លោក ហ៊ុន ម៉ាណែត រងការ​រិះគន់​ថា មិន​បង្ហាញ​ព័ត៌មាន​គ្រប់គ្រាន់​ជូន​វេទិកា​អន្តរជាតិ​ពី​ករណី​ថៃ​​​​ឈ្លានពាន

0
13
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នងកិច្ចប្រជុំ Francophonie នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូប៖​ ក្រសួងព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នងកិច្ចប្រជុំ Francophonie នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូប៖​ ក្រសួងព័ត៌មាន

គណបក្សប្រឆាំងនៅក្រៅប្រទេសអះអាងថា ការចោទប្រកាន់របស់យោធាថៃថា កម្ពុជា​បំភ្លៃការ​ពិតជុំវិញជម្លោះព្រំដែន គឺដោយសារភាគីថៃបារម្ភថា ការលើកឡើងរបស់កម្ពុជាអំពីការ​រំលោភ​បំពានលើដែនអធិបតេយ្យរបស់ខ្លួន អាចរីករាលដាលទៅដល់សារព័ត៌មានអន្តរជាតិ តាមរយៈ​វេទិកាហ្វ្រង់កូហ្វូនី។ ទោះជាយ៉ាងណា គណបក្សប្រឆាំងនេះបានរិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនទាន់បានបង្ហាញព័ត៌មាន និង​ភស្តុតាង​ជុំវិញ​ស្ថានការណ៍​ព្រំដែនទៅកាន់​សហគមន៍អន្តរជាតិឱ្យបានទូលំទូលាយនៅឡើយ។

អ្នកនាំពាក្យនៃរដ្ឋាភិបាល​កម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​ប្រាប់ទូរទស្សន៍​អាស៊ីសេរីថា ប្រតិកម្ម​របស់យោធាថៃ​ចំពោះការ​តាំងបង្ហាញ​ប្រាសាទបែកបាក់​របស់​កម្ពុជា​នៅក្នុង​ភូមិហ្វ្រង់កូហ្វូនី (Francophonie) អាចបង្ហាញពីការព្រួយបារម្ភរបស់​ភាគីថៃ​ចំពោះ​ការ​ផ្សព្វផ្សាយ​បញ្ហាព្រំដែនទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធ្វើឲ្យថៃអាម៉ាស់មុខ។ ប៉ុន្តែលោកថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ព័ត៌មាន​អំពីជម្លោះ​នេះតិចតួចពេក​នៅក្នុង​កិច្ចប្រជុំ​ហ្វ្រង់កូហ្វូនី។

លោក គឹម សុខ បានអះអាងថា ប្រសិនបើគ្មានការលើកឡើង និងការដាក់ពាក្យបណ្តឹង​ពី​រដ្ឋាភិបាល​កម្ពុជាឯករាជ្យ ២៣ តុលា ទេ នោះសហគមន៍អន្តរជាតិ​អាច​នឹង​ពិបាកយល់អំពី​ស្ថានភាពជម្លោះ និងការកាន់កាប់ទីតាំងដែលជាទឹកដីរបស់កម្ពុជាពីសំណាក់យោធាថៃ។

«រឿងដែលខ្ញុំសោកស្ដាយបំផុត នៅឯវេទិការដ៏កក្រើកនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) នៅភ្នំពេញទៅហើយ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានធ្វើយុទ្ធនាការឱ្យច្បាស់ ដាក់ប្រធានបទថៃឈ្លានពានទឹកដីនៃប្រទេសកម្ពុជាទៅបង្ហាញសហគមន៍អន្តរជាតិនោះទេ។ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញតិចតួចពេក។ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបង្ហាញទីតាំងទាំងអស់ឱ្យច្បាស់ទេ ដែលកងទ័ពថៃត្រួតត្រាលើទឹកដីនៃប្រទេសកម្ពុជា»។

លោក គឹម សុខ

លោក គឹម សុខ បន្ថែមថា កម្ពុជាគួរតែបង្ហាញទីតាំងទាំងអស់ដែល កងទ័ពថៃកំពុងគ្រប់គ្រង ព្រមទាំងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់តំបន់ប្រាសាទខ្មែរ​សម្រាប់​ទេសចរណ៍។ លោកបន្ថែមថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ក៏មិនបានបង្ហាញ​ឱ្យបានច្បាស់​អំពីស្ថានភាពរបស់ពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ និងមិនបានផ្តល់ឱកាសឱ្យពួកគេ​និយាយ​ដោយ​ផ្ទាល់ទៅកាន់តំណាងអន្តរជាតិអំពីការបាត់បង់លំនៅឋាន និងការឈឺចាប់​របស់ពួកគេ​ឡើយ។

ការលើកឡើងរបស់លោក គឹម សុខ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ ស៊ូវ៉ារី (Winthai Suvaree) បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា កំពុងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ​នៅលើឆាក​អន្តរជាតិ តាមរយៈការផ្សព្វផ្សាយព័ត៌មានដែលថៃចាត់ទុកថាមិនពិត ក្នុងគោលបំណង​ទាមទារ​ទឹកដី។

លោក វីនថៃ ស៊ូវ៉ារី បានរិះគន់ការតាំងបង្ហាញរូបប្រាសាទព្រះវិហារ ប្រាសាទតាក្របី និង​ប្រាសាទ​តាមាន់ធំ នៅក្នុងភូមិហ្វ្រង់កូហ្វូនី ដោយចាត់ទុកថា កម្ពុជាកំពុងបង្ហាញខ្លួនជា​ជនរងគ្រោះ និងប្រើប្រាស់បញ្ហាប្រាសាទទាំងនេះក្នុងគោលបំណងនយោបាយ។

អ្នកនាំពាក្យយោធាថៃរូបនេះក៏បានព្រួយបារម្ភថា ការតាំងបង្ហាញរបស់កម្ពុជា​អាចធ្វើឱ្យទីតាំង​ប្រវត្តិសាស្ត្រ​ទាំងនោះបាត់បង់ការការពារផ្លូវច្បាប់ជាបណ្តោះអាសន្ន ក្រោម​អនុសញ្ញា​ទីក្រុងឡាអេ ឆ្នាំ១៩៥៤។ លោកក៏បានព្រមានថា ការផ្សព្វផ្សាយរបស់កម្ពុជា​អាចប៉ះពាល់ដល់​កិច្ច​ចរចា​ទ្វេភាគី និងនាំឱ្យការចរចាត្រូវពន្យារពេល ដោយចោទថា សកម្មភាពនេះរំលោភលើកិច្ច​ព្រមព្រៀង​បទឈប់បាញ់។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា បានប្រាប់អ្នក​សារព័ត៌មាន​នៅក្រៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ថា កម្ពុជាមិនមានការព្រួយបារម្ភចំពោះការលើកឡើងរបស់ភាគីថៃទេ ដោយសារការតាំង​បង្ហាញគ្រាន់តែជាការបង្ហាញអំពីអ្វីដែលជាការពិត និងការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។

«នោះហើយជាសារដ៏សំខាន់ដែលយើង ចង់បង្ហាញពិភពលោកឱ្យឃើញថា ពួកយើងមានសន្ធិសញ្ញាឆ្នាំ ១៩០៤ សន្ធិសញ្ញាឆ្នាំ ១៩០៧ រវាងបារាំង-សៀម ក៏ដូចជាផែនទីដែលយើងមានគូសដោយគណៈកម្មការចម្រុះឥណ្ឌូចិន-សៀម ដែលយើងមាន។ អ៊ីចឹងនៅក្នុងសន្ធិសញ្ញា និងនៅក្នុងផែនទីដែលយើងមានប្រើជាមួយគ្នាមកហើយនោះ គឺបញ្ជាក់ច្បាស់ថា ប្រាសាទទាំងអស់នោះនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា។ ឥឡូវប្រាសាទ​ទាំងអស់​នោះ ថៃកំពុងតែកាន់កាប់ អ៊ីចឹងយើងចង់បង្ហាញឱ្យពិភពលោកឃើញថា របស់នោះជាកម្មសិទ្ធិ និងជាអធិបតេយ្យភាពរបស់កម្ពុជា​បាទ»។

លោក ចាន់ រតនា

លោក ចាន់ រតនា បន្ថែមថា ប្រាសាទព្រះវិហារបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយ​អង្គការ​យូណេស្កូ​បាន​បញ្ជូន​អ្នកជំនាញ​ទៅ​ពិនិត្យ និងវាយតម្លៃការខូចខាត។ លោកថា ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំក៏បានរងការខូចខាតដែរ។

ក្នុងព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី កម្ពុជាបានដាក់តាំងបង្ហាញរូបប្រាសាទសិប្បនិម្មិត​ដែលមាន​ជម្លោះ​ជាមួយថៃចំនួន ៣ រួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ រួមជាមួយរូបថតពលរដ្ឋភៀសសឹក ទាហានកម្ពុជាដែលរងរបួស និងរូបភាពពាក់ព័ន្ធនឹង​ជម្លោះ​ព្រំដែន ដើម្បីឱ្យគណៈប្រតិភូជាតិ និងអន្តរជាតិបានទស្សនា។

ទន្ទឹមនឹងបញ្ហាព្រំដែន អ្នកឃ្លាំមើលសង្គមក៏បានជំរុញឱ្យលោក ហ៊ុន ម៉ាណែត លើកយក​វិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជាទៅពិភាក្សាលើវេទិកា​អន្តរជាតិ​ផងដែរ។ ពួកគេយល់ថា ការដោះស្រាយបញ្ហាទាំងនេះមានសារៈសំខាន់សម្រាប់​ការស្វែង​រកដំណោះស្រាយចំពោះបញ្ហាប្រឈមផ្សេងៗរបស់កម្ពុជា រួមទាំងជម្លោះព្រំដែន និងការឆបោកតាមអនឡាញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ