អតិថិជន​ទាមទារ​ឱ្យ​លោក ឡេង ណាវ៉ាត្រា បង្ហាញ​ប្រភព​ហិរញ្ញវត្ថុ​ឱ្យ​ច្បាស់​ដើម្បី​បញ្ចប់​គម្រោង ៦​អា

0
102
លោក ឡេង ណាវ៉ាត្រា (ស្ដាំ) និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញសង្គម
លោក ឡេង ណាវ៉ាត្រា (ស្ដាំ) និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញសង្គម

អតិថិជន​ទាមទារ​ឱ្យ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញ​ប្រភព​ហិរញ្ញវត្ថុ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​បញ្ចប់​គម្រោង ៦​អា (6A) ជាជាង​ការ​ធ្វើ​ពាណិជ្ជកម្ម លក់​ឡាយឡុង​ថោកៗ នូវ​គម្រោង​ដីធ្លី​នៅ​ខេត្តសៀមរាប ដែល​មិន​មាន​ភាព​ប្រក្រតី ជា​យូរ​ឆ្នាំ​មកហើយ​។ អតិថិជន​ថា ការផ្សាយពាណិជ្ជកម្ម​ល​ក់ឡៃ​ឡុង​ថោកៗ​នេះ មិនអាច​រកលុយ ដើម្បី​សង់ផ្ទះ និង រៀបចំ​ដី ឱ្យ​អតិថិជន ក្នុង​គម្រោង​ធំៗ ដែល​ត្រូវ ចំណាយលុយ​រាប់លាន​ដុល្លារ​បានទេ​។​

ប្រមាណ ១០​ថ្ងៃ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង សំណង់ លោក សាយ សំ​អាល់ ប្រាប់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ឱ្យ​រក​ហិរញ្ញវត្ថុ​សម្រាប់​បញ្ចប់ ការសាងសង់​ផ្ទះ និង រៀបចំ​ដី ជូន​អតិថិជន​នោះ ក្រុមហ៊ុន​បុរី និង ដី​ឡូ​តិ៍ របស់ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា មកដល់ពេលនេះ នៅតែ​មិនទាន់​បានបង្ហាញ ប្រភព​ហិរញ្ញវត្ថុ ដើម្បី​ដោះស្រាយ ឱ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​។ អាជ្ញាធរ ពាក់ព័ន្ធ និង​តុលាការ ក៏​មិនបាន​បង្ហាញ​ពី​ការចាត់វិធានការ​ច្បាប់ និង ស៊ើបអង្កេត ទៅលើ​ប្រភព​ទ្រព្យសម្បត្តិ​របស់​ឧកញ៉ា​អ​ល​ចនទ្រ​ព្យ​រូប​នេះដែរ​។

ខណៈ​នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើ​ត្រឹមតែ​ចេញផ្សាយ​ពាណិជ្ជកម្ម បន្ដ​លក់ ឡាយឡុង​គម្រោង​ដីធ្លី នៅ​ខេត្តសៀមរាប ដែល​អ្នកឧកញ៉ា អះអាងថា ប្រមូលប្រាក់ យកទៅ​ក្រសួង​ចាត់ចែង ដើម្បី​ដំណើរការ​បញ្ចប់​គម្រោង​នៅ​ផ្លូវជាតិ ៦​អា (6A) និង គម្រោង​ដែល​ជាប់គាំង​ឯទៀត។

លោក ឡេង ណាវ៉ាត្រា៖ «ពុក​ម៉ែ​បងប្អូន​ឆាត​មក សួរនាំ​ច្រើន​មែនទែន ហើយ​សំណួរ​ភាគច្រើន​ដូចៗ​គ្នា ដោយ​គាត់​ចង់បាន​ដី ដែល​ខ្ញុំ​ឡៃ​ឡុង​នៅ​សៀមរាប ដែល​ទីតាំង គាត់​ស្រឡាញ់​ហើយ តម្លៃ​គឺ​ល្អ​ហើយ ប៉ុន្តែ​អ្វីដែល​គាត់​បារម្ភ មាន ៣ ចំណុច បារម្ភ​ទី​១ ខ្លាច​អត់​បាន​ប្លង់រឹង បារម្ភ​ទី​២ ខ្លាច​ទិញ​ដី​ហើយ​អត់​បាន​ដី ការបារម្ភ​ទី​៣ ខ្លាច​ទិញ​ដី​ហើយ គឺ​ផ្ទេរសិទ្ធិ​អត់​បាន»។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​លក់ឡៃ​ឡុង​បញ្ចុះតម្លៃ​ដល់​ទៅ ៧៥% ដែល ក្នុង ១​ឡូតិ៍ ទំហំ​ដី ៥​ម៉ែត្រ​x២០​ម៉ែត្រ ធ្លាក់​មក​នៅ​តម្លៃ ៩៥០​ដុល្លារ​ប៉ុណ្ណោះ​។

អ្នកឃ្លាំមើល និង អតិថិជន លើកឡើងថា លោក ឡេង ណាវ៉ាត្រា ធ្លាប់​ឱ្យ​ដឹង​ពី​តម្រូវការ​ហិរញ្ញវត្ថុ យ៉ាងតិច ២០​លាន​ដុល្លារ ទើប​អាច​បញ្ចប់​គម្រោង​បុរី និង ដី​ឡូ​តិ៍ ៦​អា របស់ខ្លួន​បាន ដូច្នេះ ទាមទារ​ឱ្យ​លោក ឡេង ណា​វ៉ា​ត្រា លក់​គម្រោង​ដី​នៅ ខេត្តសៀមរាប ឱ្យបាន​យ៉ាងតិច ២​ម៉ឺន​ប្លង់​ឯណោះ ទើប​អាច​រកប្រាក់​គ្រប់ ដើម្បី បញ្ចប់​គម្រោង​នៅ​ផ្លូវជាតិ​៦​អា ហើយ​នេះ នៅ​មិនទាន់​រាប់​ប​ញ្ជូ​ល គម្រោង​ជាច្រើន ទៀត ដែល​ក្រុមហ៊ុន ត្រូវ​ដោះស្រាយ​ភាពជាប់គាំង​ផងដែរ។

អតិថិជន​ថា ស្ថានភាព​នេះ ជាការ​ពិបាក​ណាស់ ដែល​អាច​រក​អតិថិជន ទៅ​ទិញ​ដី រហូតដល់ ២​ម៉ឺន​ប្លង់ ខណៈ​ក្រុមហ៊ុន ឡេង ណា​វ៉ា​ត្រា អស់​ការជឿជាក់​ពី​ពលរដ្ឋ ទៅហើយ​។ ហេតុនេះ ពួកគាត់ តម្រូវឱ្យ​លោក ឡេង ណាវ៉ាត្រា បង្ហាញ​ប្រភព ហិរញ្ញវត្ថុ​ឱ្យ​ប្រាកដប្រជា​ជាង​នេះ

អតិថិជន​មួយរូប ដែល​បាន​បង់ប្រាក់​ផ្ដាច់ ទិញ​ផ្ទះ និង ដី ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា តាំងពី​ឆ្នាំ​២០២១ ប៉ុន្តែ​មិនទាន់​ទទួលបាន​ផ្ទះ និង​ដី រហូតមកដល់​សព្វថ្ងៃ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ជាការ​ល្អ​បើ​មាន​ដំណោះស្រាយ ប៉ុន្តែ លោក​នៅតែ​ពិបាក​ទុកចិត្ត​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា។ លោក​បារម្ភ​ថា ប្រសិនបើ​គម្រោង​លក់ឡៃ​ឡុង​នៅ​សៀមរាប អតិថិជន​ទិញ​ហើយ ស្រាប់តែ​មិនបាន​ដី​ទៀត នោះ​នឹងធ្វើ​ឱ្យមាន ជនរងគ្រោះ​ចាស់​ថ្មី​កាន់តែច្រើន​ម៉ឺន​នាក់​ថែមទៀត ដែល​ធ្វើឱ្យ​វិបត្តិ​កាន់តែ​ធំ។

អតិថិជន៖ «អ្វីដែល​គាត់​សន្យាថា នៅពេល​លក់ឡៃ​ឡុង​ទៅ យក​កញ្ចប់​ថវិកា​ហ្នឹង មកជួយ​ខាង​គម្រោង ៦ អា​និង​គម្រោង​ជ្រៃ​មួយរយ វា​ជា​ការល្អ​សម្រាប់​អតិថិជន នៅ​គម្រោង ៦​អា និង​ជ្រៃ​មួយរយ ដែល​មិនទាន់មាន​ដំណោះស្រាយ​។ ប៉ុន្តែ​បើ សិន​ជា​ការលក់​របស់គាត់ មិន​ដូច​អ្វីដែល​គាត់​សន្យា អ៊ីចឹង​វា​ជា​បញ្ហា​ធំ កាន់តែ​ធំ​ទៅ ធ្វើឱ្យ​អតិថិជន​ទាំងអស់​រងគ្រោះ ធ្វើឱ្យ​អតិថិជន​ផ្សេងៗ​រងគ្រោះ​បន្ថែមទៀត»។

គម្រោង​ដី​របស់​ក្រុមហ៊ុន ឡេង ណា​វ៉ា​ត្រា នៅ​ខេត្តសៀមរាប​នេះ ឃើញតែ​ក្រុម​អតិថិជន​គ្រប់ទិសទី ត្អូញត្អែរ​ព្រោងព្រាត លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា ទិញ​ដី​បង់​ផ្ដាច់​ហើយ បានតែ​ប្លង់ តែ​មិនបាន​ដី​ជាក់ស្ដែង។ វិបត្តិ​នេះ កើតមាន​ក្នុង​គម្រោង​ដី​នៅ​សៀមរាប ដែល​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា កំពុង​ប្រកាស​លក់​ឡាយឡុង​នោះ​តែម្ដង។

អតិថិជន​ឈ្មោះ ពុធ ឡៃ ឱ្យដឹងថា ដី​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​ខ្លួន​បាន​ទិញ​បង់​ផ្ដាច់​ហើយ និង​ក៏បាន​ធ្វើ​ប្លង់​ផ្ដាច់​ឈ្មោះ​ហើយ​ដែរ តែ​មិនទាន់​ឃើញ​លេខ​ដី​នៅ​ឡើយ​ទេ។

អតិថិជន ម៉ៅ ស្រីនា ថា ក្នុង​គម្រោង​២ នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ខ្លួន​ទិញ​ដោយ​បង់លុយ​ដាច់ តែ​មិន​ទាន់​បាន​ប្លងរឹង ខណៈ​ឈ្មោះ ស្រី មុំ (Srey Mon Takav) រៀបរាប់ថា ខ្លួន​ទិញ​ដី ៤​ប្លង់ ដោយ​ប្រើ​លុយ​សុទ្ធ តែ​អត់​ដឹងថា ដី​នៅ​កៀន​ណា អត់​ឃើញ​បោះបង្គោល​ក្បាលដី​ទេ។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា ថា រដ្ឋាភិបាល​គួរតែ​កត់ត្រា​ទ្រព្យសម្បត្តិ របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឱ្យ​បាន​ជាក់លាក់ ពីព្រោះ​ករណី​បញ្ហា​ក្រុមហ៊ុន​នេះ ពាក់ព័ន្ធ​នឹង​ការ​ត្រូវ​សងបំណុល​ផង និង​ដោះស្រាយ​ឱ្យ​ជ្រះស្រឡះ ជូន​អតិថិជន​ផង។

បន្ថែម​លើ​នេះ លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការទាមទារ​របស់​អតិថិជន ឱ្យ​ក្រុមហ៊ុន ឡេង ណា​វ៉ា​ត្រា បង្ហាញ​ប្រភព​ហិរញ្ញ​វ​ត្តុ ឱ្យបាន​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​គម្រោង ៦​អា និង គម្រោង​ដែល​ជាប់គាំង​ផ្សេង គឺ​រឿង​ត្រឹមត្រូវ ដោយ លោក​យល់ថា ការលក់​ឡៃ​ឡុង​គម្រោង​នៅ​សៀមរាប​នោះ មិនមែនជា​រឿង​ដែល ងាយ​ប្រមូលប្រាក់​បាន​គ្រប់គ្រាន់​តាម​ផែនការ​ទេ។

លោក យិន ម៉េងលី៖ «​ថា​តើ​ការលក់​ដី​នៅ​កន្លែង​ផ្សេងៗ​ទៀត ដើម្បី​យកមក​ដោះស្រាយ​បញ្ហា​បច្ចុប្បន្ននេះ ថា​តើ​ការលក់​ផ្សេងៗ​ទៀត ប៉ះពាល់​ដល់​ពលរដ្ឋ​ផ្សេងៗ​ទៀត​អត់​? តើ​តំបន់​ដែល​លក់​ហ្នឹង ឧទាហរណ៍​ថា លក់​នៅ​ខេត្តសៀមរាប​យកមក​ដោះស្រាយ​បញ្ហា​នៅ​ភ្នំពេញ តើ​មាន​ប៉ះពាល់​ពលរដ្ឋ​នៅ​ខេត្តសៀមរាប​អត់​?​នេះ​ជា​បញ្ហា​មួយ អ៊ីចឹង​ខាង​ក្រសួង ត្រូវធ្វើ​ការកត់ត្រា​បញ្ហា​នេះ ឱ្យបាន​ច្បាស់លាស់»។

អតិថិជន​ឱ្យដឹងថា គម្រោង​ដី​ឡូ​តិ៍ របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាប់​គាំង​នៅ​ទូទាំងប្រទេស គឺ​ពុំមែន​តែ​គម្រោង​បុរី និង ដី​ឡូ​តិ៍ ៦​អា និង គម្រោង​ដី​ឡូ​តិ៍ នៅ​សៀមរាប​នោះទេ។

អតិថិជន​ឈ្មោះ សូយ នី (Soy Ny) ថា ដី​បាត់ដំបង និង បន្ទាយមានជ័យ គាំងស្ដូក​ហើយ ខណៈ​អ​ថិជន​ឈ្មោះ អាឡាង វិញ ថា​ខ្លួន​ទិញ​ដី នៅ​បាត់ដំបង តាំងពី​ឆ្នាំ​២០២០ ឥឡូវ ២០២៦​ហើយ បានតែ​ប្លង់ មិន​ដឹង​ថ្ងៃ​ណា​បាន​ដី។

អតិថិជន​ម្នាក់ទៀត ឈ្មោះ ជាងយ៉ា នៅ​ស្រុក​ថ្មគោល ក៏​ត្អូញត្អែរ​ដែរ​ថា ដី​នៅ បាត់ដំបង មិនដឹង​ថ្ងៃ​ណា បានឃើញ​ដី​ទេ អស់​រយៈពេល ៣ ឆ្នាំ​មកហើយ​។ រីឯ អតិថិជន ឈ្មោះ ជុំ កែវមុន្នី (Chun Keomony) ឱ្យដឹងថា ដី​របស់ខ្លួន នៅ​បាត់ដំបង ចំនួន ២​ប្លង់ បង់លុយ​រួចហើយ តែ​មិន​បានឃើញ​ទីតាំង​ដី​ទេ។

អ្នកឃ្លាំមើល​លើកឡើង​ថា កាលណា​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា លក់​គម្រោង ដែល​ជាប់គាំង​យូរ​ឆ្នាំ នៅ​ខេត្តសៀមរាប ដើម្បី​ប្រមូល​លុយ​ដោះស្រាយ​ភាព​ជាប់​គាំង​គម្រោង ៦​អា នោះ​ពុំមែន​ជា​វិធី​ដោះស្រាយ​ពិតប្រាកដ​ទេ ខណៈ​ពលរដ្ឋ​ទូទៅ លែង​ជឿជាក់​លើ​ក្រុមហ៊ុន​ទៅហើយ។ រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់បាន​រំឭក​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថា គម្រោង ៦​អា ត្រូវការ​ប្រាក់​រាប់​លាន​ដុល្លារ និង​ត្រូវ​បង្ហាញ​ប្រភព​ហិរញ្ញវត្ថុ​ឱ្យ​ជាក់លាក់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ