ពលករ​នៅ​កូរ៉េ​រិះគន់​មន្ត្រី​ស្ថាន​ទូតខ្មែរ​ថា រើសអើង​មិន​ធ្វើឯកសារ​ឲ្យ​ពលករ​​មាន​និន្នាការ​​ជំទាស់

0
130
លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ រូប៖ ហ្វេសប៊ុកស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង
លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ រូប៖ ហ្វេសប៊ុកស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង

ពលករ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង ចោទ​មន្ត្រី​ស្ថាន​ទូតខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ថា មាន​ការ​រើសអើង មិន​ព្រម​ធ្វើ​ឯកសារ​ឬលិខិត​ឆ្លងដែន​ឲ្យ​ពលករ​ដែល​មាន​និន្នាការ​ផ្ទុយ​រដ្ឋាភិបាល។ ការ​រិះគន់​នេះ គឺក្រោយ​ពេល​ពលករ​មួយ​ចំនួន​បាន​ស្នើសុំ​ឲ្យ​មន្ត្រី​ស្ថាន​ទូតខ្មែរ​ធ្វើ​លិខិត​ឆ្លងដែន​ឬ​ប៉ាស្ព័រ​ឲ្យ​ពួកគេ ប៉ុន្តែ​មន្ត្រី​ស្ថាន​ទូត ទាមទារ​ពិនិត្យ​មើល​គណនី​ហ្វេសប៊ុក​របស់​ពួកគេ​ជា​មុន​សិន។

ពលករ​ជាច្រើន​ប្រតិកម្ម​ខ្លាំង​ចំពោះ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ថា មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ និង​រំលោភ​លើ​ឯកជន​ភាព​របស់​ពលករ ក្រោយ​មន្ត្រី​ស្ថានទូត​ស្នើសុំ​គណនី​ហ្វេសប៊ុក​របស់​ពួកគេ ជា​ថ្នូរ​នឹង​ការ​ផ្តល់​សេវាកម្ម​ណា​មួយ​ជូន​ពលករ។

ពលករ និង​ជា​សមាជិក​សភាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​ទើប​ឈ្នះឆ្នោត​ថ្មី លោក សាន សាម៉ៃ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ពលករ​ជាច្រើន ជាពិសេស​អ្នក​ដែល​ចូលរួម​សកម្មភាព​សង្គម ដូចជា​ការ​ចូលរួម​សកម្មភាព​តវ៉ា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា ចូលរួម​សកម្មភាព​នយោបាយ សង្គម​នានា បង្ហោះ​វីដេអូ ឬចូលរួម​ចែករំលែក​វីដេអូ​មាន​លក្ខណៈ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក នោះ​មន្ត្រី​ស្ថានទូត​មិន​ធ្វើ​លិខិត​ឆ្លងដែន (Passport) ឬបន្ត​សុពលភាព​លិខិត​ឆ្លងដែន​ឲ្យ​ពួកគេ​នោះ​ទេ បន្ទាប់​ពីឆែក​គណនី​របស់​ពួកគេ​រួច។ លោក​ថា ពលករ​ជាច្រើន​ត្រូវ​បន្តរស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​កូរ៉េ ដោយសារ​មន្ត្រី​ស្ថានទូតខ្មែរ​រើសអើង​មិនផ្តល់​សេវ៉ា​កម្មជន​ពួកគេ។

លោក​ចាត់ទុក​ទង្វើ​របស់​មន្ត្រី​ស្ថាន​ទូតខ្មែរ​ប្រចាំប្រទេស​កូរ៉េ​ថា ជាការ​គំរាម​កំហែង និង​គាប​សង្កត់​មក​លើ​ពលករ។

លោក សាន សាម៉ៃ ទទូច​ឲ្យ​មន្ត្រី​ស្ថាន​ទូត​អនុវត្ត​ការងារ​ឲ្យ​ស្មើភាព​គ្នា បញ្ឈប់​ការ​តាម​ដាន​សកម្ម​ភាព​របស់​ពលករ​នៅ​ប្រទេសកូរ៉េ និង​ប្រើប្រាស់​រូបភាព​នានា​គំរាមកំហែង​លើ​ពលករ​ដែល​ចូលរួម​ឈឺឆ្អាល​បញ្ហា​ប្រទេស​ជាតិ ហើយ​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​នាម​ជាមន្ត្រី​ដែល​បម្រើ​រាស្ត្រ​ពិត​ប្រាកដ។

«ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ការ​គំរាម​កំហែង​ទៅ​​លើ​អឺ​ឯកជន​ភាព​របស់​ពលករ​យើង។ ថ្វី​ត្បិត​តែ​គាត់​និយាយ​ថា រឿងនេះ​ជារឿង​ការ​បំពេញ​អឺ​កាតព្វកិច្ច​មិន​រើសអើង​មែន ប៉ុន្តែ​ទង្វើ​របស់​ពួកគាត់ គឺ​សម្តែង​ទៅ​លើ​ការរើសអើង​ទៅ​លើ​អឺប្រជា​ពលករ​យើង ដែល​គាត់​ស្រឡាញ់​លទ្ធិ​ប្រជាធិប​តេយ្យ និងសង្គម»។

លោក សាន សាម៉ៃ

ពលករ​រស់នៅ​ប្រទេស​កូរ៉េ​មួយ​រូប​ទៀត ឈ្មោះ អន ចាន់ថន បាន​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក កាល​ពីថ្ងៃ​ទី០៥ វិច្ឆិកា បញ្ជាក់​ថា រឿង​ដែល​មន្ត្រី​ទូត​មិន​ធ្វើ​លិខិត​ឆ្លងដែន ឬ​បន្តសុពលភាព​លិខិត​ឆ្លងដែន​នេះ​ជា​រឿង​ពិត។ លោក​ទទួល​ស្គាល់​ថា ដំបូង​ឡើយ​មន្ត្រី​ទាំង​នោះ​រួសរាយ​រាក់ទាក់​មក​លើ​លោក និង​ជួយ​ផ្តល់​សេវា​កម្ម​ធ្វើ​ឯកសារ​នានា តែ​បន្ទាប់​ពី​ពួកគេ​បាន​ពិនិត្យ​គណនី​របស់​លោក​ហើយ មន្ត្រី​ទាំង​នោះ​ក៏​បាន​បដិសេធ​មិន​ធ្វើ​លិខិត​ឆ្លងដែន​ឲ្យ​លោក​នោះ​ទេ។ លោក​ថា មន្ត្រី​នៅ​ស្ថាន​ទូត​បាន​ឆ្លើយ​មក​លោក​ថា លិខិត​ឆ្លងដែន​របស់​លោក​នៅ​ពេល​បញ្ជូន​ទៅ​ដល់​ប្រទេស​កម្ពុជា មន្ត្រី​ដែល​នៅក្នុង​ប្រទេស​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ជូន​លោក​នោះ​ទេ ដោយ​ហាក់​ចង់​សំដៅ​លើ​រដ្ឋាភិបាល ហើយ​មន្ត្រី​ទាំងនោះ​សុំ​មិន​បញ្ជាក់​ពីមូល​ហេតុនៃ​ការ​បដិសេធ​នេះ​ទេ។

«ហើយ​ដោយសារ​តែលោក ដែល​មិនមែន​ជាអ្នក​ចេញមុខ​ដោយ​ផ្ទាល់​ដូចជា​ពួកខ្ញុំ អស់​លោក​មិន​ដែល​ជួប​ប្រទះ​ដូចជា​ពួកខ្ញុំ​ទេ ហើយ​អស់​លោក​មួយ​ចំនួន​ចេះ​តែ តែៗ ស្ករៗ អញ្ចឹង​ទៅ​ណា ចេះតែ តែៗ ស្ករៗ។ ខ្ញុំ​សុំ​ឲ្យ​ខ្មែរ​ចេះស្វែងរក​ការពិត ដូច​ករណី​យើង​លើក​ឧទាហរណ៍​មួយ​ណា ប្រជាពលរដ្ឋ​ស្រែក​ថា បាត់ដី​នៅ​តំបន់​នេះ បាត់ដី​នៅ​តំបន់​នោះ ហេតុអី​អស់​លោក​មិន​ទៅ​មើល​ដោយ​ផ្ទាល់​ថា វាបាត់​មែន​អត់? ម៉េច​ក៏​ចេះ​តែ តែៗ ស្ករៗ តាម​គេ​ណា? បើសិន​ជារឿង​ព្រំដែន​ណា បងប្អូន​ធ្វើ​អញ្ចឹង​ដែរ ចេះ​ស្វែងរក​ទៅ​មើលទៅ​អី​អញ្ចឹង​ដែរ​ណា បងប្អូន​មិនគេ គេ​បោក​បងប្អូន​មិន​កើត​ទេ»។

អន ចាន់ថន

រីឯ​ពលករ​មួយ​រូបទៀត និងជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​ចលនា​ប្រជាធិប​តេយ្យ​សង្គ្រោះជាតិ​ប្រចាំ​ប្រទេសកូរ៉េ​ខាងត្បូង គឺ​លោក ស សុខេម អះអាង​ថា លោក​ជាអ្នក​ជូន​ពលករ​មួយ​ចំនួន​ទៅធ្វើ​ឯកសារ​ផ្ទាល់ ហើយ​ពួកគេ​ពិត​ជាជួប​រឿង​អយុត្តិធម៌​ទាំង​នេះ​មែន។ លោក​ថា ពលករ​ភាគច្រើន​ប្រឈម​បញ្ហា​លិខិត​ឆ្លងដែន​ផុត​សុពលភាព ខណៈ​វីសា​ការងារ​នៅ​មាន​កំណត់ ដែល​តម្រូវ​ឲ្យ​ពួកគេ​ស្នើសុំ​សេវាកម្ម​ពី​ខាង​ស្ថាន​ទូតខ្មែរ។ លោក​បន្តថា ចំពោះ​ពលករ ដែល​មិនបាន​ចូលរួម​សកម្មភាព​តវ៉ា ឬ​គ្រាន់តែ​ស៊ែចែក​រំលែក​សកម្មភាព​ប្រឆាំង​នានា មន្ត្រី​ស្ថានទូត​ទាមទារ​ឲ្យ​ពលករ​លុប​វីដេអូ​ទាំងនោះ​ចេញ​ទាំងអស់ ទើប​ព្រម​ធ្វើ​ឯកសារ ឬ​សេវាកម្ម​នានា​ជូន​ពួកគេ។ លោក​ថ្លែង​ថា លិខិត​ឆ្លងដែន និង​អត្តសញ្ញាណ​ប័ណ្ឌ គឺ​សំខាន់​បំផុត​សម្រាប់​ពលករ​ដែល​រស់នៅ​ប្រទេស​កូរ៉េ ដែល​ពួកគេ​មាន​តម្រូវការ​ខ្ពស់​ក្នុងការ​ប្រើប្រាស់​លិខិត​ឆ្លងដែន​សម្រាប់​វេរលុយ​ផ្ញើជូន​គ្រួសារ​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ស សុខេម ថា មន្ត្រី​ស្ថានទូត​មាន​ការរើសអើង​លើ​ពលករខ្មែរ​ជាពិសេស​សកម្មជន​នយោបាយ​ដោយ​ពួកគេ​ពិបាក​ក្នុង​ការ​ស្នើសុំ​ធ្វើ​ឯកសារ​នានា​ជាមួយ​មន្ត្រី​ស្ថានទូត។ លោក​ថ្លែង​ថា មន្ត្រី​ស្ថាន​ទូត​បាន​ប្រព្រឹត្ត​ទង្វើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ក្នុង​នាម​ជា​មន្ត្រី ហើយ​បាន​កុហក​បោកប្រាស់​រដ្ឋាភិបាល​កូរ៉េ ក្នុង​ការ​បម្រើ​សេវាកម្ម​ជូន​ពលករ​តែបែរ​ជា​ធ្វើការ​បម្រើ​បក្ស​កាន់​អំណាច​ទៅវិញ។

«សុំ​ឲ្យ​យើង​គិត​ជាប្រយោជន៍​ជាតិ​ជាធំ កុំ​គិតរឿង​បក្ស​ណា ហើយ​យើង​ណា​ធ្វើអ្វី គឺ​យើង​ត្រូវ​ផ្តល់​កិត្តិយស​ទៅ​ដល់​ប្រទេស គេ​ដែល​គេ​សហការ​ជាមួយ​យើង ក្នុង​នាមរដ្ឋ និង​រដ្ឋ។ អញ្ចឹង​យើង​កុំ​យកាគីឡូ​គណបក្ស យក​ទៅ​លេង​ជាមួយ​គេ យើង​គួរតែ​យក​គីឡូរដ្ឋ ទៅ​លេង​ជាមួយ​គេ គឺ​មន្ត្រី​ស្ថាន​ទូត​ត្រូវតែ​ដើរ​តួជា​អ្នក​តំណាងរដ្ឋ ហើយ​បម្រើ​កិច្ចការ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ នៅក្នង​ប្រទេស​កូរ៉េ​ហ្នឹង គឺ​អត់មាន​រើសអើង និន្នាការ​គណបក្ស​ទេ ព្រោះ​យើង​​មិនមែន​ជាមន្ត្រី​បម្រើ​បក្ស យើង​ជាមន្ត្រី​បម្រើ​រដ្ឋ អញ្ចឹង​ណា។»

លោក ស សុខេម

ជុំវិញ​ករណី​នេះ ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​លោក ឃួន ផុនរតនៈ បានទេ នៅថ្ងៃ​ទី៦ ខែវិច្ឆិកា​នេះ។

កន្លង​មក ពលករ​រស់នៅ​ប្រទេស​កូរ៉េ​ក៏ធ្លាប់​រិះគន់​ពី​បញ្ហាការ​ស្នើសុំ​ធ្វើ​លិខិត​ឆ្លងដែន​នេះ មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​ស្នើសុំ​ធ្វើ​ឯកសារ និង​ការ​ចំណាយ​ខ្ពស់​លើ​ការ​បន្តសុពលភាព​លិខិត​ឆ្លងដែន​ជាដើម។ មិនតែ​ប៉ុណ្ណោះ ពលករ​ដែល​ចូលរួម​សកម្មភាព​នយោបាយ ត្រូវ​រងការ​គំរាម​កំហែង បំភិត​បំភ័យ បង្កការ​លំបាក​តាម​គ្រប់​រូបភាព​ពី​សំណាក់​ស្ថាន​ទូតខ្មែរ​ដែល​ប្រចាំការ​នៅទី​នោះ​ផងដែរ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ពិត​ជា​មាន​បញ្ហា​ទាំង​អស់​នេះ​កើតឡើង​នោះ វាជា​រូបភាព​នៃការ​គំរាម​កំហែង​ឆ្លងដែន​ពី​សំណាក់​រដ្ឋាភិបាល ទៅ​លើ​ពលករ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិប​តេយ្យ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​តែង​ប្រើ​កលល្បិច និង​អំពើ​ទុច្ចរិត​ក្នុង​ការធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​ពលរដ្ឋ​ស្លូតត្រង់ ពលករ សកម្មជន​នយោបាយ ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ លោក​ទទូច​ឲ្យ​ពលករ​ដែល​រងគ្រោះ​ទាំង​នោះ​ប្រមូល​ភស្តុតាង ដាក់​ជូន​រដ្ឋាភិបាល​កូរ៉េ​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​ទាំង​នេះ។

«ខ្ញុំ​យល់​ថា រដ្ឋាភិបាល​បច្ចុប្បន្ន គួរ​តែ​បញ្ឈប់​នូវ​អំពើ​ធ្វើ​ទុក្ខ​បុកម្នេញ​របៀប​ហ្នឹង​ទៅ ការ​ឆ្លង អំពើ​ឆ្លងដែន​របៀប​ហ្នឹង​ទៅ ព្រោះ​ការ​ប៉ះពាល់ មិនមែន​ប៉ះពាល់​ទៅលើ​តែ​ពលករ​ដែល​ជាពលរដ្ឋ​ខ្លួន​ឯងទេ រដ្ឋាភិបាល​ខ្លួន​ឯង​ហ្នឹង​ក៏​មាន​ភាព​ស្អុយ​ឈ្មោះ​នៅ​ក្នុង​សហគមន៍​អន្តរជាតិ​ដែរ ជាពិសេស​ប្រទេស​សាមី កូរ៉េ ប្រទេស​កូរ៉េ​តែម្តង ហើយនិង​ប្រទេស​ដែល​ផ្សេងៗ​ដែល​ត្រូវ​រងការ​ធ្វើ​ទុក្ខ​បុកម្នេញ គំរាម​កំហែង​ឆ្លងដែនអី​ទាំង​អស់​ហ្នឹង។ ខ្ញុំ​យល់​ថា បើកាល​ណា​រដ្ឋាភិបាល​ធ្វើ​លើ​ផ្លូវ​ត្រូវ ច្បាស់​ណាស់​ទាំង​ខ្ញុំ​ទាំងគេ នឹង​មាន​ការ​គាំទ្រ​ហើយ មិន​ចាំបាច់​ទៅ​គំរាម​កំហែង​ធ្វើ​ទុក្ខបុកម្នេញ ទៅ​លើ​សកម្មជន​ខាង​ក្រៅ​ដែល​គេ​រិះគន់​ទេ»។

លោក ស៊ឹង សែនករុណា

កាល​ពីដើម​ឆ្នាំ២០២៤ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ធ្លាប់​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ ផ្ដល់​សេវា​លិខិត​ឆ្លងដែន​ដោយ​ផ្ទាល់​នៅ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​កុំ​ឲ្យ​ពិបាក​ក្នុង​ការ​ចូល​មក​ស្នើសុំ​ធ្វើ​នៅ​កម្ពុជា។ ប៉ុន្តែ​យន្តការ​ធ្វើ​លិខិត​ឆ្លងដែន​នេះ ក៏​ត្រូវ​បាន​បិទ​បញ្ចប់​ទៅ​វិញ នៅ​អំឡុង​ខែសីហា ឆ្នាំ២០២៤ ដោយ​គ្មាន​ការ​ពន្យល់​ហេតុផល​ណាមួយ​ឡើយ បន្ទាប់​ពី​មាន​ចលនា​ពលរដ្ឋខ្មែរ​ទូទាំង​ពិភព​លោក រួម​ទាំង​នៅ​កូរ៉េ​ខាង​ត្បូង​ផង បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង CLV ព្រម​ទាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ឡើង​វិញ។

ទោះរង​ការ​គាប​សង្កត់ គំរាមកំហែង ឬ​បង្កការ​លំបាក​ក្នុង​ការ​ស្នើសុំ​ឯកសារ​ណាមួយ​ពី​ស្ថានទូត ឬ​រដ្ឋាភិបាល​ក្តី ក៏​ពលករ​ទាំង​នោះ​ប្តេជ្ញា​បន្ត​សកម្មភាព​របស់​ខ្លួន​បន្តទៀត ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិប​តេយ្យ ការពារបូរណ​ភាព​ទឹកដី និង​ទាមទារ​ឲ្យមាន​ការ​ដោះលែង​អ្នកទោស​នយោបាយ មនសិការ​ទាំងអស់​ឲ្យ​មាន​សេរីភាព​វិញ៕ 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ