គ្រួសារ​សិស្ស​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ក្រឡាប់​ឡាន​ធ្លាក់​ចូល​ស្រះទឹក​ទាមទារ​រក​យុត្តិធម៌

0
18
ទិដ្ឋភាពរថយន្តដឹកសិស្សក្រឡាប់​ចូល​ស្រះ​ទឹក​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៨ ស្ថិត​ក្នុង​ភូមិអន្លង់ ឃុំព្រែក​តាមាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល កាលពីថ្ងៃទី១០ វិច្ឆិកា ២០២៦។ រូប បណ្ដាញសង្គម
ទិដ្ឋភាពរថយន្តដឹកសិស្សក្រឡាប់​ចូល​ស្រះ​ទឹក​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៨ ស្ថិត​ក្នុង​ភូមិអន្លង់ ឃុំព្រែក​តាមាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល កាលពីថ្ងៃទី១០ វិច្ឆិកា ២០២៦។ រូប បណ្ដាញសង្គម

ករណី​សោកនាដកម្ម​នៃ​គ្រោះថ្នាក់​ក្រឡាប់​ឡាន​ធ្លាក់​ចូល​ទឹកស្រះ ដែល​បាន​បណ្តាល​ឲ្យ​សិស្ស​សាលា​ក្មេងៗ​ចំនួន​៥នាក់ស្លាប់ និង​របួស​២១នាក់ កាល​ពីថ្ងៃ​ទី១០ ខែវិច្ឆិកា​នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​សោកសៅ និង​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​សម្រាប់​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើ​គ្រប់​គ្នា។​ មក​ទល់​ពេល​នេះ ឪពុក​ម្តាយ​របស់​សិស្ស​សាលា​ប៊ែលធី​ដែល​បាន​ស្លាប់​នោះ ពួកគាត់​ទាមទារ​រក​យុត្តិធម៌ និង​បន្ទោស​អ្នក​បើកបរ​ធ្វេស​ប្រហែស ព្រម​ទាំង​រិះគន់​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា យឺតយ៉ាវ និង​ខ្វះ​បច្ចេក​ទេស​ក្នុង​ការ​ជួយ​សង្គ្រោះ ហើយ​ថែម​ទាំង​បញ្ឈប់ការ​រាវរក​សិស្ស​ដែល​បាត់ខ្លួន​ក្នុង​ទឹក​ទៀត​រហូត​ដល់​ម្តាយ​ជនរង​គ្រោះ​សុំអង្វរ ទើប​សមត្ថកិច្ច ចុះ​ជួយ​រាវរក​សិស្ស​ក្នុង​ទឹក​ម្តង​ទៀត។

ឪពុក​ម្តាយ​សិស្ស​សាលាប៊ែលធី​ដែល​បាន​បាត់បង់​ជីវិត នៅតែ​បន្តទួញ​សោក​សង្រេង​ក្រៀមក្រំ និង​មិន​អាច​ទទួល​យក​បាន​នោះទេ​នៅ​ពេល​កូនៗ​របស់​ពួកគាត់ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​រន្ធត់​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក។លើស​ពី​នេះ ពួកគាត់​នៅតែ មិនអស់​ចិត្ត​ចំពោះ​ការយឹតយ៉ាវ​និង​ការ​ខ្វះចន្លោះ​ប្រហោង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​បញ្ឈប់ការ​រាវរក​សិស្ស​ពីក្នុង​ទឹកទាំង​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​គ្រប់​ចំនួន ខណៈ​អ្នក​បើកបរ​រថយន្ត​ខ្វះការ​ប្រុងប្រយ័ត្ន​លើ​អាយុជីវិត​សិស្សា​នុសិស្ស។ ពួកគាត់ យល់ថា ប្រសិន​បើមាន​ការជួយ​សង្គ្រោះ​ទាន់​ពេល​វេលា  និង​មាន​បច្ចេក​ទេស​ត្រឹមត្រូវ គឺ​កូនៗ​របស់​ពួកគាត់ នឹង​មិន​ស្លាប់​នោះ​ទេ។

ម្តាយ​របស់​យុវតី ឡេង យូលីង រៀបរាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ទាំង​ទឹកភ្នែក​ថា លោកស្រី​បាន​ចេញ​ទៅ​ស្វែងរក​កូន​ភ្លាមៗ​បន្ទាប់ពី​ទទួល​បាន​ដំណឹង​ថា ឡាន​ដែល​កូន​លោកស្រី​ជិះ​នោះ​ជួប​គ្រោះថ្នាក់​ធ្លាក់​ចូល​ទឹក។ នៅពេល​ដល់​កន្លែង​កើត​ហេតុ​លោកស្រី​បាន​ប្រទះ​ឃើញ​ស្បែក​ជើងកូន ប៉ុន្តែ​មិន​ឃើញ​កូនស្រី​ឡើយ។ លោកស្រី​បាន​បន្ត​ទៅ​ស្វែងរក​កូននៅ​ឯមន្ទី​ពេទ្យ​បង្អែក ដោយ​បាន​ប្រាប់​ឈ្មោះកូន និង​បង្ហាញ​រូបថត ប៉ុន្តែ​មន្ត្រី​នៅទី​នោះ​បាន​ប្រាប់​ថា មិនមាន​ឈ្មោះ​កូន​លោកស្រី​ឡើយ។ លោកគ្រូ​នាយក​ដែល​នៅ​មន្ទីរ​ពេទ្យបង្អែក​បាន​ប្រាប់​ឲ្យលោកស្រី​ទៅរក​នៅ​ឯសាលារៀន​វិញ ប៉ុន្តែ​នៅតែ​មិន​ឃើញ រហូត​លោកស្រី​ត្រឡប់​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ជាថ្មី និង​បាន​ស្នើសុំ​ឲ្យលោកគ្រូ​នាយក​ស្វែងរក​កូនស្រី​នៅ​កន្លែង​កើត​ហេតុ​ម្តងទៀត។

ម្តាយ​របស់​យុវតី រូប​នេះ​បន្ត​ថា លោកស្រី​បាន​គិត​ថា កូនស្រី​ខ្លួន​ប្រហែល​នៅ​មាន​សុវត្ថិភាព​នៅ​ឡើយ ដោយសារ​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បញ្ឈប់ការ​រាវរក​នៅក្នុង​ទឹក​យូរ​មក​ហើយ ប៉ុន្តែ​នៅ​ពេល​លោកស្រី​ទៅ​ប្រាប់​អាជ្ញាធរ​នៅទី​នោះ ទើប​ពួកគេ​ចុះ​ស្វែងរក​ជាថ្មី ក៏ប្រទះ​ឃើញ​កូនស្រី​លោកស្រី បាន​ផុត​ដង្ហើម​បាត់​ទៅ​ហើយ។ លោកស្រី​ថ្លែង​ទាំង​អារម្មណ៍​ក្តុក​ក្តួល​ញាប់ញ័រ​ថា កូន​លោកស្រី​នៅ​ក្នុងទឹក​គ្មាន​នរណា​រាវរក​នោះ​ទេ ហើយ​ពួកគេ​មិនដឹង​ថា ចំនួន​សិស្ស​មាន​ប៉ុន្មាន​នោះ​ទេ។ លោកស្រី​ថ្ងួចថ្ងូរ​ឈឺចាប់​ទាំង​អារម្មណ៍​រវើរវាយ​ដោយសារ​ការ​បាត់បង់​កូនស្រី​ជាទី​ស្រលាញ់ និង​ទាមទារ​ឲ្យ​គេ​ស្រង់​កូន​លោកស្រី​ឡើង​ពីទឹក​មកវិញ​ដដែលៗ។

«កូនខ្ញុំ​នៅ​ក្នង​ទឹក ហូៗៗៗ……មិន​ដឹង​កូនខ្ញុំ​ពិបាក​យ៉ាង​ណា​ទេលោក​អើយ។ កូនខ្ញុំ​ស្រង់​មក​លោក​អើយ​កូនខ្ញុំ​ផុតបាត់​ហើយ។ ហើយខ្ញុំ​គិតថា បើដឹង​ក្មេង​មាន​នៅក្នុង​ហ្នឹង​គេរាវ​យូរហើយ​ខ្ញុំថា​កូនខ្ញុំ​ប្រហែល​ជាមិន​អីទេ​គេ​យក​តែ​ដែលៗៗ​ដឹង​មកគេ​យកមក​ហើយ​ចុះ​កូនខ្ញុំ​នៅក្នុង​ទឹកគេ​គ្មាន​រាវផង​គេអត់​ដឹង​ចំនួន​សិស្ស​មាន​ប៉ុន្មាន។ ហូអូយ​..កូនខ្ញុំ​នៅក្នង​ទឹក​ស្រង់​ទឹក​កូនខ្ញុំ​មក​បង»។

លោកស្រី ឡេង យូលីង

ចំណែក ឪពុក​យុវតី លី នីតា ថ្លែង​ទាំង​ឈឺចាប់​ថា ឡាន​ដែល​បាន​បើកដឹក​កូន​លោក​រហូត​ជួប​គ្រោះថ្នាក់​ដល់​ស្លាប់​នេះ តែង​បើកបរ​ក្នុង​ល្បឿន​លឿន​ជា​ប្រចាំ ហើយ​លោក​ក៏ធ្លាប់​បាន​ណែនាំ និង​ទទូច​សុំ​ឲ្យ​បើកបរ​យឺត ដើម្បី​សុវត្ថិភាព​សិស្ស​ទាំង​អស់​ផងដែរ ប៉ុន្តែ​អ្នក​បើបរ​តែង​ចចេះ ប្រកែក មិន​ស្តាប់​ឡើយ។ លោកថា នៅ​ពេល​ដែល​លោក​ស្នើសុំ​ឲ្យ​បើក​យឺត​ម្តងៗ អ្នក​បើកបរ​នោះ តែង​ឈ្លោះ​ជាមួយ​លោក និង​បាន​ស្នើ​ឲ្យ​លោក​រក​ឡាន​ឈ្នួល​ថ្មីដឹក​កូនស្រី​វិញ​ទៅ។ លោក​ថា កូនស្រី​លោក ជាប់​នៅ​ក្នុង​ឡាន ហើយ​ពេល​ជួយ​សង្គ្រោះ​ចេញ​មក គឺ​បាន​ផុត​ដង្ហើម​តាំងពី​នៅ​ក្នុង​ទឹក​មក​ម៉្លេះ។

«យើងចេះ​តែ​អាណិតថា ធ្លាប់ជិះ​ប៉ុន្មាន​ឆ្នាំមក​ហើយ​តាំង​ថ្នាក់ទី​បួនដល់​ថ្នាក់​ទី​ប្រាំពីរ។ ដល់​អញ្ចឹង​ចេះតែ​ទ្រាំ​ទៅ​អាណិត តែពីរ​បីនាក់​ដឹក​កូន​យើង​ក៏ដឹកដែរ។ ខ្ញុំថា​បើកនេះ​បើកលឿន​ខ្លាំង​ណាស់។ ចាប់ប្រាំង​បី​តង់អត់​ជាប់​ផង​ដល់​អញ្ចឹង​ក្មេងៗ​វាជិះក្នុង​ឡាន​វាថា​ដូច​បែកកង់។ ចូល​ចង់​សាមសែ​សិបម៉ែត្រ​ហើយ​ណា ប៉ូលិស​អីគេ​អូស​ចេញ​មក​ក្រៅ។ គេធ្វើ​ចលនា​ជួយអី​អត់ទៅ​មុខរួច​ហើយ។ ដល់អញ្ចឹង​គាត់និយាយ​ប្រាប់​មកថា​អស់មាន​សមត្ថភាព​ជួយ​កើត​ទៀត​ហើយ»។

ឪពុក​យុវតី លី នីតា

រីឯ សិស្ស​ស្រី​ដែល​រងគ្រោះ​ក្នុង​ហេតុការណ៍​ម្នាក់ ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ ថា តៃកុង​ឡាន​ដឹក​សិស្ស​នោះ តែង​បើកបរ​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន។ កញ្ញា​ថា នៅ​ពេល​លោក​អារម្មណ៍​ល្អ ក៏​បើក​ក្នុង​ល្បឿន​យឺត តែ​នៅ​ពេល​ខឹង​មួរម៉ៅ គឺ​តែង​បើក​លឿន។ កញ្ញា​បន្ត​ថា នៅពេល​ឡាន​ធ្លាក់​ចូល​ទៅក្នុង​ទឹក​ស្រះ​នោះ គឺ​ទឹក​បាន​លិចចូល​ក្នុង​ឡាន​ភ្លាមៗ ហើយ​កញ្ញា​អង្គុយ​នៅក្បែរ​បង្អួច​ឡាន​បាន​ព្យាយាម​ស្រវ៉ា​ឲ្យ​គេជួយ ទើប​មាន​គេទាញ​កញ្ញា​ចេញ​ពីឡាន​នោះ ប៉ុន្តែ​បងប្អូន​ជីដូន​មួយ​កញ្ញា​ដែល​អង្គុយ​ក្រោយ​កញ្ញា​នោះ បាន​បាត់បង់​ជីវិត​ក្នុង​ហេតុ​ការណ៍​នោះ​ទៅ​ហើយ។

«គាត់​បើកលឿន​ខ្លាំងពូ។ អឺ បើក​លឿន​ខ្លាំង​ហើយ​គាត់គេច​ម៉ូតូ​ឆ្លង​ផ្លូវទៅ។ គាត់រេ​ចង្កូត​ហើយ​គាត់​ជាន់ប្រាំង​ទៅ។ ចូល​ស្រះហ្នឹង​ហ្មង។ អឺដោយសារ​ទឹកលូរ​ពណ៌ខ្មៅ​ចឹងទៅ​មើល​អត់ឃើញ​ផង។ ទឹកលិច​ដល់​ក្បាល​អស់​ហើយ​ហ្នឹង។ ទឹកស្រះ​ហ្នឹង​ជ្រៅ​ដែរ។»

កុមារ​ក្នុងហេតុការណ៍

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​លោក ឈឿន សុចិត្ត ដើម្បី​ឆ្លើយតប​ជុំវិញ​ករណី​នេះ​បាន​ទេ នៅថ្ងៃ​ទី១១ ខែវិច្ឆិកា​នេះ។ ចំណែក អ្នក​នាំពាក្យ​ក្រសួង​អប់រំ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ក៏​មិន​លើក​ទូរស័ព្ទ។

ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពីថ្ងៃ​ទី១០ ខែវិច្ឆិកា បាន​បណ្តាល​ឲ្យ​សិស្ស​សាលា​ប៊ែលធី ៥នាក់ បាន​ស្លាប់ របួសធ្ងន់ និង​ស្រាល​ចំនួន ​២១នាក់។ អាជ្ញាធរ​បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​នេះ​បណ្តាល​មក​ពី​អ្នក​បើកបរ​រថយន្ដ​បើកបរ​ក្នុង​ល្បឿន​លឿន ស្របពេល​ដែល​មានម៉ូតូ​បើកបរ​បញ្ច្រាស​ឆ្លងកាត់​ផ្លូវ ហើយ​រថយន្ត​ក៏​បើក​គេច​ទៅ​ស្ដាំ​រេចង្កូត​ធ្លាក់​ចូល​ស្រះទឹក។

នៅថ្ងៃ​ដដែល​ អាជ្ញាធរ​បាន​វាយ​ខ្នោះ​អ្នក​បើកបរ និង​បាន​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន ព្រម​ទាំងជាតិ​ស្រវឹង​ហើយ ប៉ុន្តែ​លទ្ធផល គឺ​អវិជ្ជមាន។

សិស្ស​ទាំង៥នាក់​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ជាយុវតី​រស់នៅ​ក្នុង​ស្រុក​ពារាំង ខេត្តព្រៃវែង មានឈ្មោះ  សៀង សុផាវត្តី ឡេង យូលីង លី នីតា សីហា សួស្តី និង ឃាង ឈីងឈីង។ បច្ចុប្បន្ន សព​សិស្ស​រងគ្រោះ អាជ្ញាធរ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ។

អគ្គនាយក​ប៊ែលធី គ្រុប លោក លី ឆេង ក៏បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី១០ វិច្ឆិកា​ថា រថយន្ត​ដឹកសិស្ស​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ ជារថយន្ត​ស៊ីឈ្នួល​ដឹក​សិស្ស និង​ពលរដ្ឋ​ទូទៅ មិនមែន​ជា​រថយន្ត​របស់​សាលា​ប៊ែលធី​ឡើយ។

ចំណែក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ក៏បាន​បង្ហោះសារ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​នេះ ជាមួយ​គ្រួសារ​សិស្ស​រងគ្រោះ​កាល​ពីថ្ងៃ​ទី១០ វិច្ឆិកា ប៉ុន្តែ​មិនបាន​បង្ហាញ​អំពី​ចំណាត់​ស្វែងរក​អ្នក​ពាក់ព័ន្ធ ដើម្បី​ទទួល​ខុសត្រូវ ឬវិធាន​ការ​ណា​មួយ​ករណី​គ្រោះថ្នាក់​លើ​សិស្សានុសិស្ស​ទាំងនេះ​នៅ​ឡើយ។

ជុំវិញ​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​និង​ការស្រាវជ្រាវ​លោក សេក សុជាតិ មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរអនុវត្ត​ការងារ​ឲ្យ​ច្បាស់​លាស់​ក្នុងការ​ស្វែងរក​សិស្ស​ដែល​ជួប​គ្រោះថ្នាក់​នោះ មិនគួរ​មានការ​ពន្យាពេល​ណាមួយ​ក្នុងការ​ជួយ​សង្គ្រោះ​រហូត​ឈាន​ដល់​បាត់បង់​អាយុ​ជីវិត​សិស្សានុ​សិស្ស​ឡើយ។ លោក​ថា ស្ថាប័ន​ពាក់ព័ន្ធ​គួរស្រាវ់ជ្រាវ​ឲ្យបាន​ម៉ត់ចត់​លើ​ករណី​គ្រោះថ្នាក់​នេះ និង​ស្វែងរក​ករណី​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​រកយុត្តិធម៌​ឲ្យ​គ្រួសារ​រងគ្រោះ។ លោក​ទទូច​ឲ្យ​អាជ្ញាធររដ្ឋ​ទាំង​អស់ គួរ​ត្រៀម​ខ្លួន​ទុក​ជាមុន ដូចជា​សម្ភារៈ ឧបករណ៍ អ្នកជំនាញ បច្ចេក​ទេស​ជាដើម ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​ពេល​មាន​ហេតុ​ការណ៍​បែប​នេះ​កើត​ឡើង។

«អឺ​យើងអឺ​ពិបាកនៅ​ក្នុងការ​ស្វែងរក​របស់អឺ​ដើម្បី​គ្រប់គ្រង​ដោយសារ​យើងអត់​បាន​គិតគូរ​ទុកដាក់​ពីមុន​មកអី​ចឹង​ទៅ​ណា។ ហើយយើង​មានបំណង​មួយ​គឺលើក​ទឹកចិត្ត​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រៀម​រៀបចំ​អឺ​សម្ភារៈ​អឺ​សង្គ្រោះ​បន្ទាន់​អឺទុក​នៅ​ការិយាល័យ ហើយ​នៅពេល​ដែល​​មាន​បញ្ហា​បែប​នេះ​កើតឡើង​ទោះបី​ជា​រវល់​ប៉ុណ្ណា ក៏ដោយ​គឺត្រូវតែ​គិតគូរ​ទៅ​ដល់​គ្រោះថ្នាក់​នៃ​អាយុ​ជីវិត​របស់​មនុស្សជា​អាទិភាព​មិនគួរ​បណ្តែត​បណ្តោយ​រហូត​ទៅ​ដល់អឺៗ​មាន​ការបាត់បង់​ហើយ​ទើបអឺ​មានអឺ​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​អីចឹង​ជាដើម​បាទ»។

លោក សេក សុជាតិ

អ្នក​លេង​បណ្តាញ​សង្គម​ម្នាក់ បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក ដែល​មាន​ឈ្មោះ ហេង អង្គារ ថា ឧប្បត្តិ​ហេតុ​នេះ មិនមែន​គ្រាន់​តែ​ជា “គ្រោះថ្នាក់​អយុត្តិធម៌​ធម្មតា” នោះ​ទេ ប៉ុន្តែ​វាបញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភាព​ខ្វះការ​ប្រុង​ប្រយ័ត្ន និង​ភាព​ធ្វេសប្រហែស​របស់​អ្នក​បើកបរ និង​ការ​ធូរលុង​ក្នុង​ការត្រួត​ពិនិត្យ​បទដ្ឋាន​បច្ចេក​ទេស និង​លក្ខខណ្ឌ​សុវត្ថិភាព​លើ​មធ្យោបាយ​ដឹកជញ្ជូន​សិស្សា​នុសិស្ស​ពី​សំណាក់​ស្ថាប័ន ឬអាជ្ញាធរ​មាន​សមត្ថកិច្ច។ លោកសួរ​ថា តើ​ត្រូវមាន​ជីវិត​ក្មេងៗ​ប៉ុន្មាន​នាក់​ទៀត ទើប​អាជ្ញាធរ​ភ្ញាក់ខ្លួន និង​មាន​វិធានការ​តឹងរ៉ឹង?

លោក​ទទូច​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ មិន​ត្រូវ​គេច​វេស​ពី​ការ​ទទួល​ខុសត្រូវ​ឡើយ ហើយ​ត្រូវតែ​បើក​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព ស្វែងរក​អ្នក​ខុសត្រូវ និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​យ៉ាងតឹងរ៉ឹង​បំផុត​ចំពោះ​អ្នក​ពាក់ព័ន្ធ។ ការ​ដោះស្រាយ​ត្រឹម​ការ​រំលែក​ទុក្ខ គឺ​មិន​គ្រប់គ្រាន់​ទេ គឺ​ទាមទារ​ឱ្យ​មាន “ការ​ទទួល​ខុស​ត្រូវ​ផ្នែកច្បាប់ និង​ស្មារតី” យ៉ាង​ម៉ឺងម៉ាត់។ ដើម្បី​កុំឱ្យ​សោកនាដ​កម្ម​បែបនេះ​កើតឡើង​ជាថ្មី​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​គ្រប់​សាលារៀន​ទាំង​អស់ ត្រូវតែ​ដាក់​ចេញ​ជាបន្ទាន់​នូវ​បទដ្ឋាន​បច្ចេកទេស​សុវត្ថិភាព​ដ៏តឹង​រ៉ឹង​បំផុត លើ​រថយន្ត​ដឹក​សិស្ស ការ​ត្រួត​ពិនិត្យ​ល្បឿន ស្មារតី​អ្នក​បើកបរ និង​ការ​រៀបចំ​របាំង​សុវត្ថិភាព​តាម​ដងផ្លូវ ឬ​ចំណុច​ប្រឈម​គ្រោះ​ថ្នាក់​នានា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ