
សាលាឧទ្ធរណ៍ភ្នំពេញគ្រោងនឹងបន្តសវនាការជំនុំជម្រះក្តី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញបានផ្អឹបទុកសំណុំរឿងនេះ មិនដំណើរការ ដោយបានពន្យារពេលម្តងហើយម្តងទៀត។
សហមេធាវីការពារក្តីឲ្យលោក កឹម សុខា គឺ លោក ផែង ហេង បានឲ្យដឹងតាមហ្វេសប៊ុករបស់លោក នៅថ្ងៃសុក្រ ទី២៨ វិច្ឆិកា ដោយភ្ជាប់ជាមួយនឹងដីកាកោះហៅរបស់សាលាឧទ្ធរណ៍ភ្នំពេញផងនោះ រំពឹងថា សវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី១៨ ខែធ្នូខាងមុខនេះ អាចជាលើកចុងក្រោយនៃនីតិវិធី។
សហមេធាវី លោក កឹម សុខា បញ្ជាក់ថា ដំណើរការក្តីរបស់ លោក កឹម សុខា ដើរដល់ចុងបញ្ចប់នៃនីតិវិធីទៅហើយ ដោយនៅសល់តែសេចក្តីសន្និដ្ឋានចុងក្រោយប៉ុណ្ណោះ។
សហមេធាវី ការពារក្តីឲ្យលោក កឹម សុខា ធ្លាប់បានបញ្ជាក់ថា ប្រធានគណបក្សសង្គ្រោះជាតិរូបនេះកំពុងរងទារុណកម្មផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារតែមិនទាន់ទទួលបានយុត្តិធម៌ ខណៈសំណុំរឿងនេះបានអូសបន្លាយពេលជាង ៨ឆ្នាំមកហើយ ។
ការកំណត់ពេលបន្តសវនាការជំនុំជម្រះក្តី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ គឺក្រោយពីសហមេធាវីរបស់លោកបានដាក់ពាក្យស្នើសុំជាលើកទី៤ កាលពីថ្ងៃទី១០ វិច្ឆិកា ឲ្យសាលាឧទ្ធរណ៍ភ្នំពេញពន្លឿននីតិវិធីក្នុងការកាត់ក្តីករណីចោទប្រកាន់លោកពីបទសន្ទិដ្ឋិភាពនោះឲ្យបានឆាប់៕










