

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យនាយកសាលា និងគ្រូបង្រៀនទូទាំងប្រទេសត្រូវដកហូតទូរស័ព្ទដៃពីសិស្សក្នុងម៉ោងសិក្សា ដើម្បីឱ្យសិស្សផ្ដោតលើការសិក្សាឱ្យបានពេញលេញ។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះក្រោយពីវិស័យអប់រំ នៅកម្ពុជាបន្តរងការរិះគន់ថា ពុំសូវមានគុណភាពខ្ពស់ ព្រោះកង្វះផ្នែកវិន័យ និងប្រព័ន្ធដឹកនាំត្រឹមត្រូវ។ អ្នកឃ្លាំមើលថា ការហាមប្រើប្រាស់ទូរស័ព្ទដៃ ក្នុងម៉ោងសិក្សាជារឿងល្អ ប៉ុន្តែ ពួកគាត់បារម្ភថា វិធានការទាំងនោះនឹងអនុវត្តបានតែមួយឆាវប៉ុណ្ណោះ ប្រសិនបើនាយកសាលា គ្មានឆន្ទៈពិតប្រាកដ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៣ ខែវិច្ឆិកា បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាអគារសិក្សានៅខេត្តកំពង់ធំ ថា បច្ចុប្បន្នរដ្ឋាភិបាលនៅតែផ្ដោតជាអាទិភាពលើការពង្រីក និងពង្រឹងសាលារៀនជាបន្ត ជាពិសេសសាលារៀនចាប់ពីនៅថ្នាក់មូលដ្ឋាន រហូតដល់វិទ្យាល័យ។ ក្នុងនោះលោក បានក៏ណែនាំឱ្យក្រសួងអប់រំយុវជននិងកីឡា ផ្ដោតលើការថែមម៉ោងសិក្សា ដែលបច្ចុប្បន្នមានត្រឹម ៤ម៉ោងក្នុង១ថ្ងៃ នឹងត្រូវថែម២ម៉ោងទៀត ដើម្បីពង្រឹងសមត្ថភាពសិស្សវិន័យ និងបង្កើតទម្លាប់ឱ្យសិស្ស អានសៀវភៅ ឱ្យបានច្រើន។
ជាមួយគ្នានោះ លោកណែនាំដល់នាយកសាលានិងគ្រូបង្រៀនត្រូវតែពិនិត្យទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់សិស្ស ដោយត្រូវប្រើប្រាស់ឱ្យចំទិសដៅ មិនត្រូវប្រើប្រាស់បច្ចេកវិទ្យា ជាឧបករណ៍ជំនួសឱ្យតួនាទីគ្រូបង្រៀននោះឡើយ។ បន្ថែមពីលើនោះ លោកបានណែនាំឱ្យគ្រូ និងនាយកសាលាត្រូវហាមឃាត់មិនឱ្យសិស្សប្រើប្រាស់ទូរស័ព្ទដៃ ឬ ឧបករណ៍អេឡិចត្រូនិក ក្នុងម៉ោងរៀននោះឡើយ ដើម្បីបង្កើនការផ្ដោតអារម្មណ៍លើការបង្រៀនរបស់គ្រូក្នុងថ្នាក់រៀន។ លោក ហ៊ុន ម៉ាណែត បានកំណត់យកឆ្នាំសិក្សា២០២៦-២០២៧ ជាឆ្នាំបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទដៃ របស់សិស្សក្នុងម៉ោងសិក្សា នៅតាមសាលាទូទាំងប្រទេស។
«ប្រទេសយើងបានដើរពីរឆ្នាំហើយ ប៉ុន្តែការអនុវត្តនៅមិនទាន់បាន។ ខ្ញុំសង្ឃឹមថាឆ្នាំ២០២៦-២០២៧នេះ យើងនឹងឈានទៅដល់សាលាទូទាំងប្រទេស ជាពិសេសសាលារដ្ឋ សាលាឯកជនជារឿងមួយ តែក្នុងសាលារដ្ឋ ទូទាំងប្រទេសគឺគ្មានថ្នាក់រៀនណាដែលសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងរៀនដោយគ្មានការអនុញ្ញាតពីគ្រូ។ ខ្ញុំសុំឱ្យដាក់ទិសដៅនឹងតែម្ដង លើកលែងតែម៉ោងរៀនដែលទាក់ទងនឹងគ្រូអនុញ្ញាតឲ្យរៀនប្រើ Research អី ក្រៅពីហ្នឹងគឺសុំឱ្យដាច់ខាត»។
លោក ហ៊ុន ម៉ាណែត
ទោះជាបែបនេះក្ដី អ្នកឃ្លាំមើលលើកឡើងថា គុណភាពអប់រំនៅកម្ពុជា បន្តធ្លាក់ចុះ មិនមែន ដោយសារតែសិស្សប្រើប្រាស់ទូរស័ព្ទដៃ ក្នុងម៉ោងសិក្សា តែប៉ុណ្ណោះទេ គឺមានធាតុរួមផ្សំជាច្រើន ការគ្រប់គ្រងរបស់នាយកសាលាមិនបានត្រឹមត្រូវ ហើយគ្រូបង្រៀន ពុំសូវមានចំណេះដឹងផ្នែកវិធីសាស្ត្របង្រៀនឱ្យបានត្រឹមត្រូវបញ្ហាប្រាក់បៀវត្ស មិនសមស្របនឹងតម្រូវការជីវភាព ដែលធ្វើឱ្យគ្រូមួយចំនួនលួចម៉ោងបង្រៀន ដើម្បីទៅធ្វើការងារខាងក្រៅបន្ថែម និងកត្តាជីវភាពរបស់អាណាព្យាបាលសិស្សបានរារាំងឧកាសរៀនសូត្ររបស់កូនៗ មិនបានដិតដល់។
កម្មវិធីវាយតម្លៃសិស្សអន្តរជាតិ PISA ឆ្នាំ២០២២ បានបង្ហាញថា ៥៩% នៅតាមជនបទនៅកម្ពុជា គឺប្រឈមបញ្ហាកង្វះគ្រូបង្រៀនដែលកំពុងរារាំងឱកាសសិក្សារបស់កុមារ។ ចំណែក ២៧% គឺនៅតាមសាលាគ្រូមានសមត្ថភាពមិនគ្រប់គ្រាន់។ របាយការណ៍ដដែលបញ្ជាក់ថានេះជាបញ្ហា ដែលគួរឱ្យព្រួយបារម្ភ ព្រោះកាបណ្ដុះបណ្ដាលគ្រូ មិនគួរឈប់ត្រឹមការផ្ដល់សញ្ញាប័ត្រនោះទេ តែត្រូវធានាថាគ្រូមានសមត្ថភាពអនុវត្តការបង្រៀនប្រកបដោយគុណភាព។
ក្រៅពីនេះ អ្នកឃ្លាំមើលលើឡើងថា ការអប់រំមិនអាចមានគុណភាពខ្ពស់បានទេ ប្រសិនបើប្រព័ន្ធគ្រប់គ្រងសាលារៀន ខ្វះតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ ជាឧទាហរណ៍
នៅប្រទេស សិង្ហបុរីបានផ្ដល់សារសំខាន់យ៉ាងខ្លាំងដល់ការរៀបចំប្រព័ន្ធគ្រប់គ្រងអប់រំដែលមានគោលដៅច្បាស់លាស់ ការបណ្ដុះបណ្ដាលបុគ្គលិកអប់រំ ការវាយតម្លៃគុណភាពសាលារៀនឯករាជ្យ និងការកែលំអគុណភាពអប់រំជាបន្តបន្ទាប់។
ចំណែកវៀតណាមក៏បានបង្ហាញការយកចិត្តទុកដាក់លើការកំណត់ស្តង់ដារកម្មវិធីសិក្សា ការត្រួតពិនិត្យលទ្ធផលសិក្សា និងការផ្ដល់សារសំខាន់ដល់ការអប់រំជាគោលដៅអភិវឌ្ឍជាតិ។ កម្មវិធីវាយតម្លៃសិស្សអន្តរជាតិ PISA បានបង្ហាញថា ប្រព័ន្ធអប់រំនៅប្រទេសវៀតណាម និងសិង្ហបុរី មានភាពលេចធ្លោជាងគេនៅតំបន់អាស៊ី ខណៈកម្ពុជាស្ថិតទទួលបានការវាយតម្លៃថាមានប្រព័ន្ធអប់រំអន់បំផុត ព្រោះសិស្សភាគច្រើនខ្សោយ ផ្នែកគណិក អំណាន និងវិទ្យាសាស្ត្រ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកសាទរចំពោះការបន្ថែមម៉ោងសិក្សា និងការហាមមិនឱ្យសិស្សប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងម៉ោងសិក្សា ប៉ុន្តែលោកថា វិធានការនេះ ពុំមានប្រសិទ្ធភាពឡើយ ប្រសិនបើនាយកសាលា និងគ្រូបង្រៀនពុំមានឆន្ទៈអនុវត្ត និងការចង់កែលំអប្រព័ន្ធអប់រំ។
«អ្វីដែលខ្ញុំសង្កត់ធ្ងន់គឺទាក់ទងជាមួយនឹងការអនុវត្តពីព្រោះកន្លងមកយើងឃើញថាទាក់ទងជាមួយនឹងការលើកឡើងបន្ទាប់ៗគឺវាមានចំណុចខ្សោយនៅត្រង់ការអនុវត្ត មានន័យថាការអនុវត្តមិនបានផ្ដល់នូវលទ្ធផលពិតដូចអ្វីដែលជាការរំពឹងទុក ។ កាលណាជើងឃើញថាលទ្ធផលរំពឹងទុកវាខុសពីលទ្ធផលជាក់ស្ដែងអញ្ចឹងវាមិនអាចតប ឬក៏អាចធ្វើឱ្យគុណភាពអប់រំមានភាពល្អប្រសើរឡើងបាននោះទេបាទ»។
លោក សេក សុជាតិ
បន្ថែមពីលើនេះ អ្នកឃ្លាំមើលយល់ថា ដើម្បីឱ្យប្រព័ន្ធអប់រំនៅកម្ពុជាអាចដើរទាន់ប្រទេសជិតខាងដូចជាវៀតណាម និងសិង្ហបុរី កម្ពុជាត្រូវផ្ដោតការរៀបចំអភិបាលកិច្ចក្នុងវិស័យអប់រំឱ្យបានត្រឹមត្រូវ និងអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីតាមដាននិងត្រួតពិនិត្យលើថវិកាសម្រាប់ចំណាយ ប្រចាំឆ្នាំលើវិស័យអប់រំ ដូចជាការជ្រើសរើសគ្រូបង្រៀន ដែលមានសមត្ថភាពពិតប្រាកដ ការកែទម្រង់កម្មវិធីសិក្សា និងការបំពាក់ឧបករណ៍ពិសោធនៅក្នុងសាលាជាដើម ថាតើ បានចំណាយត្រឹមត្រូវឬអត់។
ពួកគាត់ថា បញ្ហាមិនមែនស្ថិតតែលើសំណួរថា តើរដ្ឋចំណាយថវិកាប៉ុន្មានលើវិស័យអប់រំនោះទេ ប៉ុន្តែស្ថិតលើសំណួរថា តើថវិកានោះត្រូវបានប្រើប្រាស់មានប្រសិទ្ធភាពកម្រិតណា។ ជាមួយគ្នាពួកគាត់ថា ការអប់រំនៅកម្ពុជា ត្រូវផ្ដោតលើគុណភាពគ្រូបង្រៀន វិធីសាស្ត្របង្រៀន និងអភិបាលកិច្ចនៃប្រព័ន្ធអប់រំ ព្រោះបើទោះបីជាថវិកាច្រើនប៉ុណ្ណាក៏ដោយ ប្រសិនបើមិនមានការគ្រប់គ្រងត្រឹមត្រូវ នោះលទ្ធផលសិក្សារបស់សិស្សក៏គ្មានផលវិជ្ជាមានច្រើននោះដែរ៕









