គ្រួសារ​សកម្មជន​មាតា​ធម្មជាតិ​ស្នើ​​តុលាការ​ឱ្យ​ដោះលែង​សកម្មជន​ទាំង ៥​នាក់

0
258
(ពីឆ្វេងទៅស្ដាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី ​លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ភួន កែវរស្មី ដែល​នឹង​ត្រូវ​ចូលរួម​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ RFA
(ពីឆ្វេងទៅស្ដាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី ​លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ភួន កែវរស្មី ដែល​នឹង​ត្រូវ​ចូលរួម​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ RFA

គ្រួសារ​សកម្មជន​មាតា​ធម្មជាតិ ស្នើ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​សាលាឧទ្ធរណ៍​ផ្ដល់​យុត្តិធម៌ និង​ដោះលែង​សកម្មជន​ទាំង ៥​នាក់ ។ ទន្ទឹម​គ្នា​នេះ អង្គការ​ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ឱ្យ​បងប្អូន​ខ្មែរ នៅ​ក្រៅ​ប្រទេស នាំគ្នា​បញ្ចេញ​សំឡេង ដើម្បី​បញ្ឈប់​ភាព​អយុត្តិធម៌​លើ​សកម្មជន​មាតា​ធម្មជាតិ​និង លើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ប្រទេស​កម្ពុជា។

ប្រពន្ធ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ស្នើ​ឱ្យ​រដ្ឋាភិបាល​និង​សាលាឧទ្ធរណ៍​ភ្នំពេញ​ដោះលែង​សកម្មជន​ទាំង ៥​នាក់ ឱ្យ​មាន​សេរីភាព។ លោកស្រី​លើក​ហេតុផល​ថា ការ​បន្ត​ឃុំខ្លួន​ប្ដី​លោកស្រី និង​សកម្មជន​ផ្សេងទៀត ធ្វើ​ប៉ះពាល់​មុខមាត់​រដ្ឋាភិបាល និង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ខណៈ​សកម្មភាព​របស់​ពួកគាត់​កន្លងមក គឺ​ការពារ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​សុទ្ធសាធ។

ការ​ស្នើ​នេះ ធ្វើឡើង​មុន​ពេល​សាលាឧទ្ធរណ៍​ភ្នំពេញ​គ្រោង​នឹង​បើក​សវនាការ នៅ​ថ្ងៃទី​០១ ខែ​ធ្នូ​ខាងមុខនេះ លើ​ពាក្យបណ្ដឹង​របស់​មេធាវី​ការពារ​ក្ដី សកម្មជន​បរិស្ថាន​ទាំង ៥​នាក់ ដែល​សុំ​ឱ្យ​តុលាការ​ដោះលែង​ពួកគាត់​។ សកម្មជន​បរិស្ថាន​ទាំង ៥​នាក់ រួមមាន​លោក ថុន រដ្ឋា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែងរស្មី និង​កញ្ញា ឡុង គន្ធា កំពុង​ជាប់ឃុំ​ជាង ១ឆ្នាំ ៤​ខែ​ហើយ។

លិខិត​របស់​មហាអយ្យការ​សាលាឧទ្ធរណ៍​ភ្នំពេញ ចុះ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា បញ្ជាក់​ថា សវនាការ​សាលាឧទ្ធរណ៍​នឹង​ជំនុំជម្រះ​ក្រោម​សមាសភាព​ក្រុមប្រឹក្សា ៣​រូប ដោយមាន​លោក អ៊ិត សុធា ជា​ប្រធាន​អម​ដោយ​ចៅក្រម​ប្រឹក្សា​លោក អិន វ៉ានវិបុល និង លោក ឌុច សុខវិសារិន។

លោកស្រី ប៉ាត់ រស្មី ដែល​ជា​ប្រពន្ធ​លោក ថុន រដ្ឋា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ប្រសិនបើ​តុលាការ​បន្ត​ឃុំខ្លួន​ប្ដី​លោកស្រី និង​សកម្មជន​ផ្សេងទៀត មានតែ​ធ្វើ​ឱ្យ​អាប់ឱន​មុខមាត់​រដ្ឋាភិបាល និង​ប្រទេស​ជាតិ។ លោកស្រី​ថា សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ មិនមែន​ជា​អំពើ​ក្បត់ជាតិ ដូច​តុលាការ​ថ្នាក់ក្រោម​ចោទ​ប្រកាន់ និង​ដាក់​ទោស​ឡើយ។

លោកស្រី ប៉ាត់ រស្មី៖ «មានតែ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​តុលាការ និង​មន្ត្រី​ពាក់ព័ន្ធ​គួរតែ​ពិចារណា​ឡើង​វិញ គួរតែ​ឱ្យ​ពួកគាត់​មាន​សេរីភាព ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព ដើម្បី​បាន​មក​ការពារ​ធនធានធម្មជាតិ​បន្ត​ទៀត​។ យើង​ឃើញស្រាប់​ហើយ​សកម្មភាព​គាត់​កន្លងមក គឺ​គ្រាន់តែ​ការពារ​បរិស្ថាន និង​ជួយ​ជា​ប្រយោជន៍​ដល់​ប្រទេសជាតិ និង​សង្គមជាតិ​តែ​ប៉ុណ្ណឹង​ទេ​។ អត់​មាន​ធ្វើ​បទល្មើស​ខុស​នឹង​ច្បាប់ ដែល​តុលាការ​ចោទ​ប្រកាន់​ថា រួមគំនិត​ក្បត់​នោះ​ទេ»។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​លោក ឃុន លាងម៉េង និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា​នេះ​។​

ស្របពេល​សាលាឧទ្ធរណ៍​បើកសវនាការ​សកម្មជន​ទាំង ៥​នាក់ អង្គការ​ចលនា​មាតា​ធម្មជាតិ ក៏បាន​ប្រកាស​ធ្វើ​ពិធី​អុជ​ទាន​នៅ​ក្នុង​ទីក្រុង​ប៉ារីស ដើម្បី​សេរីភាព របស់​សកម្មជន​ទាំង ៥​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា។

ហ្វេសប៊ុក​របស់​ចលនា​មាតា​ធម្មជាតិ ឱ្យ​ដឹង​ថា រយៈពេល​ជាង​មួយឆ្នាំ​ហើយ ដែល​មិត្ត​ភ័ក្ដិ​ទាំង​៥​នាក់​របស់​ពួកគាត់ ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ដោយ​តុលាការ មហា​អយុត្តិធម៌​នៃ​កម្ពុជា ក៏​ព្រោះតែ​សកម្មជន​ទាំងនេះ ខិតខំ​ប្រឹងប្រែង​ការពារ សម្បត្តិ​ធនធានធម្មជាតិ និង​គាំពារ​សិទ្ធិ​របស់​សហគមន៍​។ ចលនា​មាតា​ធម្មជាតិ​អះអាង​ថា មិនដែល​ភ្លេច​សោះឡើយ អំពី​ភាព​អយុត្តិធម៌​នេះ ហើយ​នឹង​បន្ត ប្រមូល​សំឡេង​គាំទ្រ ដើម្បី​ទាមទារ​ឱ្យ​សកម្មជន​រងគ្រោះ​មាន​សេរីភាព​ឡើង​វិញ។

ចលនា​មាតា​ធម្មជាតិ​បន្ថែម​ថា ឆ្នាំនេះ​ចលនា​ធ្វើ​យុទ្ធនាការ​ជាមួយ​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ដែល​មាន​ឈ្មោះថា « សរសេរ​សម្រាប់​យុទ្ធនាការ​សិទ្ធិ » (Write For Rights Campaign) និង​សហការ​ជាមួយ​បណ្ដាញ​អង្គការ​លើកលែងទោស​អន្តរជាតិ​នៅ​ប្រទេស​បារាំង (Amnesty International France) ទាក់ទង​នឹង​សកម្មភាព​អាកាសធាតុ (Climate activists) ក៏ដូចជា​បងប្អូន​ពល​រដ្ឋ​ខ្មែរ​នៅ​បារាំង​ក្នុង​ការ​ធ្វើ​ពិធី​អុជ​ទាន​នៅក្នុង​ទីក្រុង​ប៉ារីស ដើម្បី​សេរីភាព​របស់​សកម្មជន​ទាំង ៥​នាក់។ ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ឱ្យ​បងប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នាំគ្នា​បញ្ចេញ សំឡេង​ដើម្បី​បញ្ឈប់​ភាព​អយុត្តិធម៌​នៅ​ប្រទេស​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ