សមាគមន៍​ទេសចរណ៍​ទទូច​ឲ្យរដ្ឋាភិបាល​បោស​សម្អាត​ការ​ឆបោក​អនឡាញ និង​ដោះស្រាយ​វិបត្តិ​នយោបាយ

0
34
ទេសចរ​ចិន​មក​លេង​ខេត្ត​សៀមរាប។ រូប៖ ក្រសួង​ទេសចរណ៍
ទេសចរ​ចិន​មក​លេង​ខេត្ត​សៀមរាប។ រូប៖ ក្រសួង​ទេសចរណ៍

ក្រុម​សមាគមដែលធ្វើការក្នុងទេសចរណ៍ ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បោសសម្អាត​ការឆបោកអនឡាញ និង​ដោះស្រាយវិបត្តិនយោបាយ ឲ្យបានឆាប់បំផុត ដើម្បីទាក់ទាញ​ទំនុកចិត្ត​ភ្ញៀវ​ទេសចរ​បរទេស ក្នុង​គោលដៅ​ស្ដារវិស័យ​ទេសចរណ៍​កម្ពុជា​ឡើង​វិញ។ ការ​លើកឡើង​នេះ ធ្វើឡើងបន្ទាប់ពី​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា បន្ត​ធ្លាក់​ចុះ​ជាង ៤០%  អំឡុងពេល ៩ខែ​ដំបូង នៃឆ្នាំ២០២៦ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដោយសារ​តែឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ជាចំបង។

ក្រុម​សមាគម​ទេសចរណ៍​នៅ​កម្ពុជា​បារម្ភថា កម្ពុជានឹងប្រើពេលយូរឆ្នាំណាស់ ដើម្បីស្ដារវិស័យ​ទេសចរណ៍ឲ្យងើប​ឡើងវិញ នៅពេលប្រព័ន្ធដឹកនាំជាតិទាំងមូល ស្អុយអសោច​តែរឿង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ និង​ឧក្រិដ្ឋកម្ម​នយោបាយ ដូចជា ការសម្លាប់ប្រជាធិបតេយ្យ និង ការបំពាន​សិទ្ធិមនុស្ស។ ពួកគាត់ថា ឧក្រិដ្ឋកម្មទាំងនេះ គឺជាវិបត្តិអសន្តិសុខ ដែលធ្វើឲ្យទេសចរបរទេស​ខ្លាច។

ប្រធាន​សហព័ន្ធសហជីព​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា សព្វថ្ងៃ ពិបាក រកវិធីស្ដារទំនុកចិត្តភ្ញៀវទេសចរបរទេស​ណាស់ ដរាប​ណា​រដ្ឋាភិបាល​មិន​អាចដោះស្រាយបាន នូវឧក្រិដ្ឋកម្មឆបោក អនឡាញ បញ្ហាព្រំដែន និងវិបត្តិ នយោបាយ។ លោកថា ទាល់តែរដ្ឋាភិបាល ដោះស្រាយវិបត្តិធំៗទាំងនេះ ឲ្យបានល្អ និង ស្រុះស្រួលគ្នានៅក្នុងផ្ទៃក្នុងជាតិ ទើបក្រសួងទេសចរណ៍ អាចត្រៀម​ផែនការ​យុទ្ធសាស្ត្រ ប្រមូលបានហិរញ្ញវត្ថុ ថ្នាក់ជាតិ និង​រៀបចំធនធានអ្នកជំនាញ ដើម្បី​ស្ដារការធ្លាក់ចុះនៃវិស័យ ទេចរណ៍បាន។

លោក ម៉ម រិទ្ធី មានប្រសាសន៍ថា ការមិនអាចស្ដារវិស័យទេសចរណ៍កម្ពុជា ឲ្យបានទាន់ពេល នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់ប្រតិបត្តិករ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍។

«ឃើញ​ថា សណ្ឋាគារ​មួយចំនួន​ក៏ចាប់ផ្ដើមបិទ ហើយដាក់​ប្រកាស​លក់ ទាំង​សណ្ឋាគារ​ទាំងផ្ទះ​សំណាក់ ទាំងបរទេសឃើញដាក់ប្រកាសលក់ច្រើន ដាក់ជួល​បន្តច្រើន។ យើងឃើញថា អ្នកលក់ដូរ​នៅ​តាម​តំបន់​ទេសចរ​ហ្នឹង មានបញ្ហាក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែល​គាត់លក់អត់​ដាច់ហ្នឹង។ អ៊ីចឹងខ្ញុំយល់​ឃើញថា មានផលប៉ះពាល់ធ្ងនធ្ងរ ហើយមួយទៀតវិបត្តិធំ អ្នកដែលរកស៊ីក្នុងវិស័យ​ហ្នឹង ពាក់ព័ន្ធ​នឹង​បំណុល​នៅ​ធនាគារ​បំណុល​ធនាគារ គឺជារឿងធំ​មែនទែន​តែម្ដង ដែល​ពួកគាត់​ប្រឈម»។

លោក ម៉ម រិទ្ធី

ការព្រួយបារម្ភ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ កាលពីថ្ងៃទី២៧ ខែតុលា ដែលបានឲ្យដឹងថា រយៈពេល ៩​ខែ​ដំបូង ក្នុងឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរអន្តរជាតិ មក​កម្ពុជា ធ្លាក់ចុះយ៉ាងគំហុកដល់ទៅជិត ៤៤% (៤៣.៧%) ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជាទទួល​បានភ្ញៀវទេសចរ​បរទេស សរុបមិនដល់ ២លាននាក់​កន្លះ (២.៤៦ លាននាក់) ផង ដែលថយចុះពីចំនួនជាង ៤លាននាក់ (៤.៣៧ លាននាក់) ក្នុងអំឡុង​ពេល​ដូចគ្នា កាល​ពី​ឆ្នាំ​មុន។ 

ទេសចរ​វៀតណាម​មក​កម្ពុជា ដែល​កម្រ​ធ្លាក់​ចុះ​នោះ ៩ខែ​ដំបូង ក្នុងឆ្នាំ២០២៦នេះ ធ្លាក់ចំនួន រហូតដល់ ២៨% ឬ ជាង ៦៥ម៉ឺននាក់ (៦៥១,៤៨៦ នាក់)។ ចំណែកទេសចរអាមេរិក ថយអស់ ជិត ៦% (៥.៦%) ឬ ជាង ១៤ម៉ឺននាក់ (១៤០,២៧៦ នាក់) ខណៈទេសចរចិន ធ្លាក់ចុះរហូតដល់ ជិត ២៨% (២៧.៦%) ឬ ជាង ៦៤ម៉ឺននាក់ (៦៤៣,៣១៤ នាក់)។

ភាពតានតឹងនៅតាមព្រំដែនជាមួយថៃ គឺជាមូលហេតុមួយ ដែលធ្វើឲ្យភ្ញៀវទេសចរ​បរទេស ព្រួយបារម្ភពីបញ្ហាអសន្តិសុខក្នុងតំបន់នៅជិតព្រំដែន រួមផ្សំនឹង វិបត្តិសកលខ្លះដែរ ដែលបង្កឱ្យសំបុត្រយន្តហោះឡើងថ្លៃ។ ប៉ុន្តែ កត្តាចម្បងបំផុត នៃការធ្លាក់ចុះទេសចរបរទេសនេះ បណ្ដាលមកពីឧក្រិដ្ឋកម្មឆបោកអនឡាញ (Online Scams) ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរ លើបញ្ហាអសុវត្ថិភាព​ក្នុងប្រទេសកម្ពុជាទាំងមូល។ 

ជុំវិញរឿងនេះដែរ​ប្រធានសមាគមស្ត្រី អ្នករត់រម៉កកង់បីនៅក្នុងសៀមរាប លោកស្រី គឹម សុខលាង ក៏ដាក់បន្ទុកលើឧក្រិដ្ឋកម្មឆបោកអនឡាញ អំពីពុករលួយ​ស៊ីរូង​ផ្ទៃក្នុងជាតិ បក្ខពួកនិយមក្នុងការដឹកនាំរដ្ឋ រួមទាំង​ការរុកកួននយោបាយលើ គណបក្សក្រៅរដ្ឋាភិបាល សុទ្ធតែជាមូលហេតុដែលធ្វើឲ្យភ្ញៀវបរទេស មិនចង់មកទស្សនា​កម្ពុជា ព្រោះ​មិន​ទុកចិត្ត​បញ្ហាសន្តិសុខ។

លោកស្រី គឹម សុខលាង ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ប្រជាពលរដ្ឋច្រើន លើសលប់ រស់នៅពឹងវិស័ទេសចរណ៍ ដូច្នេះ​ពេលវិស័យទេសចរណ៍ ធ្លាក់ចុះ​យ៉ាងគំហុកបែបនេះ ក៏ធ្វើឲ្យជីវភាពគ្រួសារនីមួយៗ ធ្លាក់ក្នុងស្ថានភាពទ័លច្រក និង​លំបាកខ្លាំង ខណៈរដ្ឋាភិបាលមិនបានជួយអ្វីទេ។ លើសពីនេះទៀត លោកស្រី​បន្ថែមថា ក្នុងគ្រាដ៏លំបាក ដែលអ្នកប្រកបរបរដឹកភ្ញៀវខ្វះអតិថិជនដឹកទៅហើយ រដ្ឋាភិបាលបែរជាបើកឲ្យក្រុមហ៊ុនឥណ្ឌា និង ក្រុមហ៊ុនចិន​បង្កើតមុខរបរបំពាន​ខ្មែរ​តាមចិត្ត។

«ការលក់ឡេ ផឹកស្រាបំពុលសង្គម សព្វបែបយ៉ាង អាហ្នឹង រដ្ឋាភិបាលគាំទ្រ ដល់ពេលយើងប្រជាពលរដ្ឋខ្មែររត់កង់បីរត់អីសុំការគាំទ្រអត់​រវល់សោះតែម្ដង ក្បត់ជាតិ ។ ឥឡូវបានអីនិយាយទៀត ខ្ញុំសួរ ខ្ញុំអ្នកទៅជួបផ្ទាល់ ជួប​ឯកឧត្ដម លោកជំទាវ អស់ហ្នឹង គ្មានបានប្រយោជន៍អីទេ បានត្រឹមតែថតរូប បង្ហាញអត់ប្រយោជន៍ហ្នឹង។ អ៊ីចឹងមានអីជាទីពឹង ហើយដល់ពេលមកចោទខ្ញុំជាជនក្បត់ជាតិដែរ ខ្ញុំមិនដឹងនិយាយថា ម៉េចវាស្រួលត្រឹមខ្ញុំហើយ បំផុសគំនិតឲ្យ​មនុស្សក្រោកឈរឡើងជាមួយវិស័យទេសចរណ៍ ដល់មកចោទខ្ញុំក្បត់ជាតិដែរ»។

លោកស្រី គឹម សុខលាង

កាលពីឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៥លាននាក់ (៥,៥៧លាននាក់) និងប្រមូលបានចំណូលប្រមាណ ជិត ៤ពាន់លានដុល្លារ (៣,៨៧ពាន់លានដុល្លារ) ពីវិស័យនេះ។ យ៉ាងណា មានការព្យាករថា ចំណូលពី វិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២៦ អាច​នឹង​បាត់បង់​ពាក់កណ្ដាល ធៀបនឹង​ឆ្នាំ២០២៥។

អ្នកឃ្លាំមើល​លើកឡើង​ថា ទោះបីជាក្រសួងទេសចរណ៍ ប្រឹងប្រែងបង្កើតគម្រោង​យុទ្ធនាការថ្មីៗ ដូចជា យុទ្ធនាការ «ទស្សនាកម្ពុជាក្នុងរដូវបៃតង» (Visit Cambodia in Green Season) និង ការ​បង្កើន​ជើងហោះហើរ​អន្តរជាតិ បន្ថែមទៀត​ក៏ដោយ ក៏មិនអាចជួយស្ដារការធ្លាក់ចុះ នៃ​វិស័យទេសចរណ៍​កម្ពុជា​បាន​ដែរ ដរាប​ណា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គ្មាន​សមត្ថភាព​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆបោកអនឡាញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ