយ​បន្ត​លើក​មរតក​ឧក្រិដ្ឋកម្ម​នយោបាយ​បែបនេះ ឱ្យ​លោក ហ៊ុន ម៉ាណែត អនុវត្ត​ទៀត។ 

លោក ម៉ែន សុថាវរិន្ទ្រ៖ «​អាណត្តិ​លោក ហ៊ុន ម៉ា​ណែ​ត យ៉ាប់​ជាង​លោក ហ៊ុន សែន ឆ្ងាយ ហើយ​យ៉ាប់​មែនទែន ធ្វើបាប​ប្រជាពលរដ្ឋ​មែនទែន គេ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​មិនអាច​ទុកចិត្ត​បាន គឺ​យ៉ាប់​ជា​ឪ​តទៅទៀត ចាំ​មើល​ណា។ [​យើង​] ឃើញជាក់ស្ដែង គាត់​ដោះលែង គឺ​ដោះលែង​អ្នក​ពុករលួយ​រឿង​អី​ណា ប៉ុន្តែ​អ្នក ដែល​ការពារ​បរិស្ថាន អ្នក​និយាយ​ពី​ថៃ​ឈ្លានពាន​អី ចាប់​គេ​ដាក់គុក​។ គណបក្ស ប្រឆាំង​និយាយ​រឿង​ការពារ​ទឹកដី​អី ចាប់​គេ​ដាក់គុក​រឿង​រ៉ែ​អី ចាប់​គេ ដាក់គុក​។ អាហ្នឹង​មិនមែន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ទេ គឺ​ពហុបក្ស​តែ នៅក្នុង​ក្រដាស ប៉ុន្តែ​ការអនុវត្ត​ផ្ដាច់ការ​តែម្ដង»។

ក្រៅពី​ស្នើ​ឱ្យ​លើកលែងទោស​អតីត​អគ្គ​កុងស៊ុល​កម្ពុជា លោក គ្រុយ លឹមហេង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ក្នុង​ខែ​ឧសភា ក៏បាន​ធ្វើ​សំណើ​ទៅ​ព្រះមហាក្សត្រ ឱ្យ​លើកលែងទោស​បុរស​ជន​ជាតិ​បែលហ្ស៊ិក​ម្នាក់ ឈ្មោះ តង់ហ្គី អេដឌី ជេ តាល់ឡែរ (Tanguy Eddie J.Taller) ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពីបទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន បន្ទាប់ពី​អ្នកទោស គ្រឿងញៀន​ដ៏​ធំ​ម្នាក់​នេះ ជាប់ពន្ធនាគារ ទើបតែ​បាន ជាង ៣​ឆ្នាំ​ប៉ុណ្ណោះ។

អ្នកឃ្លាំមើល លើកឡើង​ថា កម្ពុជា​ប្រឈម​នឹង​វិបត្តិ​ប្រព័ន្ធ​ម៉ាហ្វីយ៉ា​និយម ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​រដ្ឋ ខណៈ​ឧក្រិដ្ឋជន​ធំៗ អាច​ប្រើ​លុយ និង​ខ្សែ​បក្ខពួក រួចខ្លួន​ពី​ទោសឧក្រិដ្ឋ ប៉ុន្តែ ពលរដ្ឋ​ស្លូតត្រង់ សកម្មជន​សង្គម​សកម្មជន​នយោបាយ និង អ្នក​នយោបាយ ដែល​ធ្វើ​សកម្មភាព​ដើម្បី​បុព្វហេតុ​ជាតិ តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បែរជា​ជាប់ពន្ធនាគារ​ទៅវិញ​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ