

អ្នកឃ្លាំមើលសង្គមរិះគន់ថា យុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញរបស់អាជ្ញាធរកម្ពុជា មិនទាន់អាចកំណត់គោលដៅលើបុគ្គលមានអំណាចដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្ម ខណៈអាជ្ញាធររាយការណ៍ថា បានបណ្ដេញជនបរទេសរាប់រយនាក់ចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា(Online Scams)។
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។
អ្នកនាំពាក្យនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលដែលដឹកនាំដោយត្រកូលហ៊ុន មានជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញ ដែលបោកប្រាស់ប្រជាពលរដ្ឋខ្មែរ និងមនុស្សនៅជុំវិញពិភពលោក។
លោក គឹម សុខ បន្ថែមថា រដ្ឋាភិបាលកំពុងប្រើប្រាស់យុទ្ធនាការបង្ក្រាបនេះ ដើម្បីបំភាន់សាធារណជន និងសហគមន៍អន្តរជាតិ ព្រោះម្តងអះអាងថាបានលុបបំបាត់ការឆបោកតាមអនឡាញអស់ហើយ ប៉ុន្តែក្រោយមកនៅតែបន្តរាយការណ៍អំពីករណីថ្មីៗ។ លោកថា ប្រតិបត្តិការឆបោកតាមអនឡាញនៅតែបន្តរីកដុះដាលក្រោមការការពារពីមន្ត្រីដែលមានទំនាក់ទំនងជាមួយត្រកូលហ៊ុន។
លោក គឹម សុខ៖ «តើយើងជឿការដែរថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតកំពុងតែកំចាត់ឧក្រិដ្ឋកម្មឆបោកអនឡាញនោះ ពីព្រោះនៅពេលដែលរដ្ឋាភិបាលក្រុមគ្រួសារហ៊ុននេះ បង្ហាញអំពីតួលេខនៃការចាត់ការទីតាំងនេះទីតាំងនោះ ដែលគេអះអាងថាជាឧក្រិដ្ឋកម្មឆបោកអនឡាញ ក៏ប៉ុន្តែមិនដែលបង្ហាញមុខអ្នកទទួលខុសត្រូវណាម្នាក់ឡើយដែលជាមេបណ្តាញនៅទីតាំងទាំងនោះ»។
ការលើកឡើងនេះ បន្ទាប់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានរាយការណ៍ថា អាជ្ញាធរបានបណ្ដេញជនបរទេសចំនួន ៧២១នាក់ចេញពីប្រទេស ក្នុងរយៈពេល១០ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ដែលភាគច្រើនត្រូវបានរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ។
ជនបរទេសដែលត្រូវបានបណ្ដេញចេញទាំងនោះមាន ២០សញ្ជាតិ រួមមាន ឥណ្ឌូណេស៊ី ចិន បង់ក្លាដែស ហ្វីលីពីន នីហ្សេរីយ៉ា ប៉ាគីស្ថាន កាមេរូន ជប៉ុន ហ្គាណា តៃវ៉ាន់ ម៉ាឡេស៊ី កូរ៉េខាងត្បូង អ៊ូហ្គង់ដា ឥណ្ឌា មីយ៉ាន់ម៉ា បារាំង លីបេរីយ៉ា ស្វីស អ៊ូបេគីស្ថាន និងសហរដ្ឋអាមេរិក។
ក្នុងចំណោមជនបរទេសទាំង ៧២១នាក់ មានជនជាតិឥណ្ឌូណេស៊ីចំនួន ៣៥៥នាក់ ដែលត្រូវបានរាយការណ៍ថា សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ។ ពួកគេត្រូវបានបណ្ដេញចេញតាមអាកាសយានដ្ឋានអន្តរជាតិតេជោ។ ជនជាតិចិនចំនួន ៩០នាក់ផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ត្រូវបានបណ្ដេញចេញតាមជើងហោះហើរពិសេស។
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជានឹងមិនអនុញ្ញាតឱ្យឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានសម្រាប់ប្រព្រឹត្តអំពើឆបោក ឬបទល្មើសផ្សេងៗដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោកឡើយ។ លោកបានណែនាំឱ្យអាជ្ញាធរបន្តស្វែងរក បង្ក្រាប និងបណ្ដេញជនល្មើសចេញដោយគ្មានការលើកលែង ដោយចាត់ទុកវិធានការទាំងនេះថា ជាការចាំបាច់ដើម្បីការពារសន្តិសុខជាតិ និងកេរ្តិ៍ឈ្មោះកម្ពុជា។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បាននិយាយថា ការអះអាងម្តងហើយម្តងទៀតរបស់រដ្ឋាភិបាលអំពីជោគជ័យក្នុងការបង្ក្រាបការឆបោកតាមអនឡាញ ត្រូវបានអ្នកតាមដានអន្តរជាតិ និងអង្គការសិទ្ធិមនុស្សមួយចំនួនមើលឃើញដោយមន្ទិលសង្ស័យយ៉ាងខ្លាំង។
លោក សេង វណ្ណលី បានលើកឡើងថា ប្រតិបត្តិការបង្ក្រាបភាគច្រើនផ្តោតលើបុគ្គលិកថ្នាក់ទាប ជនដែលអាចជាជនរងគ្រោះនៃការជួញដូរមនុស្ស និងអ្នកដែលបំពានច្បាប់អន្តោប្រវេសន៍ ខណៈដែលមេខ្លោង វិនិយោគិនមានអំណាច និងមន្ត្រីជាន់ខ្ពស់ដែលត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងបណ្តាញទាំងនេះ នៅតែមិនទាន់ត្រូវបាននាំខ្លួនមកទទួលខុសត្រូវតាមច្បាប់។
លោក សេង វណ្ណលី បន្ថែមទៀតថា វិធានការចុះបង្ក្រាប និងការផ្សព្វផ្សាយលទ្ធផលហាក់ដូចជា ធ្វើឡើងតាមរលកសម្ពាធនយោបាយ និងការទាមទារពីបរទេស ដូចជាចិន កូរ៉េខាងត្បូង ឬអាមេរិក ឬធ្វើឡើងនៅជិតព្រឹត្តិការណ៍ការទូតសំខាន់ៗប៉ុណ្ណោះ។ នៅពេលដែលសម្ពាធអន្តរជាតិថយចុះ ឬព័ត៌មានស្ងប់ស្ងាត់ទៅវិញ បណ្តាញឆបោកទាំងនោះគ្រាន់តែផ្លាស់ប្តូរទីតាំង ប្តូរឈ្មោះក្រុមហ៊ុន ឬបង្វែរប្រតិបត្តិការរបស់ពួកគេទៅកាន់តំបន់ដាច់ស្រយាល និងទីប្រជុំជនតាមព្រំដែន ដើម្បីបន្តអាជីវកម្មខុសច្បាប់ជាធម្មតា។
លោក សេង វណ្ណលី អះអាង ប្រសិនបើបុគ្គលមានអំណាចដែលត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធ មិនត្រូវបានស៊ើបអង្កេតដោយតម្លាភាព ហើយប្រព័ន្ធតុលាការមិនមានឯករាជ្យភាព នោះប្រតិបត្តិការបង្ក្រាបនឹងនៅតែរងការសង្ស័យអំពីប្រសិទ្ធភាពរបស់ខ្លួន។
របាយការណ៍ របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលចេញផ្សាយកាលពីខែមិថុនា អះអាងថា យុទ្ធនាការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅទូទាំងប្រទេសកម្ពុជា បានបរាជ័យក្នុងការការពារជនរងគ្រោះពីការជួញដូរមនុស្ស និង បានទុកឱ្យជនរងគ្រោះនៃការជួញដូររងទុក្ខវេទនាដោយប្រឈមនឹងការកេងប្រវ័ញ្ច និងការរំលោភបំពាន។ ការបរាជ័យនេះគឺ ដោយសារតែអាជ្ញាធរ ខកខានក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះនៃការជួញដូរ និងមានការគប់គិតគ្នារវាងសមត្ថកិច្ច និងក្រុមឧក្រិដ្ឋជន ដោយបានអនុញ្ញាតឱ្យក្រុមឆបោកគេចវេសពីការវាយឆ្មក់។
អង្គការសិទ្ធិមនុស្សបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការកំណត់អត្តសញ្ញាណ និងការពារជនរងគ្រោះនៃការជួញដូរមនុស្ស ជាជាងចាត់ទុកពួកគេត្រឹមតែជាជនល្មើសអន្តោប្រវេសន៍ ឬជាជនសង្ស័យ។
អ្នកឃ្លាំមើលសង្គមកម្ពុជា អះអាងថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈបង្ក្រាបអ្នកមានអំណាចដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនោះទេ ហើយសកម្មភាពបង្ក្រាបកន្លងមក គ្រាន់តែធ្វើឡើង ដើម្បីបំភ័ន្តភ្នែកសហគមន៍អន្តរជាតិប៉ុណ្ណោះ។ ជាក់ស្តែងឧកញ៉ាគ្រាក់ៗដូចជា លោក លី យ៉ុងផាត់ លោក កុក អាន និងលោក ហ៊ុន តូ កំពុងរស់នៅលើគំនរទ្រព្យសម្បត្តិមហាសាលដែលរងការចោទប្រកាន់ថា បានមកពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ អ្នកឃ្លាំមើលថា ដោយសារតែការបង្ក្រាបគ្មានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់មេខ្លោង ទើបក្រុមឧក្រិដ្ឋជនបានបែកខ្ញែក និងបត់បែនវិធីសាស្ត្រប្រតិបត្តិការពីមជ្ឈមណ្ឌលធំៗមកជាទម្រង់តូចៗដូចជាតាមបន្ទប់ជួល និងអាគាររបស់អ្នកមានលុយមានអំណាច៕









