

ពលរដ្ឋខ្មែរចំនួន ៧៨នាក់ត្រូវអាជ្ញាធរថៃបញ្ជូនមកប្រទេសកម្ពុជាវិញ ក្រោយពួកគេអនុវត្តទោសរួចរាល់ ខណៈពលករខ្មែរជាង៤០នាក់ផ្សេងទៀតត្រូវអាជ្ញាធរថៃបន្តចាប់ខ្លួនបាននៅដើមខែវិច្ឆិកានេះ។ មន្ត្រីធ្វើការផ្នែកសិទ្ធិពលករថា ទទូចឲ្យមន្ត្រីនៅច្រកព្រំដែន ពង្រឹងការងាររបស់ខ្លួនឡើងវិញ ដើម្បីកុំឲ្យពលរដ្ឋខ្មែរបន្តរងគ្រោះដោយសារការលួចឆ្លងដែនខុសច្បាប់។
ពលរដ្ឋខ្មែរ ៧៨នាក់ ក្នុងនោះមានស្រី ២១នាក់ កុមារ០៩នាក់ ត្រូវអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយអនុវត្តទោសនៅក្នុងពន្ធនាគារនៃប្រទេសថៃរួចរាល់ កាលពីថ្ងៃទី ០៤ វិច្ឆិកា។ ពលរដ្ឋខ្មែរទាំងនេះត្រូវបានអាជ្ញាធរថៃចាប់ខ្លួន និងចោទប្រកាន់ពីបទ«លួចឆ្លងដែន ស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់»។
មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង សុផុន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកចង់ឃើញអាជ្ញាធរកម្ពុជា ទប់ស្កាត់ពលរដ្ឋខ្មែរដែលបន្តលួចឆ្លងដែនដោយខុសច្បាប់ទាំងនោះឲ្យបានតឹងរឹង ចៀសវាងពួកគាត់ត្រូវអាជ្ញាធរថៃចាប់ និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ។ លោកថា អាជ្ញាធរ គួរចាត់វិធានការលើមេខ្យល់ដែលនាំពលករលួចឆ្លងដែននោះឲ្យបានធ្ងន់ធ្ងរ ជៀសវាងប្រព្រឹត្តទង្វើដដែលៗ នាំឲ្យពលរដ្ឋគ្រោះថ្នាក់បន្ត។
លោក លឹង សុផុន បញ្ជាក់ថា ក្រៅពីការបញ្ជូនពលរដ្ឋខ្មែរត្រឡប់មកវិញហើយ អាជ្ញាធរ ថៃនៅតែបន្តចាប់បានពលករខ្មែរជាបន្តបន្ទាប់ ដែលព្យាយាមលួចឆ្លងដែនទៅរកការងារធ្វើនៅទីនោះ។
«អ្នកដែលសម្រេចចិត្តថាត្រឡប់ចូលមកដោយតាមមេខ្យល់ ឬក៏គាត់មកតាមផ្លូវរបៀង ច្រកធម្មជាតិហ្នឹង គឺប្រថុយប្រថានណាស់ បាទប្រថុយប្រថាន ហើយហានិភ័យច្រើន។ បើសិនជាអាជ្ញាធរចាប់បាន ពួកគាត់ហ្នឹងត្រូវតែអនុវត្តទោស យ៉ាងតិចណាស់ក៏ ៤៥ ថ្ងៃដែរ។ ហើយមួយទៀត ទល់មកដល់ពេលនេះ នៅក្នុងប្រទេសថៃ អាជ្ញាធរថៃក៏មិនទាន់មានវិធានការ ឬគោលនយោបាយណាក្នុងការឲ្យពលរដ្ឋខ្មែរយើងតទិដ្ឋាការ (Visa) បាននៅក្នុងប្រទេសគេអញ្ចឹង។ អញ្ចឹងវាជារឿងហានិភ័យណាស់សម្រាប់បងប្អូនខ្មែរយើង ដែលចំណាកស្រុកមកនៅក្នុងប្រទេសថៃ អឺអំឡុងពេលនេះ»។
លោក លឹង សុផុន
ពលករខ្មែរដែលលួចឆ្លងដែនទាំងនោះ ប្រឈមបញ្ហាជំពាក់បំណុលធនាគារ ហើយពិបាករកការងារដែលមានប្រាក់ខែសមរម្យអាចឲ្យពួកគេផ្គត់ផ្ទង់ជីវភាពបានគ្រប់គ្រាន់ ទើបត្រូវបង្ខំចិត្តលួចឆ្លងដែនទៅរកការងារនៅប្រទេសថៃ ដោយសង្ឈឹមថា បានប្រាក់ខែខ្ពស់ជាងនៅកម្ពុជា។ ប៉ុន្តែមួយចំនួនទៀតក៏បានចាញ់បោកមេខ្យល់ដែលនាំឆ្លងដែនទាំងនោះផងដែរ។
ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជានឹងថៃ ហើយច្រកព្រំដែនទាំងអស់ត្រូវបានបិទរហូតមកដល់ពេល អាជ្ញាធរថៃ នៅតែបន្តរឹតបន្តឹងខ្លាំងចំពោះជនអន្តោប្រវេសន៍ដែលចូលទៅក្នុងប្រទេសថៃ។ ពួកគេបានចុះឆែកឆេរនៅតាមបន្ទប់ជួលអគារស្នាក់នៅ ការដ្ឋានសំណង់ ផ្សារទំនើប កន្លែងលក់ដូរ ទីសាធារណៈផ្សេងៗ ដើម្បីស្វែងរកជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ យកមកផ្តន្ទាទោស និងបញ្ជូនទៅប្រទេសកំណើតវិញ។
ជាក់ស្តែង កាលពីដើមខែវិច្ឆិកា អាជ្ញាធរថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរប្រមាណ៤០នាក់ទៀត នៅទីតាំងផ្សេងៗគ្នា ដោយមួយចំនួនរងការចោទប្រកាន់ពីបទលួចឆ្លងដែនខុសច្បាប់ និងមួយចំនួនទៀត ចោទពីបទរស់នៅនិងធ្វើការនៅប្រទេសថៃដោយខុសច្បាប់។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ មានប្រសាសន៍ថា កត្តាដែលជំរុញឲ្យពលរដ្ឋខ្មែរប្រថុយប្រថានជីវិតឆ្លងដែនទៅធ្វើការនៅក្រៅប្រទេស ដោយខុសច្បាប់បែបនេះដោយសារមិនអាចទទួលយកបាននូវប្រាក់ចំណូលទាបក្នុងប្រទេស មិនអាចឲ្យពួកគេមានលទ្ធភាពដោះស្រាយបំណុលរួច ហើយការងារមិនគ្រប់គ្រាន់ សម្រាប់ពលរដ្ឋក្នុងស្រុក។
លោក វន់ ពៅ ទទូចឲ្យរដ្ឋាភិបាល បង្កើតឲ្យមានប្រព័ន្ធសង្គមមួយដែលអាចទុកចិត្តបាន ដើម្បីធានាដល់ពលករនៅក្រៅប្រទេសអាចចូលស្រុកវិញ អាចរកការងារដែលមានប្រាក់ខែខ្ពស់បាន មានការឧបត្ថម្ភធនសម្រាប់ពួកគាត់ មានទីផ្សារទូលំទូលាយ ហើយទំនិញនៅលើទីផ្សារគួរមានតុល្យភាពនឹងចំណូលចំណាយរបស់ពួកគាត់ប្រចាំថ្ងៃផងដែរ។
«យើងសុំឲ្យរដ្ឋាភិបាលអន្តរាគមន៍ទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលកំពុងតែញាំញីទៅលើជីវិតពលរដ្ឋខ្មែរ ជាពិសេសពលករចំណាកស្រុកហ្នឹងឯងត្រូវគិតពិចារណាយ៉ាងម៉េចឲ្យបន្ធូរប្រថយនៃការ… អ្នកដែលជំពាក់លុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រដ្ឋត្រូវប្រមើមើលអាចំណុចហ្នឹងឲ្យមានប្រសិទ្ធភាពទៅបាន បានជាការធានាមួយដែលគាត់មិនអាចត្រឡប់ទៅ… អឺប្រទេសថៃ ប្រទេសអីដែលទៅទាំងប្រថុយប្រថានហ្នឹង»។
លោក វន់ ពៅ
កាលពីថ្ងៃទី២១ រដ្ឋាភិបាលថៃ បានបញ្ជូនពលរដ្ឋខ្មែរចំនួន ៨២នាក់ ក្នុងនោះបុរស ៤៨នាក់ ស្ត្រី ២៤នាក់ និងកុមារ១០នាក់ ឲ្យត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពួកគេអនុវត្តទោសរួចរាល់នៅក្នុងប្រទេសថៃ។ ពលករដែលត្រូវអាជ្ញាធរចាប់ខ្លួនបាននោះ ពួកគេត្រូវប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពី៤៥ថ្ងៃ ទៅ៦ខែ ឬលើសពីនេះ ទៅតាមស្ថានទម្ងន់ទោសរបស់ពួកគេ។ មន្ត្រីសិទ្ធិពលករបញ្ជាក់ថា មួយរយៈចុងក្រោយនេះ តុលាការថៃដាក់ទោសពលករខ្មែរ ធ្ងន់ធ្ងរជាងមុន ដោយចោទប្រកាន់ពីបទល្មើសពាក់ព័ន្ធនឹងការឆបោកអនឡាញ និងល្បែងអនឡាញជាដើម បើទោះបីជាពួកគេអះអាងថា មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ក៏ដោយ៕









