អាជ្ញាធរ​មិន​ទាន់​ចាប់​បាន​មេខ្លោង​ចិន​ដែល​ផ្ទេរ​លុយ​ជាង ២៥០លាន​ដុល្លារ​ចេញ​ពី​កម្ពុជា​តាម​រូបិយប័ណ្ណ​គ្រីបតូ

0
139
ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង។ រូប៖ បណ្ដាញសង្គម
ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង។ រូប៖ បណ្ដាញសង្គម

អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​មិន​ទាន់​ចាប់​បាន​មេខ្លោង​ឆបោក​តាម​អនឡាញ​ជនជាតិ​ចិន​ឈ្មោះ ចាង ចៀនឈាំង (Zhang Jian Qiang) ព្រម​ទាំង​បក្ខពួក​ដែល​កំពុង​គេចខ្លួន​នៅ​ឡើយ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) អះអាង​ថា ជនជាតិ​ចិន​រូប​នេះ​ជា​មេខ្លោង​សំខាន់​មួយ​រូប​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​មជ្ឈមណ្ឌល​ឆបោក​នៅ​ខេត្តកោះកុង និង​បាន​ប្រើ​គណនី​រូបិយប័ណ្ណ​គ្រីបតូ (Cryptocurrency) ជាង ១០គណនី ដើម្បី​ផ្ទេរ​លុយ​ដែល​រក​បាន​ពី​សកម្មភាព​ឆបោក​ចេញ​ពី​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ២៥០លាន​ដុល្លារ។

អ្នក​តាម​ដាន​បញ្ហា​ឧក្រិដ្ឋកម្ម​លើកឡើង​ថា សំណុំ​រឿង​ឆបោក​តាម​អនឡាញ​នៅ​តាម​ទីតាំង​នានា​ទូទាំង​ប្រទេស​កម្ពុជា មិន​ខុស​ពី​ករណី​នៅ​ខេត្ត​កោះកុង​ឡើយ​គឺ​មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ថ្នាក់​ជាតិ​មួយ​ចំនួន​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ដើម្បី​កាង​ការពារ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដែល​កំពុង​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

ខុស​ពី​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ផ្សេងៗ ដែល​អាជ្ញាធរ​បាន​ចុះ​បង្ក្រាប និង​បិទ​ខ្ទប់ ទីតាំង​មជ្ឈមណ្ឌល​ឆបោក​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ខ្សាច់ ខេត្តកោះកុង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បង្ហាញ​ថា មាន​មន្ត្រី​គ្រាក់ៗ​ជាប់​ពាក់ព័ន្ធ ដូច​សម្ល​កំពឹស។ យ៉ាងហោចណាស់​មាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​នគរបាល ៣នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ទទួល​សំណូក និង​ជួយ​កាង​ការពារ​មេខ្លោង​ជនជាតិ​ចិន ឱ្យ​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កោះកុង​ដែល​រក​ចំណូល​បាន​ជាង ២៥០លាន​ដុល្លារ​ពី​អំពើ​ឧក្រិដ្ឋកម្ម​នេះ។

ប្រធាន​ចលនា​ខ្មែរដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​នគរបាល​ថ្នាក់​ក្រោម​ជាតិ គ្មាន​អំណាច​គ្រប់គ្រាន់ ដើម្បី​ការពារ​មេខ្លោង​ម៉ាហ្វីយ៉ា (Mafia) ជនជាតិ​ចិន​នៅ​កម្ពុជា​នោះ​ទេ។ អ្នកស្រី មូរ សុខហួរ អះអាង​ថា ការ​បង្ក្រាប​ត្រឹម​មន្ត្រី​ថ្នាក់​ក្រោម​មិនមែន​ជា​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ជា​ប្រព័ន្ធ​ឡើយ ប្រសិនបើ​មិន​ឈាន​ទៅ​ដល់​ការ​ស៊ើបអង្កេត និង​ចាត់​វិធានការ​លើ​បណ្ដាញ​មេខ្លោង​សំខាន់ៗ និង​អ្នក​មាន​អំណាច​ថ្នាក់​កំពូល។ អ្នកស្រី​លើកឡើង​ថា មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​មិន​អាច​ដំណើរ​ការ​បាន​យូរអង្វែង​បាន​ឡើយ បើ​គ្មាន​ការ​រៀបចំ និង​កិច្ច​សហការ​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​នៅ​ថ្នាក់​ខ្ពស់ រួម​ទាំង​បុគ្គល​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន។

អ្នកស្រី មូរ សុខហួរ ពិនិត្យ​ឃើញ​ថា ចំណាត់​ការ​បង្ក្រាប និង​ស៊ើប​អង្កេត​លើ​មន្ត្រី​តូចតាច​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​បន្លំ​ភ្នែក​របស់​របប​ក្រុងភ្នំពេញ ដើម្បី​កាត់​បន្ថយ​សម្ពាធ និង​ការ​រិះគន់​ដែល​ទាមទារ​ឱ្យ​មាន​ការ​ចាប់ខ្លួន​មេខ្លោង​កំពូលៗ​តែប៉ុណ្ណោះ។

អ្នកស្រី មូរ សុខហួរ៖ «ACU គួរតែ​ជា​ស្ថាប័ន​ឯករាជ្យ ដើម្បី​ចាត់​វិធានការ​នៅ​លើ​រឿង​បំបាត់​អំពើ​ពុករលួយ ហើយ​តាមរយៈ​ការ​ស៊ើបអង្កេត​ដោយ​ច្បាស់លាស់​ជា​ប្រចាំ។ រឿង​ឧក្រិដ្ឋកម្ម​នេះ រឿង​ឆបោក​នេះ កើតឡើង​លុះត្រាតែ​មាន​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ។ ដូច្នេះ ACU មិន​អាច​ទើប​តែ​ថ្ងៃ​នេះ ម្សិលមិញ ទើប​តែ​ភ្ញាក់​រលឹក​ទេ រឿងនេះ​យូរ​ណាស់​មក​ហើយ។ យើង​មិន​គួរ​គប្បី​ធ្វើ​ការងារ ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ​គេ​សប្បាយ​ចិត្ត ឬ​មួយ​ក៏​គេ​អស់​ចិត្ត មិន​មែន​ទេ យើង​ត្រូវ​ចាត់​វិធានការ​បោះសម្អាត (Scambodia) នេះ​តាម​ប្រព័ន្ធ ដើម្បី​ប្រទេស​កម្ពុជា»។

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​រូប​នេះ​កើត​ឡើង​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) អះអាង​ពី​ចំណាត់​ការ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ការ​ឃាត់​ខ្លួន​មន្ត្រី​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ស៊ី​សំណូក និង​ការ​កាង​មេខ្លោង​ជនជាតិ​ចិន​ឱ្យ​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​ខេត្តកោះកុង។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កាល​ពី​ថ្ងៃ​ទី២៩ ខែកញ្ញា ប្រកាស​ថា មេខ្លោង​ឆបោក​តាម​អនឡាញ​ជនជាតិ​ចិន​ឈ្មោះ ចាង ចៀនឈាំង (Zhang Jian Qiang) ដែល​បាន​ផ្ដល់​សំណូក​ដល់​មេឃុំព្រែក​ខ្សាច់ ខេត្តកោះកុង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​លោក រៀម រុំ ដើម្បី​ជា​ថ្នូរ​ឱ្យ​ជួយ​ការពារ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​របស់​ខ្លួន​នោះ​បាន​ផ្ទេរ ទៅ​មេខ្លោង​ធំ​ផ្សេង​ទៀត​នៅ​ក្រៅ​ប្រទេស​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ២៥០លាន​ដុល្លារ។ ACU បញ្ជាក់​ថា ៩០ភាគរយ​នៃ​ចំណូល​បាន​ពី​សកម្មភាព​ឆបោក​ត្រូវ​បាន មេខ្លោង​ជនជាតិ​ចិន​រូប​នេះ​បាន​ផ្ទេរ​ចេញ​ពី​កម្ពុជា​តាម​ប្រព័ន្ធ​គ្រីបតូ។

ក្នុង​សំណុំ​រឿង​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឃាត់​ខ្លួន​អាជីវករ​ប្ដូរ​ប្រាក់​ម្នាក់ ឈ្មោះ ឡាយ សុខគង់ បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ថា ជួយ​សម្របសម្រួល​ប្ដូរ​លុយ​ខុស​ច្បាប់​ទៅ​ឱ្យ​ក្រុម​បណ្ដាញ​ឆបោក​តាមរយៈ​គណនី​រូបិយប័ណ្ណ​គ្រីបតូ (Cryptocurrency)។

ក្រៅ​ពី​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​បាន​ឃាត់​ខ្លួន និង​ចោទ​ប្រកាន់​អធិការ​រង​ស្រុក​គិរីសាគរ ខេត្តកោះកុង លោក ជិន សុភាន់ និង​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​លោក ភេ ផាត់ផេង ពាក់ព័ន្ធ​នឹង​ការ​សម្របសម្រួល ទទួល​សំណូក ឃុបឃិត និង​ការពារ​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​តាំង​ពី​ចូល​កម្ពុជា​ដំបូង រហូត​ក្រុម​ឆបោក​តាម​អនឡាញ​បាន​បែកខ្ញែក​ជា​ក្រុម​ទៅ​ប្រតិបត្តិការ​នៅ​តាម​អគារ​តូចៗ។

ចំណែក មេឃុំ​ព្រែក​ខ្សាច់ ខេត្តកោះកុង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​លោក រៀម រុំ និង​បក្ខពួក​ចំនួន ២នាក់ ដែល​រង​ការ​ចោទ​ទទួល​បាន​លុយ​សំណូក​ពី​មេខ្លោង​ឆបោក​ជនជាតិ​ចិន​ប្រមាណ ៣ម៉ឺន​ដុល្លារ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃទី១៨ ខែកញ្ញា ចោទ​ប្រកាន់​ចំនួន ៣បទល្មើស ពី​បទ ស៊ីសំណូក សមគំនិត​ក្នុង​កា​រៀបចំ ឬ​ដឹកនាំ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បទ​សម្អាត​ប្រាក់។ បក្ខពួក ២នាក់​ទៀត​របស់​លោក រៀម រុំ ឈ្មោះ ជា វាសនា និង​ឈ្មោះ ជា សុទ្ធ ហៅម៉េង ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន ៣ បទល្មើស​ដូចគ្នា​ក្នុង​នាម​ជា​អ្នក​សមគំនិត។

ចំណែក ជនជាតិចិន​ដែល​ជា​មេខ្លោង​ឈ្មោះ ចាង ចៀនឈាំង (Zhang Jian Qiang) រួម​ទាំង​បក្ខពួក​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ សូកប៉ាន់ ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា រៀបចំ ឬ​ដឹកនាំ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សម្អាត​ប្រាក់។ មកដល់ពេលនេះ អាជ្ញាធរ​ក៏​មិន​ទាន់​ចាប់​ខ្លួន​ជន​ត្រូវ​ចោទ​ជនជាតិ​ចិន​រូប​នេះ និង​បក្ខពួក​នៅ​ឡើយ។

ទូរទស្សន៍អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក សយ ច័ន្ទវិចិត្រ និង​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៣០ ខែកញ្ញា។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​លោក សេង វណ្ណលី លើកឡើង​ថា ការ​ចាប់​មេ​ឃុំ និង​នគរបាល​ពាក់ព័ន្ធ​ជា​ជំហាន​ចាំ​បាច់​មួយ ប៉ុន្តែ​អាជ្ញាធរ​ក៏​ត្រូវ​បន្ត​ស៊ើបអង្កេត​ស្វែងរក​អ្នក​ផ្ដល់​ទីតាំង ផ្ដល់​ប្រភព​ហិរញ្ញវត្ថុ អ្នក​ទទួល​ផល​ប្រយោជន៍ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​នៅ​ពី​ក្រោយ​ជួយ​ការពារ​ឱ្យ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​អាច​ដំណើរ​ការ​បាន។

លោក សេង វណ្ណលី៖ «មិន​គួរ​សន្និដ្ឋាន​ដោយ​គ្មាន​ភស្តុតាង​ថា មាន​មន្ត្រី​ធំ​ជាប់​ពាក់ព័ន្ធ​ទេ ប៉ុន្តែ ក៏​មិន​ត្រូវ​កំណត់​ការ​ស៊ើបអង្កេត​ឱ្យ​ឈប់​ត្រឹមតែ​មន្ត្រី​តូចតាច​នៅ​ថ្នាក់​មូលដ្ឋាន​នោះ​ដែរ។ ត្រូវតែ​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ ដើម្បី​ចាប់​អ្នក​ដែល​នៅ​ពី​ក្រោយ​ពិតប្រាកដ​ឱ្យ​ប្រឈម​នឹង​ទោស​ដែល​មាន​ស្រាប់ ដែល​កម្ពុជា​ថ្មីៗ​នេះ​បាន​ដាក់​ចេញ​យ៉ាង​ម៉ឺងម៉ាត់។ បើ​មិន​អ៊ីចឹង​ទេ ខ្ញុំ​គិត​ថា ជំនឿ​ទុក​ចិត្ត​របស់​មជ្ឈដ្ឋាន​ក្នុង​ស្រុក​ក៏​ដូចជា​អន្តរជាតិ​នៅ​តែ​មាន​ការ​សង្ស័យ​ទៅ​លើ​ប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប (Scam) របស់​រដ្ឋាភិបាល ហ៊ុន ម៉ាណែត»។

ភូមិសាស្ត្រ​ខេត្តកោះកុង មិន​ខុស​ពី​ក្រុងព្រះសីហនុ និង​ទីតាំង​ផ្សេង​ទៀត​នៃ​ប្រទេស​កម្ពុជា​ឡើយ​គឺ​បាន​ជាប់​ឈ្មោះ​ជា​ឋានសួគ៌​របស់​បណ្ដាញ​ក្រុម​ឆបោក​តាម​អនឡាញ​អស់​រយៈពេល​ជា​យូរ​មក​ហើយ។ សមាជិក​ព្រឹទ្ធភាស​មក​ពី​គណបក្ស​កាន់​អំណាច និង​មាន​រហស្សនាម​ថា ស្ដេច​កោះកុង គឺ​លោក លី យ៉ុងផាត់ គឺ​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​ប្រចាំ​តំបន់​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ។ លោក លី យ៉ុងផាត់ ព្រម​ទាំង​ក្រុមហ៊ុន​ជា​ច្រើន​របស់​លោក​រួម​ទាំង​កាស៊ីណូ សណ្ឋាគារ និង​អគារ​អចលនទ្រព្យ​ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌកម្ម​ដោយសារ​តែ​រក​ឃើញ​ថា បាន​បម្លែង​ទៅ​ជា​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ពលកម្ម​ដោយ​បង្ខំ និង​ការ​ជួញដូរ​មនុស្ស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ