មូលហេតុ​ប្រព័ន្ធ​អប់រំ​ខ្មែរ​ធ្លាក់ខ្លាំង​មកពី​ម៉ោង​រៀន​មិនគ្រប់ ខ្វះ​ឧបករណ៍​ពិសោធ​ និង​ក្រោម​ឥទ្ធិពល​នយោបាយ

0
58
រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន នីងកីឡា លោក ហង់ ជួនណារ់ុន ជួបនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី២២ ធ្នូ ២០២៥។ រូប៖ បណ្ដាញសង្គម
រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន នីងកីឡា លោក ហង់ ជួនណារ់ុន ជួបនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី២២ ធ្នូ ២០២៥។ រូប៖ បណ្ដាញសង្គម

អ្នក​វិភាគ​ថា ម៉ោង​​បង្រៀន​​​​មិន​គ្រប់គ្រាន់​ ​​​កង្វះ​​ឧបករណ៍​ពិសោធ​​​​សម្រាប់​មុខ​វិជ្ជា​វិទ្យា​សាស្ត្រ​​​ ​​សមត្ថភាព​​​​គ្រូ​បង្រៀន​នៅ​មាន​កម្រិត​ និង​​​​​បញ្ហា​នៃ​​ការ​ជ្រៀតជ្រែក​​​ឥទ្ធិពល​​​​​នយោបាយ​​​បក្ស​កាន់​អំណាច​​ហួសហេតុ​បាន​​​​​ធ្វើ​ឱ្យ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​​បន្ត​ធ្លាក់​ចុះ​​។ ការ​លើក​ឡើង​នេះ​ ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​​ណែនាំ​ឱ្យ​​​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ ​​យុវជន​និង​​កីឡា​ លោក​ ហង់ជួន ណារ៉ុន ត្រូវ​​​​​​​​​​កែទម្រង់​​​​ប្រព័ន្ធ​​អប់រំ​ នៅ​​​​ទូទាំង​ប្រទេស​ឡើង​វិញ​ ក្រោម​ស្តង់ដារ​តែ​មួយ​​ ដោយ​ផ្ដោត​​លើ​​ ​អភិបាល​កិច្ច​សាលារៀន​​ ការ​​កែលំអ​​កម្ម​វិធី​សិក្សា និង​​ការ​​បន្ថែម​ម៉ោង​សិក្សា ​ដើម្បី​​ពង្រឹង​ចំណេះដឹង វិន័យ និង​សីលធម៌​ជាដើម។

អ្នក​ឃ្លាំមើល​​រិះគន់​ថា ចាប់​តាំង​ពី​គណបក្សប្រជាជន​កម្ពុជា​ ​​​កាន់​អំណាច​ និង​ដឹកនាំ​ប្រទេស​​ជិត​​​៤០​ឆ្នាំ​មក​នេះ ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ ​នៅ​ពុំ​ទាន់​មាន​ការ​វិវឌ្ឍ​ទៅ​រក​ភាព​​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​​​នៅ​​​ឡើយ ​​បើ​ប្រៀបធៀប​នឹង​ប្រទេស​​ជិត​​ខាង ​ដូច​ជា​វៀតណាម និង​​​ថៃ​ជា​ដើម។ ពួក​គាត់​ថា បញ្ហា​ចម្បង​ៗ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មិន​អាច​អភិវឌ្ឍ​​ប្រព័ន្ធ​អប់រំ​បាន​លឿន​ គឺ​ដោយ​សារ​តែ​ ​ឥទ្ធិពល​និន្នាការ​នយោបាយ​​បក្ស​កាន់​អំណាច​ ​បាន​​គ្រប​ដណ្ដប់​លើ​​ប្រព័ន្ធ​អប់រំ​ ​​ដែល​​ធ្វើ​​ឱ្យ​រារាំង​ដល់​ដំណើរការ​នៃ​ការ​អនុវត្ត​​​គោលការណ៍​​អភិបាល​កិច្ច​​​ល្អ​ បង្កើត​​​​ឱ្យ​មាន​អំពើ​ពុករលួយ​ និង​កង្វះ​ការ​វាយតម្លៃ ​​ដោយ​ឯករាជ្យ​​លើ​​​​​សមត្ថភាព​​​ គ្រូបង្រៀន​ ម៉ោង​សិក្សា​​ និង​​​​គុណ​ភាព​អប់រំ។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​​សង្គម បណ្ឌិត មាស នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា​ ​​ប៉ុន្មាន​​ឆ្នាំ​ចុង​​ក្រោយ​នេះ​ នាយក​សាលា​ភាគ​ច្រើន​​បាន​​រង​ឥទ្ធិពល​នយោបាយ​ខ្លាំង​ពេក ដោយ​ផ្ដោត​តែ​ទៅ​​ការងារ​បក្ស​នយោបាយ ​ហើយ​ពុំ​សូវ​ឱ្យ​តម្លៃ​លើ​ការ​​អប់រំ​​នោះ​ឡើយ ទើប​ធ្វើ​ឱ្យ​​​​ការ​រៀបចំ​​កម្មវិធី​សិក្សា​ដើរ​យឺត ហើយ​កន្លែង​ខ្លះ​​បាន​ ធ្លាក់​ដុន​ដាប់​​តែ​​​ម្ដង។ ជាមួយ​គ្នា​នោះ​លោក​ថា​ ​​ការ​កំណត់​ម៉ោង​សិក្សា​តិច​ពេក​​ គឺ​ក្នុង​១​ថ្ងៃ​សិស្ស​ ​ត្រូវ​​​​រៀន​​​នៅ​សាលា​​​៤ម៉ោង​​ ​​​បញ្ហា​គ្មាន​ឧបករណ៍​ពិសោធ​ត្រឹម​ត្រូវ​សម្រាប់ ​ថ្នាក់​វិទ្យា​សាស្ត្រ និង​​​សមត្ថភាព​គ្រូ​បង្រៀន​នៅ​មាន​កម្រិត​ គឺ​ជា​​បញ្ហា​​​​កំពុង​កើត​មាន​។

ទោះ​ជា​យ៉ាងណា​ លោក​គាំទ្រ​​​​លើ​ការ​កែទម្រង់​​​​​ប្រព័ន្ធ​អប់រំ​របស់​រដ្ឋាភិបាល​​​ដែល​​​​រំពឹង​ថា នឹង​​ផ្ដោត​លើ​ការ​ការ​រៀបចំ​អភិបាល​កិច្ច​សាលារៀន​ វិន័យ ​និង​គុណភាព​​​បង្រៀន​ជា​ដើម។ ប៉ុន្តែ លោក​​​​​បារម្ភ​ថា​ ការ​កែទម្រង់​​​​នេះ​ មិន​អាច​អភិវឌ្ឍ​​​បាន​លឿន​​​​​នោះ​ទេ​ ប្រសិន​បើ​ឥទ្ធិពល​និន្នាការ​បក្ស​នយោបាយ​ នៅ​តែ​ប្រឡាក់ប្រឡូក​​ក្នុង​​វិស័យ​អប់រំ ​​អំពើ​ពុករលួយ ​និង​​បក្ខពួក​និយម​​​មិន​​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ។ លោក​សង្កេត​ឃើញ​ថា​ បច្ចុប្បន្ន​​​សិស្ស​ មិន​ត្រឹម​តែ​ខ្សោយ​ផ្នែក​​​​មុខ​​វិជ្ជា​​​វិទ្យាសាស្ត្រ​នោះ​ទេ​ ​គឺ​រួម​ទាំង​មុខ​វិជ្ជា​​​សង្គម​ ផង​ដែរ​ ដោយ​សារ​តែ​កម្សោយ​ការ​អាន និង​​​​ការអនុវត្ត​ជាក់ស្ដែង។

«មក​​ទល់​ពេល​នេះ​​ ខ្ញុំ​ក៏​មិន​ទាន់​ឃើញ​ថា​វា​មាន​ការ​ប្រែ​ប្រួល​ទៅ​លើ​គុណ​ភាព​អី​ច្រើន​ដែរ។ ​ជា​ពិសេស​ទៀត មាន​កន្លែង​ខ្លះ​ធ្លាក់​ចុះ​ ដូច​ជា​​មក​ដល់​ពេល​នេះ​គឺ​សិស្ស​នៅ​ក្នុង​ថ្នាក់​មធ្យម​សិក្សា ដែល​រៀន​អំពី​វិទ្យាសាស្ត្រ​ហ្នឹង​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ម។​​ ​ធ្លាក់​ចុះ​រហូត​ដល់​ពាក់​កណ្ដាល​ បាន​ន័យ​ថា​ ៥០% ។​​ ​ការ​ធ្លាក់​ចុះ​នេះ​វា​អាច​នឹង​មក​ពី​សមត្ថភាព​របស់​គ្រូ​ក្នុង​ការ​បង្រៀន។​ គាត់​អត់​សូវ​ពូកែ​​បង្រៀន ​​ធ្វើ​ឲ្យ​សិស្ស​ពិបាក​យល់ អញ្ចឹង​ទៅ​សិស្ស​ក៏​ខ្ជិល​​​​ចង់​រៀន​»។​

បណ្ឌិត មាស នី

ការ​វាយ​តម្លៃ​ជា​សកល​ចុង​ក្រោយ​បង្អស់​ពី​ កម្មវិធី​សម្រាប់​ការ​វាយតម្លៃ​សិស្ស​អន្តរជាតិ (PISA) ដែល​រៀបចំ​ឡើង​ដោយ​អង្គការ OECD ​​កាល​ពី​​ចុង​​ខែ​កញ្ញា ឆ្នាំ២០២៦ បង្ហាញ​ថា ប្រទេស​វៀតណាម ​និង​ថៃ​ ​មាន​​កម្រិត​ពិន្ទុ​សិក្សា​​​​​​ខ្ពស់​ជាង​កម្ពុជា​​។ វៀតណាម​ជា​ប្រទេស​លេចធ្លោ​ខ្លាំង ដែល​សិស្ស​អាយុ ១៥ឆ្នាំ ទទួល​បាន​ពិន្ទុ​ខ្ពស់​​​ផ្នែក​វិទ្យាសាស្ត្រ​​។ ផ្អែក​លើ​ទិន្នន័យ PISA កន្លង​មក​ សិស្ស​វៀតណាម​មិន​​ត្រឹម​តែ​ឈ្នះ​ថៃ និង​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ផង​ដែរ។ រីឯ​​ប្រទេស​ថៃ​ ប្រព័ន្ធ​អប់រំ​​មាន​ភាព​រឹងមាំ​បង្គួរ ​គឺ​ស្ថិត​នៅ​ចន្លោះ​កណ្ដាល​រវាង​កម្ពុជា​ និង​វៀតណាម ខណៈ​ដែល​កម្ពុជា​ ​​ពិន្ទុ​​​ទាប​ជាង​ថៃ និង​វៀតណាម។

កន្លង​ទៅ​​អង្គការ UNICEF និង OECD បាន​ផ្ដល់​អនុសាសន៍​ថា​ កម្ពុជា​ត្រូវ​បន្ត​ពង្រឹង​កម្រិត​សមត្ថភាព​អំណាន និង​គណិតវិទ្យា​ដំបូង​របស់​សិស្ស​​​ ដោយ​សារ​តែ​ ៦៩% នៃ​សាលា​រៀន​​នៅ​កម្ពុជា​ នៅ​តែ​ជួប​បញ្ហា​កង្វះ​ខាត​គ្រូ​បង្រៀន​​​ និង​​​​​​​កម្មវិធីសិក្សា​​មិន​ទាន់​​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ជាក់ស្ដែង។​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា បាន​ថ្លែង​នៅ​ក្នុង​ពិធី​​​ ជួប​សំណេះសំណាល​ជា​មួយ​សិស្ស​និទ្ទេស​ A ដោយ​ណែនាំ​ឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​​​លោក ហង់ជួន ណារ៉ុង ត្រូវ​រៀបចំ​កម្ម​វិធី​​សិក្សា​ឡើង​វិញ ដោយ​ផ្ដោត​លើ​ការ​​​ស្វែងរក​វិធីសាស្ត្រ​​​ថ្មី​​ដើម្បី​ឱ្យ​សាលា​​​​ទាំង​ ​អស់​មាន​គុណ​ភាព​ខ្ពស់។ លោក​អះអាង​ថា សាលា​រៀន​ទាំង​អស់​​​​ត្រូវ​​ស្ថិត​ក្រោម​​​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​​ហើយ​​​​​​​​​ត្រូវ​​​​ពង្រឹង​​​សាលា​គំរូ​​ដើម្បី​​យក​បទពិសោធន៍​ និង​រូប​មន្ត​ជោគជ័យ​ ​ទៅ​អនុវត្ត​ដើម្បី​ជំរុញ​ឱ្យ​សាលា​រៀន​​​ទូទាំង​ប្រទេស​​​ក្លាយ​ជា​សាលា​ដែល​មាន​សមត្ថភាព និង​ជា​គំរូ​ពិត​ប្រាកដ​។ ទន្ទឹម​​គ្នា​នោះ​លោក​​ស្នើ​ឱ្យ​ក្រសួង​អប់រំ​ត្រូវ​ពិចារណា​លើ​ការ​បន្ថែម​ម៉ោង​សិក្សា​​ ​ចំនួន​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ព្រោះ​កន្លង​ទៅ​មាន​ត្រឹមតែ​៤​ម៉ោង​។

«ត្រូវ​យល់​ពី​គោល​គំនិត​ធំ​របស់​ខ្ញុំ គោល​គំនិត​ធំ​របស់​ខ្ញុំ​មិន​ត្រូវ​បង្កើត​ស្តង់ដារ​ពី​ក្នុង​សាលា​រដ្ឋ​ទេ ប៉ុន្តែ​ត្រូវ​រក​វិធីសាស្ត្រ​ដែល​ល្អ​ដើម្បី​ឲ្យ​សាលា​ទាំង​អស់​ទៅ​ជា​សាលា​ដែល​មាន​សមត្ថភាព ហើយ​ជា​សាលា​ដែល​ជា​គំរូ ហើយ​គ្រប់​សាលា​ទាំង​អស់​នេះ​គឺ​ជា​អ្វី​ដែល​ជា​គោលដៅ។ នេះ​គឺ​ជា​ការ​ពិត ប៉ុន្តែ​យើង​ធ្វើ​ម៉េច​បាន​? ទាល់​តែ​យក​សាលា​ខ្លះ​មក​អនុវត្ត​ដើម្បី​យក​រូប​មន្ត មតិ​យោបល់ រៀបចំ​ទៅ»។

លោក ហ៊ុន ម៉ាណែត

សាលារៀន​គំរូ​ដែល លោក ហ៊ុន ម៉ាណែត តម្រូវ​ឱ្យ​​​អនុវត្ត​តាម​នោះ​​គឺ​​ត្រូវ​ផ្ដោត​លើ​ ​​អភិបាល​កិច្ច​សាលារៀន ​​ដូច​ជា​​ ​​ត្រូវ​​​ពង្រឹង​ភាព​ជា​អ្នកដឹកនាំ​របស់​បុគ្គលិក​អប់រំ គណៈ​គ្រប់គ្រង​សាលា​រៀន និង​គ្រូ​បង្រៀន ​​ការ​ពិនិត្យ​កែលំអ​​កម្មវិធី​សិក្សា ​​​​​​​​ ​បន្ថែម​ម៉ោង​សិក្សា ដើម្បី​​ពង្រឹង​ចំណេះដឹង វិន័យ ​និង​សីលធម៌​ជាដើម។ ជាមួយ​គ្នា​​​នោះ​ សាលា​រៀន​គំរូ​ក៏​ត្រូវ​​​ផ្ដោត​​លើ​​ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​របស់​សិស្ស ​​ការ​ជំរុញ និង​លើក​ទឹកចិត្ត​ការ​ចូល​រួម​របស់​មាតាបិតា អាណាព្យាបាល និង​សហគមន៍​​​ក្នុង​មូលដ្ឋាន​​ជាដើម។

ជាមួយ​គ្នា​​​​នេះ​ លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា​ ដើម្បី​សម្រេច​បាន​​​​គោល​ការណ៍​​ទាំង​​នេះ ទាមទារ​ឱ្យ​មាន​ការ​វាយ​តម្លៃ​ជា​ប្រចាំ និង​ការ​កែទម្រង់​ជា​បន្តបន្ទាប់។ ទោះ​ជា​យ៉ាងណា​ អ្នក​ឃ្លាំមើល​​រិះគន់​ថា​ ការ​កែទម្រង់​ ​ប្រព័ន្ធ​អប់រំ​​និង​កម្មវិធី​សិក្សា​របស់​​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​អាច​រីក​ចម្រើន​ និង​លឿន​បាន​ទេ​ ព្រោះ​ការ​ប្រកាស​​​កែ​​លំអ​​​ប្រព័ន្ធ​អប់រំ​នេះ​​ ​គឺ​គេ​ឮ​តាំង​ពី​ជំនាន់​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ​ដែល​គ្រា​នោះ​គេ​រំពឹង​ថា​ ក្រោយ​ពី​លោក ហង់ជួន ណារ៉ុន ​​ធ្វើ​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​អប់រំ ​​​នឹង​​មាន​​​​​ការ​​រីក​ច្រើន​ជាង​​មុន​ ​​​​​ប៉ុន្តែ​​ជាក់ស្ដែង​​ ​វិស័យ​អប់រំ​​ មាន​ការ​រីក​ច្រើន​តិច​តូច​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នោះ​ ​​​គេ​សង្កេត​ឃើញ​ថា​ កូន​អ្នក​មាន​អំណាច ​និង​​មន្ត្រី​​ធំ​ៗ​​ រួម​ទាំង​​​កូន​ៗ និង​ចៅ​ៗ​របស់​គ្រួសារ​​ត្រកូល ហ៊ុន​​ផង​ភាគ​ច្រើន​ពុំ​​ឱ្យ​កូន​រៀន​សាលា​រៀន​​​រដ្ឋ​​នៅ​ក្នុង​​ស្រុក​នោះ​ឡើយ​​ ពួក​គេ​តែង​តែ​ចំណាយ​លុយ​​​រាប់​ម៉ឺន​ដុល្លារ​​ឱ្យ​កូន​​ៗ​​ ទៅ​រៀន​នៅ​​តាម​​​ប្រទេស​​ជឿន​លឿន ឬ​ប្រសិន​បើ​ឱ្យ​​រៀន​នៅ​ក្នុងស្រុក​ក៏​ឱ្យ​ទៅ​រៀន​នៅ​សាលា​​ឯកជន ខណៈ​ដែល​កូន​​ពលរដ្ឋ​ទូទៅ​បាន​ត្រឹម​តែ​រៀន​សាលា​រដ្ឋ។ ​អ្នក​ឃ្លាំមើល​លើក​ឡើង​ថា​ ការ​កើន​ឡើង​​វិសមភាព​សង្គម គឺ​ជា​រឿង​ដែល​គួរ​ឱ្យ​បារម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រសិន​បើ​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត ​​​​មិន​ដោះស្រាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ចំណុច​សំខាន់​ ​នៃ​ការ​កែទម្រង់​សាលា​រៀន​ ​គឺ​ត្រូវ​ផ្ដោត​លើ​អភិបាល​កិច្ច​ល្អ​​ ព្រោះ​​​វា​​ជា​គោលការណ៍​ដែល​ត្រូវ​បង្ហាញ​តាម​រយៈ​ការ​បែង​ចែក​ថវិកា​ដោយ​ត្រឹម​ត្រូវ ការ​ជ្រើសរើស​និង​ប្រើ​ប្រាស់​ធនធាន​មនុស្ស​ដោយ​ផ្អែក​លើ​សមត្ថភាព ការ​ត្រួត​ពិនិត្យ​លទ្ធផល​សិក្សា និង​ការ​ធានា​ថា កុមារ​គ្រប់​រូប​អាច​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណ​ភាព ដោយ​មិន​ត្រូវ​បាន​រារាំង​ដោយ​ស្ថានភាព​សេដ្ឋកិច្ច ​និង​ទីតាំង​ភូមិសាស្ត្រ​​ជា​ដើម។

របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ស្ដីពី​ការ​កែលំអ​ហិរញ្ញវត្ថុ​សាធារណៈ និង​ធនធាន​មនុស្ស​ក្នុង​វិស័យ​អប់រំ​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅ​ខែ​មិថុនា ឆ្នាំ២០២៦ បាន​លើក​ឡើង​ថា ទោះ​បី​កម្ពុជា​មាន​ការ​រីកចម្រើន​ក្នុង​ការ​បង្កើន​ សិស្ស​​​​ចុះឈ្មោះ​ចូល​រៀន​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​កន្លង​មក​ក៏ដោយ ក៏​វឌ្ឍនភាព​នេះ​មិន​ទាន់​បាន​ប្រែ​ក្លាយ​ជា​ការ​កែលំអ​លទ្ធផល​សិក្សា​តាម​ការ​រំពឹង​ទុក​នោះ​ទេ​ ព្រោះ​​​​​​បញ្ហា​ប្រឈម​ផ្នែក​អភិបាល​កិច្ច ការ​ប្រើប្រាស់​ថវិកា និង​ការគ្រប់គ្រង​ធនធាន​មនុស្ស ​នៅ​តែ​ជា​កត្តា​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ និង​​កែ​លំអ​ឡើង​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ