

កង់ឡាន និងបន្លាលួសដែលទាហានថៃបានព័ទ្ធយកផ្ទះសម្បែង និងដីស្រែចម្ការនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅមិនទាន់រុះរើចេញវិញនោះទេ ខណៈរដ្ឋាភិបាលកម្ពុជា ប្រកាសថា ការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ត្រូវបានបញ្ចប់។ អ្នកឃ្លាំមើលព្រំដែន នៅតែអះអាងថា ទឹកដីភូមិព្រៃចាន់ និងជោគជ័យ មួយចំនួននឹងបាត់បង់ទៅខាងភាគីថៃ។
អាជ្ញាធរមូលដ្ឋានអះអាងថា មកទល់ពេលនេះ កង់ឡាន និងបន្លាលួសដែលទាហានថៃបានព័ទ្ធយកផ្ទះសម្បែង និងដីស្រែចម្ការរបស់ពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺអាជ្ញាធរមិនទាន់រុះរើចេញវិញ និងមិនទាន់អនុញ្ញាតឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ត្រឡប់ចូលទៅរស់នៅក្នុងលំនៅឋានវិញឡើយ បើទោះបី ការបោះបង្គោលព្រំដែនត្រូវបានបញ្ចប់រួចរាល់ហើយយ៉ាងណាក្ដី។ អាជ្ញាធរភូមិព្រៃចាន់ និងភូមិជោគជ័យ អះអាងថា ពួកលោកមិនទាន់ដឹងអំពីផែនការរបស់ថ្នាក់ជាតិឡើយ ហើយប្រជាពលរដ្ឋដែលទាហានថៃព័ទ្ធបន្លាលួសយកផ្ទះសម្បែង និងដីស្រែចម្ការ ពួកគាត់បោះតង់ និងចងអង្រឹងរស់នៅក្នុងភូមិធម្មតា។
មេភូមិព្រៃចាន់ លោក ពៅ បឿន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៨ ខែវិច្ឆិកាថា កង់ឡាន និងបន្លាលួសដែលទាហានថៃបានព័ទ្ធយកផ្ទះសម្បែង និងដីស្រែចម្ការនៅភូមិព្រៃចាន់ នៅតែមានដដែល ហើយពលរដ្ឋ ក៏នៅតែមិនទាន់ចូល ទៅរស់នៅក្នុងលំនៅឋានវិញឡើយ។ លោកថា មិនទាន់ដឹងថា រដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋទាំងនោះ ចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញពេលណានោះដែរ ហើយលោកមិនដឹងថា មន្ត្រីជំនាញបោះបង្គោលនៅក្នុងភូមិព្រៃចាន់ចំណុចណាដែរ ដោយមន្ត្រីជំនាញមិនអនុញ្ញាតឲ្យចូលមើលការបោះបង្គោលបណ្ដោះអាសន្ននេះឡើយ។
លោក ពៅ បឿន៖ «អត់ទាន់ទេ អត់ទាន់អនុញ្ញាតទេ អត់ទេអត់ទាន់បានរើទេ យើងអត់ដឹងយ៉ាងណាដែរ យើងជាថ្នាក់ក្រោម មិនដឹងពីផែនការថ្នាក់លើគិតយ៉ាងណាទេ»។
ស្រដៀងគ្នានេះដែរ មេភូមិជោគជ័យ លោក ប៉ែន ឫទ្ធី អះអាងថា ពលរដ្ឋដែលទាហានថៃរំលោភយកផ្ទះសម្បែង មិនទាន់បានវិលត្រឡប់ទៅរស់នៅក្នុងលំនៅឋានខ្លួនវិញឡើយ។
លោក ប៉ែន ឫទ្ធី៖ «អត់ទាន់បានចូលនៅទេ នៅទាំងអស់»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការពន្យល់ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែវិច្ឆិកា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា រដ្ឋលេខាធិការព្រំដែនគោកកម្ពុជា បានចេញសេចក្ដីប្រកាលព័ត៌មាន ដោយអះអាងថា ការចុះវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ដោយប្រើប្រាស់ដ្រូនថតពីលើអាកាស ក្នុងភូមិសាស្ត្រនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រង់បង្គោលលេខ៤២ ដល់៤៣ ប្រវែងប្រមាណ៧គីឡូម៉ែត្រ ត្រូវបានបញ្ចប់ទាំងស្រុង ហើយភាគីទាំងពីរនឹងបន្តចុះវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្នលើដីជាក់ស្ដែងបន្ថែមទៀត។
រីឯលោក ហ៊ុន ម៉ាណែតវិញ លោក ក៏បានប្រកាសថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ប៉ុន្តែមកទល់ពេលនេះ មានតែពលរដ្ឋដែលរស់នៅឆ្ងាយពីកន្លែងទាហានថៃ រាយបន្លាលួស និងកង់ឡាននោះទេ ដែលអាចចូលទៅរស់នៅក្នុងផ្ទះរបស់ខ្លួនឡើងវិញបាន ខណៈពលរដ្ឋជាច្រើនគ្រួសារទៀត ដែលផ្ទះរបស់ពួកគាត់ ត្រូវបានទាហានថៃ ដាក់កង់ឡាន និងរាយបន្លាលួសព័ទ្ធយកនោះ គឺពួកគាត់នៅតែមិនទាន់អាចចូលទៅរស់នៅដូចធម្មតាឡើយ។
ជុំវិញបញ្ហានេះ ប្រធាននៃស្ថាប័នអធិបតេយ្យភាពជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន នៅតែអះអាងថា ការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះ កម្ពុជានឹងបាត់បង់ទឹកដី ពី២ទៅ៣គីឡូម៉ែត្រ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ទៅខាងថៃ។
អស់រយៈពេលជាងបីខែមកហើយ ដែលទាហានថៃបានរាយបន្លាលួសព័ទ្ធយកផ្ទះសម្បែង និងដីស្រែចម្ការរបស់ពលរដ្ឋ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លើសពីនោះ ទាហានថៃបានបើកការបាញ់ប្រហារបណ្តាលឱ្យពលរដ្ឋខ្មែរស្លាប់ម្នាក់ និងរបួស៣នាក់ នៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ វិច្ឆិកា ហើយរហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់អាចរកយុត្តិធម៌ឱ្យពលរដ្ឋខ្មែរបាននៅឡើយ៕









