អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​ចាត់ការ​មន្ត្រី​ជាន់ខ្ពស់ និង​ឧកញ៉ា​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

0
104
ស្នងការរងនគរបាលជាតិ លោក ​យឹម លាង (ឆ្វេង) និងលោក តេង ភីពីង (Teng Pibing) ​​ជនសង្ស័យបទឧក្រិដ្ឋឆបោកអនឡាញ។ រូប៖ បណ្ដាញសង្គម
ស្នងការរងនគរបាលជាតិ លោក ​យឹម លាង (ឆ្វេង) និងលោក តេង ភីពីង (Teng Pibing) ​​ជនសង្ស័យបទឧក្រិដ្ឋឆបោកអនឡាញ។ រូប៖ បណ្ដាញសង្គម

រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បាន​ព្យាយាម​បិទ​បាំង និង​ការពារ​មន្ត្រី​ជាន់​ខ្ពស់ ព្រម​ទាំង​ឧកញ៉ា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ រហូត​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ទីតាំង​សុវត្ថិភាព​សម្រាប់​បណ្ដាញ​ឧក្រិដ្ឋជន​បង្កើត​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​ទូទាំង​ប្រទេស។ ទន្ទឹម​គ្នា​នេះ ស្ថាប័ន​ជំនាញ​អន្តរជាតិ​បែរ​ជា​ដើរ​តួនាទី​សកម្ម​ជាង​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​ស៊ើបអង្កេត ប្រមូល​ភស្តុតាង និង​លាតត្រដាង​អត្តសញ្ញាណ​មន្ត្រី​គ្រាក់ៗ​ជា​បន្តបន្ទាប់​ដែល​កាង​ការពារ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នា​ពេល​កន្លង​ទៅ​នេះ។

ស្រប​ពេល​ដែល​ស្ថាប័ន​អន្តរជាតិ​បន្ត​លាតត្រដាង​អត្តសញ្ញាណ​ឧកញ៉ា និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​កាង​ការពារ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ពាក្យ​ថា «កំពុង​ស៊ើបអង្កេត» កំពុង​ក្លាយ​ជា​ភាសា​ពេញ​និយម​សម្រាប់​មន្ត្រី​អាជ្ញាធរ​កម្ពុជា ដើម្បី​ឆ្លើយតប​ស្អំ​ចិត្ត​សហគមន៍​ជាតិ និង​អន្តរជាតិ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បន្ត ប្រើ​លេស​គេចវេះ​ដដែលៗ និង​គ្មាន​ចំណាត់​ការ​ស៊ើបអង្កេត​ពិតប្រាកដ​លើ​មន្ត្រី​កំពូលៗ​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ឡើយ។ លោក​ថា របាយការណ៍​ស៊ើបអង្កេត​ចុងក្រោយ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) និង​ទូរទស្សន៍​អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ជាដើម​មិនមែន​ជា​តម្រុយ​ឧក្រិដ្ឋកម្ម​ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពិបាក​ស្មុគស្មាញ​ក្នុង​ការ​ស៊ើបអង្កេត​ឡើយ។

ផ្ទុយ​ទៅ​វិញ​លោក គឹម សុខ វាយ​តម្លៃ​ថា របាយការណ៍​អន្តរជាតិ​ទាំង​នេះ​គឺ​ជា​ការ​បង្ហាញ​ភស្តុតាង​ជាក់ស្ដែង និង​បង្ហាញ​ពី​អត្តសញ្ញាណ មន្ត្រី​ដែល​ពាក់ព័ន្ធ និង​ទទួល​បាន​ផលប្រយោជន៍​ពី​អំពើ​ឧក្រិដ្ឋកម្ម ដូច្នេះ​លោក​ថា លោក ហ៊ុន ម៉ាណែត គួរ​បង្ហាញ​សេចក្ដី​ក្លាហាន​ឃាត់​ខ្លួន​មន្ត្រី​ដែល​ពាក់ព័ន្ធ ដើម្បី​សាកសួរ និង​ចាត់​វិធានការ​តាម​ច្បាប់ ជាជាង​ប្រកាស​ស៊ើបអង្កេត​តែ​មាត់​តាមរយៈ​មន្ត្រី​អាជ្ញាធរ ចំណែក​មន្ត្រី​ដែល​ពាក់ព័ន្ធ​នៅ​ក្រៅ​សំណាញ់​ច្បាប់​ដដែល។

«វា​ជា​គ្រោះថ្នាក់​ណាស់​សម្រាប់​កម្ពុជា នៅ​ពេល​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ត្រឹម​តែ​មិន​ចាត់​ការ​ទេ ប៉ុន្តែ​ការពារ​ពួក​មេ​បណ្ដាញ​អំពើ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​កំពុង​មាន​សេរីភាព​នៅ​ប្រទេស​កម្ពុជា និង​មាន​តំណែង​ធំៗ​នៅ​ក្នុង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គណបក្ស​ប្រជាជន​កម្ពុជា ព្រឹទ្ធសភា​ជាដើម។ វា​គ្រោះថ្នាក់​នៅ​ត្រង់​ថា ពួក​ឧក្រិដ្ឋជន​ទាំង​អស់​ហ្នឹង នៅ​តែ​មាន​សេរីភាព​នោះ វិបត្តិ​ធំៗ​ធ្លាក់​លើ​កម្ពុជា និង​សង្កត់ក​ប្រជាពលរដ្ឋ​ខ្មែរ វិបត្តិ​សង្គម​គ្រប់​បែប​យ៉ាង វិបត្តិ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ បំណុល​វ័ណ្ឌក ក្រ បែប​ហ្នឹង គឺ​មិន​អាច​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​ជិត​ខាង​ឡើយ ព្រោះ​បរទេស​ជិត​ខាង​សព្វថ្ងៃ​កំពុង​នាំ​គ្នា​សម្លឹង​ស្រក់​ទឹក​មាត់​ចង់​បាន​តែ​កម្ពុជា​ហ្នឹង»។

លោក គឹម សុខ

ការ​លើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក្រៅ​ប្រទេស​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ លោក ឆៃ ស៊ីណារិទ្ធ អះអាង​ថា អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​សន្តិសុខ​ចំនួន ៥ ដែល​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ថ្មីៗ​នេះ​បាន​លាតត្រដាង​ថា មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​យោធា និង​នគរបាល​ជាង ២០នាក់ ដែល​ផ្ដល់​ការ​ការពារ​ដល់​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ។ លោក​បន្ថែម​ថា អាជ្ញាធរ​នឹង​មិន​អត់​ឱន​ចំពោះ​បុគ្គល​ណា​ឡើយ ប្រសិន​បើ​ការ​ស៊ើបអង្កេត​រក​ឃើញ​ថា ពួកគេ​ពិត​ជា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ការ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម។

ជាមួយ​គ្នា​នេះ លោក ឆៃ ស៊ីណារិទ្ធ ចាត់​ទុក​របាយការណ៍​ស៊ើបអង្កេត​របស់​ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ដែល​លាត​ត្រដាង​ពី​ទីតាំង​ជំនួញ​ខ្មៅ​ងងឹត​របស់​មេខ្លោង​ឆបោក​លោក តឹង ភីពីង (Deng Pibing) នៅ​ខេត្តកោះកុង ថា ជា​តម្រុយ​សម្រាប់​អាជ្ញាធរ​ពង្រីក​ការ​ស៊ើបអង្កេត និង​ស្វែងរក​អ្នក​ពាក់ព័ន្ធ ដើម្បី​នាំ​មក​ទទួល​ខុស​ត្រូវ​តាម​ច្បាប់។

«សមត្ថកិច្ច​យើង​កំពុង​តែ​ស្វែងរក​ចាប់ តឹង ភីពីង ហ្នឹង​គឺ​ត្រូវ​តែ​ចាប់ ដើម្បី​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​បន្ទាប់​មក​យើង​នឹង​ទទួល​បាន​នូវ​ការ​ពន្លា​ការ​ស៊ើបអង្កេត តាមរយៈ​នៃ​ការ​លើកឡើង​របស់​គាត់ (Al Jazeera)  គឺ​យើង​នឹង​បន្ត​ការ​ស៊ើបអង្កេត»។

លោក ឆៃ ស៊ីណារិទ្ធ

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ចូលរួម​ក្នុង​ជំនួប​ពិភាក្សា​ការងារ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​បារាំង លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​កាល​ពី​សប្ដាហ៍​មុន។

កន្លងទៅ រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន និង​មន្ត្រី​គ្រាក់ៗ​តែង​តែ​ច្រាន​ចោល​របាយការណ៍​អន្តរជាតិ និង​ថែម​ទាំង​ចោទ​របាយការណ៍​របស់​សហរដ្ឋអាមេរិក និង​អង្គការ​សហប្រជាជាតិ​ដែល​រក​ឃើញ​ពី​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​ថា ជា​ការ​បំភ្លៃ​បំផ្លើស​ការ​ពិត និង​មាន​ចេតនា​បង្ខូច​កេរ្តិ៍​ឈ្មោះ​កម្ពុជា។

កាល​ពី​ខែតុលា ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) បាន​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​សម្ងាត់​មួយ​ដែល​រៀបរាប់​អំពី​ការ​កសាង​ជំនួញ​ឧស្សាហកម្ម​ឆបោក​ទ្រង់ទ្រាយ​ធំ​របស់​មេខ្លោង​ឆបោក​ជនជាតិ​ចិន​មាន​សញ្ជាតិ​ខ្មែរ​គឺ​លោក តឹង ភីពីង នៅ​តំបន់​តារា​សាគរ ក្នុង​ខេត្តកោះកុង។ របាយការណ៍​ស៊ើបអង្កេត​បង្ហាញ​ថា បងប្អូន​ត្រកូល «យឹម» កូនប្រុស​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក យឹម ឆៃលី គឺ​លោក យឹម លាង ដែល​ជា​មន្ត្រី​នគរបាល​ពាក់​ផ្កាយ ៣ និង​មន្ត្រី​នគរបាល​អ្នកស្រី ជាតិ មុន្នី មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​មេខ្លោង​ឆបោក​ជនជាតិ​ចិន​រូប​នេះ និង​រង​ការ​ចោទ​ប្រកាន់​ថា បាន​ទទួល​ផល​ប្រយោជន៍ និង​ផ្ដល់​ការ​ការពារ​ដល់​អាជីវកម្ម​ឆបោក​តាម​អនឡាញ​របស់​លោក តឹង ភីពីង នៅ​តំបន់​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ។

ទន្ទឹម​គ្នា​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ក៏​បាន​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​ថ្មី​ចុង​ក្រោយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​លាត​ត្រដាង​ថា មន្ត្រី​នគរបាល និង​មន្ត្រី​យោធា​មួយ​ចំនួន​បាន​បង្កើត​ក្រុមហ៊ុន សន្តិសុខ ដើម្បី​ផ្ដល់​ការ​ការពារ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​ដំណើរ​ការ​ដោយ​រលូន។ ក្រុមហ៊ុន​សន្តិសុខ​ទាំង​នេះ​មាន​ឈ្មោះ​ដូចជា ក្រុមហ៊ុន សន្តិសុខ លាភ សំណាង (Leap Samnag Security) ក្រុមហ៊ុន សន្តិសុខ ស៊ីឃ្យួរីធី រីសផនស៍ (Security Response) ក្រុមហ៊ុន សន្តិសុខ ហ្សេតឌី ស៊ីឃ្យួរីធី (ZD Security) ដារ៉ា ស៊ីឃ្យួរីធី (Dara Security ) និងក្រុមហ៊ុន សន្តិសុខ បេស ស៊ីឃ្យួរីធី (Best Security)។ ឆ្មាំ​សន្តិសុខ​ដែល​ជួល​ដោយ​ក្រុមហ៊ុន​ទាំង​នេះ​ត្រូវ​បាន​គេ​បង្រៀន និង​បណ្ដុះបណ្ដាល​ឱ្យ​ចេះ​ធ្វើ​ទារុណកម្ម ការ​បង្ខំ​បុគ្គលិក​ឱ្យ​ធ្វើ​ការ​ឆបោក និង​ធ្វើ​ទារុណកម្ម​មនុស្ស។ អង្គការ​អន្តរជាតិ​ដដែល​រក​ឃើញ​ថា ក្រុមហ៊ុន​សន្តិសុខ​ទាំង​នេះ មាន​ទំនាក់ទំនង​ជាមួយ លោក បាន សុផាត ដែល​មាន​ឋានន្តរសក្ដិ​វរសេនីយ៍ឯក​នៃ​កងយោធពលខេមរភូមិន្ទ លោក ឡាយ ចាន់នី ជា​មន្ត្រី​នគរបាល​ជាតិ និង​ឧត្ដមសេនីយ៍ត្រី តឹក ប៊ុនធឿន។ ក្រៅ​ពី​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ​បញ្ជាក់​ថា ក៏​មាន​មន្ត្រី​យោធា និង​នគរបាល​ជាង ២០នាក់​ផ្សេង​ទៀត​ដែល​តែង​មាន​វត្តមាន​នៅ​តាម​មជ្ឈមណ្ឌល​ឆបោក​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ពួកគេ​ធ្វើ​ការ​ជា​សន្តិសុខ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក ព្រម​ទាំង​មាន​តួនាទី​ជា​អ្នក​បណ្ដុះបណ្ដាល​ឆ្មាំ​ក្រុម​សន្តិសុខ និង​ប្រើប្រាស់​អាវុធ​ដោយ​សេរី​យាមកាម​កុំ​ឱ្យ​បុគ្គលិក​រត់​ចេញ​ពី​អគារ​ឆបោក។

មកដល់ពេលនេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ទាន់​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​លើ​បុគ្គល​ដែល​រង​ការ​ចោទ​ប្រកាន់​ទាំង​នេះ​នៅ​ឡើយ​ទេ។ ជាក់ស្ដែង មេ​ប៉ូលិស​ពាក់​ផ្ដាយ ៣ គឺ​លោក យឹម លាង ដែល​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​នេះ​នៅ​តែ​មាន​សេរីភាព និង​ថែម​ទាំង​បន្ត​ហែហម​អម​ដំណើរ លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​នយោបាយ​ជាន់​ខ្ពស់​ក្នុង​វេទិកា​សាធារណៈ​ថែម​ទៀត​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ