

អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស គាំទ្រសកម្មភាពរបស់សហគមន៍បញ្ញវន្តខ្មែរដែលមានលោក មូន ពេជ្រ ជាតំណាង ដាក់លិខិតមួយច្បាប់ ផ្ញើជូនគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំទីក្រុងបាងកក ស្នើឲ្យបន្តឃ្លាំមើលស្ថានភាពរបស់ទាហានកម្ពុជាទាំង១៨នាក់ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ថៃ។ ពួកគេបន្តទាមទារឱ្យអាជ្ញាធរថៃ ដោះលែងទាហានកម្ពុជាទាំង ១៨នាក់នោះប្រកបដោយសុវត្ថិភាព។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក សឹង សែនករុណា បានលើកឡើងថា លោកគាំទ្រយុវជនកម្ពុជាដែលបញ្ចប់ការសិក្សារផ្នែកយោធានៅសហរដ្ឋអាមេរិក លោក មូន ពេជ្រ ដែលដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ទៅគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំទីក្រុងបាងកក ឲ្យបន្តឃ្លាំមើលស្ថានភាពរបស់ទាហានកម្ពុជាទាំង១៨នាក់។ លោកថា រូបភាពដែលថៃកំពុងធ្វើនេះគឺល្មើសច្បាប់អន្តរជាតិទាំងស្រុង ដូច្នេះ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនិងរដ្ឋាភិបាលថៃធ្វើយ៉ាងណា សម្របសម្រួលឲ្យមានការដោះលែង ទាហានកម្ពុជាទាំង ១៨នាក់នោះ ឲ្យមានសេរីភាពវិញ។
លោក សឹង សែនករុណា៖ «ថៃមិនបានចំណេញអ្វីពីការឃុំខ្លួនេះទេ ទោះបីថាចង់ដោះដូរជាមួយនឹងបញ្ហារឿងព្រំដែន រឺក៏ផលប្រយោជន៍ណាមួយពីកម្ពុជា វាកាន់តែថ្លែងឲ្យគេមើលឃើញកាន់តែច្បាស់ថា ថៃកំពុងតែប្រើប្រាស់អាយុជីវិត សិទ្ធិសេរីភាពរបស់យោធាកម្ពុជាជាហ្នឹង ដើម្បីដោះដូរផលប្រយោជន៍របស់ខ្លួន វាកាន់តែជារូបភាពអាក្រក់ទៅទៀត»។
លោក សឹង សែនករុណា បន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជា ត្រូវមានវិធានការណ៍ដាក់បណ្តឹងរឺក៏កិច្ចអន្តរាគមន៍យ៉ាងណាជាមួយសហគមន៍អន្តរជាតិបន្តទៀតមិនត្រូវនៅស្ងៀមនោះទេ គឺត្រូវធ្វើទៅតាមផ្លូវច្បាប់ក្នុងនាមជារដ្ឋាភិបាលមួយដែលដឹកនាំប្រទេស ដែលត្រូវតែចេញមុខការពារពលរដ្ឋរបស់ខ្លួន។
លោក ម៉ូន ពេជ្រ នៅថ្ងៃទី១ ខែធ្នូ បានផ្ញើលិខិតទៅកាន់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) លើកឡើងថា ប្រទេសថៃបរាជ័យ មិនអាចដោះលែងទាហានកម្ពុជាទាំង ១៨នាក់ ទៅតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានោះទេ។ ដូច្នេះ គឺជាការរំលោភអនុសញ្ញាក្រុងហ្ស៉ឺណែវ ត្រង់មាត្រា ១១៨ ដែលចែងថា រាល់អ្នកទោសសង្គ្រាមគួរត្រូវបានដោះលែង និងធ្វើមាតុភូមិនិវត្តន៍ ដោយគ្មានការពន្យារពេល បន្ទាប់ពីការបញ្ឈប់ការវាយប្រយុទ្ធគ្នាយ៉ាងសកម្ម។
លោក មូន ពេជ្រ បានស្នើឲ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិជួយធានាសុវត្ថិភាព សុខុមាលភាព និងការមើលថែទាំដោយក្តីមេត្តាចំពោះទាហានកម្ពុជាទាំង១៨នោះ ស្របតាមអនុសញ្ញា ក្រុងហ្ស៉ឺណែវ លើកទី៣ ដែលសម្រេចបានកាលពីឆ្នាំ១៩៤៩ និងចំណុចដែលមានចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ។
លោកក៏សុំឲ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលកម្ពុជា និងថៃ និងអាជ្ញាធរយោធាថៃ ដើម្បីដោះលែង និងធ្វើមាតុភូមិនិវត្តន៍ទាហានកម្ពុជាទាំង ១៨នាក់នោះប្រកបដោយសុវត្ថិភាព។
ទាក់ទងនឹងការឃុំខ្លួនទាហានកម្ពុជានេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AMCHAM Cambodia) លោក ខេស៊ី បារណេត (Casey Barnett) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានថ្លែងថា ប្រទេសថៃកំពុងរំលោភអនុសញ្ញាហ្សឺណែវ ដោយកាន់កាប់អ្នកទោសសង្គ្រាមកម្ពុជាចំនួន ១៨នាក់ បន្ទាប់ពីការបញ្ចប់សកម្មភាពប្រយុទ្ធ។ លោកថា នាយករដ្ឋមន្ត្រីថៃ កំពុងប្រើប្រាស់អ្នកទោសសង្គ្រាមទាំងនេះ ជាឧបករណ៍ដាក់កំហិតលើរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចគោលបំណងមួយ ដែលការធ្វើដូច្នេះ ជាការរំលោភអនុសញ្ញាក្រុងហ្សឺណែវដោយចេតនា។
លោក ខេស៊ី បារណេត បន្តថា មេដឹកនាំថៃបានកុហកទាំងប្រធានាធិបតីអាមេរិក និងមេដឹកនាំខ្មែរ ដែលខ្លួនបានចុះហត្ថលេខាយល់ព្រមលើកិច្ចព្រមព្រៀងរួមសន្តិភាពនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ តុលា ក្រោមលេសទាមទារផ្សេងៗដែលថៃចង់បាន។
ទាហានខ្មែរទាំង ១៨រូប ត្រូវបានយោធាថៃឃុំឃាំងដោយខុសច្បាប់អស់រយៈពេល ១២៦ថ្ងៃហើយ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំតាមព្រំដែន កាលពីចុងខែកក្កដា។ ក្រសួងការពារជាតិកម្ពុជាបន្តទាមទារឱ្យថៃដោះលែងយោធាខ្មែរមកវិញជាបន្ទាន់ ដោយគោរពកិច្ចព្រមព្រៀងរួមសន្តិភាព មាត្រា៥ ជាកំហិត។
ភាគីខ្មែរចោទថា កងទ័ពថៃ ថាបានប្រើល្បិចលួចចាប់ទាហានខ្មែរពីប្រទេសកម្ពុជា ២០រូបនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ដែលមានរយៈពេលប្រមាណជាង ៧ម៉ោងតែប៉ុណ្ណោះក្រោយពីបទឈប់បាញ់ចូលជាធរមាន៕









