

យោធាថៃបានដាក់កម្លាំង សព្វាវុធធុនធ្ងន់ និងរាយបន្លាលួសនៅតំបន់ភ្នំ៦៤២ (ឬដែលពលរដ្ឋហៅថាភ្នំដោះក្រមុំ) ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីត្រៀមប្រយុទ្ធ បន្ទាប់ពីយោធាថៃបានបណ្ដេញទាហានខ្មែរ ចេញពីទីតាំងឈរជើងនៅក្នុងតំបន់នេះ។ ទាហានខ្មែរអះអាងថា បច្ចុប្បន្នកងកម្លាំងរបស់កម្ពុជាបានដកថយមកនៅប៉ែកខាងក្រោម និងកំពុងស្ថិតក្នុងក្នុងស្ថានភាពបញ្ឈរជើង ដើម្បីរង់ចាំបញ្ជាពីថ្នាក់លើ។
បន្ទាប់ពីមានការផ្ទុះអាវុធមួយចម្អិនកំពឹសដែលបង្កឡើងដោយភាគីថៃ ពេលនេះយោធាថៃបានចូលកាន់កាប់តំបន់ភ្នំ៦៤២ ឬភ្នំដោះក្រមុំ ដែលជាទីតាំងឈរជើង របស់ទាហានខ្មែរបានទាំងស្រុងទៅហើយ។ នេះបើតាមការប្រកាសរបស់កងទ័ពភូមិភាគទី២ របស់ថៃ នៅពេលថ្មីៗនេះ។
នៅក្នុងសកម្មភាពចូលកាន់កាប់ទាំងកម្រោលនេះ យោធាថៃបានធ្វើសកម្មភាពរាវមីន រាយបន្លាលួស និងកាត់ខ្សែពួរដែលទាហានខ្មែរប្រើប្រាស់សម្រាប់ឡើងទៅលើភ្នំ៦៤២។ ក្នុងនេះយោធាថៃបានដាក់ពង្រាយកម្លាំងប៉ារ៉ា និងទាហានឈុតខ្មៅជាច្រើននាក់ ចាប់ពីតំបន់ជប់រុន ភ្នំ៦៤២ និងភ្នំដូនពាង។
កាលពីថ្ងៃទី២៣ ខែតុលា មេទ័ពភូមិភាគទី២របស់ថៃ លោក វីរ៉ាយុទ្ធ រ៉ាក់ស៊ីន (Veerayut Rakasilp) បានចុះត្រួតពិនិត្យនៅតំបន់ភ្នំ៦៤២ ឬភ្នំដោះក្រមុំ និងដាក់បញ្ជាឱ្យបង្កើតមូលដ្ឋានទ័ពនៅក្នុងតំបន់នេះទៀតផង។ ជាមួយគ្នានេះ លោកបានចេញបញ្ជាឱ្យកងកម្លាំងរបស់ថៃ បាញ់កាំភ្លើងព្រមាន ឬបើកការវាយប្រហារភ្លាមៗ ប្រសិនបើកងកម្លាំងរបស់កម្ពុជា ព្យាយាមឡើងមកកាន់ទីតាំងភ្នំនេះទៀត។
ទាហានម្នាក់ដែលកំពុងឈរជើងនៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ជាសំណេរតាមបណ្ដាញតេឡេក្រាមនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កងកម្លាំងរបស់កម្ពុជាបានបាត់បង់ទីតាំងឈរជើងនៅតំបន់ភ្នំ៦៤២ ឬភ្នំដោះក្រមុំនេះ តាំងពីខែកក្កដា មកម្ល៉េះ ពោលគឺបន្ទាប់ពីទាហានថៃបានបំពានបទឈប់បាញ់ និងចូលមកដើរល្បាត និងដាក់ពង្រាយបន្លាលួស នៅក្នុងតំបន់ជប់រុន ភ្នំដូនពាង ល្អាង៨៧ រហូតដល់តំបន់ប៉ើយ១២។ លោកបន្តថា បច្ចុប្បន្ននេះ កងកម្លាំងរបស់កម្ពុជាបានដកថយមកនៅប៉ែកខាងក្រោម និងកំពុងស្ថិតក្នុងក្នុងស្ថានភាពបញ្ឈរជើង ដើម្បីរង់ចាំបញ្ជាពីថ្នាក់លើ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៤ ខែវិច្ឆិកា។ ចំណែកក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក៏មិនបានចេញសេចក្ដីថ្លែងការណ៍អំពីរឿងនេះនោះដែរ។
ទាហានខ្មែរបានអះអាងថា កាលពីចុងខែតុលា ទាហានឈុតខ្មៅថៃ បានបាញ់កាំភ្លើងជាច្រើនគ្រាប់ និងគំរាមបើកការវាយប្រហារមកលើទាហានខ្មែរ ដែលកំពុងដើរល្បាតនៅក្នុងតំបន់ភ្នំ៦៤២ នេះ ដែលធ្វើឱ្យកងកម្លាំងរបស់កម្ពុជា បង្ខំចិត្តដកថយ។ ទាហានខ្មែរ បានបញ្ជាក់ថា ការណ៍ដែលយោធាថៃអាចចូលឈ្លានពានទីតាំងតំបន់ភ្នំ៦៤២ បានដោយងាយស្រួល គឺដោយសារតែតំបន់ភ្នំមួយនេះ មានភូមិសាស្ត្រជាច្រាំងល្បាក់ចោត ដែលពិបាកក្នុងការចល័តកម្លាំង និងសម្ភារៈយោធា និងម្យ៉ាងទៀត គឺដោយសារយោធាថៃ បានកាន់កាប់តំបន់យុទ្ធសាស្ត្រ ដែលស្ថិតនៅសងខាងភ្នំមួយនេះរួចទៅហើយ។
ទោះជាយ៉ាងណា ក្រោយការចូលកាន់កាប់តំបន់ភ្នំ៦៤២ នេះ ទីបញ្ជាការយោធភូមិភាគីទី៤ របស់កម្ពុជា និងកងទ័ពតំបន់ទី២ របស់ថៃ បានបើកកិច្ចប្រជុំក្រៅផ្លូវការមួយ របស់លេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនតំបន់ កម្ពុជា-ថៃ (RBC) នៅច្រកព្រំដែនអចិន្ត្រៃយ៍ជាំ-សាង៉ាម។ ក្នុងកិច្ចពិភាក្សាថ្នាក់តំបន់នេះ ភាគីទាំងពីរបានឯកភាពគ្នា ស៊ើបអង្កេតករណីដ្រូនស៊ើបការណ៍ បានហោះកាត់តំបន់ព្រំដែនខេត្តឧត្តរមានជ័យ ការមិនពង្រីកទីតាំង និងកម្លាំងឈរជើងបន្ថែម នៅក្នុងតំបន់ឈរជើង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយជាដើម។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ថ្លែងថា យោធាថៃបានប្រើប្រាស់យុទ្ធសាស្ត្រផ្ទុះអាវុធដើម្បីគំរាមកំហែងលើភាពទន់ជ្រាយរបស់មេដឹកនាំកម្ពុជា ក្នុងការចូលឈ្លានពានទឹកដីកម្ពុជា។ លោកអះអាងថា បច្ចុប្បន្ននេះយោធាថៃបានចូលកាន់កាប់ក្នុងទឹកដីកម្ពុជា ទាំងក្នុងអំឡុង និងក្រោយផ្ទុះសង្គ្រាមនៅតាមព្រំដែន បាន៨៦ ទីតាំងហើយ រួមទាំងតំបន់ភ្នំ៦៤២ ដែលយោធាថៃបានចូលកាន់កាប់នៅពេលថ្មីៗនេះ។
«និយាយរួមទៅបញ្ជាឱ្យទាហានដកថយពីទីតាំងដែលខ្លួនឈរជើង ខ្ញុំយល់ថាដោយសារត្រកូលហ៊ុនខ្លាចផ្ទុះសង្គ្រាមម្ដងទៀត ថៃទម្លាក់ត្រកូលហ៊ុនពីអំណាច ដូច្នេះហើយត្រូវបញ្ជាឱ្យទាហានខ្មែរយើងដកថយនៅទីតាំងណាដែលប្រឈមមុខជាមួយថៃគ្រប់ទីកន្លែង គាត់សុខចិត្តការពារអំណាចជាជាងការពារទឹកដី អាហ្នឹងយើងឃើញជាក់ស្ដែងអ៊ីចឹង»។
លោក អ៊ុំ សំអាន
តំបន់ជប់រុន ភ្នំដូនពាង និងភ្នំ៦៤២ គឺជាតំបន់យុទ្ធសាស្ត្រយោធាដ៏ក្ដីមួយ កាលពីសម័យសង្គ្រាមស៊ីវិល ដែលជាមូលដ្ឋានទ័ពរបស់ខ្មែរក្រហម និងធ្លាប់មានការប្រយុទ្ធគ្នា រវាងកងទ័ពថៃ ជាមួយកងទ័ពវៀតណាម ដែលតាមកម្ចាត់ទ័ពខ្មែរក្រហម ដែលធ្វើឱ្យតំបន់ទាំងនេះ បានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ល្អាងភ្នំលាក់ខ្លួន និងមូលដ្ឋានទ័ពខ្មែរជាច្រើនទីតាំង៕









