
ប្រជាពលរដ្ឋជាង២០គ្រួសារ រស់នៅក្បែរប្រឡាយបឹងត្របែង ក្នុងភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បីធ្វើប្លង់កម្មសិទ្ធិដីធ្លី និងបញ្ឈប់ការបណ្ដេញពួកគាត់ចេញពីផ្ទះសម្បែងទៀត។ ការស្នើសុំនេះ បន្ទាប់រដ្ឋបាលខណ្ឌបានចេញលិខិតព្រមានប្រើកម្លាំងរុះរើ ប្រសិនបើពលរដ្ឋទាំង២៤គ្រួសារនេះ មិនព្រមទទួលយកសំណង និងរុះរើចេញដោយខ្លួនឯង។ អាជ្ញាធរបានបញ្ជាក់ថា ពលរដ្ឋទាំងនេះ គឺរស់នៅលើផ្ទៃអាងស្ដុកទឹងបឹងត្របែក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ កំណត់ដោយអនុក្រឹត្យតាំងពីឆ្នាំ២០២០។ ទោះជាយ៉ាងណា ពលរដ្ឋទាំង បានអះអាងថា ពួកគាត់បានមកតាំងទីលំនៅតាំងពីឆ្នាំ១៩៨០ ហើយមិនបានរស់នៅលើដីប្រឡាយ ដូចអាជ្ញាធរលើកឡើងឡើយ៕






