

អង្គការការពារសិទ្ធិមនុស្សលីកាដូអះអាងថា មានមនុស្សជិត១០០នាក់ត្រូវបានអាជ្ញាធរចាប់ឃុំក្នុងពន្ធនាគារ ក្រោយពួកគាត់បានប្រើប្រាស់សិទ្ធិបញ្ចេញមតិ និងរិះគន់ទៅលើរដ្ឋាភិបាល។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចថា ការប្រើប្រាស់សិទ្ធិបញ្ចេញមតិ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដ៏ទៃ។
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សហៅកាត់ថា លីកាដូ (Licadho) បានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានមនុស្សប្រមាណជិត១០០នាក់ហើយ ត្រូវបានអាជ្ញាធរ និងស្ថាប័នអនុវត្តច្បាប់នៅកម្ពុជា ចាប់ដាក់ពន្ធនាគារ បន្ទាប់ពីពួកគាត់ប្រើប្រាស់សិទ្ធិរបស់ខ្លួន។ អង្គការលីកាដូលើកឡើងទៀតថា មនុស្សដែលអាជ្ញាធរចាប់ខ្លួន មានដូចជាអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាលោក រស់ សុដ្ឋា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៧ ខែវិច្ឆិកាថា ការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា មិនទាន់មានភាពល្អប្រសើនោះទេ ដោយសារពលរដ្ឋភាគច្រើនមានការភ័យខ្លាច នឹងមិនទាន់ហ៊ាននិយាយរិះគន់អំពីបញ្ហាសង្គមឡើយ។ លោកបន្ថែមទៀតថា ដើម្បីធានានូវសិទ្ធិសេរីភាពបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្ស រដ្ឋាភិបាលត្រូវកំណត់ឲ្យបានច្បាស់លាស់នូវច្បាប់មួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ ហើយអាជ្ញាធរគួរតែកាត់បន្ថយនៃការចាប់ពលរដ្ឋដាក់ពន្ធនាគារ ជុំវិញសិទ្ធិសេរីភាពបញ្ចេញមតិនេះដែរ។
លោក រស់ សុដ្ឋា៖ «ដើម្បីធានានូវសិទ្ធិសេរីភាព ធានាសិទ្ធិមនុស្ស យើងគួរតែកន្លែងណាមិនទាន់ច្បាស់លាស់ យើងគួរកាត់បន្ថយការចាប់ និងចោទឲ្យបានច្រើន វាជាការល្អជជែកគ្នា អប់រំគ្នា ជាដំណោះស្រាយល្អ ខណៈដែលច្បាប់មិនទាន់ច្បាស់លាស់ ហើយជាដំណោះស្រាយដ៏ទន់ភ្លន់ ដែលបញ្ជាក់ថា អាជ្ញាធរផ្ដល់តម្លៃឲ្យសិទ្ធិមនុស្ស និងការបញ្ចេញមតិ»។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក ជា ធីរិទ្ធ ឆ្លើយតបថា ការប្រើប្រាស់សិទ្ធិបញ្ចេញមតិដែលស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នឹងមិនមានបញ្ហាអ្វីកើតឡើងនោះទេ ប៉ុន្តែប្រសិនបើការប្រើប្រាស់សិទ្ធិបញ្ចេញមតិទាំងនោះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ នោះគឺជាទង្វើផ្ទុយនឹងច្បាប់។
លោក ជា ធីរិទ្ធ «មិនអាចយកខែលសិទ្ធិបញ្ចេញមតិទៅបញ្ចេញមតិប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃនោះទេ កាលណាប៉ះពាល់សិទ្ធិអ្នកដ៏ទៃ បំពាន ចោទប្រកាន់ បំផ្លើស មួលបង្កាច់ អ្នកដ៏ទៃ ដែលប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ នោះមិនមែនសិទ្ធិបញ្ចេញមតិដែលស្របតាមរដ្ឋធម្មនុញ្ញឡើយ»។
ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៣១ និងមាត្រា៤១ ចែងថា កម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងការអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្សសិទ្ធិនារី និងសិទ្ធិកុមារ។ ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិ ស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនយោបាយ សេរីភាពបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការប្រជុំជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយកប្រតិបត្តិ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សេង សុវឌ្ឍនា ស្នើឱ្យរដ្ឋាភិបាល ដែលកំពុងដំណើរការកែសម្រួលក្រមព្រហ្មទណ្ឌ ឲ្យធ្វើវិសោធនកម្មច្បាប់ក្រមព្រហ្មទណ្ឌមាត្រាមួយចំនួន ដូចជា មាត្រា៤៩៤ និង ៤៩៥ ដែលតែងតែចោទប្រកាន់ បទញុះញង់ និងបរិហារកេរ្តិ៍ ដោយលោកគិតថា មាត្រាទាំងនេះ ប្រើប្រាស់ដើម្បីរឹតត្បិតសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់ពលរដ្ឋ។ លើសពីនោះ ច្បាប់ទាំងនេះ ទុកសម្រាប់ប្រើប្រាស់ប្រឆាំងទៅនឹងបុគ្គល ដែលបង្ហាញពីទស្សនៈផ្ទុយ ពីរដ្ឋាភិបាល ជាពិសេសទៅលើអ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត និងសកម្មជនតែប៉ុណ្ណោះ។
លោក សេង សុវឌ្ឍនា៖ «មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សូមអំពាវនាវទៅលើការវិសោធនកម្មច្បាប់នេះ ពិសេសទៅលើបទចោទញុះញង់ និងបរិហារកេរ្តិ៍ ហើយអ្វីដែលយើងលើមតិយោបល់នេះវាស្របទៅតាមការអំពាវនាវរបស់អ្នករាយការណ៍អង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងរដ្ឋភាគីផ្សេងៗទៀត តាមយន្តការរបស់អង្គការសហប្រជាជាតិ»។
អង្គការលីកាដូអះអាងទៀតថា នៅក្នុងចំណោមអ្នកជាប់ឃុំដែលប្រើប្រាស់សិទ្ធិចំនួន៨៩នាក់ មានបុរសម្នាក់ដែលជាកម្មករដឹកគ្រឿងសំណង់ ឈ្មោះ ឈឿន ឈាន អាយុ៤៥ឆ្នាំ ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដោយចោទចំនួន៣បទល្មើសផ្សេងគ្នា ទីមួយចោទពីបទញុះញង់ឱ្យមានការរើសអើង បទបរិហារកេរ្តិ៍ជាសាធារណៈ និងបទជេរប្រមាថជាសាធារណៈ ត្រូវជាប់ពន្ធនាគារ ចំនួន ១៨ខែ និងពិន័យជាប្រាក់ចំនួន ៥លានរៀល និងសងសំណងទៅដើមបណ្តឹងចំនួន ៤០ លានរៀល។ អង្គការលីកាដូ មិនបានបញ្ជាក់ថា កម្មករសំណងរូបនេះ ប្រើប្រាស់បញ្ចេញមតិពាក់ព័ន្ធនឹងករណីអ្វីនោះដែរ។
អង្គការលីកាដូ អំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកជាប់ឃុំដោយសារការប្រើប្រាស់សិទ្ធិទាំងនោះជាបន្ទាន់ និងលើកលែងចោលបទចោទប្រកាន់ដែលបានចោទទៅលើពួកគាត់ និងអនុញ្ញាតឱ្យពួកគាត់បន្តភាពសកម្មនិយម ដើម្បីឱ្យកម្ពុជាមានភាពកាន់តែប្រសើរឡើង។
កន្លងទៅទាំងអង្គការជាតិ និងអន្តរជាតិ តែងតែឲ្យរដ្ឋាភិបាលកម្ពុជា បើកចំហសិទ្ធិសេរីភាព បញ្ចេញមតិរបស់ពលរដ្ឋឲ្យទូលាយ ដើម្បីជៀសវាងកុំឲ្យកម្ពុជារងទណ្ឌកម្មពីសហគមន៍អន្តរជាតិ និងកុំឲ្យកម្ពុជាជាប់ឈ្មោះអាក្រក់ខាងរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៕









