សង្គមស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ការពារ​សិទ្ធិមនុស្ស​និង​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

0
12
ការផ្សព្វផ្សាយស្នើដោះលែងសកម្មជននយោបាយ សង្គម សិទ្ធិ និងបរិស្ថាន ក្នុងចំណោមអ្នកជាប់ឃុំជាង ១០០នាក់។ រូប៖ បណ្ដាញសង្គម
ការផ្សព្វផ្សាយស្នើដោះលែងសកម្មជននយោបាយ សង្គម សិទ្ធិ និងបរិស្ថាន ក្នុងចំណោមអ្នកជាប់ឃុំជាង ១០០នាក់។ រូប៖ បណ្ដាញសង្គម

សង្គមស៊ីវិល និងអ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងការគោរពសិទ្ធិមនុស្ស សេរីភាព​នយោបាយ និងឯករាជ្យភាពតុលាការស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព​ក្រុងប៉ារីស​ឆ្នាំ១៩៩១។ ពួកគេលើកឡើងថា សន្តិភាពពិតប្រាកដត្រូវដើរទន្ទឹមនឹងយុត្តិធម៌ និងសិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ។

នៅថ្ងៃទី២៣ ខែតុលា ដែលជាខួប៣៥ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អង្គការការពារសិទ្ធិមនុស្សលីកាដូបានអំពាវនាវឱ្យតុលាការ និងរាជរដ្ឋាភិបាល​ទម្លាក់ចោល​បទចោទប្រកាន់ និងដោះលែងអ្នកការពារសិទ្ធិមនុស្សទាំងអស់ ដោយសង្កត់ធ្ងន់ថា សន្តិភាព និងសិទ្ធិមនុស្សគឺជាផ្នែកដែលមិនអាចបំបែកចេញពីគ្នាបាន។

ក្នុងសារបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ អង្គការលីកាដូបានលើកឡើងថា៖ «សន្តិភាព​ពិតប្រាកដ ត្រូវមានការគោរពសិទ្ធិមនុស្ស និងមិនអាចខ្វះសេរីភាពរបស់អ្នកការពារ​សិទ្ធិមនុស្សបាន​ឡើយ»។

អង្គការនេះបានបន្ថែមថា គ្មានសន្តិភាពពេញលេញ​ទេ ប្រសិនបើអ្នកដែលចូលរួមការពារផល​ប្រយោជន៍​សង្គម និងសិទ្ធិមនុស្ស ត្រូវប្រឈមនឹងការគំរាមកំហែង ឬការឃុំខ្លួន។

នាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ដើម្បីឱ្យការអនុវត្តកិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីសមានប្រសិទ្ធភាព វាទាមទារឱ្យកម្ពុជាពង្រឹងឯករាជ្យភាព​របស់​ប្រព័ន្ធតុលាការ បើកលំហសេរីភាពជាមូលដ្ឋានស្របតាមបទដ្ឋានអន្តរជាតិដែល​កម្ពុជាបាន​ទទួល​ស្គាល់។

លោក​ថា ប្រព័ន្ធតុលាការឯករាជ្យមានសារៈសំខាន់ក្នុងការធានាការគោរពសិទ្ធិមនុស្ស និងសិទ្ធិ​សេរីភាព​របស់ប្រជាពលរដ្ឋ។ លោកក៏បានលើកឡើងពីការរិះគន់ជាបន្តបន្ទាប់ចំពោះឯករាជ្យភាព​របស់តុលាការ ជាពិសេសពាក់ព័ន្ធនឹងការចាប់ខ្លួន និងការចោទប្រកាន់សកម្មជន។ លោក​ថា សេរីភាពដែលត្រូវការពាររួមមាន សេរីភាព​បញ្ចេញមតិ សេរីភាពជួបជុំដោយសន្តិវិធី និងសេរីភាព​បង្កើតសមាគម គណបក្សនយោបាយ និងសហជីព។

លោក អំ សំអាត៖ «បើយើងមើលទៅលើពាក្យថាសន្តិភាពសន្តិភាពជាចំណែកធំមួយ​គឺការបញ្ចប់នូវ​សង្គ្រាមស៊ីវិល ហើយដើម្បីឱ្យសន្តិភាពកាន់តែពេញលេញគឺត្រូវតែមានការគោរពសិទ្ធិមនុស្ស មាន​យុត្តិធម៌ ហើយដែលប្រទេសហ្នឹងក្លាយទៅជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ​ហើយនឹង​ជឿនលឿន ហើយប្រជាពលរដ្ឋរស់នៅក្នុងសុខដុមរមនា»។

លោកបានសង្កត់ធ្ងន់ថា ការមានគណបក្សនយោបាយច្រើនមិនមែនជាសូចនាករ​តែមួយនៃ​ប្រជាធិបតេយ្យពហុបក្សនោះទេ។ គណបក្សនយោបាយត្រូវមានឱកាសប្រកួតប្រជែងគ្នាដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។ លោកក៏បានលើកឡើងថា កម្ពុជាបានទទួលអនុសាសន៍ជា​ច្រើន​តាមរយៈយន្តការពិនិត្យស្ថានភាព​សិទ្ធិមនុស្សជាសកលតាមកាលកំណត់ (UPR) របស់​អង្គការសហប្រជាជាតិ ប៉ុន្តែរដ្ឋាភិបាលមិនបានអនុវត្តអនុសាសន៍ទាំងនោះ​ឱ្យបានពេញលេញ​នោះទេ។

ចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក អំ សំអាត យល់ថា កិច្ចព្រមព្រៀងនេះ​មាន​គុណតម្លៃអន្តរជាតិ ដោយមានប្រទេសចំនួន១៨ចូលរួមជាហត្ថលេខី និងមានការចូលរួមពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

លោកថា ចំណុចសំខាន់គឺមិនមែនផ្តោតតែលើការជជែកអំពីសុពលភាពរបស់កិច្ចព្រមព្រៀងនោះទេ ប៉ុន្តែត្រូវធានាឱ្យគោលការណ៍របស់វាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់​សន្តិភាព សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រទេស។

លោកក៏បានអំពាវនាវឱ្យអ្នកនយោបាយគ្រប់ភាគីដាក់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដោយប្រកាន់ខ្ជាប់នូវស្មារតីឯកភាពជាតិ និងសាមគ្គីភាពជាតិ។ លោកថា សន្តិភាព ការគោរព​សិទ្ធិមនុស្ស និងយុត្តិធម៌ គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព។

លោក អំ សំអាត ក៏បានលើកឡើងពីសារៈសំខាន់នៃការបើកលំហសិទ្ធិស៊ីវិល និងនយោបាយ ដើម្បី​ធានាបរិយាកាសបោះឆ្នោតល្អប្រសើរ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ និង​ការ​បោះឆ្នោតជាតិឆ្នាំ២០២៨។ លោកបានបញ្ជាក់ថា ការការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការដោះលែងសកម្មជនដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិជាមូលដ្ឋាន គឺជា​ផ្នែកសំខាន់នៃការកសាងបរិយាកាសបោះឆ្នោតសេរី និងយុត្តិធម៌។

ដោយឡែក អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា  លោក សេង វណ្ណលី បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ គឺជាគ្រឹះនៃរដ្ឋកម្ពុជាទំនើប ដែលបានជួយបញ្ចប់​សង្គ្រាមស៊ីវិល និងកំណត់គោលការណ៍សម្រាប់ប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងសិទ្ធិ​របស់​ប្រជាពលរដ្ឋក្នុងការកំណត់អនាគតប្រទេសជាតិ។

ទោះជាយ៉ាងណា លោកបានរិះគន់ថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យស្មារតី​នៃកិច្ចព្រមព្រៀងនេះរងការខូចខាត តាមរយៈការរំលាយគណបក្សប្រឆាំងសំខាន់ៗ ការរឹតត្បិត​សេរីភាពបញ្ចេញមតិ និងការបោះឆ្នោតដែលលោកយល់ថា មិនមានការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌។

លោក សេង វណ្ណលី ក៏បានអះអាងថា ការប្រមូលផ្តុំអំណាចក្នុងដៃក្រុមអ្នកដឹកនាំ និងកង្វះឯករាជ្យ​ភាព​របស់ប្រព័ន្ធតុលាការ បានធ្វើឱ្យសិទ្ធិសេរីភាព និងយុត្តិធម៌របស់ប្រជាពលរដ្ឋរងផលប៉ះពាល់។

លោក សេង វណ្ណលី បាននិយាយ​ថា សន្តិភាព​ពិតប្រាកដមិនមែនជាស្ថានភាពដែលប្រជាពលរដ្ឋ​ត្រូវស្ងៀមស្ងាត់ដោយសារភ័យខ្លាចអំណាចនោះទេ ប៉ុន្តែជាសន្តិភាពដែលធានាយុត្តិធម៌ សេរីភាព និងសមភាព​ចំពោះមុខច្បាប់។ លោក​បន្ថែមថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាកម្មសិទ្ធិ​របស់​ប្រជាជាតិខ្មែរទាំងមូល មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់គណបក្សនយោបាយ ឬគ្រួសារ​ណាមួយឡើយ។ លោកយល់ថា ការអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងនេះឡើងវិញ គឺចាំបាច់សម្រាប់​ការពារកម្ពុជាពីការធ្លាក់ចូល​ក្នុង​ការគ្រប់គ្រងបែបផ្តាច់ការ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយមានគោលបំណងស្ដារសន្តិភាព និងធានាអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី និងឯកភាពជាតិរបស់កម្ពុជា ព្រមទាំងលើកកម្ពស់សិទ្ធិមនុស្ស និងប្រព័ន្ធប្រជាធិបតេយ្យ។ កិច្ច​ព្រមព្រៀងនេះមានប្រទេសហត្ថលេខីចំនួន១៨ រួមទាំងមហាអំណាចទាំងប្រាំដែលជាសមាជិក​អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងមានការចូលរួមពី​អង្គការ​សហប្រជាជាតិ។

មាត្រា៥ នៃកិច្ចព្រមព្រៀងបានចែងពាក់ព័ន្ធនឹងការធានាអធិបតេយ្យភាព ឯករាជ្យភាព បូរណភាព​ទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា និងអំពីការពិគ្រោះយោបល់ជាបន្ទាន់រវាង​ប្រទេស​ហត្ថលេខី ក្នុងករណីមានការរំលោភ ឬការគំរាមកំហែងរំលោភលើប្រទេសកម្ពុជា ដើម្បីពិចារណា​វិធានការ​សមស្រប រួមទាំងការស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈ​សហប្រធាន​សន្និសីទ​ទីក្រុងប៉ារីស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ