អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​ដាក់​ទោស​ស្នងការ​រង​បន្ទាយមានជ័យ​​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​ការ​កាង​ឲ្យ​ក្រុម​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

0
24
​លោក អ៊ុំ សុផល ស្នងការ​រង​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ផែនការ​ការងារ​ព្រំដែន​គោក​​។ រូប៖ បណ្ដាញសង្គម
​លោក អ៊ុំ សុផល ស្នងការ​រង​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ផែនការ​ការងារ​ព្រំដែន​គោក​​។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​ដាក់​ទោសទណ្ឌ​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ខេត្តបន្ទាយមានជ័យ​ម្នាក់​ឲ្យ​បាន​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​ការ​ឃុបឃិត​គ្នា ជួយ និង​កាង​ឲ្យ​ក្រុម​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ដ៏​ធំ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត។ ការ​លើកឡើង​នេះ គឺ​ក្រោយពី​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ស្នងការ​រង​នគរបាល​ខេត្ត​ម្នាក់​ក្រោយ​សង្ស័យ​ថា បាន​ផ្តល់​ទីតាំង​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។

អ្នកឃ្លាំមើល​សាទរ​ចំពោះ​ការ​ឃាត់ខ្លួន​មេ​ក្លោង​ដែល​ឃុបឃិត​គ្នា​ជួយ​កាង និង​ផ្តល់​ជម្រក​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​អនឡាញ​ដ៏​ធំ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត ប៉ុន្តែ​ពួកគាត់​ទាមទារ​ឲ្យ​វែកមុខ​មេ​ក្លោង​ធំៗ​បន្ថែម​ទៀត​ក្នុង​រឿង​នេះ ដោយ​ពួកគាត់​ជឿជាក់​ថា ករណីនេះ មិន​អាច​មានតែ​មន្ត្រីជាន់ខ្ពស់​ម្នាក់​ដែល​ចូលរួម​ជួយ​ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះ​បាន​​ទេ។

ការ​លើកឡើង​នេះ គឺ​ក្រោយ​ពេល​ដែល​កម្លាំង​ក្រុមការងារ​ចម្រុះ​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ស្នងការ​រង​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ផែនការ​ការងារ​ព្រំដែន​គោក​លោក អ៊ុំ សុផល ក្រោយ​សង្ស័យ​ថា បាន​លួច​ផ្តល់​អគារ​ចំនួន ២​កន្លែង ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ដើម្បី​ជួយ​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២៦​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក​ក្នុងស្រុក​។​

ប្រភព​ដដែល​បង្ហាញថា ការ​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ គឺ​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​ទីតាំង​ពីរ​កន្លែង​ក្នុង​នោះ​អគារ​ទី​១ កម្ពស់ ៥​ជាន់ មាន ១៧២​បន្ទប់ និង​សាល​ធំ​១ និង​អគារ​ទី​២ កម្ពស់ ២​ជាន់ មាន ៥៩​បន្ទប់ មាន​សាល​ធំ​៤ ព្រមទាំង​រក​ឃើញ​មាន​មនុស្ស​សរុប​២២៣​នាក់ មកពី​៨​សញ្ជាតិ ក្នុង​នោះ​មាន​ជនបរទេស​២០០​នាក់ និង​ជនជាតិ​ខ្មែរ​២៣​នាក់​។ ប្រភព​បញ្ជាក់​ថា លោក អ៊ុំ សុផល គឺជា​ម្ចាស់​អគារ​ចំនួន ២​កន្លែង​នោះ។

​ប្រភព​ដដែល​ឲ្យ​ដឹង​ថា ជនបរទេស​ទាំងនោះ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​កងវ៉ា​ខេត្ត នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត។ មិនតែប៉ុណ្ណោះ សមត្ថកិច្ច​បាន​រឹបអូស និង​ដកហូត​សម្ភារ​មួយចំនួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​នីតិវិធី។

បច្ចុប្បន្ន​នេះ សមត្ថកិច្ច​បានសម្រេច​បិទ​ទីតាំង​អគារ​ទាំងពីរ​ជា​បណ្ដោះអាសន្ន។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ថ្លែង​ថា មន្ត្រី​ដែល​មាន​តួនាទី​ការពារ​ប្រជាពលរដ្ឋ បែរជា​ជួយ​ការពារ​ក្រុម​ឧក្រិដ្ឋជន គឺ​កំពុង​ក្បត់​ទំនុកចិត្ត​របស់​ពលរដ្ឋ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ប្រទេស។ ការ​កាង​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​អន​ឡាញ​ទាំងនេះ គឺជា​រឿង​ធ្ងន់ធ្ងរ ដែល​មិនអាច​លើកលែង​ឲ្យ​បាន។ លោក​ថា អាជ្ញាធរ​ត្រូវ​ស៊ើបអង្កេត​បន្ត មិន​គួរ​បញ្ចប់​ត្រឹម​មន្ត្រី​ម្នាក់​នេះ​ទេ ហើយ​ត្រូវ​រក​ឱ្យ​ឃើញ​អ្នក​ឃុបឃិត​ក្នុង​រឿង​នេះ​ទាំងអស់​មក​ផ្ដន្ទាទោស​តាមច្បាប់ ទោះ​អ្នក​ទាំងនោះ​មាន​ឋានៈ​ធំ​ប៉ុនណា​ក៏ដោយ។ បើ​ចាប់​បានតែ​ម្នាក់ ហើយ​ទុក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ឱ្យ​បន្ត​រកស៊ី ក្រុម​ឆបោក​អាច​រើ​ទីតាំង ហើយ​ធ្វើ​សកម្មភាព​ឡើងវិញ។

លោក សេង វណ្ណលី៖ «ខ្ញុំ​គិតថា​ប្រជាពលរដ្ឋ​ចង់​ឃើញ​អាជ្ញាធរ​បង្ហាញ​ព័ត៌មាន​ដែល​អាច​ផ្សព្វផ្សាយ​អឺ​បានឱ្យ​ច្បាស់លាស់ ថា​ចាប់ខ្លួន​ដោយសារ​អ្វី កំពុង​ស៊ើបអង្កេត​បទល្មើស​អ្វី ហើយ​សំណុំរឿង​ទៅដល់​ណា​ហើយ ដែល​រក្សា​ការសម្ងាត់​ដែល​ចាំបាច់​សម្រាប់​ការស៊ើបអង្កេត និង​ការពារ​សាក្សី​។ បើ​តុលាការ​រកឃើញ​ថា មានទោស​ប្រាកដ​មែន ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់ អឺ​និង​ទណ្ឌកម្ម​វិន័យ​សម​នឹង​កំហុស អឺ​គ្រាន់តែ​ដក​តំណែង ឬក៏​ផ្ទេរ​ទៅ​កន្លែង​ផ្សេង ខ្ញុំ​គិតថា​វា​មិន​គ្រប់គ្រាន់​ទេ​។ ថ្នាក់ខ្ពស់​ក៏​ត្រូវ​ទទួលខុសត្រូវ​ខ្ពស់​ដែរ មិនមែន​ទទួល​បាន​ការយោគយល់​ពិសេស​ដូច​កន្លងមក​ទេ បាទ»។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​នេះ បានទេ​នៅ​ថ្ងៃទី​២២ កញ្ញា​នេះ ដោយ​ទូរស័ព្ទ​មិន​ចូល​។ ចំណែក ប្រធាន​មន្ទីរ​ស្រាវជ្រាវ​បទល្មើស​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក ព្រំ ថេង ថា ដាក់​ច្បាប់​ព្យាបាល​ជំងឺ ពុំ​បាន​ដឹង​រឿង​នេះ​ឡើយ រួច​ចុច​បិទ​ទូរស័ព្ទ។

ករណី​ស្រដៀង​គ្នា​នេះ​ដែរ​កាលពី​ថ្ងៃទី ២១ ខែកញ្ញា អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចេញ​ប្រកាស​ព័ត៌មាន​ពី​ចំណាត់ការ​លើ​មេឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្តកោះកុង លោក រៀម រុំ និង​បក្ខពួក ដែល​បាន​ត្រង​យក​ក្រុម​ឆបោក​អនឡាញ​ដែល​បាន​បែកខ្ញែក​តូចៗ​ឲ្យ​បន្ត​ដំណើរការ ក្រោយ​មជ្ឈមណ្ឌល​ស្គេម​ធំៗ​ត្រូវ​បាន​បង្ក្រាប និង​បិទ​ចោល។

មេឃុំ​ព្រែក​ខ្សាច់​លោក រៀម រុំ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៥ កញ្ញា និង​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​។ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​មេឃុំ​រូប​នេះ ពី​បទ​ស៊ីសំណូក សមគំនិត​ក្នុង​អំពើ​រៀបចំ ឬ​ដឹកនាំ​មជ្ឈមណ្ឌល ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សម្អាត​ប្រាក់ តាម​មាត្រា ៣២ នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើពុករលួយ មាត្រា ២៩ និង​មាត្រា ៥៩៤ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា ៦ និង​មាត្រា ៩ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​មាត្រា ៣៨ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម។

មេឃុំ​រួប​នេះ និង​បក្ខពួក បាន​យក​ដី​របស់​ខ្លួន​៥​ហិកតារ ធ្វើជា​រោង​ដាក់​ឲ្យ​ក្រុម​ឆបោក​អនឡាញ​ប្រព្រឹត្ត​បទល្មើស​បន្ត​ទៀត ក្រោយ​មានការ​ចុះ​បង្ក្រាប​ពី​អាជ្ញាធរ ដោយ​១​ក្រុម​មាន​៤២​នាក់ ហើយ​ក្រុម​អនឡាញ​ស្កេ​ម​នេះ​មាន​ឈ្មោះថា ក្រុម OD ដែល​មាន​ជនជាតិ​ចិន​ម្នាក់​ជា​មេក្រុម មាន​ឈ្មោះថា ឆៃ យ៉ូវយៀន ដែល​បច្ចុប្បន្ន​បាន​រត់គេច​ខ្លួន។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ដាក់​ទោសទណ្ឌ​មន្ត្រី ដែល​ប្រព្រឹត្ត​ផ្ទុយ​វិជ្ជាជីវៈ ជាពិសេស​មន្ត្រីជាន់ខ្ពស់​រូប​នេះ​ឲ្យ​បាន​ធ្ងន់ធ្ងរ និង​មិន​ត្រូវ​លើកលែង ឬ​ដោះលែង​ឲ្យ​រួចខ្លួន​មកវិញ​ក្រោយ​ស្ងប់ស្ងាត់​បាន​មួយ​រយៈ​នោះ​ទេ​។ លោក​បន្ត​ថា លោក​ចង់​ឃើញ​រដ្ឋាភិបាល​បង្ក្រាប​មេ​ក្លោង​ឆបោក​ដែល​ធំ​ជាង​នេះ ដូចជា លោក ហ៊ុន តូ និង​មន្ត្រី​គ្រាក់ៗ​ដែល​មាន​នៅក្នុង​បញ្ជីខ្មៅ​របស់​សហរដ្ឋអាមេរិក ដែល​ប្រទេស​មហាអំណាច​ទាំងនោះ​កំពុង​ចាំ​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ទើប​មាន​ប្រសិទ្ធភាព​ជាង​។ លោក​បង្ហាញ​ការសង្ស័យ​ថា ករណី​ចាប់​ស្នងការ​រង​នេះ អាជ្ញាធរ​មិនបាន​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​លឺ​ទូលំទូលាយ​នៅឡើយ ដែល​ហាក់បីដូចជា​ការ​ឃុបឃិត ជួយ​ក្នុង​ការ​កសាង​សំណុំរឿង ដើម្បី​បន្ធូរ​បន្ថយទោស​ធ្ងន់ ឲ្យ​មក​ជា​ស្រាល​ក្នុងករណី​ឆបោក​នេះ​។ លោក​ទទូច​ឲ្យ​សមត្ថកិច្ច តុលាការ និង​រដ្ឋាភិបាល​គួរ​ដាក់ទោស​លើ​ករណី​មន្ត្រី ប្រព្រឹត្ត​កំហុស​នេះ ឲ្យ​បាន​ធ្ងន់ធ្ងរ​ដើម្បី​ពង្រឹង​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ត្រូវ​ដោះស្រាយ​រឿង​នេះ​ប្រកបដោយ​តម្លាភាព​ជូន​ប្រជាពលរដ្ឋ។

លោក ម៉ែន ណាត៖ «ជួនកាល​អាច​ចាប់​មន្ត្រី​ហ្នឹង​ដាក់គុក​មួយ​រយៈ​ពេល​អ៊ីចឹង​ទៅ ហើយ​មន្ត្រី​ហ្នឹង​មាន​ខ្សែ​មាន​ខ្នង​ក្រាស់​នៅក្នុង​រដ្ឋាភិបាល​ជាន់ខ្ពស់ អញ្ចឹង​មួយ​រយៈ​ពេល​ក្រោយមក​គេ​ដោះលែង​​អ៊ីចឹង​ទៅ គេ​ប្រើ​វិធី​ដោះលែង​អ៊ីចឹង​ទៅ​។ ដូចជា​ឧទាហរណ៍ ឧកញ៉ា គិត ធាង ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ គេ​ដាក់ទោស​មួយរយៈ​ពេល​ហើយ ក្រោយមក​គេ​ក៏​សរសេរ​លិខិត​ទៅ​ព្រះមហាក្សត្រ ឱ្យ​ព្រះមហាក្សត្រ​លើកលែងទោស​អឺ​គិត គិត ធាង ហ្នឹង​ទៅ​។ វាៗ​ផ្ទុយ​អំពី​ក្រុម​សកម្មជន ក្រុម​អ្នកនយោបាយ​ប្រឆាំង​ដែល​គ្រាន់តែ​និយាយ​ស្តី បញ្ចេញមតិ​ធម្មតា ត្រូវ​បាន​គេ​ចាប់​ដាក់គុក កាត់ទោស​ឱ្យ​ជាប់គុក រាប់​សិប​ឆ្នាំ ៥-៦ ឆ្នាំ ទៅ ១០ ឆ្នាំ ម្នាក់ៗ»។

ចាប់តាំងពី​ថ្ងៃទី​១០-២០ ខែកញ្ញា ឆ្នាំ​២០២៦ អាជ្ញាធរ​កម្ពុជា បាន​ឃាត់ខ្លួន និង​បណ្តេញ​ចេញ ជនបរទេស​ចំនួន ៦៨១​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​អនឡាញ រស់នៅ​ខុសច្បាប់ និង​ចាប់ជំរិត ហើយ​បញ្ជូន​ទៅ​តុលាការ ដើម្បី​កសាង​សំណុំរឿង​មាន​ចំនួន ៤៤៦​ករណី ត្រូវ ពាក់ព័ន្ធ​នឹង​ជន​ត្រូវ​ចោទ​សរុប​ជិត ៤​ពាន់​នាក់ (៣,៩២៧) ដែល​មាន ២៩​សញ្ជាតិ​។ ទោះបីជា​មានការ​បង្ក្រាប​ជា​ហូរ​ហែរ​មក​ក្តី រហូតមកដល់​ពេលនេះ មេ​ក្លោង​ធំៗ អាជ្ញាធរ​មិន​ទាន់​បាន​វែកមុខ​មក​ផ្ដន្ទាទោស​នៅឡើយ​។ អ្នកឃ្លាំមើល ទទូច​ឲ្យ​អាជ្ញាធរ អនុវត្ត​ច្បាប់ និង​ចុះ​បង្ក្រាប​ករណី​ឆបោក​ទាំងនេះ ដោយ​តម្លាភាព រក​ឲ្យ​ឃើញ​មេ​ក្លោង​ដែល​នៅ​ពីក្រោយ​ឧក្រិដ្ឋកម្ម​ទាំងនេះ​មក​ដាក់ទោស​ទណ្ឌ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់ចិត្ត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ