

អ្នកវិភាគថា ម៉ោងបង្រៀនមិនគ្រប់គ្រាន់ កង្វះឧបករណ៍ពិសោធសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រ សមត្ថភាពគ្រូបង្រៀននៅមានកម្រិត និងបញ្ហានៃការជ្រៀតជ្រែកឥទ្ធិពលនយោបាយបក្សកាន់អំណាចហួសហេតុបានធ្វើឱ្យប្រព័ន្ធអប់រំនៅកម្ពុជាបន្តធ្លាក់ចុះ។ ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោក ហង់ជួន ណារ៉ុន ត្រូវកែទម្រង់ប្រព័ន្ធអប់រំ នៅទូទាំងប្រទេសឡើងវិញ ក្រោមស្តង់ដារតែមួយ ដោយផ្ដោតលើ អភិបាលកិច្ចសាលារៀន ការកែលំអកម្មវិធីសិក្សា និងការបន្ថែមម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ និងសីលធម៌ជាដើម។
អ្នកឃ្លាំមើលរិះគន់ថា ចាប់តាំងពីគណបក្សប្រជាជនកម្ពុជា កាន់អំណាច និងដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះ ប្រព័ន្ធអប់រំនៅកម្ពុជា នៅពុំទាន់មានការវិវឌ្ឍទៅរកភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៅឡើយ បើប្រៀបធៀបនឹងប្រទេសជិតខាង ដូចជាវៀតណាម និងថៃជាដើម។ ពួកគាត់ថា បញ្ហាចម្បងៗដែលធ្វើឱ្យកម្ពុជាមិនអាចអភិវឌ្ឍប្រព័ន្ធអប់រំបានលឿន គឺដោយសារតែ ឥទ្ធិពលនិន្នាការនយោបាយបក្សកាន់អំណាច បានគ្របដណ្ដប់លើប្រព័ន្ធអប់រំ ដែលធ្វើឱ្យរារាំងដល់ដំណើរការនៃការអនុវត្តគោលការណ៍អភិបាលកិច្ចល្អ បង្កើតឱ្យមានអំពើពុករលួយ និងកង្វះការវាយតម្លៃ ដោយឯករាជ្យលើសមត្ថភាព គ្រូបង្រៀន ម៉ោងសិក្សា និងគុណភាពអប់រំ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ប៉ុន្មានឆ្នាំចុងក្រោយនេះ នាយកសាលាភាគច្រើនបានរងឥទ្ធិពលនយោបាយខ្លាំងពេក ដោយផ្ដោតតែទៅការងារបក្សនយោបាយ ហើយពុំសូវឱ្យតម្លៃលើការអប់រំនោះឡើយ ទើបធ្វើឱ្យការរៀបចំកម្មវិធីសិក្សាដើរយឺត ហើយកន្លែងខ្លះបាន ធ្លាក់ដុនដាប់តែម្ដង។ ជាមួយគ្នានោះលោកថា ការកំណត់ម៉ោងសិក្សាតិចពេក គឺក្នុង១ថ្ងៃសិស្ស ត្រូវរៀននៅសាលា៤ម៉ោង បញ្ហាគ្មានឧបករណ៍ពិសោធត្រឹមត្រូវសម្រាប់ ថ្នាក់វិទ្យាសាស្ត្រ និងសមត្ថភាពគ្រូបង្រៀននៅមានកម្រិត គឺជាបញ្ហាកំពុងកើតមាន។
ទោះជាយ៉ាងណា លោកគាំទ្រលើការកែទម្រង់ប្រព័ន្ធអប់រំរបស់រដ្ឋាភិបាលដែលរំពឹងថា នឹងផ្ដោតលើការការរៀបចំអភិបាលកិច្ចសាលារៀន វិន័យ និងគុណភាពបង្រៀនជាដើម។ ប៉ុន្តែ លោកបារម្ភថា ការកែទម្រង់នេះ មិនអាចអភិវឌ្ឍបានលឿននោះទេ ប្រសិនបើឥទ្ធិពលនិន្នាការបក្សនយោបាយ នៅតែប្រឡាក់ប្រឡូកក្នុងវិស័យអប់រំ អំពើពុករលួយ និងបក្ខពួកនិយមមិនត្រូវបានដោះស្រាយឱ្យមានប្រសិទ្ធភាពទេនោះ។ លោកសង្កេតឃើញថា បច្ចុប្បន្នសិស្ស មិនត្រឹមតែខ្សោយផ្នែកមុខវិជ្ជាវិទ្យាសាស្ត្រនោះទេ គឺរួមទាំងមុខវិជ្ជាសង្គម ផងដែរ ដោយសារតែកម្សោយការអាន និងការអនុវត្តជាក់ស្ដែង។
«មកទល់ពេលនេះ ខ្ញុំក៏មិនទាន់ឃើញថាវាមានការប្រែប្រួលទៅលើគុណភាពអីច្រើនដែរ។ ជាពិសេសទៀត មានកន្លែងខ្លះធ្លាក់ចុះ ដូចជាមកដល់ពេលនេះគឺសិស្សនៅក្នុងថ្នាក់មធ្យមសិក្សា ដែលរៀនអំពីវិទ្យាសាស្ត្រហ្នឹងបានធ្លាក់ចុះយ៉ាងគំហុកម។ ធ្លាក់ចុះរហូតដល់ពាក់កណ្ដាល បានន័យថា ៥០% ។ ការធ្លាក់ចុះនេះវាអាចនឹងមកពីសមត្ថភាពរបស់គ្រូក្នុងការបង្រៀន។ គាត់អត់សូវពូកែបង្រៀន ធ្វើឲ្យសិស្សពិបាកយល់ អញ្ចឹងទៅសិស្សក៏ខ្ជិលចង់រៀន»។
បណ្ឌិត មាស នី
ការវាយតម្លៃជាសកលចុងក្រោយបង្អស់ពី កម្មវិធីសម្រាប់ការវាយតម្លៃសិស្សអន្តរជាតិ (PISA) ដែលរៀបចំឡើងដោយអង្គការ OECD កាលពីចុងខែកញ្ញា ឆ្នាំ២០២៦ បង្ហាញថា ប្រទេសវៀតណាម និងថៃ មានកម្រិតពិន្ទុសិក្សាខ្ពស់ជាងកម្ពុជា។ វៀតណាមជាប្រទេសលេចធ្លោខ្លាំង ដែលសិស្សអាយុ ១៥ឆ្នាំ ទទួលបានពិន្ទុខ្ពស់ផ្នែកវិទ្យាសាស្ត្រ។ ផ្អែកលើទិន្នន័យ PISA កន្លងមក សិស្សវៀតណាមមិនត្រឹមតែឈ្នះថៃ និងកម្ពុជានោះទេ ប៉ុន្តែថែមទាំងអាចប្រកួតប្រជែងជាមួយប្រទេសជឿនលឿនមួយចំនួនផងដែរ។ រីឯប្រទេសថៃ ប្រព័ន្ធអប់រំមានភាពរឹងមាំបង្គួរ គឺស្ថិតនៅចន្លោះកណ្ដាលរវាងកម្ពុជា និងវៀតណាម ខណៈដែលកម្ពុជា ពិន្ទុទាបជាងថៃ និងវៀតណាម។
កន្លងទៅអង្គការ UNICEF និង OECD បានផ្ដល់អនុសាសន៍ថា កម្ពុជាត្រូវបន្តពង្រឹងកម្រិតសមត្ថភាពអំណាន និងគណិតវិទ្យាដំបូងរបស់សិស្ស ដោយសារតែ ៦៩% នៃសាលារៀននៅកម្ពុជា នៅតែជួបបញ្ហាកង្វះខាតគ្រូបង្រៀន និងកម្មវិធីសិក្សាមិនទាន់ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៨ ខែតុលា បានថ្លែងនៅក្នុងពិធី ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ដោយណែនាំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ជួន ណារ៉ុង ត្រូវរៀបចំកម្មវិធីសិក្សាឡើងវិញ ដោយផ្ដោតលើការស្វែងរកវិធីសាស្ត្រថ្មីដើម្បីឱ្យសាលាទាំង អស់មានគុណភាពខ្ពស់។ លោកអះអាងថា សាលារៀនទាំងអស់ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយត្រូវពង្រឹងសាលាគំរូដើម្បីយកបទពិសោធន៍ និងរូបមន្តជោគជ័យ ទៅអនុវត្តដើម្បីជំរុញឱ្យសាលារៀនទូទាំងប្រទេសក្លាយជាសាលាដែលមានសមត្ថភាព និងជាគំរូពិតប្រាកដ។ ទន្ទឹមគ្នានោះលោកស្នើឱ្យក្រសួងអប់រំត្រូវពិចារណាលើការបន្ថែមម៉ោងសិក្សា ចំនួន៦ម៉ោងក្នុងមួយថ្ងៃ ព្រោះកន្លងទៅមានត្រឹមតែ៤ម៉ោង។
«ត្រូវយល់ពីគោលគំនិតធំរបស់ខ្ញុំ គោលគំនិតធំរបស់ខ្ញុំមិនត្រូវបង្កើតស្តង់ដារពីក្នុងសាលារដ្ឋទេ ប៉ុន្តែត្រូវរកវិធីសាស្ត្រដែលល្អដើម្បីឲ្យសាលាទាំងអស់ទៅជាសាលាដែលមានសមត្ថភាព ហើយជាសាលាដែលជាគំរូ ហើយគ្រប់សាលាទាំងអស់នេះគឺជាអ្វីដែលជាគោលដៅ។ នេះគឺជាការពិត ប៉ុន្តែយើងធ្វើម៉េចបាន? ទាល់តែយកសាលាខ្លះមកអនុវត្តដើម្បីយករូបមន្ត មតិយោបល់ រៀបចំទៅ»។
លោក ហ៊ុន ម៉ាណែត
សាលារៀនគំរូដែល លោក ហ៊ុន ម៉ាណែត តម្រូវឱ្យអនុវត្តតាមនោះគឺត្រូវផ្ដោតលើ អភិបាលកិច្ចសាលារៀន ដូចជា ត្រូវពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ការពិនិត្យកែលំអកម្មវិធីសិក្សា បន្ថែមម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ និងសីលធម៌ជាដើម។ ជាមួយគ្នានោះ សាលារៀនគំរូក៏ត្រូវផ្ដោតលើ ការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្ស ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងមូលដ្ឋានជាដើម។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីសម្រេចបានគោលការណ៍ទាំងនេះ ទាមទារឱ្យមានការវាយតម្លៃជាប្រចាំ និងការកែទម្រង់ជាបន្តបន្ទាប់។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលរិះគន់ថា ការកែទម្រង់ ប្រព័ន្ធអប់រំនិងកម្មវិធីសិក្សារបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនអាចរីកចម្រើន និងលឿនបានទេ ព្រោះការប្រកាសកែលំអប្រព័ន្ធអប់រំនេះ គឺគេឮតាំងពីជំនាន់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលគ្រានោះគេរំពឹងថា ក្រោយពីលោក ហង់ជួន ណារ៉ុន ធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំ នឹងមានការរីកច្រើនជាងមុន ប៉ុន្តែជាក់ស្ដែង វិស័យអប់រំ មានការរីកច្រើនតិចតូចប៉ុណ្ណោះ។
ជាមួយគ្នានោះ គេសង្កេតឃើញថា កូនអ្នកមានអំណាច និងមន្ត្រីធំៗ រួមទាំងកូនៗ និងចៅៗរបស់គ្រួសារត្រកូល ហ៊ុនផងភាគច្រើនពុំឱ្យកូនរៀនសាលារៀនរដ្ឋនៅក្នុងស្រុកនោះឡើយ ពួកគេតែងតែចំណាយលុយរាប់ម៉ឺនដុល្លារឱ្យកូនៗ ទៅរៀននៅតាមប្រទេសជឿនលឿន ឬប្រសិនបើឱ្យរៀននៅក្នុងស្រុកក៏ឱ្យទៅរៀននៅសាលាឯកជន ខណៈដែលកូនពលរដ្ឋទូទៅបានត្រឹមតែរៀនសាលារដ្ឋ។ អ្នកឃ្លាំមើលលើកឡើងថា ការកើនឡើងវិសមភាពសង្គម គឺជារឿងដែលគួរឱ្យបារម្ភនៅក្នុងប្រទេសកម្ពុជា ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនដោះស្រាយ។
អ្នកឃ្លាំមើលលើកឡើងថា ចំណុចសំខាន់ នៃការកែទម្រង់សាលារៀន គឺត្រូវផ្ដោតលើអភិបាលកិច្ចល្អ ព្រោះវាជាគោលការណ៍ដែលត្រូវបង្ហាញតាមរយៈការបែងចែកថវិកាដោយត្រឹមត្រូវ ការជ្រើសរើសនិងប្រើប្រាស់ធនធានមនុស្សដោយផ្អែកលើសមត្ថភាព ការត្រួតពិនិត្យលទ្ធផលសិក្សា និងការធានាថា កុមារគ្រប់រូបអាចទទួលបានការអប់រំប្រកបដោយគុណភាព ដោយមិនត្រូវបានរារាំងដោយស្ថានភាពសេដ្ឋកិច្ច និងទីតាំងភូមិសាស្ត្រជាដើម។
របាយការណ៍របស់ធនាគារពិភពលោកស្ដីពីការកែលំអហិរញ្ញវត្ថុសាធារណៈ និងធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា ដែលចេញផ្សាយនៅខែមិថុនា ឆ្នាំ២០២៦ បានលើកឡើងថា ទោះបីកម្ពុជាមានការរីកចម្រើនក្នុងការបង្កើន សិស្សចុះឈ្មោះចូលរៀនក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកក៏ដោយ ក៏វឌ្ឍនភាពនេះមិនទាន់បានប្រែក្លាយជាការកែលំអលទ្ធផលសិក្សាតាមការរំពឹងទុកនោះទេ ព្រោះបញ្ហាប្រឈមផ្នែកអភិបាលកិច្ច ការប្រើប្រាស់ថវិកា និងការគ្រប់គ្រងធនធានមនុស្ស នៅតែជាកត្តាដែលត្រូវយកចិត្តទុកដាក់ និងកែលំអឡើងវិញ៕









