អាជ្ញាធរ​ថៃ​បន្ត​ចាប់ខ្លួន​ពលករខ្មែរ​លួច​ឆ្លងដែន​ចូល​ទឹកដី​ថៃ​ខុសច្បាប់​ដើម្បី​រក​ការងារ​ធ្វើ

0
133
ទិដ្ឋភាពពលករខ្មែរត្រូវអាជ្ញាធរបញ្ជូនត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ រូប៖ អាជ្ញាធរថៃ
ទិដ្ឋភាពពលករខ្មែរត្រូវអាជ្ញាធរបញ្ជូនត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ រូប៖ អាជ្ញាធរថៃ

រយៈពេល​១សប្តាហ៍​ចុងក្រោយ​នេះ អាជ្ញាធរ​ថៃ​បន្ត​ចាប់ខ្លួន​ពលករខ្មែរ​បាន​ជាង២០នាក់ ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​តំបន់​ព្រំដែន​ក្នុង​ប្រទេសថៃ។ មន្ត្រី​សិទ្ធិ​មនុស្ស​បារម្ភ​ថា បញ្ហា​អត់​ការងារ​ធ្វើ​ក្នុង​ប្រទេស បន្ត​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ និង​បង្ខំ​ចិត្ត​ឆ្លងដែនទៅ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេសថៃ។

កត្តា​គ្មាន​ការងារ​ធ្វើ​បំណុល និង​ប្រាក់ខែ​ទាប​នៅ​កម្ពុជា នៅតែ​ជា​បញ្ហា​សម្រាប់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ជីវភាព​គ្រួសារ។ ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​លួច​ឆ្លងដែន​ទាំង​ប្រថុយ​ប្រថាន​ចូល​ប្រទេសថៃ ទោះ​ក្នុង​ស្ថាន​ភាពថៃ​កំពុង​រឹត​បន្តឹង​ច្បាប់ និង​ច្រក​ព្រំដែន​ទាំងអស់​បាន​បិទទ្វារ ដោយសារ​ជម្លោះ​រាំរ៉ៃ​រវាង​ប្រទេស​ទាំងពីរ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី២៥ តុលា អាជ្ញាធរថៃ​បាន​ចាប់ខ្លួន​មនុស្ស​១២នាក់ ក្នុង​នោះ ជនជាតិ​វៀតណាម​ម្នាក់ ខ្មែរ ៩នាក់ និង​អ្នក​ទៅ​តាម​ជាមួយ​ចំនួន២នាក់​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ប្រទេសថៃ​នៅ​ស្រុក​អារញ្ញ​ប្រទេស (Aranyaprathet District) ខេត្តស្រះកែវ​ (Sa Kaeo Province)។ ជនជាតិ​ខ្មែរ និង​វៀតណាម​ទាំង​នោះ បាន​សារភាព​ប្រាប់​អាជ្ញាធរថៃ​ថា ពួកគេ​លួច​ឆ្លងដែន​ចូល​ប្រទេសថៃ​ដោយ​ឆ្លងកាត់​ព្រំដែន​ធម្មជាតិ​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ។ ក្រោយ​ការ​ឃាត់ខ្លួន និង​សួរ​ចម្លើយ​រួច​អាជ្ញាធរ បាន​បញ្ជូន​ពួកគេ ទៅ​ស្ថានីយ៍​ប៉ូលីស​ខ្លងលឹក (Khlong Luek Police Station) និង​ស្ថានីយ៍​ប៉ូលីស​ខ្លងណាំសៃ (Khlong Nam Sai Police Station) ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់។

កាល​ពី​យប់ថ្ងៃ​ទី២៤ ខែ​តុលា កម្លាំង​កងទ័ព​ជើង​ទឹកថៃ បាន​ចាប់​ខ្លួន​ពលករខ្មែរ​ចំនួន ៧នាក់ អំឡុង​ពេល​ចុះល្បាត​តាម​ព្រំដែន ក្នុង​នោះ​មាន ប្រុស ៥នាក់ ស្រី ២នាក់ លួច​ឆ្លងដែន​ចូល​ប្រទេសថៃ ដោយ​ខុស​ច្បាប់ នៅ​ភូមិឡែម​ថ្មី (Ban Laem Mai) ឃុំទេព​និមិត្ត (Thep Nimit Subdistrict) ស្រុក​ពង់ណាមរ៉ន (Pong Nam Ron District) ខេត្ត​ចាន់ថាបុរី (Chanthaburi Province)។

តាម​ការ​ឆែកឆេរ​របស់​អាជ្ញាធរ​ថៃ បញ្ញាក់​ថា ពលករ​ខ្មែរ​ទាំង​នោះ​មិន​មាន​ឯកសារ​ឆ្លងដែន​នោះ​ទេ។ ពលករ​ទាំង​នោះ បាន​សារភាព​ប្រាប់​អាជ្ញាធរ​ថៃ​ថា ពួកគេ​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​សៀមរាប បំណង​ទៅ​ធ្វើការ​នៅ​ខេត្ត​រ៉ាក់យ៉ង និង​ទីក្រុង​បាងកក ដោយ​បាន​បង់ប្រាក់​ចំនួន ៥ពាន់​បាត ឬ​ស្មើ​នឹង​ជាង ១៥០ ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ៗ​ឲ្យ​មេខ្យល់​សម្រាប់​ការ​ធ្វើ​ដំណើរ។

អាជ្ញាធរ​បាន​រៀបចំ​កំណត់​ត្រា​ចាប់ខ្លួន និង​ឃុំខ្លួន​ស្រប​តាម​ច្បាប់​ស្តី​ពី​ការ​បង្ការ និង​បង្ក្រាប​ការ​ធ្វើ​ទារុណ​កម្ម និង​ការ​បាត់ខ្លួន​ដោយ​បង្ខំ​មុន​ពេល​បញ្ជូន​ពួកគេ​ទៅ​ឲ្យ​មន្ត្រី​ស៊ើប​អង្កេត​នៅ​ប៉ុស្តិ៍​នគរបាល​បានប៉្លេង ដើម្បី​បន្ត​នីតិវិធី​ច្បាប់។

ចំណែក កាល​ពីថ្ងៃ​ទី២១ តុលា អំឡុង​ពេល​ដើរ​ល្បាត​ដើម្បី​ទប់ស្កាត់ និង​ស្ទាក់​ចាប់​សកម្មភាព​ខុស​ច្បាប់​នៅ​តាម​ព្រំដែន កងកម្លាំង​បូរ៉ាផាថៃ បាន​រក​ឃើញ និង​ចាប់ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន​ប្រាំ៩នាក់ ក្នុង​នោះ មាន​ជនជាតិ​ថៃ​ម្នាក់​ជា​បុរស និង​ខ្មែរ ៨នាក់ ក្នុង​នោះ​ស្ត្រី ម្នាក់ និង​បុរស​៧នាក់ នៅ​ក្នុង​តំបន់​បានដុងង៉ោ (Ban Dong Ngu) ស្រុក​អារញ្ញប្រាថេត (Aranyaprathet District) ខេត្ត​ស្រះកែវ (Sa Kaeo)។

បុរស​ជា​ជនជាតិ​ថៃ​នោះ​បាន​សារភាព​ប្រាប់​អាជ្ញាធរថៃ​ថា កាល​ពី​ដើមខែ​មីនា គាត់​បាន​រក​ឃើញ​គេហទំព័រ​ប្រកាស​ការងារ​មួយ​ធ្វើ​នៅ​ប៉ោយប៉ែត​តាម​ហ្វេសប៊ុក និង​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ទៅ​ធ្វើការ​ជា​អ្នក​គ្រប់គ្រង ឆ្លើយតប​ឆាត​របស់​អតិថិជន ដោយ​អាច​ទទួល​បាន​ប្រាក់ខែ​ពី ១ម៉ឺន៥ពាន់​បាត​ទៅ​២ម៉ឺន៥ពាន់​បាត ឬ​ស្មើនឹង​ជាង ៤៦០ដុល្លារ​អាមេរិក​ទៅ ជិត៨០០ដុល្លារ​អាមេរិក។ បន្ទាប់​មក​គាត់​បាន​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​កម្ពុជា ដោយ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ការ​ជជែក​ជាមួយ​អតិថិជន​សម្រាប់​គេហទំព័រ​ល្បែងស៊ី​សង​អនឡាញ UFA11K។

ក្រោយ​មក បន្ទាប់​ពី​អាជ្ញាធរខ្មែរ​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​តាម​អ៊ីនធឺណិត ថៅកែ​ជា​ជនជាតិ​ចិន​របស់​គាត់​បាន​ជូន​ដំណឹង​ដល់​គាត់​ថា មូលដ្ឋាន​នេះ​បាន​ផ្លាស់​ទៅ​ប្រទេសឡាវ ហើយ​បាន​ណែនាំ​គាត់​ឱ្យ​ត្រឡប់​ទៅ​ប្រទេសថៃ​វិញ។ គាត់​ក៏ បាន​ឆ្លងដែន​តាម​ផ្លូវ​ធម្មជាតិ​មួយ​ដើម្បី​ឆ្លងកាត់​ដោយ​ថ្មើរជើង ហើយ​អាជ្ញាធរថៃ​ក៏​បាន​រក​ឃើញ និង​ចាប់ខ្លួន​តែ​ម្តង។

ចំណែក ជនជាតិ​ខ្មែរ​ទាំង៨នាក់​បាន​សារភាព​ថា ពួកគេ​ជា​សាច់ញាតិ​នឹង​គ្នា រស់នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​បន្ទាយ​មានជ័យ។ ដោយ​គ្មាន​ការងារ​ធ្វើ និង​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ជីវភាព ពួកគាត់​បាន​ណាត់​ជួបគ្នា​នៅ​ប៉ោយប៉ែត មុន​ពេល​ឆ្លងកាត់​ដោយ​ខុសច្បាប់​ចូល​ទៅ​ក្នុង​ខេត្ត​ស្រះកែវ (Sa Kaeo Province) បំណង​ស្វែងរក​ការងារ ដើម្បី​រកប្រាក់​ផ្គត់ផ្គង់​គ្រួសារ។

អាជ្ញាធរ​បាន​ប្រគល់​អ្នក​ទាំង៩នាក់​ទៅ​ឱ្យ​មន្ត្រី​ស៊ើប​អង្កេត​នៅ​ស្ថានីយ៍​ប៉ូលីស​ខ្លងលឹក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដោយ​ចោទ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើការ​នៅ​លើ​គេហទំព័រ​ល្បែង​ស៊ីសង​ជា​សក្ខី​កម្ម​បឋម និង​ត្រូវស៊ើប​អង្កេត​បន្ថែម​ទៀត។

ក្រៅ​ពី​ការ​ឆ្លងដែន​នេះ អាជ្ញាធរថៃ ក៏​បាន​រឹតបន្តឹង​ច្បាប់​លើ​ជន​អន្តោប្រវេសន៍​ធ្វើការ និង​រស់នៅ​ខុស​ច្បាប់​ក្នុង​ប្រទេសថៃ​ផងដែរ។ អាជ្ញាធរថៃ​បាន​ចុះ​ឆែកឆេរ នៅ​តាម​អគារជួល ផ្សារ​ទំនើប ផ្សារតូចៗ កន្លែង​កម្សាន្ត និង​តាម​ទី​សាធារណៈ​ជាច្រើន​ទៀត​ផងដែរ ដើម្បី​ស្វែងរក​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ។ ភាគ​ច្រើន នៃ​ពួកគេ ជាប់​ចោទ​ពី​បទ«ស្នាក់នៅ និង​ធ្វើការ​ខុស​ច្បាប់​ក្នុង​ប្រទេសថៃ ដោយ​គ្មាន​លិខិត​អនុញ្ញាត»។

មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ប្រចាំ​ប្រទេសថៃ​នៃ​អង្គការ​សង់ត្រាល់ លោក លឹង សុផុន បារម្ភ​ថា ពលករខ្មែរ​ដែល​លួច​ឆ្លងដែន​ខុស​ច្បាប់​ចូល​ក្នុង​ប្រទេសថៃ​អាច​ប្រឈម​បទចោទ​ធ្ងន់ធ្ងរ​ជាង​មុន។ លោក​ថា ពលករ​មួយ​ចំនួន ត្រូវ​តុលាការ​ថៃ​ចោទ​ប្រកាន់​ពី​បទល្មើស​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អនឡាញ និង​ល្បែង​អនឡាញ​ជាដើម បើ​ទោះបី​ជា​ពួកគេ​អះអាង​ថា មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូចការ​ចោទ​ប្រកាន់​ក៏​ដោយ។ លោកថ្លែង​ថា ពី​មុន​ពលករ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​ថៃ​ប្រមាណ​៤៥ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​ត្រូវ​ជាប់​ចាប់​ពី៣ខែ​ឡើង ឬ៦ខែ ជា​ដើម រួម​នឹង​បទល្មើស​ធ្ងន់ធ្ងរ​ជាង​មុន។ លោក​អះអាង​ទៀត​ថា នៅ​តាម​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេសថៃ​ដូចជា​ក្នុង​ខេត្ត​រ៉ាក់យ៉ង (Rakyong Province) អាជ្ញាធរ​ក៏​បាន​ចុះ​ឆែកឆេរ និង​បាន​ចាប់ខ្លួន​ពលករខ្មែរ​ជាច្រើន​មក​ផ្តន្តាទោស​ផងដែរ។ លោក​ទទូច​ឲ្យ​ពលករខ្មែរ​នៅក្នុង​ប្រទេសថៃ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន។

លោក លឹង សុផុន៖ «អឺអ្នក​ដែល​នៅថៃ​ហ្នឹង គឺ​អឺប្រឈម​មែន​ទែន។ ហើយ​ពលករ​ដែល​អឺអ្នក​ខ្លះ​មិនមាន​ឯកសារ​ត្រឹមត្រូវ​ហ្នឹង គឺអឺ​ប្រឈម​នឹង​ការ​បំលាស់ទី ប្រឈម​នឹង​ការ​ធ្វើ​ដំណើរ ទៅ​ធ្វើការ​អីចឹង​ទៅ​ណា។ គាត់​ត្អូញត្អែរ ពី​ការ​បង់​បំណុល​ធនាគារ ហើយ​គាត់​ថា​គាត់​នៅ​ស្រុកខ្មែរ​ហ្នឹង​អឺ មិនមាន​លុយ​សម្រាប់​បង់​ធនាគារ​គ្រប់​គ្រាន់​អីចឹង។ ពន្យល់​ណែនាំ​បងប្អូន​ថា អឺ​យើង​ទៅ​រក​ការងារ​នៅទីក្រុង​ភ្នំពេញ ឬ​កន្លែង​ណា​ដែល​អាច​មាន​ការងារ​ធ្វើ​យើង​អាច​ធ្វើ​បាន​អី​ចឹង។ គាត់អឺ​ក៏​បាន​លើកឡើង​ពី​អឺ​កត្តា​មួយ​ចំនួន​ដែរ គាត់​ថា​ខំ​ដើរ​រក​ការងារ​ដែរ។ ប៉ុន្តែ​អឺ វា​លំបាក​បាទ ការ​ចាយ​ចំណាយ​ចាយ​វាយ​អី​យើង​មើល​ទៅ​ហាក់​ដូចជា​រកលុយ​មិន​បាន​ហើយ ប៉ុន្តែ​ការ​ចាយ​វាយ​ហ្នឹង​ដូចលុយ​ដូច​ថាលុយ​ហ្នឹង​ដូច​វាថោក​ហាស៎​បាទ។ អ៊ីចឹង​ហើយ​ការ​ចំណាយ​វា​ច្រើន អឺធ្វើ​ឱ្យ​គាត់​ហ្នឹង​សម្រេច​ចិត្តវិល​ចូល​មក​ប្រទេសថៃ​ហ្នឹង​វិញ​តែ​ម្ដង​បាទ»។

កាល​ពីថ្ងៃ​ទី២១ តុលា រដ្ឋាភិបាល​ថៃ បាន​បញ្ជូន​ជនជាតិខ្មែរ​ចំនួន ៨២នាក់ ក្នុង​នោះ​បុរស ៤៨នាក់ ស្ត្រី ២៤នាក់ ក្មេងប្រុស ៨នាក់ និង​ក្មេងស្រី ២នាក់ ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់ពី​ពួកគេ​អនុវត្ត​ទោស​រួចរាល់​នៅ​ក្នុង​ប្រទេសថៃ។

ក្នុង​ឆ្នាំ២០២៦ មាន​ពលករខ្មែរ​រាប់ពាន់​នាក់​ហើយ ដែល​ត្រូវ​អាជ្ញាធរថៃ​ចាប់​បញូន​ត្រឡប់​មក​កម្ពុជា​វិញ ក្រោយ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​នឹង​ថៃ។ ពួកគេ​ទាំង​នោះ ភាគ​ច្រើន ជួប​ការ​លំបាក​ក្នុង​ជីវភាព ជំពាក់​បំណុល​ធនាគារ ហើយ​ពិបាក​រក​ការងារ​ដែល​មាន​ប្រាក់ខែ​សមរម្យ និង​លក្ខខណ្ឌ​ការងារ​ក្នុង​ស្រុក ដែល​ល្អ​ត្រឹមត្រូវ​ធ្វើ​បាន ទើប​លួច​ឆ្លងដែន​ទៅ​ក្រៅ​ប្រទេស ដោយ​សង្ឈឹម​បាន​ប្រាក់ខែ​ខ្ពស់​ជាង​នៅក្នុង​ស្រុក និង​រស់នៅ​បាន​ថ្លៃថ្នូរ សមរម្យ​ជាង​មុន។ កន្លង​មក មន្ត្រី​សិទ្ធិ​ពលករ​ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​គួរ​គិតគូរ​ពិចារណា ដំឡើង​ប្រាក់ខែ​ឲ្យ​កម្មករ​ក្នុង​ស្រុក ឲ្យ​បាន​ខ្ពស់​ជាង​បច្ចុប្បន្ន និង​ផ្តល់​លក្ខខណ្ឌ​ការងារ​ដែល​ល្អ គ្មាន​ការ​រំលោភ​សិទ្ធិ​កម្មករ គោរព​សិទ្ធិ​សហជីព​ជាដើម ដើម្បី​កាត់​បន្ថយការ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ខ្មែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ