

រយៈពេល១សប្តាហ៍ចុងក្រោយនេះ អាជ្ញាធរថៃបន្តចាប់ខ្លួនពលករខ្មែរបានជាង២០នាក់ ដែលលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅតំបន់ព្រំដែនក្នុងប្រទេសថៃ។ មន្ត្រីសិទ្ធិមនុស្សបារម្ភថា បញ្ហាអត់ការងារធ្វើក្នុងប្រទេស បន្តធ្វើឲ្យពលរដ្ឋខ្មែរជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ និងបង្ខំចិត្តឆ្លងដែនទៅរកការងារធ្វើក្នុងប្រទេសថៃ។
កត្តាគ្មានការងារធ្វើបំណុល និងប្រាក់ខែទាបនៅកម្ពុជា នៅតែជាបញ្ហាសម្រាប់ពលរដ្ឋកម្ពុជាក្នុងការដោះស្រាយជីវភាពគ្រួសារ។ ពលរដ្ឋខ្មែរនៅតែបន្តលួចឆ្លងដែនទាំងប្រថុយប្រថានចូលប្រទេសថៃ ទោះក្នុងស្ថានភាពថៃកំពុងរឹតបន្តឹងច្បាប់ និងច្រកព្រំដែនទាំងអស់បានបិទទ្វារ ដោយសារជម្លោះរាំរ៉ៃរវាងប្រទេសទាំងពីរ។
ជាក់ស្តែងកាលពីថ្ងៃទី២៥ តុលា អាជ្ញាធរថៃបានចាប់ខ្លួនមនុស្ស១២នាក់ ក្នុងនោះ ជនជាតិវៀតណាមម្នាក់ ខ្មែរ ៩នាក់ និងអ្នកទៅតាមជាមួយចំនួន២នាក់ដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃនៅស្រុកអារញ្ញប្រទេស (Aranyaprathet District) ខេត្តស្រះកែវ (Sa Kaeo Province)។ ជនជាតិខ្មែរ និងវៀតណាមទាំងនោះ បានសារភាពប្រាប់អាជ្ញាធរថៃថា ពួកគេលួចឆ្លងដែនចូលប្រទេសថៃដោយឆ្លងកាត់ព្រំដែនធម្មជាតិដើម្បីស្វែងរកការងារធ្វើ។ ក្រោយការឃាត់ខ្លួន និងសួរចម្លើយរួចអាជ្ញាធរ បានបញ្ជូនពួកគេ ទៅស្ថានីយ៍ប៉ូលីសខ្លងលឹក (Khlong Luek Police Station) និងស្ថានីយ៍ប៉ូលីសខ្លងណាំសៃ (Khlong Nam Sai Police Station) ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
កាលពីយប់ថ្ងៃទី២៤ ខែតុលា កម្លាំងកងទ័ពជើងទឹកថៃ បានចាប់ខ្លួនពលករខ្មែរចំនួន ៧នាក់ អំឡុងពេលចុះល្បាតតាមព្រំដែន ក្នុងនោះមាន ប្រុស ៥នាក់ ស្រី ២នាក់ លួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ នៅភូមិឡែមថ្មី (Ban Laem Mai) ឃុំទេពនិមិត្ត (Thep Nimit Subdistrict) ស្រុកពង់ណាមរ៉ន (Pong Nam Ron District) ខេត្តចាន់ថាបុរី (Chanthaburi Province)។
តាមការឆែកឆេររបស់អាជ្ញាធរថៃ បញ្ញាក់ថា ពលករខ្មែរទាំងនោះមិនមានឯកសារឆ្លងដែននោះទេ។ ពលករទាំងនោះ បានសារភាពប្រាប់អាជ្ញាធរថៃថា ពួកគេបានធ្វើដំណើរពីខេត្តសៀមរាប បំណងទៅធ្វើការនៅខេត្តរ៉ាក់យ៉ង និងទីក្រុងបាងកក ដោយបានបង់ប្រាក់ចំនួន ៥ពាន់បាត ឬស្មើនឹងជាង ១៥០ ដុល្លារអាមេរិកក្នុងម្នាក់ៗឲ្យមេខ្យល់សម្រាប់ការធ្វើដំណើរ។
អាជ្ញាធរបានរៀបចំកំណត់ត្រាចាប់ខ្លួន និងឃុំខ្លួនស្របតាមច្បាប់ស្តីពីការបង្ការ និងបង្ក្រាបការធ្វើទារុណកម្ម និងការបាត់ខ្លួនដោយបង្ខំមុនពេលបញ្ជូនពួកគេទៅឲ្យមន្ត្រីស៊ើបអង្កេតនៅប៉ុស្តិ៍នគរបាលបានប៉្លេង ដើម្បីបន្តនីតិវិធីច្បាប់។
ចំណែក កាលពីថ្ងៃទី២១ តុលា អំឡុងពេលដើរល្បាតដើម្បីទប់ស្កាត់ និងស្ទាក់ចាប់សកម្មភាពខុសច្បាប់នៅតាមព្រំដែន កងកម្លាំងបូរ៉ាផាថៃ បានរកឃើញ និងចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ចំនួនប្រាំ៩នាក់ ក្នុងនោះ មានជនជាតិថៃម្នាក់ជាបុរស និងខ្មែរ ៨នាក់ ក្នុងនោះស្ត្រី ម្នាក់ និងបុរស៧នាក់ នៅក្នុងតំបន់បានដុងង៉ោ (Ban Dong Ngu) ស្រុកអារញ្ញប្រាថេត (Aranyaprathet District) ខេត្តស្រះកែវ (Sa Kaeo)។
បុរសជាជនជាតិថៃនោះបានសារភាពប្រាប់អាជ្ញាធរថៃថា កាលពីដើមខែមីនា គាត់បានរកឃើញគេហទំព័រប្រកាសការងារមួយធ្វើនៅប៉ោយប៉ែតតាមហ្វេសប៊ុក និងត្រូវបានគេអញ្ជើញឱ្យទៅធ្វើការជាអ្នកគ្រប់គ្រង ឆ្លើយតបឆាតរបស់អតិថិជន ដោយអាចទទួលបានប្រាក់ខែពី ១ម៉ឺន៥ពាន់បាតទៅ២ម៉ឺន៥ពាន់បាត ឬស្មើនឹងជាង ៤៦០ដុល្លារអាមេរិកទៅ ជិត៨០០ដុល្លារអាមេរិក។ បន្ទាប់មកគាត់បានឆ្លងដែនទៅធ្វើការនៅកម្ពុជា ដោយធ្វើជាអ្នកគ្រប់គ្រងការជជែកជាមួយអតិថិជនសម្រាប់គេហទំព័រល្បែងស៊ីសងអនឡាញ UFA11K។
ក្រោយមក បន្ទាប់ពីអាជ្ញាធរខ្មែរបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសតាមអ៊ីនធឺណិត ថៅកែជាជនជាតិចិនរបស់គាត់បានជូនដំណឹងដល់គាត់ថា មូលដ្ឋាននេះបានផ្លាស់ទៅប្រទេសឡាវ ហើយបានណែនាំគាត់ឱ្យត្រឡប់ទៅប្រទេសថៃវិញ។ គាត់ក៏ បានឆ្លងដែនតាមផ្លូវធម្មជាតិមួយដើម្បីឆ្លងកាត់ដោយថ្មើរជើង ហើយអាជ្ញាធរថៃក៏បានរកឃើញ និងចាប់ខ្លួនតែម្តង។
ចំណែក ជនជាតិខ្មែរទាំង៨នាក់បានសារភាពថា ពួកគេជាសាច់ញាតិនឹងគ្នា រស់នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ដោយគ្មានការងារធ្វើ និងប្រឈមមុខនឹងការលំបាកក្នុងជីវភាព ពួកគាត់បានណាត់ជួបគ្នានៅប៉ោយប៉ែត មុនពេលឆ្លងកាត់ដោយខុសច្បាប់ចូលទៅក្នុងខេត្តស្រះកែវ (Sa Kaeo Province) បំណងស្វែងរកការងារ ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។
អាជ្ញាធរបានប្រគល់អ្នកទាំង៩នាក់ទៅឱ្យមន្ត្រីស៊ើបអង្កេតនៅស្ថានីយ៍ប៉ូលីសខ្លងលឹក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយចោទពាក់ព័ន្ធនឹងការធ្វើការនៅលើគេហទំព័រល្បែងស៊ីសងជាសក្ខីកម្មបឋម និងត្រូវស៊ើបអង្កេតបន្ថែមទៀត។
ក្រៅពីការឆ្លងដែននេះ អាជ្ញាធរថៃ ក៏បានរឹតបន្តឹងច្បាប់លើជនអន្តោប្រវេសន៍ធ្វើការ និងរស់នៅខុសច្បាប់ក្នុងប្រទេសថៃផងដែរ។ អាជ្ញាធរថៃបានចុះឆែកឆេរ នៅតាមអគារជួល ផ្សារទំនើប ផ្សារតូចៗ កន្លែងកម្សាន្ត និងតាមទីសាធារណៈជាច្រើនទៀតផងដែរ ដើម្បីស្វែងរកជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ។ ភាគច្រើន នៃពួកគេ ជាប់ចោទពីបទ«ស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាត»។
មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង សុផុន បារម្ភថា ពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃអាចប្រឈមបទចោទធ្ងន់ធ្ងរជាងមុន។ លោកថា ពលករមួយចំនួន ត្រូវតុលាការថៃចោទប្រកាន់ពីបទល្មើសពាក់ព័ន្ធនឹងការឆបោកអនឡាញ និងល្បែងអនឡាញជាដើម បើទោះបីជាពួកគេអះអាងថា មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ក៏ដោយ។ លោកថ្លែងថា ពីមុនពលករអនុវត្តទោសនៅក្នុងពន្ធនាគារថៃប្រមាណ៤៥ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នពួកគេត្រូវជាប់ចាប់ពី៣ខែឡើង ឬ៦ខែ ជាដើម រួមនឹងបទល្មើសធ្ងន់ធ្ងរជាងមុន។ លោកអះអាងទៀតថា នៅតាមខេត្តមួយចំនួនក្នុងប្រទេសថៃដូចជាក្នុងខេត្តរ៉ាក់យ៉ង (Rakyong Province) អាជ្ញាធរក៏បានចុះឆែកឆេរ និងបានចាប់ខ្លួនពលករខ្មែរជាច្រើនមកផ្តន្តាទោសផងដែរ។ លោកទទូចឲ្យពលករខ្មែរនៅក្នុងប្រទេសថៃមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសុវត្ថិភាពរបស់ខ្លួន។
លោក លឹង សុផុន៖ «អឺអ្នកដែលនៅថៃហ្នឹង គឺអឺប្រឈមមែនទែន។ ហើយពលករដែលអឺអ្នកខ្លះមិនមានឯកសារត្រឹមត្រូវហ្នឹង គឺអឺប្រឈមនឹងការបំលាស់ទី ប្រឈមនឹងការធ្វើដំណើរ ទៅធ្វើការអីចឹងទៅណា។ គាត់ត្អូញត្អែរ ពីការបង់បំណុលធនាគារ ហើយគាត់ថាគាត់នៅស្រុកខ្មែរហ្នឹងអឺ មិនមានលុយសម្រាប់បង់ធនាគារគ្រប់គ្រាន់អីចឹង។ ពន្យល់ណែនាំបងប្អូនថា អឺយើងទៅរកការងារនៅទីក្រុងភ្នំពេញ ឬកន្លែងណាដែលអាចមានការងារធ្វើយើងអាចធ្វើបានអីចឹង។ គាត់អឺក៏បានលើកឡើងពីអឺកត្តាមួយចំនួនដែរ គាត់ថាខំដើររកការងារដែរ។ ប៉ុន្តែអឺ វាលំបាកបាទ ការចាយចំណាយចាយវាយអីយើងមើលទៅហាក់ដូចជារកលុយមិនបានហើយ ប៉ុន្តែការចាយវាយហ្នឹងដូចលុយដូចថាលុយហ្នឹងដូចវាថោកហាស៎បាទ។ អ៊ីចឹងហើយការចំណាយវាច្រើន អឺធ្វើឱ្យគាត់ហ្នឹងសម្រេចចិត្តវិលចូលមកប្រទេសថៃហ្នឹងវិញតែម្ដងបាទ»។
កាលពីថ្ងៃទី២១ តុលា រដ្ឋាភិបាលថៃ បានបញ្ជូនជនជាតិខ្មែរចំនួន ៨២នាក់ ក្នុងនោះបុរស ៤៨នាក់ ស្ត្រី ២៤នាក់ ក្មេងប្រុស ៨នាក់ និងក្មេងស្រី ២នាក់ ឲ្យត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពួកគេអនុវត្តទោសរួចរាល់នៅក្នុងប្រទេសថៃ។
ក្នុងឆ្នាំ២០២៦ មានពលករខ្មែររាប់ពាន់នាក់ហើយ ដែលត្រូវអាជ្ញាធរថៃចាប់បញូនត្រឡប់មកកម្ពុជាវិញ ក្រោយជម្លោះព្រំដែនរវាងកម្ពុជានឹងថៃ។ ពួកគេទាំងនោះ ភាគច្រើន ជួបការលំបាកក្នុងជីវភាព ជំពាក់បំណុលធនាគារ ហើយពិបាករកការងារដែលមានប្រាក់ខែសមរម្យ និងលក្ខខណ្ឌការងារក្នុងស្រុក ដែលល្អត្រឹមត្រូវធ្វើបាន ទើបលួចឆ្លងដែនទៅក្រៅប្រទេស ដោយសង្ឈឹមបានប្រាក់ខែខ្ពស់ជាងនៅក្នុងស្រុក និងរស់នៅបានថ្លៃថ្នូរ សមរម្យជាងមុន។ កន្លងមក មន្ត្រីសិទ្ធិពលករក៏បានទទូចឲ្យរដ្ឋាភិបាលគួរគិតគូរពិចារណា ដំឡើងប្រាក់ខែឲ្យកម្មករក្នុងស្រុក ឲ្យបានខ្ពស់ជាងបច្ចុប្បន្ន និងផ្តល់លក្ខខណ្ឌការងារដែលល្អ គ្មានការរំលោភសិទ្ធិកម្មករ គោរពសិទ្ធិសហជីពជាដើម ដើម្បីកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋខ្មែរ៕









