

អ្នកឃ្លាំមើល និងបក្សប្រឆាំង លើកឡើងថា លោក ហ៊ុន ម៉ាណែត លើកលែងទោសឧក្រិដ្ឋជនធំៗ ប៉ុន្តែបន្តធ្វើទុក្ខបុកម្នេញលើក្រុមអ្នកដែលមានមតិផ្ទុយ គឺជាការអនុវត្តច្បាប់មិនស្មើភាព បក្ខពួកនិយម និងបំផ្លាញនីតិរដ្ឋ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ស្នើឱ្យព្រះមហាក្សត្រ លើកលែងទោសដល់ឧក្រិដ្ឋជនប្រព្រឹត្តអំពើពុករលួយកិបកេងលុយរដ្ឋ និង អ្នកទោសជួញដូរគ្រឿងញៀនធំៗ ជាបន្ដបន្ទាប់ ហើយនៅតែបន្តដាក់ពន្ធនាគារ លើអ្នកទោសមនសិការ និងអ្នកទោសនយោបាយ។
អ្នកឃ្លាំមើល មន្ត្រីគណបក្សប្រឆាំង និងសាច់ញាតិសកម្មជនបរិស្ថាន បង្ហាញការហួសចិត្ត ដែលលោក ហ៊ុន ម៉ាណែត ស្នើឱ្យលើកលែងទោសឧក្រិដ្ឋជនពុករលួយ និង ឧក្រិដ្ឋជនគ្រឿងញៀន ប៉ុន្តែនៅបន្តចាប់ខ្លួន និង ដាក់ពន្ធនាគារលើ អ្នកដែលមានមនសិការការពារផលប្រយោជន៍ជាតិ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការលើកលែងទោសឱ្យជនពុករលួយ គឺជាការលើកទឹកចិត្តឱ្យមានឧក្រិដ្ឋកម្ម អំពើពុករលួយ និង បក្ខពួកគ្រួសារនិយម រីឯការបន្តធ្វើទុក្ខបុកម្នេញលើបណ្ដាជនស្លូតត្រង់ ដែលធ្វើសកម្មភាពដើម្បីជាតិ បង្ហាញឱ្យឃើញថា រដ្ឋាភិបាល កំពុងដើរលើផ្លូវខុស ក្នុងនយោបាយដឹកនាំជាតិ។ លោកថា រដ្ឋាភិបាលសព្វថ្ងៃ កំពុងបង្កើតគំរូដឹកនាំកខ្វក់ ដែលធ្វើឱ្យប្រទេសកម្ពុជា រអិលចូលក្នុងប្រព័ន្ធកុម្មុយនិស្តផ្ដាច់ការបំផ្លាញជាតិ។
លោក ស៊ឹង សែនករុណា ពន្យល់ថា ប្រព័ន្ធកុម្មុយនិស្តផ្ដាច់ការ បែបរដ្ឋាភិបាល គ្រួសារត្រកូលហ៊ុន តែងតែប្រមាថស្មារតីរដ្ឋធម្មនុញ្ញ និងចាត់ទុកអ្នកតស៊ូដើម្បី សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងផលប្រយោជន៍សង្គម ជាគូប្រជែង ដែលត្រូវរឹតត្បិតសេរីភាព។
លោក ស៊ឹង សែនករុណា៖ «ការនៅតែបន្តយាយី ធ្វើទុក្ខបុកម្នេញ ទៅលើសកម្មជន សង្គម នយោបាយ តាមរយៈការប្រើប្រាស់ច្បាប់ជាឧបករណ៍នេះ គឺជារូបភាពអាក្រក់មែនទែន ដែលជារូបភាពមួយបង្ហាញកាន់តែច្បាស់ថា កំពុងដើរទៅរកការ ដឹកនាំមួយ តាមបែបកុម្មុយនិស្តផ្ដាច់ការ បក្ខពួកនិយម ហើយលើកស្ទួយនូវ អំពើពុករលួយបំផ្លាញប្រទេសជាតិ នាំឱ្យប្រទេសជាតិអន់ថយ»។
ប្រពន្ធសកម្មជនបរិស្ថាន លោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ប្រាប់ទូរទស្សន៍ អាស៊ីសេរី ថា លោកស្រី ខកចិត្តខ្លាំងណាស់ ខណៈកម្ពុជាអន់ថយ ដោយបញ្ហាជា ច្រើនជំពូក ជាពិសេស វិបត្តិសិទ្ធិមនុស្ស ប៉ុន្តែបែរជាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត យកចិត្តទុក្ខដាក់ ស្នើឱ្យលើកលែងទោសឧក្រិដ្ឋជន ហើយបន្តឃុំខ្លួនក្រុម សកម្មជនបរិស្ថាន និងអ្នកទោសមនសិការ ដែលជាបុគ្គលស្អាតស្អំ និងធ្វើការស្ម័គ្រចិត្ត ដើម្បីប្រយោជន៍ជាតិទៅវិញ។
លោកស្រី ប៉ាត់ រស្មី៖ «ការអនុវត្តច្បាប់នៅប្រទេសកម្ពុជា គឺជាការអនុវត្តទោស ស្តង់ដារពីរ។ អ៊ីចឹង វាជារឿងអយុត្តិធម៌មែនទែន សម្រាប់ប្រជាជន ដែលស្លូតត្រង់ ពលរដ្ឋ ដែលស្រឡាញ់ធនធានធម្មជាតិ ត្រូវបានជាប់ពន្ធនាគារ ហើយបែរជាទៅ លើកលែងទោសអ្នកដែលប្រព្រឹត្តអំពើពុករលួយទៅវិញ»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើ ព្រះមហាក្សត្រព្រះរាជទានលើកលែងទោស ឱ្យឧក្រិដ្ឋជនប្រព្រឹត្តអំពើពុករលួយ លោក គ្រុយ លឹមហេង ហើយព្រះមហាក្សត្របានចេញព្រះរាជក្រឹតលើកលែងទោសតាំងពីថ្ងៃទី១៧ ខែកក្កដា។
អតីតអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងគុនមិញ (Kun Ming) ខេត្តយូណាន (Yunan) ប្រទេសចិន លោក គ្រុយ លឹមហេង ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោស កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ និងពិន័យជា ប្រាក់ចូលរដ្ឋ ចំនួន ១០លានរៀល ពីបទចោទ ៤ករណី រួមមាន បទ«បំផ្លាញ ដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត» បទ«រំលោភអំណាច» បទ«វីតិក្រម ឬ ការយកលុយលើសកំណត់ និង បទ«មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល» ដែល ប្រព្រឹត្ត នៅកម្ពុជាចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។
តុលាការរកឃើញថា អតីតអគ្គកុងស៊ុលលោក គ្រុយ លឹមហេង ធ្វើឱ្យបាត់សន្លឹកទិដ្ឋាការស្អិត ចំនួន ១៦០០សន្លឹក ក្លែងបន្លំសន្លឹកទិដ្ឋាការស្អិត ៥០០សន្លឹក និងប្រើប្រាស់ថវិការបស់ស្ថានអគ្គកុងស៊ុល ដោយមិនប្រក្រតី ហើយមិនប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់លោកជាដើម។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីបំភ្លឺជុំវិញការ លើកលែងទោសអតីតអគ្គកុងស៊ុលកម្ពុជា លោក គ្រុយ លឹមហេង បានទេ នៅថ្ងៃទី២១ ខែកញ្ញា។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់ ទូរទស្សន៍អាស៊ីសេរីថា រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន តាំងពីឪពុកដល់កូន តែងតែលើកលែងទោសពួកឧក្រិដ្ឋជន ប៉ុន្តែបន្តធ្វើបាបសកម្មជន និងក្រុមអ្នក នយោបាយប្រឆាំង ដែលធ្វើសកម្មភាពតាមរដ្ឋធម្មនុញ្ញ។ លោកថា លោក ហ៊ុន សែន បានសាងកំហុសប្រវត្តិសាស្ត្រដ៏ធំ ក្នុងការគប់គិតជាមួយឧក្រិដ្ឋជនបំផ្លាញ ជាតិ ហើយបន្តលើកមរតកឧក្រិដ្ឋកម្មនយោបាយបែបនេះ ឱ្យលោក ហ៊ុន ម៉ាណែត អនុវត្តទៀត។
លោក ម៉ែន សុថាវរិន្ទ្រ៖ «អាណត្តិលោក ហ៊ុន ម៉ាណែត យ៉ាប់ជាងលោក ហ៊ុន សែន ឆ្ងាយ ហើយយ៉ាប់មែនទែន ធ្វើបាបប្រជាពលរដ្ឋមែនទែន គេមើលឃើញថា ប្រជាពលរដ្ឋមិនអាចទុកចិត្តបាន គឺយ៉ាប់ជាឪតទៅទៀត ចាំមើលណា។ [យើង] ឃើញជាក់ស្ដែង គាត់ដោះលែង គឺដោះលែងអ្នកពុករលួយរឿងអីណា ប៉ុន្តែអ្នក ដែលការពារបរិស្ថាន អ្នកនិយាយពីថៃឈ្លានពានអី ចាប់គេដាក់គុក។ គណបក្ស ប្រឆាំងនិយាយរឿងការពារទឹកដីអី ចាប់គេដាក់គុករឿងរ៉ែអី ចាប់គេ ដាក់គុក។ អាហ្នឹងមិនមែនប្រជាធិបតេយ្យ សេរីពហុបក្ស ទេ គឺពហុបក្សតែ នៅក្នុងក្រដាស ប៉ុន្តែការអនុវត្តផ្ដាច់ការតែម្ដង»។
ក្រៅពីស្នើឱ្យលើកលែងទោសអតីតអគ្គកុងស៊ុលកម្ពុជា លោក គ្រុយ លឹមហេង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលក្នុងខែឧសភា ក៏បានធ្វើសំណើទៅព្រះមហាក្សត្រ ឱ្យលើកលែងទោសបុរសជនជាតិបែលហ្ស៊ិកម្នាក់ ឈ្មោះ តង់ហ្គី អេដឌី ជេ តាល់ឡែរ (Tanguy Eddie J.Taller) ដែលត្រូវបានតុលាការកម្ពុជាផ្ដន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរគ្រឿងញៀនឆ្លងដែន បន្ទាប់ពីអ្នកទោស គ្រឿងញៀនដ៏ធំម្នាក់នេះ ជាប់ពន្ធនាគារ ទើបតែបាន ជាង ៣ឆ្នាំប៉ុណ្ណោះ។
អ្នកឃ្លាំមើល លើកឡើងថា កម្ពុជាប្រឈមនឹងវិបត្តិប្រព័ន្ធម៉ាហ្វីយ៉ានិយម ក្នុងរចនាសម្ព័ន្ធដឹកនាំរដ្ឋ ខណៈឧក្រិដ្ឋជនធំៗ អាចប្រើលុយ និងខ្សែបក្ខពួក រួចខ្លួនពីទោសឧក្រិដ្ឋ ប៉ុន្តែ ពលរដ្ឋស្លូតត្រង់ សកម្មជនសង្គមសកម្មជននយោបាយ និង អ្នកនយោបាយ ដែលធ្វើសកម្មភាពដើម្បីបុព្វហេតុជាតិ តាមស្មារតីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បែរជាជាប់ពន្ធនាគារទៅវិញ៕









