អ្នកឃ្លាំមើល​ថា ពលរដ្ឋ​មិន​អាច​រស់​ក្នុង​សន្តិភាពទេ បើ​រដ្ឋាភិបាល​បន្ត​រំលោភសិទ្ធិ​មនុស្ស និង​បង្កើត​អយុត្តិធម៌​សង្គម

0
47
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកឃ្លាំមើល​ថា ពលរដ្ឋ​មិនអាច​រស់នៅ​ក្នុង​សន្តិភាព​បានទេ បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត បន្ត​រំលោភ​សិទ្ធិមនុស្ស និង​បង្កើត​អយុត្តិធម៌​សង្គម​ឥត​ឈប់ឈរ​។ ការ​លើកឡើង​នេះ គឺ​ស្របពេល​មេដឹកនាំ​កម្ពុជា​រូបនេះ បង្ហោះ​សារលិខិត​សាទរ និង​គោរព​ដឹងគុណ​ចំពោះ​យុទ្ធជន យុទ្ធ​នារី កងកម្លាំងប្រដាប់អាវុធ​គ្រប់រូប ដែល​បាន​លះបង់​អាយុជីវិត ក្នុង​ការ​ការពារ​ជាតិ​មាតុភូមិ និង​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស «​ទិវា​សន្តិភាព​អន្តរជាតិ​» លើក​ទី​២០​។​

អ្នកឃ្លាំមើល​គ្មាន​ជំនឿ​លើ​ការ​កសាង​សន្តិភាព​ក្រោម​របប​ដឹកនាំ​របស់​គ្រួសារ​ត្រកូល ហ៊ុន ថា អាច​ឲ្យ​ពលរដ្ឋ​រស់នៅ​បាន​ស្ងប់​សុខ រីកចម្រើន បាន​នោះ​ទេ ខណៈ​ពលរដ្ឋ​ជាច្រើន​បន្ត​ត្អូញត្អែរ​ពី​បញ្ហា​សេដ្ឋកិច្ច​របស់​ខ្លួន រង​ទុក្ខ​លំបាក ការ​ធ្វើ​ទុក្ខ​ម្នេញ ដោយ​ការ​ចាប់ចង គំរាមកំហែង និង​បំភិតបំភ័យ​លើ​សម្លេង​ប្រឆាំង​តាម​គ្រប់​រូបភាព​។​

ការ​លើកឡើង​នេះ គឺ​ក្រោយពេល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត បាន​បង្ហោះ​សារលិខិត​ចូលរួម​សាទរ​ក្នុង​ទិវា​«​សន្តិភាព​អន្តរជាតិ​» ដែល​អង្គការសហប្រជាជាតិ​បាន​កំណត់​យក​ថ្ងៃទី ២១ ខែកញ្ញា ប្រារព្ធ​ទិវា​នេះ នៅ​ទូទាំង​សកលលោក រួម​ទាំង​កម្ពុជា​ផង​ដែរ ក្នុង​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​លើកកម្ពស់​គុណ​តម្លៃ​នៃ​សន្តិភាព និង​សម្ដែង​នូវ​កតញ្ញូតាធម៌​ដល់​វីរជន​គ្រប់រូប ដែល​បាន​ធ្វើ​ពលិកម្ម ដើម្បី​បុព្វហេតុ​សន្តិភាព​ផង​ដែរ​។​

នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​១៨ កញ្ញា រាជរដ្ឋាភិបាល​កម្ពុជា បាន​រំលឹក​អំពី​សាវតារ​នៃ​ការ​កសាង​សន្តិភាព​របស់​កម្ពុជា ចាប់តាំងពី​ថ្ងៃ​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញលេញ​មកវិញ ពី​អាណានិគម​បារាំង​និង​ការ​ធ្លាក់​ចូលក្នុង​ភ្នក់ភ្លើង​សង្គ្រាមស៊ីវិល​ជាច្រើនលើក​រហូតដល់​បច្ចុប្បន្ន និង​មានការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​ជាដើម។

រាជរដ្ឋាភិបាល​លើកឡើង​ថា បទពិសោធន៍​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ និង​ស្ថានភាព​ជាក់ស្តែង នា​ពេល​បច្ចុប្បន្ន បង្ហាញថា ច្បាប់​អន្តរជាតិ​មិន​អាច​ធានា​សន្តិភាព​បាន​ប្រសិនបើ​ខ្វះ​ឆន្ទៈ​នយោបាយ​ពិតប្រាកដ ហើយ​ដើម្បី​ឱ្យ​សន្តិភាព​អាច​ចាក់​ឬសគល់​យ៉ាង​ជ្រៅ រឹងមាំ និង​មាន​ចីរភាព​បាន កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ជំហរ​គោរព​អធិបតេយ្យ និង​សមភាព​រវាង​រដ្ឋ ការ​លុបបំបាត់​វប្បធម៌​ប្រើប្រាស់​កម្លាំង ការអនុវត្ត​កាតព្វកិច្ច​អន្តរជាតិ​ដោយ​ស្មោះ​ត្រង់ ព្រមទាំង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ និង​យន្តការ​ពហុភាគី ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​អនុ​ឡោម​តាមច្បាប់​អន្តរជាតិ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​ឲ្យ​ដឹង​ទៀត​ថា ទោះបីជា​កម្ពុជា​រង​សម្ភាធ​វិបត្តិ​ពី​ខាងក្រៅ​ជា​បន្តបន្ទាប់​ក្តី ក៏​កម្ពុជា​នៅតែ​បន្ត​រក្សា​បាន​ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច​យ៉ាង​រឹងមាំ ព្រមទាំង​បាន​ជំរុញ​ល្បឿន​នៃ​កំណើន​ផ្នែក​សេដ្ឋកិច្ច ការ​ពង្រឹង​សក្តានុពល​ភាព​ផលិតកម្ម​ក្នុងស្រុក​ជាដើម​។ គោលដៅ​ចុងក្រោយបង្អស់​នៃ​កំណើនសេដ្ឋកិច្ច ដែល​រាជរដ្ឋាភិបាល​ចង់បាន​នោះ គឺ​ការបង្កើត​ឱកាស​ការងារ​បន្ថែម ការ​កើនឡើង​នូវ​ប្រាក់ចំណូល ការ​អភិវឌ្ឍ​ជំនាញ​ពិតប្រាកដ ការ​លើកកម្ពស់​គុណភាព និង​លទ្ធភាព​ទទួល​បាន​សេវា​សាធារណៈ​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​ជាដើម​។​

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក ហ៊ុន សែន នៅតែ​បន្ត​ភូតភរ​ប្រជាពលរដ្ឋ និង​លួង​ខ្លួនឯង​ចំពោះ​បរាជ័យ​ក្នុង​ការ​ដឹកនាំ​ប្រទេស​។ លោក​ថា របប​គ្រួសារ​លោក ហ៊ុន ម៉ា​ណែ​ត មិនអាច​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សុខ សន្តិភាព​បាន​នោះ​ទេ ដោយសារ​សេដ្ឋកិច្ច​ក្នុង​របប​មួយ​នេះ ពឹងផ្អែក​ទាំងស្រុង​លើ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​អនឡាញ​។ លោក​ថា សន្តិភាព​ក្នុង​របប​ឪ​កូន​នេះ គឺជា​សន្តិភាព​តែ​ក្រុម​បក្ខពួក​គណបក្សកាន់អំណាច​ប៉ុណ្ណោះ ប៉ុន្តែ​ពលរដ្ឋ​ដែល​មាន​មតិផ្ទុយ​ត្រូវ​រង​ការ​គំរាមកំហែង​ចាប់ចង​ឥត​ឈប់ឈរ​។ លោក​បន្ត​ថា លោក ហ៊ុន ម៉ា​ណែ​ត ជា​មេដឹកនាំ​ដែល​មិនអាច​ជឿទុក​ចិត្ត​បាន និង​ថ្លែង​សារ​គ្មាន​ភាពស្មោះត្រង់​ចំពោះ​ពលរដ្ឋ​ខ្លួន​ឡើយ។

លោក ម៉ែន ណាត អះអាង​ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​ផ្តល់​សន្តិភាព​ឲ្យ​ពលរដ្ឋ​បាន​ពិតប្រាកដ​ត្រូវ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់ កម្ចាត់​អំពើពុករលួយ​ក្នុង​ស្ថាប័នរដ្ឋ​ឲ្យ​អស់ ពង្រឹង​វិស័យ​នីតិរដ្ឋ​ឲ្យ​បាន​រឹងមាំ​ឡើងវិញ វែកមុខ​មេ​ក្លោង​ឆបោក​ធំៗ ដូចជា​លោក ហ៊ុន តូ ជាដើម មក​ផ្ដន្ទាទោស ឲ្យ​បាន​ធ្ងន់ធ្ងរ និង​កាត់បន្ថយ​ស្ថាប័ន និង​មន្ត្រី​រដ្ឋ​មួយចំនួន​ចេញ​ឲ្យ​បាន​ច្រើន ដោយ​ទុក​តែ​អ្នក​ដែល​ធ្វើ​ការ​ជូន​ពលរដ្ឋ​ពិត​ប៉ុណ្ណោះ​ទើប​អាច​ផ្តល់​សុខ​សន្តិភាព​ជូន​ពលរដ្ឋ​បាន​។​

លោក ម៉ែន ណាត៖ «​បើ​ចង់បាន​សន្តិភាព​ពិតប្រាកដ​នៅ​កម្ពុជា​ផ្ទៃក្នុង​ជាតិ យើង​និយាយ​ពី​ផ្ទៃក្នុង​ជាតិ មិន​ពិបាក​ទេ គឺ​ទីមួយ ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់ ទាំង​អ្នកនយោបាយ ទាំង​សកម្មជន​សង្គម​។ វិស័យ​ផ្សេងៗ​ទៀត​មិន​បាច់ចាំ​និយាយ​ច្រើន មិន​បាច់​ចាំ​អួត​ច្រើន​ទេ ធ្វើ​ស្ងាត់ៗ​ទៅ​។ បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​អីហ្នឹង ត្រូវតែ​បង្ក្រាប​ជា​អតិបរមា ដូចជា​ករណី ហ៊ុន តូ ដូចជា​ករណី កុក អាន លី យ៉ុងផាត់ ជាដើម​ហ្នឹង ត្រូវតែ​បង្ក្រាប​… ឱ្យ​បាន​… ឱ្យ​ខាង​តែ​បាន​ទៅ​។ ហើយ​ពួក​ឧកញ៉ា​ឆបោក ដូចជា លោក ឡេង ណាវ៉ាត្រា លលក ហ៊ុន តូ អីហ្នឹង ត្រូវតែ​បង្ក្រាប​ជាដាច់ខាត មិនអាច​ស៊ុមគ្រលុំ​ទេ​។ អាហ្នឹង​… អាហ្នឹង​បញ្ហា ដើម្បី​ឱ្យ​វា​… វា សុខ​សន្តិភាព វា​ត្រូវតែ​កែសម្រួល​រឿង​អស់ហ្នឹង​» ។

ចំណែក ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា មានប្រសាសន៍ថា សន្តិភាព​ក្នុង​របប​លោក ហ៊ុន ម៉ា​ណែ​ត គឺជា​ការដឹកនាំ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​មាន​ភាព​ភ័យខ្លាច កម្មករ កសិករ​កំពុង​រស់​រង​ទុក្ខវេទនា ពលករ​នៅតែ​បន្ត​លួច​ចំណាកស្រុក អត់​ការងារ​ធ្វើ បំណុល​ពលរដ្ឋ​វ័ន​ករ​ជាដើម​។ លោក​បន្ត​ថា សន្តិភាព​របស់​គ្រួសារ​ត្រកូល​ហ៊ុន គឺ​ការ​បន្ត​ឲ្យ​កម្ពុជា​រង​ការរិះគន់​ពី​ការ​មិន​គោរព​សិទ្ធិមនុស្ស ចាប់ចង រំលោភសិទ្ធិ​ប្រជាពលរដ្ឋ ការ​ឃ្លាំមើល​ពី​អន្តរជាតិ​ពី​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ ការ​លាង​លុយកខ្វក់​ជាដើម​។ លោក​ថ្លែង​ថា លោក​មិនអាច​ទទួលយក​សន្តិភាព​ក្រោម​ការដឹកនាំ​របស់​គ្រួសារ​មួយ​នេះ​បាន​ឡើយ។

លោក ស៊ឹង សែន​ករុណា៖ «​នេះ​គឺជា​ការដឹកនាំ​ដោយ​គ្មាន​ផ្តល់​នូវ​ភាព​រីកចម្រើន នូវ​ក្តី​សុខ​ផ្លូវកាយ​ផ្លូវចិត្ត​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​ការដឹកនាំ​ហ្នឹង​កំពុងតែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​។ ចឹ​ង​យើង​សួរ​ថា​តើ​មាន​សន្តិភាព​មកពីណា ចំណុច​ទាំងអស់​នេះ​។ អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​គឺ​ចង់​ឱ្យមាន​ការដឹកនាំ​ទទួលស្គាល់​នូវ​ការពិត នូវ​អ្វីដែល​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ឥស្សរជន​នយោបាយ​ជា​ច្រើនរូប​ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ និង​ពេលវេលា​និង​ក្តី​សុខ​ខ្លួនឯង​ដើម្បី​បុព្វហេតុ​ជាតិ​។ យើង​ត្រូវ​កសាង​ប្រទេស​ដោយ​បើក​នូវ​លំហ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​»។

បច្ចុប្បន្ន អ្នកនយោបាយ អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សហជីព អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាង ១០០​នាក់​ហើយ​កំពុង​បន្ត​ជាប់ឃុំ​ដោយសារ​ការប្រើប្រាស់​សិទ្ធិ និង​ភាព​សកម្ម​ក្នុង​កិច្ចការ​សង្គម​។ អ្នកឃ្លាំមើល​លើកឡើង​ថា ទន្ទឹម​នឹង​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជាមួយ​ថៃ​ដើម្បី​ឱ្យ​ទទួល​បាន​សន្តិភាព​នៅ​តាម​ព្រំដែន​ឡើងវិញ​នោះ រដ្ឋាភិបាល​ក៏​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នៅក្នុង​សង្គម​ដោយ​គោរព​សិទ្ធិមនុស្ស កសាង​សេដ្ឋកិច្ចជាតិ​ឱ្យ​ប្រសើរ និង​លុបបំបាត់​អយុត្តិធម៌​ទាំងឡាយ​នៅក្នុង​សង្គម នោះ​ទើប​ពលរដ្ឋ​ខ្មែរ​អាច​រស់នៅ​ក្នុង​សន្តិភាព​ពិតប្រាកដ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ