ប្រធានាធិបតី​បារាំង​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

0
8
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថ្លែងពេលសន្និសីទកាសែតនៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថ្លែងពេលសន្និសីទកាសែតនៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


ករណីឃាតកម្មលើអតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិសញ្ជាតិបារាំងដើមកំណើតខ្មែរលោក លិម គិមយ៉ា នៅប្រទេសថៃ ត្រូវបានប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានលើកឡើងនៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៥ វិច្ឆិកា ដោយជំរុញឱ្យកម្ពុជាស៊ើបអង្កេតករណីនេះដើម្បីនាំយកមនុស្សពាក់ព័ន្ធមកដាក់ទោសតាមច្បាប់។

លោក អេម៉ានុយអែល ម៉ាក្រុង លើកឡើងដូចនេះក្នុងសន្និសីទសារព័ត៌មាននៅក្រោយជំនួបទ្វេភាគីរវាងលោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំងនៅវិមានសន្តិភាព នៅរសៀលថ្ងៃទី១៥ វិច្ឆិកា ក្នុងឱកាសលោកម៉ាក្រុងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ពីថ្ងៃទី១៤-១៦ វិច្ឆិកា។

លោកម៉ាក្រុងជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតករណីឃាតកម្មដ៏កក្រើកនេះ ដើម្បីបង្ហាញមូលហេតុពិតដែលនាំឲ្យមានការធ្វើឃាតលើលោក លិម គិមយ៉ា និងនាំយកអ្នកទទួលខុសត្រូវមកផ្ទន្តាទោសតាមច្បាប់។

ចាប់តាំងពីលោក លិម គិមយ៉ា ត្រូវបានឃាតកបាញ់សម្លាប់កណ្តាលទីក្រុងបាងកក​កាលពី​ខែ​មករា ឆ្នាំ២០២៥ ក្រុមគ្រួសារលោក លិម គិមយ៉ា និងអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសតែងទទូចឱ្យរដ្ឋាភិបាលបារាំងអន្តរាគមន៍ដោយដាក់សម្ពាធឱ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតលើករណីឃាតកម្មនេះឱ្យហ្មត់ចត់ដោយហេតុថាលោក លិម គិមយ៉ា មានសញ្ជាតិបារាំង។ ការទាមទាររបស់គ្រួសារលោក លិម គិមយ៉ា និងអ្នកនយោបាយប្រឆាំង គឺដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ស៊ើបអង្កេតករណីឃាតកម្មនេះនោះឡើយ។

លោក លិម គិមយ៉ា អតីត​តំណាង​រាស្ត្រ​សង្គ្រោះ​ជាតិ (រូប៖ ហ្វេសប៊ុក Kim-Ya Lim)

លោក លិម គិមយ៉ា ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃ ក្នុងពេលលោកកំពុងធ្វើដំណើរត្រឡប់ពីកម្ពុជាតាមរថយន្តក្រុងជាមួយភរិយា។ ក្រោយហេតុការណ៍ឃាតកម្មនេះមួយថ្ងៃ ប៉ូលិសថៃបានសហការជាមួយសមត្ថកិច្ចកម្ពុជាចាប់ខ្លួនខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Paenoi) ដែលអតីតទាហានជើងទឹកថៃ នៅក្នុងខេត្តបាត់ដំបង បន្ទាប់ពីរូបគេបានរត់គេចខ្លួនឆ្លងដែនចូលមកកម្ពុជា ហើយត្រូវបានបញ្ជូនទៅឱ្យអាជ្ញាធរថៃវិញ កាត់ទោស និងផ្ទន្ទាទោសអស់មួយជីវិត។

ដោយឡែកជនសង្ស័យពីររូបទៀតដែលជាជនជាតិខ្មែរត្រូវបានតុលាការថៃចេញដីកាចាប់ខ្លួន និងប៉ូលិសអន្តរជាតិ (Interpol) ចេញនិវេទន៍ក្រហមចាប់ខ្លួន ដោយសង្ស័យថា ជាអ្នកជួលឃាតក និងជាអ្នកតាមដានចង្អុលបង្ហាញមុខសញ្ញាឱ្យឃាតក។ ជនសង្ស័យទាំងពីរនាក់នោះរួមមានឈ្មោះ ពេជ្រ គឹមស្រ៊ីន ដែលជាប្អូនបង្កើតរបស់អតីតប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ និងបម្រើការងារនៅផ្សារកណ្ដាល ខណ្ឌដូនពេញ។ ម្នាក់ទៀតគឺលោក លី រតនរស្មី ដែលជាអតីតទីប្រឹក្សារបស់ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន។

យ៉ាងណា ភាគីកម្ពុជាបន្តរក្សាភាពស្ងៀមស្ងាត់លើករណីនេះ ទោះសាច់ញាតិស្នើអន្តរាគមន៍បញ្ជូនជនសង្ស័យពីររូបនោះ មកកាត់ទោសនៅប្រទេសថៃដើម្បីរកឃាតកពិតក៏ដោយ។ ចំណែកសាច់ញាតិបន្ដស្វែងរកអន្តរាគមន៍ជាហូរហែដើម្បីផ្ដល់យុត្តិធម៌ដល់អតីតតំណាងរាស្ត្ររូបនេះ។

គេនៅមិនទាន់ឃើញលោក ហ៊ុន ម៉ាណែត ឆ្លើយតបយ៉ាងណាចំពោះការលើកឡើងរបស់ប្រធានាធិបតីបារាំងនៅពេលនេះនៅឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ