

អតិថិជនទាមទារឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញប្រភពហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ដើម្បីបញ្ចប់គម្រោង ៦អា (6A) ជាជាងការធ្វើពាណិជ្ជកម្ម លក់ឡាយឡុងថោកៗ នូវគម្រោងដីធ្លីនៅខេត្តសៀមរាប ដែលមិនមានភាពប្រក្រតី ជាយូរឆ្នាំមកហើយ។ អតិថិជនថា ការផ្សាយពាណិជ្ជកម្មលក់ឡៃឡុងថោកៗនេះ មិនអាចរកលុយ ដើម្បីសង់ផ្ទះ និង រៀបចំដី ឱ្យអតិថិជន ក្នុងគម្រោងធំៗ ដែលត្រូវ ចំណាយលុយរាប់លានដុល្លារបានទេ។
ប្រមាណ ១០ថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ លោក សាយ សំអាល់ ប្រាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឱ្យរកហិរញ្ញវត្ថុសម្រាប់បញ្ចប់ ការសាងសង់ផ្ទះ និង រៀបចំដី ជូនអតិថិជននោះ ក្រុមហ៊ុនបុរី និង ដីឡូតិ៍ របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មកដល់ពេលនេះ នៅតែមិនទាន់បានបង្ហាញ ប្រភពហិរញ្ញវត្ថុ ដើម្បីដោះស្រាយ ឱ្យបានច្បាស់លាស់នៅឡើយទេ។ អាជ្ញាធរ ពាក់ព័ន្ធ និងតុលាការ ក៏មិនបានបង្ហាញពីការចាត់វិធានការច្បាប់ និង ស៊ើបអង្កេត ទៅលើប្រភពទ្រព្យសម្បត្តិរបស់ឧកញ៉ាអលចនទ្រព្យរូបនេះដែរ។
ខណៈនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើត្រឹមតែចេញផ្សាយពាណិជ្ជកម្ម បន្ដលក់ ឡាយឡុងគម្រោងដីធ្លី នៅខេត្តសៀមរាប ដែលអ្នកឧកញ៉ា អះអាងថា ប្រមូលប្រាក់ យកទៅក្រសួងចាត់ចែង ដើម្បីដំណើរការបញ្ចប់គម្រោងនៅផ្លូវជាតិ ៦អា (6A) និង គម្រោងដែលជាប់គាំងឯទៀត។
លោក ឡេង ណាវ៉ាត្រា៖ «ពុកម៉ែបងប្អូនឆាតមក សួរនាំច្រើនមែនទែន ហើយសំណួរភាគច្រើនដូចៗគ្នា ដោយគាត់ចង់បានដី ដែលខ្ញុំឡៃឡុងនៅសៀមរាប ដែលទីតាំង គាត់ស្រឡាញ់ហើយ តម្លៃគឺល្អហើយ ប៉ុន្តែអ្វីដែលគាត់បារម្ភ មាន ៣ ចំណុច បារម្ភទី១ ខ្លាចអត់បានប្លង់រឹង បារម្ភទី២ ខ្លាចទិញដីហើយអត់បានដី ការបារម្ភទី៣ ខ្លាចទិញដីហើយ គឺផ្ទេរសិទ្ធិអត់បាន»។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់ឡៃឡុងបញ្ចុះតម្លៃដល់ទៅ ៧៥% ដែល ក្នុង ១ឡូតិ៍ ទំហំដី ៥ម៉ែត្រx២០ម៉ែត្រ ធ្លាក់មកនៅតម្លៃ ៩៥០ដុល្លារប៉ុណ្ណោះ។
អ្នកឃ្លាំមើល និង អតិថិជន លើកឡើងថា លោក ឡេង ណាវ៉ាត្រា ធ្លាប់ឱ្យដឹងពីតម្រូវការហិរញ្ញវត្ថុ យ៉ាងតិច ២០លានដុល្លារ ទើបអាចបញ្ចប់គម្រោងបុរី និង ដីឡូតិ៍ ៦អា របស់ខ្លួនបាន ដូច្នេះ ទាមទារឱ្យលោក ឡេង ណាវ៉ាត្រា លក់គម្រោងដីនៅ ខេត្តសៀមរាប ឱ្យបានយ៉ាងតិច ២ម៉ឺនប្លង់ឯណោះ ទើបអាចរកប្រាក់គ្រប់ ដើម្បី បញ្ចប់គម្រោងនៅផ្លូវជាតិ៦អា ហើយនេះ នៅមិនទាន់រាប់បញ្ជូល គម្រោងជាច្រើន ទៀត ដែលក្រុមហ៊ុន ត្រូវដោះស្រាយភាពជាប់គាំងផងដែរ។
អតិថិជនថា ស្ថានភាពនេះ ជាការពិបាកណាស់ ដែលអាចរកអតិថិជន ទៅទិញដី រហូតដល់ ២ម៉ឺនប្លង់ ខណៈក្រុមហ៊ុន ឡេង ណាវ៉ាត្រា អស់ការជឿជាក់ពីពលរដ្ឋ ទៅហើយ។ ហេតុនេះ ពួកគាត់ តម្រូវឱ្យលោក ឡេង ណាវ៉ាត្រា បង្ហាញប្រភព ហិរញ្ញវត្ថុឱ្យប្រាកដប្រជាជាងនេះ
អតិថិជនមួយរូប ដែលបានបង់ប្រាក់ផ្ដាច់ ទិញផ្ទះ និង ដី ពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា តាំងពីឆ្នាំ២០២១ ប៉ុន្តែមិនទាន់ទទួលបានផ្ទះ និងដី រហូតមកដល់សព្វថ្ងៃ ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ជាការល្អបើមានដំណោះស្រាយ ប៉ុន្តែ លោកនៅតែពិបាកទុកចិត្តក្រុមហ៊ុន ឡេង ណាវ៉ាត្រា។ លោកបារម្ភថា ប្រសិនបើគម្រោងលក់ឡៃឡុងនៅសៀមរាប អតិថិជនទិញហើយ ស្រាប់តែមិនបានដីទៀត នោះនឹងធ្វើឱ្យមាន ជនរងគ្រោះចាស់ថ្មីកាន់តែច្រើនម៉ឺននាក់ថែមទៀត ដែលធ្វើឱ្យវិបត្តិកាន់តែធំ។
អតិថិជន៖ «អ្វីដែលគាត់សន្យាថា នៅពេលលក់ឡៃឡុងទៅ យកកញ្ចប់ថវិកាហ្នឹង មកជួយខាងគម្រោង ៦ អានិងគម្រោងជ្រៃមួយរយ វាជាការល្អសម្រាប់អតិថិជន នៅគម្រោង ៦អា និងជ្រៃមួយរយ ដែលមិនទាន់មានដំណោះស្រាយ។ ប៉ុន្តែបើ សិនជាការលក់របស់គាត់ មិនដូចអ្វីដែលគាត់សន្យា អ៊ីចឹងវាជាបញ្ហាធំ កាន់តែធំទៅ ធ្វើឱ្យអតិថិជនទាំងអស់រងគ្រោះ ធ្វើឱ្យអតិថិជនផ្សេងៗរងគ្រោះបន្ថែមទៀត»។
គម្រោងដីរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា នៅខេត្តសៀមរាបនេះ ឃើញតែក្រុមអតិថិជនគ្រប់ទិសទី ត្អូញត្អែរព្រោងព្រាត លើបណ្ដាញសង្គមហ្វេសប៊ុក ថា ទិញដីបង់ផ្ដាច់ហើយ បានតែប្លង់ តែមិនបានដីជាក់ស្ដែង។ វិបត្តិនេះ កើតមានក្នុងគម្រោងដីនៅសៀមរាប ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងប្រកាសលក់ឡាយឡុងនោះតែម្ដង។
អតិថិជនឈ្មោះ ពុធ ឡៃ ឱ្យដឹងថា ដីនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលខ្លួនបានទិញបង់ផ្ដាច់ហើយ និងក៏បានធ្វើប្លង់ផ្ដាច់ឈ្មោះហើយដែរ តែមិនទាន់ឃើញលេខដីនៅឡើយទេ។
អតិថិជន ម៉ៅ ស្រីនា ថា ក្នុងគម្រោង២ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ខ្លួនទិញដោយបង់លុយដាច់ តែមិនទាន់បានប្លងរឹង ខណៈឈ្មោះ ស្រី មុំ (Srey Mon Takav) រៀបរាប់ថា ខ្លួនទិញដី ៤ប្លង់ ដោយប្រើលុយសុទ្ធ តែអត់ដឹងថា ដីនៅកៀនណា អត់ឃើញបោះបង្គោលក្បាលដីទេ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៣ ខែកញ្ញា ថា រដ្ឋាភិបាលគួរតែកត់ត្រាទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឱ្យបានជាក់លាក់ ពីព្រោះករណីបញ្ហាក្រុមហ៊ុននេះ ពាក់ព័ន្ធនឹងការត្រូវសងបំណុលផង និងដោះស្រាយឱ្យជ្រះស្រឡះ ជូនអតិថិជនផង។
បន្ថែមលើនេះ លោក យិន ម៉េងលី មានប្រសាសន៍ថា ការទាមទាររបស់អតិថិជន ឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា បង្ហាញប្រភពហិរញ្ញវត្តុ ឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយគម្រោង ៦អា និង គម្រោងដែលជាប់គាំងផ្សេង គឺរឿងត្រឹមត្រូវ ដោយ លោកយល់ថា ការលក់ឡៃឡុងគម្រោងនៅសៀមរាបនោះ មិនមែនជារឿងដែល ងាយប្រមូលប្រាក់បានគ្រប់គ្រាន់តាមផែនការទេ។
លោក យិន ម៉េងលី៖ «ថាតើការលក់ដីនៅកន្លែងផ្សេងៗទៀត ដើម្បីយកមកដោះស្រាយបញ្ហាបច្ចុប្បន្ននេះ ថាតើការលក់ផ្សេងៗទៀត ប៉ះពាល់ដល់ពលរដ្ឋផ្សេងៗទៀតអត់? តើតំបន់ដែលលក់ហ្នឹង ឧទាហរណ៍ថា លក់នៅខេត្តសៀមរាបយកមកដោះស្រាយបញ្ហានៅភ្នំពេញ តើមានប៉ះពាល់ពលរដ្ឋនៅខេត្តសៀមរាបអត់?នេះជាបញ្ហាមួយ អ៊ីចឹងខាងក្រសួង ត្រូវធ្វើការកត់ត្រាបញ្ហានេះ ឱ្យបានច្បាស់លាស់»។
អតិថិជនឱ្យដឹងថា គម្រោងដីឡូតិ៍ របស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាប់គាំងនៅទូទាំងប្រទេស គឺពុំមែនតែគម្រោងបុរី និង ដីឡូតិ៍ ៦អា និង គម្រោងដីឡូតិ៍ នៅសៀមរាបនោះទេ។
អតិថិជនឈ្មោះ សូយ នី (Soy Ny) ថា ដីបាត់ដំបង និង បន្ទាយមានជ័យ គាំងស្ដូកហើយ ខណៈអថិជនឈ្មោះ អាឡាង វិញ ថាខ្លួនទិញដី នៅបាត់ដំបង តាំងពីឆ្នាំ២០២០ ឥឡូវ ២០២៦ហើយ បានតែប្លង់ មិនដឹងថ្ងៃណាបានដី។
អតិថិជនម្នាក់ទៀត ឈ្មោះ ជាងយ៉ា នៅស្រុកថ្មគោល ក៏ត្អូញត្អែរដែរថា ដីនៅ បាត់ដំបង មិនដឹងថ្ងៃណា បានឃើញដីទេ អស់រយៈពេល ៣ ឆ្នាំមកហើយ។ រីឯ អតិថិជន ឈ្មោះ ជុំ កែវមុន្នី (Chun Keomony) ឱ្យដឹងថា ដីរបស់ខ្លួន នៅបាត់ដំបង ចំនួន ២ប្លង់ បង់លុយរួចហើយ តែមិនបានឃើញទីតាំងដីទេ។
អ្នកឃ្លាំមើលលើកឡើងថា កាលណាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លក់គម្រោង ដែលជាប់គាំងយូរឆ្នាំ នៅខេត្តសៀមរាប ដើម្បីប្រមូលលុយដោះស្រាយភាពជាប់គាំងគម្រោង ៦អា នោះពុំមែនជាវិធីដោះស្រាយពិតប្រាកដទេ ខណៈពលរដ្ឋទូទៅ លែងជឿជាក់លើក្រុមហ៊ុនទៅហើយ។ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានរំឭកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថា គម្រោង ៦អា ត្រូវការប្រាក់រាប់លានដុល្លារ និងត្រូវបង្ហាញប្រភពហិរញ្ញវត្ថុឱ្យជាក់លាក់៕









