អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
5
យុវតី ភី ស្រីណយ ឬ ភី យ៉ាងរី ដែលបង្ហោះវីដេអូរិះគន់ខេត្ត​ពោធិ៍សាត់ តាមបណ្ដាញសង្គម TikTok ។
យុវតី ភី ស្រីណយ ឬ ភី យ៉ាងរី ដែលបង្ហោះវីដេអូរិះគន់ខេត្ត​ពោធិ៍សាត់ តាមបណ្ដាញសង្គម TikTok ។

អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។ ពួកគេយល់ថា ករណីនេះ អាចបង្ក​ឱ្យ​មាន​ការភ័យខ្លាចក្នុងការបញ្ចេញមតិ និងរិះគន់បញ្ហាសង្គម។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែល​មាន​មូលដ្ឋាន​នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សេរីភាពបញ្ចេញមតិគឺជាផ្នែកសំខាន់មួយ​នៃប្រទេស​ប្រជាធិបតេយ្យ ព្រោះវាផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការកែលម្អ និងអភិវឌ្ឍប្រទេសជាតិ។ លោក​យល់ថា ប្រសិនបើប្រជាពលរដ្ឋមិនអាចរិះគន់បញ្ហាដែលកើតឡើងក្នុងសង្គមបានទេ នោះអាចធ្វើឱ្យអ្នកដែលចង់ចូលរួមដោះស្រាយបញ្ហាជាតិមានការភ័យខ្លាចក្នុងការបញ្ចេញមតិ។

លោក ស៊ឹង សែនករុណា បានប្រៀបធៀបស្ថានភាពនេះទៅនឹងពាក្យសម្ដី​ដែលប្រជាពលរដ្ឋធ្លាប់​ប្រើក្នុងសម័យខ្មែរក្រហមថា «ត្រូវដាំដើមគ ដើម្បីរស់» ដោយលោកពន្យល់ថា ប្រសិនបើមនុស្ស​គ្រប់គ្នាត្រូវនៅស្ងៀម ទោះបីមើលឃើញបញ្ហាក្នុងសង្គមក៏ដោយ នោះសេរីភាពបញ្ចេញមតិ​នឹង​ត្រូវ​រឹតត្បិត។

ពាក់ព័ន្ធនឹងការផ្ដន្ទាទោសយុវតី ភី ស្រីណយ លោក ស៊ឹង សែនករុណា ចាត់ទុកថា ជាការ​សម្រេចមួយដែលអយុត្តិធម៌ចំពោះយុវតីរូបនេះ ដែលបានបញ្ចេញមតិរិះគន់ការដឹកនាំ និងការ​អនុវត្តការងាររបស់អាជ្ញាធរខេត្តពោធិ៍សាត់។

«ខ្ញុំថាវាជាសាលាក្រមមួយដ៏អយុត្តិធម៌សម្រាប់ក្មេងស្រីម្នាក់ហ្នឹង ដែលគាត់ហ៊ានបញ្ចេញមតិ គាត់ហ៊ានរិះគន់នៅក្នុងបញ្ហាដឹកនាំរបស់ខាងខេត្តពោធិ៍សាត់ ឬក៏​ខាង​អាជ្ញាធរខេត្តពោធិ៍សាត់ដែលធ្វើមិនត្រឹមត្រូវអីទាំងអស់នេះ។ ខ្ញុំគិតថាគួរតែចុះទៅពិនិត្យ​មើល បើសិនជាការរិះគន់អីទាំងអស់ហ្នឹង វាសុទ្ធសឹងតែជារឿង​ពិតជាក់ស្ដែង​កើតឡើងនៅក្នុង​ប្រទេស​កម្ពុជា ឬក៏នៅក្នុងខេត្ត អញ្ចឹងគួរតែត្រូវពិនិត្យ ហើយយកមករកដំណោះស្រាយ​ជូនគាត់​ទៅ ឬក៏ជូនប្រជាពលរដ្ឋ ឬក៏បញ្ហាហ្នឹងរកដំណោះស្រាយទៅ ហ្នឹងវាជារឿងល្អប្រសើរ​បាត់ទៅ​ហើយណា»។

លោក ស៊ឹង សែនករុណា

លោកបានអំពាវនាវឱ្យអាជ្ញាធរចុះពិនិត្យបញ្ហាដែលយុវតីបានលើកឡើង ហើយប្រសិនបើការ​រិះគន់​នោះពាក់ព័ន្ធនឹងហេតុការណ៍ពិតដែលបានកើតឡើង គួរតែស្វែងរកមូលហេតុ និង​ដោះស្រាយ​បញ្ហា​ជូនប្រជាពលរដ្ឋ ជាជាងចាត់វិធានការលើអ្នកដែល​បានលើកឡើង​ពី​បញ្ហា​នោះ។

លោកក៏បានព្រមានថា ការរឹតត្បិតសេរីភាពបញ្ចេញមតិ និងការមិនដោះស្រាយទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ អាចបង្កើនភាពឈឺចាប់ និងការមិនពេញចិត្តក្នុងសង្គម។ លោកយល់ថា ផល​ប៉ះពាល់​ចុង​ក្រោយអាចធ្លាក់ទៅលើអាជ្ញាធរ និងរដ្ឋាភិបាលខ្លួនឯង។

លោកបន្ថែមថា ការបើកលំហសេរីភាពឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមបញ្ចេញមតិ នឹងជួយឱ្យអ្នកដឹកនាំទទួលបានព័ត៌មានពីបញ្ហា និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដើម្បីស្វែង​រកដំណោះស្រាយ។ លោកព្រមានថា ប្រសិនបើបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយទេ ការ​ឈឺចាប់អាចបណ្ដាលឱ្យមានការទាមទារ និងការតវ៉ានាពេលក្រោយ។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តពោធិ៍សាត់បានប្រកាសថា ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្រេច​ផ្ដន្ទាទោស​យុវតី ភី ស្រីណយ អាយុ១៩ឆ្នាំ ឱ្យជាប់​ពន្ធនាគាររយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានការ​រើសអើង»។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១០ ខែតុលា តុលាការបានដកស្រង់សម្ដីរបស់យុវតីរូបនេះពីវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម។ ក្នុងវីដេអូនោះ នាងបានរិះគន់ពីការលួចប្រេងពីរថយន្តដឹកទំនិញធុនធំ និងបានប្រើពាក្យសម្ដីមួយចំនួនដែលតុលាការយល់ថា នាំឱ្យមានការរើសអើង និងគុំកួនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។

យុវតី ភី ស្រីណយ ឬ ភី យ៉ាងរី បានបង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok ដោយលើកឡើងពីករណីចោរលួចប្រេងពីរថយន្តដឹកជញ្ជូនធុនធំដែលចតសម្រាកនៅម្ដុំផ្លូវវាងក្រុង ក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ខេត្តពោធិ៍សាត់។

ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ពាក្យសម្ដីមួយចំនួនដែលយុវតីបានប្រើប្រាស់អាចមិនសមរម្យ ប៉ុន្តែលោកថា អាជ្ញាធរ និងតុលាការក៏គួរពិនិត្យមើលមូលហេតុដែលនាំឱ្យនាងបញ្ចេញមតិរិះគន់បែបនេះដែរ។

លោក អំ សំអាត បានពន្យល់ថា ការចោទប្រកាន់បទល្មើសណាមួយត្រូវពិនិត្យលើធាតុផ្សំ​សំខាន់ៗចំនួនបី គឺធាតុច្បាប់ ដែលមានន័យថា ច្បាប់ត្រូវកំណត់អំពីបទល្មើសនោះ ធាតុសម្ភារ ដែលសំដៅលើអំពើ ឬសកម្មភាពដែលបានប្រព្រឹត្ត និងធាតុអត្តនោម័ត ដែលពាក់ព័ន្ធនឹងចេតនា ឬឆន្ទៈរបស់បុគ្គលក្នុងការប្រព្រឹត្តអំពើនោះ។ លោកថា ប្រសិនបើធាតុផ្សំទាំងបីនេះមិនមាន​គ្រប់គ្រាន់​ទេ ការកំណត់ថាអំពើណាមួយជាបទល្មើសអាចមានបញ្ហា។

លោក អំ សំអាត ក៏បានស្នើឱ្យអាជ្ញាធរ និងតុលាការអនុវត្តច្បាប់ដោយមានស្តង់ដារដូចគ្នា​ចំពោះ​បុគ្គលផ្សេងៗដែលប្រើពាក្យសម្ដីប្រមាថ ឬប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ដើម្បី​ជៀសវាង​ការរិះគន់ថា ការអនុវត្តច្បាប់មានភាពមិនស្មើគ្នា។

កាលពីខែតុលា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ​ស្ដីពីស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) បានបង្ហាញការព្រួយបារម្ភ​ចំពោះការ​រឹតត្បិតសេរីភាពបញ្ចេញមតិ លំហសង្គមស៊ីវិល និងការចូលរួមនយោបាយនៅកម្ពុជា។

ទោះបីជាលោកទទួលស្គាល់ការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសិទ្ធិមនុស្ស និងកិច្ចសហ​ប្រតិបត្តិការ​ជាមួយអង្គការសហប្រជាជាតិក៏ដោយ លោកបានលើកឡើង​ពីការឃុំខ្លួន​អ្នក​ការពារសិទ្ធិមនុស្ស សកម្មជននយោបាយ និងអ្នកសារព័ត៌មាន ព្រមទាំងសង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃការធានាឱ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ និងគួរឱ្យទុកចិត្ត ខណៈកម្ពុជាត្រៀមរៀបចំការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ