

អ្នកឃ្លាំមើលថា ពលរដ្ឋមិនអាចរស់នៅក្នុងសន្តិភាពបានទេ បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តរំលោភសិទ្ធិមនុស្ស និងបង្កើតអយុត្តិធម៌សង្គមឥតឈប់ឈរ។ ការលើកឡើងនេះ គឺស្របពេលមេដឹកនាំកម្ពុជារូបនេះ បង្ហោះសារលិខិតសាទរ និងគោរពដឹងគុណចំពោះយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធគ្រប់រូប ដែលបានលះបង់អាយុជីវិត ក្នុងការការពារជាតិមាតុភូមិ និងសុខសន្តិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» លើកទី២០។
អ្នកឃ្លាំមើលគ្មានជំនឿលើការកសាងសន្តិភាពក្រោមរបបដឹកនាំរបស់គ្រួសារត្រកូល ហ៊ុន ថា អាចឲ្យពលរដ្ឋរស់នៅបានស្ងប់សុខ រីកចម្រើន បាននោះទេ ខណៈពលរដ្ឋជាច្រើនបន្តត្អូញត្អែរពីបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន រងទុក្ខលំបាក ការធ្វើទុក្ខម្នេញ ដោយការចាប់ចង គំរាមកំហែង និងបំភិតបំភ័យលើសម្លេងប្រឆាំងតាមគ្រប់រូបភាព។
ការលើកឡើងនេះ គឺក្រោយពេលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបង្ហោះសារលិខិតចូលរួមសាទរក្នុងទិវា«សន្តិភាពអន្តរជាតិ» ដែលអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី ២១ ខែកញ្ញា ប្រារព្ធទិវានេះ នៅទូទាំងសកលលោក រួមទាំងកម្ពុជាផងដែរ ក្នុងការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងសម្ដែងនូវកតញ្ញូតាធម៌ដល់វីរជនគ្រប់រូប ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុសន្តិភាពផងដែរ។
នៅក្នុងលិខិតចុះថ្ងៃទី១៨ កញ្ញា រាជរដ្ឋាភិបាលកម្ពុជា បានរំលឹកអំពីសាវតារនៃការកសាងសន្តិភាពរបស់កម្ពុជា ចាប់តាំងពីថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពេញលេញមកវិញ ពីអាណានិគមបារាំងនិងការធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលជាច្រើនលើករហូតដល់បច្ចុប្បន្ន និងមានការឈ្លានពានពីប្រទេសថៃជាដើម។
រាជរដ្ឋាភិបាលលើកឡើងថា បទពិសោធន៍ប្រវត្តិសាស្ត្រដ៏ជូរចត់ និងស្ថានភាពជាក់ស្តែង នាពេលបច្ចុប្បន្ន បង្ហាញថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានប្រសិនបើខ្វះឆន្ទៈនយោបាយពិតប្រាកដ ហើយដើម្បីឱ្យសន្តិភាពអាចចាក់ឬសគល់យ៉ាងជ្រៅ រឹងមាំ និងមានចីរភាពបាន កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវជំហរគោរពអធិបតេយ្យ និងសមភាពរវាងរដ្ឋ ការលុបបំបាត់វប្បធម៌ប្រើប្រាស់កម្លាំង ការអនុវត្តកាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងយន្តការពហុភាគី ដោះស្រាយវិវាទដោយសន្តិវិធី និងអនុឡោមតាមច្បាប់អន្តរជាតិ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលឲ្យដឹងទៀតថា ទោះបីជាកម្ពុជារងសម្ភាធវិបត្តិពីខាងក្រៅជាបន្តបន្ទាប់ក្តី ក៏កម្ពុជានៅតែបន្តរក្សាបានស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ព្រមទាំងបានជំរុញល្បឿននៃកំណើនផ្នែកសេដ្ឋកិច្ច ការពង្រឹងសក្តានុពលភាពផលិតកម្មក្នុងស្រុកជាដើម។ គោលដៅចុងក្រោយបង្អស់នៃកំណើនសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលចង់បាននោះ គឺការបង្កើតឱកាសការងារបន្ថែម ការកើនឡើងនូវប្រាក់ចំណូល ការអភិវឌ្ឍជំនាញពិតប្រាកដ ការលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋជាដើម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរីថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន នៅតែបន្តភូតភរប្រជាពលរដ្ឋ និងលួងខ្លួនឯងចំពោះបរាជ័យក្នុងការដឹកនាំប្រទេស។ លោកថា របបគ្រួសារលោក ហ៊ុន ម៉ាណែត មិនអាចដឹកនាំប្រទេសឲ្យមានសុខ សន្តិភាពបាននោះទេ ដោយសារសេដ្ឋកិច្ចក្នុងរបបមួយនេះ ពឹងផ្អែកទាំងស្រុងលើក្រុមឧក្រិដ្ឋជនឆបោកអនឡាញ។ លោកថា សន្តិភាពក្នុងរបបឪកូននេះ គឺជាសន្តិភាពតែក្រុមបក្ខពួកគណបក្សកាន់អំណាចប៉ុណ្ណោះ ប៉ុន្តែពលរដ្ឋដែលមានមតិផ្ទុយត្រូវរងការគំរាមកំហែងចាប់ចងឥតឈប់ឈរ។ លោកបន្តថា លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលមិនអាចជឿទុកចិត្តបាន និងថ្លែងសារគ្មានភាពស្មោះត្រង់ចំពោះពលរដ្ឋខ្លួនឡើយ។
លោក ម៉ែន ណាត អះអាងថា ប្រសិនបើរដ្ឋាភិបាលចង់ផ្តល់សន្តិភាពឲ្យពលរដ្ឋបានពិតប្រាកដត្រូវដោះលែងអ្នកទោសមនសិការទាំងអស់ កម្ចាត់អំពើពុករលួយក្នុងស្ថាប័នរដ្ឋឲ្យអស់ ពង្រឹងវិស័យនីតិរដ្ឋឲ្យបានរឹងមាំឡើងវិញ វែកមុខមេក្លោងឆបោកធំៗ ដូចជាលោក ហ៊ុន តូ ជាដើម មកផ្ដន្ទាទោស ឲ្យបានធ្ងន់ធ្ងរ និងកាត់បន្ថយស្ថាប័ន និងមន្ត្រីរដ្ឋមួយចំនួនចេញឲ្យបានច្រើន ដោយទុកតែអ្នកដែលធ្វើការជូនពលរដ្ឋពិតប៉ុណ្ណោះទើបអាចផ្តល់សុខសន្តិភាពជូនពលរដ្ឋបាន។
លោក ម៉ែន ណាត៖ «បើចង់បានសន្តិភាពពិតប្រាកដនៅកម្ពុជាផ្ទៃក្នុងជាតិ យើងនិយាយពីផ្ទៃក្នុងជាតិ មិនពិបាកទេ គឺទីមួយ ដោះលែងអ្នកទោសមនសិការទាំងអស់ ទាំងអ្នកនយោបាយ ទាំងសកម្មជនសង្គម។ វិស័យផ្សេងៗទៀតមិនបាច់ចាំនិយាយច្រើន មិនបាច់ចាំអួតច្រើនទេ ធ្វើស្ងាត់ៗទៅ។ បញ្ហាឧក្រិដ្ឋកម្មឆបោកអីហ្នឹង ត្រូវតែបង្ក្រាបជាអតិបរមា ដូចជាករណី ហ៊ុន តូ ដូចជាករណី កុក អាន លី យ៉ុងផាត់ ជាដើមហ្នឹង ត្រូវតែបង្ក្រាប… ឱ្យបាន… ឱ្យខាងតែបានទៅ។ ហើយពួកឧកញ៉ាឆបោក ដូចជា លោក ឡេង ណាវ៉ាត្រា លលក ហ៊ុន តូ អីហ្នឹង ត្រូវតែបង្ក្រាបជាដាច់ខាត មិនអាចស៊ុមគ្រលុំទេ។ អាហ្នឹង… អាហ្នឹងបញ្ហា ដើម្បីឱ្យវា… វា សុខសន្តិភាព វាត្រូវតែកែសម្រួលរឿងអស់ហ្នឹង» ។
ចំណែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សន្តិភាពក្នុងរបបលោក ហ៊ុន ម៉ាណែត គឺជាការដឹកនាំដែលនាំឲ្យពលរដ្ឋមានភាពភ័យខ្លាច កម្មករ កសិករកំពុងរស់រងទុក្ខវេទនា ពលករនៅតែបន្តលួចចំណាកស្រុក អត់ការងារធ្វើ បំណុលពលរដ្ឋវ័នករជាដើម។ លោកបន្តថា សន្តិភាពរបស់គ្រួសារត្រកូលហ៊ុន គឺការបន្តឲ្យកម្ពុជារងការរិះគន់ពីការមិនគោរពសិទ្ធិមនុស្ស ចាប់ចង រំលោភសិទ្ធិប្រជាពលរដ្ឋ ការឃ្លាំមើលពីអន្តរជាតិពីបញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញ ការលាងលុយកខ្វក់ជាដើម។ លោកថ្លែងថា លោកមិនអាចទទួលយកសន្តិភាពក្រោមការដឹកនាំរបស់គ្រួសារមួយនេះបានឡើយ។
លោក ស៊ឹង សែនករុណា៖ «នេះគឺជាការដឹកនាំដោយគ្មានផ្តល់នូវភាពរីកចម្រើន នូវក្តីសុខផ្លូវកាយផ្លូវចិត្តជូនប្រជាពលរដ្ឋនោះទេ គឺការដឹកនាំហ្នឹងកំពុងតែធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ ចឹងយើងសួរថាតើមានសន្តិភាពមកពីណា ចំណុចទាំងអស់នេះ។ អ្វីដែលខ្ញុំចង់ឃើញគឺចង់ឱ្យមានការដឹកនាំទទួលស្គាល់នូវការពិត នូវអ្វីដែលជាការខិតខំប្រឹងប្រែងរបស់ឥស្សរជននយោបាយជាច្រើនរូបដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងពេលវេលានិងក្តីសុខខ្លួនឯងដើម្បីបុព្វហេតុជាតិ។ យើងត្រូវកសាងប្រទេសដោយបើកនូវលំហពីគ្រប់ភាគីពាក់ព័ន្ធ»។
បច្ចុប្បន្ន អ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាង ១០០នាក់ហើយកំពុងបន្តជាប់ឃុំដោយសារការប្រើប្រាស់សិទ្ធិ និងភាពសកម្មក្នុងកិច្ចការសង្គម។ អ្នកឃ្លាំមើលលើកឡើងថា ទន្ទឹមនឹងរដ្ឋាភិបាលដោះស្រាយបញ្ហាជាមួយថៃដើម្បីឱ្យទទួលបានសន្តិភាពនៅតាមព្រំដែនឡើងវិញនោះ រដ្ឋាភិបាលក៏ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានៅក្នុងសង្គមដោយគោរពសិទ្ធិមនុស្ស កសាងសេដ្ឋកិច្ចជាតិឱ្យប្រសើរ និងលុបបំបាត់អយុត្តិធម៌ទាំងឡាយនៅក្នុងសង្គម នោះទើបពលរដ្ឋខ្មែរអាចរស់នៅក្នុងសន្តិភាពពិតប្រាកដ៕








