

អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅមិនទាន់ចាប់បានមេខ្លោងឆបោកតាមអនឡាញជនជាតិចិនឈ្មោះ ចាង ចៀនឈាំង (Zhang Jian Qiang) ព្រមទាំងបក្ខពួកដែលកំពុងគេចខ្លួននៅឡើយ។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អះអាងថា ជនជាតិចិនរូបនេះជាមេខ្លោងសំខាន់មួយរូបឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំមជ្ឈមណ្ឌលឆបោកនៅខេត្តកោះកុង និងបានប្រើគណនីរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ជាង ១០គណនី ដើម្បីផ្ទេរលុយដែលរកបានពីសកម្មភាពឆបោកចេញពីកម្ពុជាក្នុងទំហំទឹកប្រាក់ជាង ២៥០លានដុល្លារ។
អ្នកតាមដានបញ្ហាឧក្រិដ្ឋកម្មលើកឡើងថា សំណុំរឿងឆបោកតាមអនឡាញនៅតាមទីតាំងនានាទូទាំងប្រទេសកម្ពុជា មិនខុសពីករណីនៅខេត្តកោះកុងឡើយគឺមានមន្ត្រីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីថ្នាក់ជាតិមួយចំនួនឃុបឃិតប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដើម្បីកាងការពារបណ្ដាញឧក្រិដ្ឋកម្មដែលកំពុងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា។
ខុសពីទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញផ្សេងៗ ដែលអាជ្ញាធរបានចុះបង្ក្រាប និងបិទខ្ទប់ ទីតាំងមជ្ឈមណ្ឌលឆបោកមួយកន្លែងនៅឃុំព្រែកខ្សាច់ ខេត្តកោះកុង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បង្ហាញថា មានមន្ត្រីគ្រាក់ៗជាប់ពាក់ព័ន្ធ ដូចសម្លកំពឹស។ យ៉ាងហោចណាស់មានមន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីនគរបាល ៣នាក់ ត្រូវបានចោទប្រកាន់ថា បានទទួលសំណូក និងជួយកាងការពារមេខ្លោងជនជាតិចិន ឱ្យបើកដំណើរការមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកោះកុងដែលរកចំណូលបានជាង ២៥០លានដុល្លារពីអំពើឧក្រិដ្ឋកម្មនេះ។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីនគរបាលថ្នាក់ក្រោមជាតិ គ្មានអំណាចគ្រប់គ្រាន់ ដើម្បីការពារមេខ្លោងម៉ាហ្វីយ៉ា (Mafia) ជនជាតិចិននៅកម្ពុជានោះទេ។ អ្នកស្រី មូរ សុខហួរ អះអាងថា ការបង្ក្រាបត្រឹមមន្ត្រីថ្នាក់ក្រោមមិនមែនជាការបង្ក្រាបឧក្រិដ្ឋកម្មជាប្រព័ន្ធឡើយ ប្រសិនបើមិនឈានទៅដល់ការស៊ើបអង្កេត និងចាត់វិធានការលើបណ្ដាញមេខ្លោងសំខាន់ៗ និងអ្នកមានអំណាចថ្នាក់កំពូល។ អ្នកស្រីលើកឡើងថា មជ្ឈមណ្ឌលឆបោកតាមអនឡាញមិនអាចដំណើរការបានយូរអង្វែងបានឡើយ បើគ្មានការរៀបចំ និងកិច្ចសហការជាប្រព័ន្ធជាមួយមន្ត្រីនៅថ្នាក់ខ្ពស់ រួមទាំងបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុន សែន។
អ្នកស្រី មូរ សុខហួរ ពិនិត្យឃើញថា ចំណាត់ការបង្ក្រាប និងស៊ើបអង្កេតលើមន្ត្រីតូចតាចគ្រាន់តែជាយុទ្ធសាស្ត្របន្លំភ្នែករបស់របបក្រុងភ្នំពេញ ដើម្បីកាត់បន្ថយសម្ពាធ និងការរិះគន់ដែលទាមទារឱ្យមានការចាប់ខ្លួនមេខ្លោងកំពូលៗតែប៉ុណ្ណោះ។
អ្នកស្រី មូរ សុខហួរ៖ «ACU គួរតែជាស្ថាប័នឯករាជ្យ ដើម្បីចាត់វិធានការនៅលើរឿងបំបាត់អំពើពុករលួយ ហើយតាមរយៈការស៊ើបអង្កេតដោយច្បាស់លាស់ជាប្រចាំ។ រឿងឧក្រិដ្ឋកម្មនេះ រឿងឆបោកនេះ កើតឡើងលុះត្រាតែមានអំពើពុករលួយជាប្រព័ន្ធ។ ដូច្នេះ ACU មិនអាចទើបតែថ្ងៃនេះ ម្សិលមិញ ទើបតែភ្ញាក់រលឹកទេ រឿងនេះយូរណាស់មកហើយ។ យើងមិនគួរគប្បីធ្វើការងារ ដើម្បីឱ្យសហគមន៍អន្តរជាតិគេសប្បាយចិត្ត ឬមួយក៏គេអស់ចិត្ត មិនមែនទេ យើងត្រូវចាត់វិធានការបោះសម្អាត (Scambodia) នេះតាមប្រព័ន្ធ ដើម្បីប្រទេសកម្ពុជា»។
ប្រតិកម្មរបស់អ្នកឃ្លាំមើលរូបនេះកើតឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អះអាងពីចំណាត់ការរបស់ខ្លួនជាបន្តបន្ទាប់ទាក់ទងនឹងការឃាត់ខ្លួនមន្ត្រីពាក់ព័ន្ធនឹងសំណុំរឿងស៊ីសំណូក និងការកាងមេខ្លោងជនជាតិចិនឱ្យបើកដំណើរការមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅខេត្តកោះកុង។ អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២៩ ខែកញ្ញា ប្រកាសថា មេខ្លោងឆបោកតាមអនឡាញជនជាតិចិនឈ្មោះ ចាង ចៀនឈាំង (Zhang Jian Qiang) ដែលបានផ្ដល់សំណូកដល់មេឃុំព្រែកខ្សាច់ ខេត្តកោះកុងមកពីគណបក្សប្រជាជនកម្ពុជាលោក រៀម រុំ ដើម្បីជាថ្នូរឱ្យជួយការពារមជ្ឈមណ្ឌលឆបោកតាមអនឡាញរបស់ខ្លួននោះបានផ្ទេរ ទៅមេខ្លោងធំផ្សេងទៀតនៅក្រៅប្រទេសក្នុងទំហំទឹកប្រាក់ជាង ២៥០លានដុល្លារ។ ACU បញ្ជាក់ថា ៩០ភាគរយនៃចំណូលបានពីសកម្មភាពឆបោកត្រូវបាន មេខ្លោងជនជាតិចិនរូបនេះបានផ្ទេរចេញពីកម្ពុជាតាមប្រព័ន្ធគ្រីបតូ។
ក្នុងសំណុំរឿងនេះ អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនអាជីវករប្ដូរប្រាក់ម្នាក់ ឈ្មោះ ឡាយ សុខគង់ បញ្ជូនទៅតុលាការដោយចោទថា ជួយសម្របសម្រួលប្ដូរលុយខុសច្បាប់ទៅឱ្យក្រុមបណ្ដាញឆបោកតាមរយៈគណនីរូបិយប័ណ្ណគ្រីបតូ (Cryptocurrency)។
ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយក៏បានឃាត់ខ្លួន និងចោទប្រកាន់អធិការរងស្រុកគិរីសាគរ ខេត្តកោះកុង លោក ជិន សុភាន់ និងមន្ត្រីនគរបាលអន្តោប្រវេសន៍លោក ភេ ផាត់ផេង ពាក់ព័ន្ធនឹងការសម្របសម្រួល ទទួលសំណូក ឃុបឃិត និងការពារបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញតាំងពីចូលកម្ពុជាដំបូង រហូតក្រុមឆបោកតាមអនឡាញបានបែកខ្ញែកជាក្រុមទៅប្រតិបត្តិការនៅតាមអគារតូចៗ។
ចំណែក មេឃុំព្រែកខ្សាច់ ខេត្តកោះកុង មកពីគណបក្សប្រជាជនកម្ពុជាលោក រៀម រុំ និងបក្ខពួកចំនួន ២នាក់ ដែលរងការចោទទទួលបានលុយសំណូកពីមេខ្លោងឆបោកជនជាតិចិនប្រមាណ ៣ម៉ឺនដុល្លារត្រូវបានតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១៨ ខែកញ្ញា ចោទប្រកាន់ចំនួន ៣បទល្មើស ពីបទ ស៊ីសំណូក សមគំនិតក្នុងការៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទសម្អាតប្រាក់។ បក្ខពួក ២នាក់ទៀតរបស់លោក រៀម រុំ ឈ្មោះ ជា វាសនា និងឈ្មោះ ជា សុទ្ធ ហៅម៉េង ក៏ត្រូវបានចោទប្រកាន់ចំនួន ៣ បទល្មើសដូចគ្នាក្នុងនាមជាអ្នកសមគំនិត។
ចំណែក ជនជាតិចិនដែលជាមេខ្លោងឈ្មោះ ចាង ចៀនឈាំង (Zhang Jian Qiang) រួមទាំងបក្ខពួកផ្សេងទៀតក៏ត្រូវបានតុលាការចោទប្រកាន់ពីបទ សូកប៉ាន់ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់។ មកដល់ពេលនេះ អាជ្ញាធរក៏មិនទាន់ចាប់ខ្លួនជនត្រូវចោទជនជាតិចិនរូបនេះ និងបក្ខពួកនៅឡើយ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី៣០ ខែកញ្ញា។
ជុំវិញរឿងនេះ អ្នកជំនាញភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី លើកឡើងថា ការចាប់មេឃុំ និងនគរបាលពាក់ព័ន្ធជាជំហានចាំបាច់មួយ ប៉ុន្តែអាជ្ញាធរក៏ត្រូវបន្តស៊ើបអង្កេតស្វែងរកអ្នកផ្ដល់ទីតាំង ផ្ដល់ប្រភពហិរញ្ញវត្ថុ អ្នកទទួលផលប្រយោជន៍ និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលនៅពីក្រោយជួយការពារឱ្យមជ្ឈមណ្ឌលឆបោកតាមអនឡាញអាចដំណើរការបាន។
លោក សេង វណ្ណលី៖ «មិនគួរសន្និដ្ឋានដោយគ្មានភស្តុតាងថា មានមន្ត្រីធំជាប់ពាក់ព័ន្ធទេ ប៉ុន្តែ ក៏មិនត្រូវកំណត់ការស៊ើបអង្កេតឱ្យឈប់ត្រឹមតែមន្ត្រីតូចតាចនៅថ្នាក់មូលដ្ឋាននោះដែរ។ ត្រូវតែស៊ើបអង្កេតឱ្យស៊ីជម្រៅ ដើម្បីចាប់អ្នកដែលនៅពីក្រោយពិតប្រាកដឱ្យប្រឈមនឹងទោសដែលមានស្រាប់ ដែលកម្ពុជាថ្មីៗនេះបានដាក់ចេញយ៉ាងម៉ឺងម៉ាត់។ បើមិនអ៊ីចឹងទេ ខ្ញុំគិតថា ជំនឿទុកចិត្តរបស់មជ្ឈដ្ឋានក្នុងស្រុកក៏ដូចជាអន្តរជាតិនៅតែមានការសង្ស័យទៅលើប្រសិទ្ធភាពនៃការបង្ក្រាប (Scam) របស់រដ្ឋាភិបាល ហ៊ុន ម៉ាណែត»។
ភូមិសាស្ត្រខេត្តកោះកុង មិនខុសពីក្រុងព្រះសីហនុ និងទីតាំងផ្សេងទៀតនៃប្រទេសកម្ពុជាឡើយគឺបានជាប់ឈ្មោះជាឋានសួគ៌របស់បណ្ដាញក្រុមឆបោកតាមអនឡាញអស់រយៈពេលជាយូរមកហើយ។ សមាជិកព្រឹទ្ធភាសមកពីគណបក្សកាន់អំណាច និងមានរហស្សនាមថា ស្ដេចកោះកុង គឺលោក លី យ៉ុងផាត់ គឺជាបុគ្គលមានឥទ្ធិពលបំផុតប្រចាំតំបន់ខេត្តជាប់មាត់សមុទ្រនេះ។ លោក លី យ៉ុងផាត់ ព្រមទាំងក្រុមហ៊ុនជាច្រើនរបស់លោករួមទាំងកាស៊ីណូ សណ្ឋាគារ និងអគារអចលនទ្រព្យត្រូវបានអាមេរិកដាក់ទណ្ឌកម្មដោយសារតែរកឃើញថា បានបម្លែងទៅជាមជ្ឈមណ្ឌលឆបោកតាមអនឡាញ ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ពលកម្មដោយបង្ខំ និងការជួញដូរមនុស្ស៕









