តុលាការ​ផ្តន្ទាទោស​មនុស្ស​ចំនួន ៤នាក់​ដាក់ពន្ធនាគារ​ម្នាក់ៗ ៧ ឆ្នាំ ពីបទ​ «​រួមគំនិត​ក្បត់»

0
88
សកម្មជន​គណបក្ស ​ភ្លើងទៀន លោក រ័ត្ន សុធី លោក អាំ វង្ស និង លោក សួន ប៊ុនឡោ និង​​មគ្គទេសក៍​ទេសចរ​ក្នុង​ខេត្តសៀមរាប លោក ពិន ប៉ូច (ស្ដាំ​ខាងក្រោម)។ រូប​បណ្ដាញសង្គម
សកម្មជន​គណបក្ស ​ភ្លើងទៀន លោក រ័ត្ន សុធី លោក អាំ វង្ស និង លោក សួន ប៊ុនឡោ និង​​មគ្គទេសក៍​ទេសចរ​ក្នុង​ខេត្តសៀមរាប លោក ពិន ប៉ូច (ស្ដាំ​ខាងក្រោម)។ រូប​បណ្ដាញសង្គម

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទាទោស ពលរដ្ឋ ៤​នាក់ ដែល​ភាគច្រើន​ជា​សកម្មជន​នយោបាយ ឱ្យ​ជាប់ពន្ធនាគារ ម្នាក់ៗ ចំនួន ៧​ឆ្នាំ ពី​បទ «​រួមគំនិត​ក្បត់​» ក្នុង​សំណុំរឿង​តែមួយ ជុំវិញ​ការសន្ទនា តាម​ទូរស័ព្ទ​ជា​លក្ខណៈ​ឯកជន និង ប​ញេ្ច​ញ​មតិ​តាម​បណ្តាញ​សង្គម។ សង្គមស៊ីវិល​ស្នើ​ឱ្យ​តុលា​ករ​ពិនិត្យ​សេចក្ដីសម្រេច​ឡើងវិញ ពី​ព្រោះ​សកម្មភាព​របស់​អ្នក​ទាំង ៤ សុទ្ធតែ​ស្រប​រដ្ឋធម្មនុញ្ញ ដែល​គ្មាន​កំហុស​ត្រូវ​ជាប់ពន្ធនាគារ​ទេ។

អ្នក​ទាំង ៤រូប ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឱ្យ​ជាប់ពន្ធនាគារ ម្នាក់ៗ រយៈពេល ៧​ឆ្នាំ រួមមាន លោក រ័ត្ន សុធី លោក អាំ វង្ស និង លោក សួន ប៊ុន​ឡោ ដែល​អ្នក​ទាំង​៣ ជា​អតីត​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ និងគណបក្ស​ភ្លើងទៀន ហើយ​និង​លោក ពិន ប៉ូច ដែលជា​មគ្គទេសក៍​ទេសចរ​ក្នុង​ខេត្តសៀមរាប។ អ្នក​ទាំង៤ ត្រូវបាន​តុលាការ​កាត់ទោស ពីបទ «​រួមគំនិត​ក្បត់​» តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ។

ប្រពន្ធ និង​កូន​របស់ អតីត​សកម្មជន​គណបក្សសង្គ្រោះ​ជាតិ លោក រ័ត្ន សុធី និយាយ​ជាមួយ​ទូរទស្សន៍​អាស៊ីសេរី ទាំង​ក្ដុកក្ដួល​ថា ពួកគាត់​ទទួលយក​មិន​បានទេ នូវ​ការកាត់ទោស​ប្ដី និង​ឪពុក របស់​ពួកគាត់ ដ៏​ធ្ងន់ធ្ងរ ដោយ​គ្រាន់តែ​ផ្អែកលើ​ការ សន្ទនា​តាម​ទូរ​សព្ទ​ជា​លក្ខណៈ​ឯកជន ដែល​គ្មាន​កំហុស​អ្វី​សោះ។

ប្រពន្ធ​លោក រ័ត្ន សុធី គឺ​លោកស្រី ឃឹម សុខុម ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែកញ្ញា ថា អាជ្ញារ​មិនគួរ​ចាប់ខ្លួន​ប្ដី​របស់​លោកស្រី ហើយ​តុលាការ ក៏​មិនគួរណា​ផ្ដន្ទាទោស​ប្ដី​លោកស្រី ដាក់ពន្ធនាគារ រហូតដល់ ៧ ឆ្នាំ​ឡើយ ពីព្រោះ ក្នុង​រយៈពេល​ធ្វើ​សកម្មភាព​នយោបាយ ប្រមាណ ២០ ឆ្នាំ មកនេះ ប្ដី​លោកស្រី មិន​ដែល​ប្រើពាក្យ​ជេរប្រមាថ​លើ​បុគ្គល​ណា​ម្នាក់ ឬ មេដឹកនាំ​ប្រទេស ជា​សាធារណៈ​នោះ​ទេ។ លោកស្រី​អះអាងថា ប្ដី​លោកស្រី​ស្លូតបូត​ណាស់ និង​ចូលរួម​សកម្មភាព នយោបាយ​ដោយ​សីលធម៌។

លោកស្រី ឃឹម សុខុម បន្ថែមថា ការ​កាត់ទោស​ប្ដី​លោកស្រី​ឱ្យ​ជាប់ពន្ធនាគារ​ច្រើន​ឆ្នាំ​បែបនេះ គឺជា ការ​បង្កើន​បន្ទុក​ធ្វើបាប​លោកស្រី និង​កូនៗ ស្របពេល​លោកស្រី​កំពុង​មាន​ជំងឺ​ប្រចាំកាយ ដែល​មិនអាច​ចេញ​ទៅ​រក​ចំណូល​បាន ខណៈ​គ្រួសារ​ទាំងមូល​ជំពាក់​បំណុល​ច្រើន។

លោកស្រី ឃឹម សុខុម៖ «ខ្ញុំ​ពិបាក​ខ្លាំង ខ្ញុំ​ពិបាក​ទទួល ហើយ​ខ្លួន​គាត់​ក៏​អ៊ីចឹង​ដែរ គាត់​ខកចិត្ត​នៅក្នុង​នោះ [​ពន្ធនាគារ​]​លឺថា កាត់ទោស​យូរ​ឆ្នាំ​អ៊ីចឹង ព្រោះ​អី​កន្លងមក គាត់​ធ្វើការ អត់​ដែល​ទៅធ្វើ​អ្វី ដែល​ប្រមាថ ឬក៏​មើលងាយ​ពាក្យសម្ដី ឬក៏​ទៅ​ស៊ែរ ឬ ក៏​ផុស​អី អត់​ដែលមាន​ទេ​។ សំណូមពរ​សំ​ុ​ឱ្យ​រាជរដ្ឋាភិបាល សុំឱ្យ​អភ័យទោស​ដល់ ដោះលែង​ប្ដី​ខ្ញុំ​ឱ្យ​គាត់​ត្រឡប់មកផ្ទះ​វិញ​ឆាប់ៗ​ផង ព្រោះ​អី​កន្លងមក​ដែល​គាត់​ធ្វើការ ខ្ញុំ​មិនដែល​លឺ​ពាក្យ​គាត់​ប្រមាថ​រដ្ឋាភិបាល​អី​ទេ»។

បច្ចុប្បន្ន​លោក រ័ត្ន សុធី និង លោក ពិន ប៉ូច កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ​។ ចំណែក​លោក អាំ វង្ស ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តពោធិ៍សាត់ រីឯ លោក សួន ប៊ុនឡោ ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ។

លោក រ័ត្ន សុធី អាយុ ៥៤ ឆ្នាំ ធ្លាប់ជា​ជំទប់​ទី​២ របស់​គណបក្ស​ភ្លើងទៀន នៃ​ឃុំ​អន្លង់វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ លោក​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ខែ​មករា ឆ្នាំ​២០២៦ ក្រោយពី​លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ ដោយ​លើកឡើង ពី​ការដឹកនាំ របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ ក្នុង​ខែ​កក្កដា លោក សុធី បាន​លាឈប់​ពី​គណបក្ស​ភ្លើងទៀន និង​បាន​សុំទោស​រដ្ឋាភិបាល​។ ទោះបីជា​យ៉ាងណា តុលាការ​នៅតែ​បន្ត​នីតិវិធី​ផ្តន្ទាទោស​លោក​ដដែល។

ចំណែកឯ​លោក អាំ វង្ស អាយុ​៥៧​ឆ្នាំ ធ្លាប់ជា​ជំទប់​ទី​២​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សួន ប៊ុន​ឡោ អាយុ ៦៤ ឆ្នាំ ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ទាំងពីរ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ខែធ្នូ ឆ្នាំ​២០២៥ ក្នុងស្រុក​ពួក​ខេត្តសៀមរាប ក្រោយ​ពួកគាត់​បាន​សន្ទនា​ជា​ឯកជន​តាម​ទូរស័ព្ទ ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ។

ដោយឡែក លោក ពិន ប៉ូច អាយុ ៤៨ ឆ្នាំ ដែលជា​មគ្គទេសក៍​ទេសចរ ក្នុង​ខេត្ត សៀមរាប ត្រូវបាន​ចាប់ខ្លួន​ក្នុង​ខែតុលា ឆ្នាំ​២០២៥ បន្ទាប់ពី​លោក​បាន​ចែករំលែក សា​រលើ​ហ្វេសប៊ុក ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ និង​ព្រឹត្តិការណ៍​បាតុកម្ម​របស់​យុវជន ជេនហ្ស៊ី (Gen Z) នៅ​ប្រទេស​នេប៉ាល់ ដែល​ទម្លាក់​មេដឹកនាំរ​ដ្ឋា​ភិ​បាល​នេប៉ាល់។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែកញ្ញា​ថា សង្គម​ស៊ីវិល សោកស្ដាយ ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស​មនុស្ស ៤ នាក់ ដាក់ពន្ធនាគារ ម្នាក់ៗ ៧ ឆ្នាំ ក្រោម​បទចោទប្រកាន់ «​រួមគំនិត​ក្បត់​» ដោយសារតែ​ពួកគាត់​សន្ទនា តាម​ទូរសព្ទ​ជា​លក្ខណៈ​ឯកជន និង​ការបញ្ចេញមតិ​តាម​បណ្ដាញ​សង្គម​នោះ។

លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរ និង​តុលាការ​គួរ​ពិចារណា​ឡើងវិញ ពីព្រោះ​ការសន្ទនា​តាម​ទូរស័ព្ទ គឺជា​សិទ្ធិ​ឯកជន​របស់​ពលរដ្ឋ​គ្រប់រូប ដែល​មិនអាច​រំលោភបំពាន​បានឡើយ ហើយ​ការចូលរួម​ក្នុង​សកម្មភាព​នយោបាយ គឺជា​សិទ្ធិ ជ្រើសរើស​របស់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​សេរី និង ស្មើមុខ​គ្នា​។ លោក​ថា សិទ្ធិ​ទាំងនេះ របស់​ប្រជាពលរដ្ឋ សុទ្ធតែ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់​កំពូល​របស់​ប្រទេស។

លោក អំ សំអាត​៖ «មាត្រា ៣៥ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែងថា ពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម ក្នុង​ជីវភាព​នយោបាយ ហើយ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។ អ៊ីចឹង​ការអនុវត្ត​សេរីភាព​នៅក្នុង​ការចូល​រួម​ជីវភាព​នយោបាយ វា​ជា​សិទ្ធិ​នៅក្នុង​ការជ្រើសរើស​រប​ស់​បុគ្គល​គ្រប់រូប ឬក៏​ប្រជាពលរដ្ឋ​គ្រប់រូប ហើយ​សេរីភាព​នៅក្នុង​ការបញ្ចេញ​មតិ ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​មាត្រា ៤១ និង​បទដ្ឋាន​អន្តរជាតិ»។

អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​តុលាការ​កម្ពុជា កំពុង​ដើរតួនាទី​រំលោភសិទ្ធិ​សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​បំពាន​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស ដោយ​​ខ្លួនឯង រួម​ទាំង​ប្រមាថ​មើលងាយ​អនុសាសន៍ របស់​អង្គការសហប្រជាជាតិ ដើម្បី​តែ​ការពារ​អំណាច​គ្រួសារ​អ្នកដឹកនាំ​មួយក្រុម។

អ្នករាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ប្រាប់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កាលពី​ចុងខែ​កក្កដា ថា ការអនុវត្ត​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន របស់​ប្រជាពលរដ្ឋ មិនមែនជា​កម្មវត្ថុ នៃ​បទល្មើស ការចោទប្រកាន់ ការឃុំខ្លួន ឬ ការផ្តន្ទាទោស​នោះទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ