អតិថិជន​ខ្ចី​លុយ​ពី​ធនាគារ​ព្រីនស៍​រង​ការ​គំរាមកំហែង​បង្ខំ​ឱ្យ​លក់​ទ្រព្យសម្បត្តិ​ដើម្បី​សង​បំណុល

0
223
ម្ចាស់​ធនាគារ​ព្រីនស៍ គឺ លោក ចេន ហ្ស៊ី (Chen Zhi) ដែលជាទីប្រឹក្សា​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។ RFA
ម្ចាស់​ធនាគារ​ព្រីនស៍ គឺ លោក ចេន ហ្ស៊ី (Chen Zhi) ដែលជាទីប្រឹក្សា​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។ RFA

អតិថិជន​ខ្ចី​លុយ​ពី​ធនាគារ​ព្រីនស៍ (Prince Bank) រង​ការ​គំរាមកំហែង បង្ខំ​ឱ្យ​លក់​ទ្រព្យសម្បត្តិ ដើម្បី​សង​បំណុល បើ​ទោះជា​ពួកគាត់​បាន​សុំ​អង្វរ​សង​តាម​លទ្ធភាព​ក្ដី ក៏​ខាង​ភាគី​ធនាគារ ពុំ​ព្រម​នោះ​ឡើយ ហើយ​ថែមទាំង​គំរាម​ប្ដឹង​ទៅ​តុលាការ ប្រសិនបើ​ពួកគាត់​ពុំ​អាច​សង​បំណុល តាម​ចំនួន​កំណត់។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​គំរាមកំហែង​របស់​ភាគី​ធនាគារ​មក​លើ អតិថិជន​បែប​នេះ គឺជា​អំពើ​ខុសច្បាប់។

ស្រប​ពេល​ដែល​ម្ចាស់​ធនាគារ​ព្រីនស៍ គឺ លោក ចេន ហ្ស៊ី (Chen Zhi) កំពុងតែ​រង​ការ​ចោទប្រកាន់​ថា ជា​មេក្លោង​ឆបោក​អនឡាញ​លំដាប់​អន្តរជាតិ និង​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ខ្លះ បង្កក​លុយ រាប់​ម៉ឺន​លាន​ដុល្លារ​ផង​នោះ ពេលនេះ អតិថិជន​ខ្ចី​លុយ ពី​ធនាគារ​ព្រីនស៍​នៅក្នុង​ស្រុក​ខ្លះ កំពុង​លំបាក​ក្នុង​ជីវភាព​ព្រោះ​ពុំ​មាន​ថវិកា សង​ធនាគារ ហើយ​ត្រូវ​បាន​មន្ត្រី​ធនាគារ​ទាំងនោះ​ផាក​ពិន័យ​ដំឡើង​ការ​ប្រាក់​លើសលប់ និង​ថែម​ទាំង​បង្ខំ​ឱ្យ​អតិថិជន លក់​ផ្ទះ ដើម្បី​សងបំណុល។

អតិថិជន​ខ្ចី​លុយ​ពី​ធនាគារ​ព្រីនស៍ លោកស្រី ម៉ម កាដែត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​នេះ​ថា លោកស្រី​បាន​ខ្ចីបុល ពី​ធនាគារ​ព្រីនស៍​ចំនួន ១៦​ម៉ឺន​ដុល្លារ ដើម្បី​បង្កើត​សាលារៀន​ឯកជន​មួយ​កន្លែង ក្នុង​ខេត្ត​តាកែវ​។ លោកស្រី​រំលឹក ថា កាលពី​ខ្ចី​លុយ បាន​១​ឆ្នាំ​ដំបូង លោកស្រី​មានលទ្ធភាព​សង​ទៅ​ធនាគារ​គ្រប់​ចំនួន គឺ​ក្នុង​១​ខែ បង់ ១៥០០​ដុល្លារ។

ប៉ុន្តែ អំឡុង​ពេល​វិបត្តិ កូ​វីដ-១៩ គ្រួសារ​លោកស្រី ពុំ​អាច​រក​ចំណូល​បាន​ច្រើន ហើយ សាលារៀន​ក៏​ត្រូវ​បិទ និង​ដាក់​ជួល​ឱ្យ​គេ ដោយ​ក្នុង ១​ខែ បាន​ចំនួន​៧០០​ដុល្លារ​។ ជា​ញឹកញាប់ លោកស្រី យក​លុយ​ចំនួន​៦០០​ដុល្លារ សម្រាប់​សង់​ធនាគារ និង​១០០​ដុល្លារ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។ ប៉ុន្តែ ពី​ពេល​នោះ​មក លោកស្រី​ថា មន្ត្រី​ធនាគារ ពុំ​សប្បាយ​ចិត្ត​ឡើយ តែងតែ​បង្ខំ និង គំរាមកំហែង​ឱ្យ​លោកស្រី​លក់​ផ្ទះ និង​រកលុយ​សង់​ឱ្យ​បាន​គ្រប់​ចំនួន​១៥០០​ដុល្លារ ក្នុង​១​ខែ។

ក្រោយ​មក​ទៀត នៅ​ដើមខែ​មីនា ឆ្នាំ​២០២៥ ផ្ទះ​ក៏​លែង​មាន​អ្នក​ជួល​បន្ត ធ្វើ​ឱ្យ​លោកស្រី​លំបាក ពេលខ្លះ​ស្ទើរតែ​សម្លាប់​ខ្លួន ព្រោះ​គ្មាន​លុយ​សម្រាប់​សង​ធនាគារ ខណៈ​ដែល​មន្ត្រី​ធនាគារ​ព្រីនស៍ តែងតែ​ជេរ​ស្ដី និង​គំរាម​មក​លើ​គ្រួសារ​លោកស្រី ដោយ​បង្ខំ​ឱ្យ​លក់​ផ្ទះ​ក្នុង​តម្លៃ​២៣​ម៉ឺន​ដុល្លារ តាម​ធនាគារ​អ្នក​កំណត់ ហើយ​ប្រសិនបើ​នៅតែ​មិន​លក់ នឹង​ត្រូវ​ឡើង​តុលាការ ដើម្បី​ដោះស្រាយ​លើ​ករណីនេះ។

រហូតដល់​ថ្ងៃទី​៧ ខែ​កញ្ញា តំណាង​ធនាគារ​ព្រីនស៍ ដែល​លោកស្រី​អះអាង​ថា ឈ្មោះ សេង ចំរើន បាន​ហៅ លោកស្រី និង​ប្ដី​ទៅ​តុលាការ ដើម្បី​ចូល​ស្ដាប់​សវនាការ លើ​សំណុំរឿង​ខាងលើ ប៉ុន្តែ ពេល​លោកស្រី​មកដល់​អគារ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ចំរើន និង​មេធាវី​របស់​ធនាគារ​ព្រីនស៍ រួម​នឹង​មន្ត្រី​តុលាការ​ម្នាក់ បាន​ហៅ​លោក​ស្ត្រី និង​ប្ដី ទៅ​បន្ទប់​ដាច់ដោយឡែក​ពី​បន្ទប់​តុលាការ ដើម្បី​ចរចា​ក្រៅផ្លូវការ និង​គំរាមកំហែង​ជាថ្មី ឱ្យ​លោកស្រី លក់​ផ្ទះ យក​លុយ​សងបំណុល​ធនាគារ ខណៈ​ដែល​ផ្ទះ​លោកស្រី ខាង​តំណាង ធនាគារ​អះអាង​ថា មាន​អ្នក​ចាំ​ទិញ រួចហើយ ក្នុង​តម្លៃ​២៣​ម៉ឺន​ដុល្លារ។

បន្ថែម​ពីលើ​នោះ តំណាង​ធនាគារ​ព្រីនសន៍​បាន​អះអាង​ប្រាប់​លោកស្រី​ថា ប្រសិនបើ​លោកស្រី​មិន​ព្រម​លក់​ដី​នោះ​ទេ នៅ​ថ្ងៃទី​៦ វិច្ឆិកា តុលាការ​នឹង​ចេញ​សាលក្រម​រឹបអូស​ផ្ទះ​លោកស្រី​ឱ្យទៅ​ធនាគារ។ លោកស្រី​ចាក់​ទុក​ការ​គំរាមកំហែង​បែបនេះ គឺជា​រឿង​អយុត្តិធម៌ ខណៈ​ដែល​តំណាង​ធនាគារ​ហៅ​មក​ចូលរួម​សវនាការ ដើម្បី​ជម្រះក្ដី​លើ​សំណុំរឿង​ខាងលើ ប៉ុន្តែ ពុំ​ទាន់​បាន​បើកសវនាការ​សូម្បី​តែម្ដង​ផង ស្រាប់តែ​ឮ​ថា នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២៦ វិច្ឆិកា។

លោកស្រី ម៉ម កាដែត៖ «គាត់​ចេះតែ ខ​ល មក​រក​រឿង​ខ្ញុំ​នៅ​ពេល​ដែល​បង់លុយ​៦០០​ដុល្លារ​ហ្នឹង​ហើយ នៅតែ​ថា​ខ្ញុំ​អត់​ឆន្ទៈ បើ​ទោះ​ជា​ខ្ញុំ​ថា លោកគ្រូ​អើយ​! សុំទោស​ផង ធ្វើ​ម៉េច​បើ​ខ្ញុំ​រកបាន​តែ​ប៉ុណ្ណឹង​។ ដល់​ពេល​យូរ​ពេក មនុស្ស​យើង​ដដែល​ពេក​វា​ក្ដៅ ហើយ​ឥឡូវ​ខ្ញុំ​បង្ហាញ​ពី​ឆន្ទៈ​របស់ខ្ញុំ​ហ្មង គឺ​ខ្ញុំ សម្លាប់​ខ្លួន​ហ្មង ទាំង​គ្រួសារ​ហ្មង មិន​បាច់​សង​ទេ​ខ្ជិល។ បើ​មនុស្ស​ខំប្រឹង​រហូតដល់​លែង​ហ៊ាន​ទិញ​ស្បែកជើង​ពាក់​ហើយ នៅតែ​រករឿង​យើង​។ ដូច​ពេល​ទៅ​តុលាការ មើលងាយ​មក​ពួក​ខ្ញុំ​ថា ពួក​ខ្ញុំ រក​សង​មួយ​ជីវិត​ក៏​រក​សង​មិន​រួច»។

បើ​ទោះជា​បែបនេះ​ក្ដី ក្រោយ​មានការ​គំរាមកំហែង​រួច លោកស្រី​បាន​យក​រឿង​នេះ​ផ្សព្វផ្សាយ​ទៅកាន់​អ្នកសារព័ត៌មាន ទើប​តំណាង​ធនាគារ​ព្រីនស៍ លោក សេង ចំរើន បាន​ប្រាប់​មក​ប្ដី​លោកស្រី​វិញ​ថា ការប្រកាស​សាលក្រម​រឹបអូស​ផ្ទះ​លោកស្រី នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​ហេតុផល។ លោកស្រី​ថា មក​ទល់​ពេលនេះ នៅ​មិនទាន់​ឃើញ​តំណាង​ធនាគារ និង​មេធាវី ធនាគារ​មក​គំរាមកំហែង ឱ្យ​លោកស្រី លក់​ផ្ទះ​ទៀត​នោះ​ឡើយ។ រីឯ​អតិថិជន​ម្នាក់ទៀត​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ថា លោក​គឺជា អតិថិជន​ម្នាក់ ក្នុងចំណោម​អតិថិជន​ជាច្រើន​នាក់​ទៀត ដែល​ខ្ចីបុល​លុយ​ពី ធនាគារ​ព្រីនស៍ ហើយ​កំពុង​ជួប​បញ្ហា​ស្រដៀងៗ​គ្នា​។ ក្នុង​នោះ លោក​ថា ធនាគារ​ព្រីសន៍ គ្មាន​គោលការណ៍​ច្បាស់លាស់ និង​ជា​ធនាគារ​គិតតែ​ពី​ផល​ចំណេញ លើ​អតិថិជន​។ ជាពិសេស​លោក​ថា មន្ត្រី​ធនាគារ ក្រឡេចក្រឡុច រឿង​ការ​ប្រាក់។

លោក​បញ្ជាក់​ថា ដំបូង​ឡើយ​មន្ត្រី​ធនាគារ ប្រាប់​អតិថិជន​ថា ពាក់ព័ន្ធ​រឿង​ការប្រាក់ អតិថិជន​ទាំងអស់​ដែល​មក​ខ្ចី​លុយ​ពី​ធនាគារ ត្រូវ​បង់​ត្រឹមតែ ១២% ក្នុង​១​ខែ ក្រោយ​មក នៅ​ពេល​អតិថិជន​ខ្លះ បង់​យឺតយ៉ាវ ឬ​បង់​មិន​គ្រប់​ចំនួន ត្រូវ​បាន​ធនាគារ​ផាកពិន័យ តាមរយៈ​ការដំឡើង ការ​ប្រាក់ រហូត​ដល់​១៨% ទៅ ២៤% ទាំង​គ្មាន​ផ្ដល់​ដំណឹង។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​តំណាង​ធនាគារ​ព្រីនស៍ លោក សេង ចំរើន ដើម្បី​សុំ​ការ​ឆ្លើយតប​ជាច្រើន​ដង ប៉ុន្តែ គ្មាន​ការ​ឆ្លើយតប​ពាក់ព័ន្ធ ករណី​ខាងលើ​នោះ​ទេ ផ្ទុយ​ទៅ​វិញ លោក​បែរ​ជា​ប្រើ​សម្ដី​គំរាម​លើ​បុគ្គលិក​អាស៊ីសេរី ហើយ​ចោទ​បុគ្គលិក​អាស៊ីសេរី ថា​ជា ជន​បោកប្រាស់។

លោក សេង ចំរើន៖ «ខ្ញុំ​នឹង​យក​សារ​[​សំណួរ​] នេះ​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ជាក់​ប្រាប់​ថា​មាន​ជន​ឆបោក ដើរ​បំពុល​គ្រប់​កន្លែង»។

ចំណែក​មេធាវី​ការពារ​ក្ដី​ឱ្យ​ធនាគារ​ព្រីនស៍ ដែល​អតិថិជន​បាន អះអាង​ថា​ក៏​បាន​ផ្ញើ​សារ​សំឡេង បង្ខំ​អតិថិជន​ឱ្យ​លក់​ផ្ទះ​ជាបន្ទាន់ ប្រសិនបើ​ពុំ​ចង់​ប្រឈម​ចំពោះមុខ​ច្បាប់​។ ករណី​នេះ អតិថិជន អះអាង​ថា ការ​បង្ខំ​ពី​មេធាវី​បែបនេះ ទាំង​មិន​ទាន់​បាន​តាំង​រឿង​ក្ដី នៅ​តុលាការ​នៅ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូ​ណា ដើម្បី​ឆ្លើយតប ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ដោយ​ហៅ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ចាប់តាំងពី លោក ចេន ហ្ស៊ី ដែល​ជនជាតិ​ចិន និង​មាន​តួនាទី​ជាទី​ប្រឹក្សា​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវ​បាន សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​សិង្ហបុរី បង្កក​លុយរាប់​ម៉ឺន​លាន​ដុល្លារ គេ​ឃើញ​អតិថិជន​របស់​ធនាគារ​ព្រីនស៍​ខ្លះ បង្ហាញ​ពី​អំពើ​អយុត្តិធម៌ ជា​បន្តបន្ទាប់ ជាពិសេស​ការ​គំរាមកំហែង អតិថិជន ឱ្យ​លក់​ទ្រព្យសម្បត្តិ ដើម្បី​សង​បំណុល ហើយ​អតិថិជន​ខ្លះ ត្អូញត្អែរ និង​ភ័យ​បារម្ភ ពី​ការ​ពិបាក​ក្នុង​ការ​ដក​លុយ​សន្សំ ចេញ​ពី​ធនាគារ ហើយ​អតិថិជន​ខ្លះ ដែល​បាន​ខ្ចី​លុយ​ពី​ធនាគារ ត្រូវ​ធនាគារ​ដំឡើង​ការប្រាក់​ខ្ពស់​ជាង​មុន។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​គំរាមកំហែង និង​បង្ខំ​ឱ្យ​អតិថិជន លក់​ផ្ទះ ដើម្បី​សងបំណុល ពី​សំណាក់​ភាគី ធនាគារ​នេះ គឺជា​ទង្វើ​ខុសច្បាប់​។ លោក​បន្ត​ថា ភាគី​ធនាគារ និង​អតិថិជន គួរតែ​សម្របសម្រួល​គ្នា ប្រកប​ដោយ​យុត្តិធម៌ ហើយ​មិន​ត្រូវ​ដាក់​សម្ពាធ​មក​លើ​ភាគី​ណាមួយ ដោយ​អាង​លើ​អំណាច និង​បុណ្យ​សក្ដិ​នោះ​ឡើយ។

លោក អំ សំអាត៖ «​ចំពោះ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​លក់​ឡាយឡុង គឺ​មានតែ​តុលាការ​តែមួយគត់​។ អ៊ីចឹង បើ​ទោះ​ជា​ធនាគារ ឬក៏​កម្ចី​ឯកជន មីក្រូហិរញ្ញវត្ថុ មិន​មាន​សិទ្ធិ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​គេ​យក​ទៅ​លក់​ទេ​។ អ៊ីចឹង​កាលណា​ដែល​គំរាមកំហែង​រឹបអូស​ទ្រព្យសម្បត្តិ​គេ​លក់ គឺ​វា​ខុសច្បាប់​។ អ៊ីចឹង អតិថិជន​ដែល​រង​ការ​រំលោភបំពាន​នឹង​អាច​ទៅ​ប្ដឹង​បាន»។

គិត​ត្រឹម​ចុងខែ​ធ្នូ ឆ្នាំ​២០២៤ ក្រុមហ៊ុនCBC (Credit Bureau Cambodia) បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៥​លាន​៤​ម៉ឺន​នាក់ បាន​ជំពាក់​បំណុល​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ៦០​ពាន់​លាន​ដុល្លារ​។ អ្នកឃ្លាំមើល​លើកឡើង​ថា បញ្ហា​ជំពាក់​បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ របស់​ពលរដ្ឋ​ខ្មែរ​នេះ បាន​ជិះ​ឥទ្ធិពល​ដ៏​អាក្រក់ រហូត​ដល់​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ ហ៊ាន​ធ្វើ​អត្តឃាត ខ្លះ​ទៀត​ប្រព្រឹត្ត អំពើ​ជួញដូរ​មនុស្ស និង​ការ​ជួញដូរ​ផ្លូវភេទ តាម​ប្រព័ន្ធ​អនឡាញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ