

តុលាការវៀតណាមកាត់ទោសសកម្មជនខ្មែរក្រោម ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ ដោយសារតែសកម្មជនខ្មែរក្រោមរូបនេះ ប្រើសិទ្ធិសេរីភាពបញ្ចេញមតិ ដោយអហិង្សា ដើម្បីការពារសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោម។ ការកាត់ទោសនេះ កើតឡើងស្របពេលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី កំពុងបំពេញទស្សនកិច្ចរឹតចំណងមិត្តភាពយុវជន ដែលគាំទ្រគណបក្សប្រជាជាកម្ពុជា ជាមួយយុវជនបក្សកុម្មុនីយស្តវៀតណាម។
សកម្មជនខ្មែរក្រោមម្នាក់ទៀត គឺលោក ថាច់ ចាន់ត្រា ត្រូវបានតុលាការវៀតណាម ផ្ដន្ទាទោស នៅថ្ងៃទី២៤ ខែកញ្ញា ឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ និង ៦ខែ។ តុលាការប្រជាជនតំបន់ ១៣ ក្នុងខេត្តវិញឡុង បានកាត់ទោសលោក ថាច់ ចាន់ត្រា ពីបទ «រំលោភសេរីភាពប្រជាធិបតេយ្យ ដើម្បីរំលោភលើផលប្រយោជន៍ របស់រដ្ឋនិងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងបុគ្គល» ដែលជា បទល្មើសកំណត់ក្នុងមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម។
មកដល់ពេលនេះ មានសកម្មជនខ្មែរក្រោម ចំនួន ១២ អង្គនិងនាក់ កំពុងជាប់ឃុំ ក្នុងពន្ធនាគារប្រទេសវៀតណាម ដោយចំណាត់ការបំបិទសិទ្ធិសេរីភាពខ្មែរក្រោម ដែលជាម្ចាស់ទឹកដីដូនតាកម្ពុជាក្រោម។
លោក ថាច់ ចាន់ត្រា អាយុ ៥៤ឆ្នាំ នៅឃុំឡុងហៀប ត្រូវបានអាជ្ញាធរកុម្មុយនីស្ដ វៀតណាម ចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីលោកប្រើប្រាស់ សិទ្ធិសេរីភាពបញ្ចេញមតិ ដោយសន្តិវិធី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍ថា ការចោទប្រកាន់លោក ថាច់ ចាន់ត្រា ដោយផ្អែកលើវីដេអូ ការផ្សាយផ្ទាល់ ការពិភាក្សាតាមអ៊ីនធឺណិត និងការ បង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលសកម្មជនខ្មែរក្រោមរូបនេះ «បានចែករំលែកចាប់ពីឆ្នាំ២០២៣ រហូតដល់ពេលចាប់ខ្លួនលោក។ អាជ្ញាធរវៀតណាម ហៅខ្លឹមសារយោបល់របស់លោក ថាច់ ចាន់ត្រា ថា «មិនពិត» និងបរិហារកេរ្តិ៍ ដល់ភ្នាក់ងាររដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប៉ះពាល់ដល់គោលនយោបាយ ជនជាតិភាគតិច និង សាសនារបស់បក្ស និងរដ្ឋវៀតណាម។
ប៉ុន្តែ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២៤ ខែកញ្ញា ដោយបដិសេធ នូវការចោទប្រកាន់របស់តុលាការ និងអាជ្ញាធរវៀតណាម។
សហព័ន្ធខ្មែរកម្ពុជាក្រោម លើកឡើងថា អាជ្ញាធរវៀតណាម មិនមានរបាយករណ៍ ជាក់លាក់ណាមួយ ដែលបង្ហាញអំពីការប្រព្រឹត្តញុះញង់ ឬតស៊ូមតិបែបហិង្សារបស់ លោក ថាច់ ចាន់ត្រា នោះទេ។ លើសពីនេះទៀត លោក ថាច់ ចាន់ត្រា និយាយ រិះគន់ស្ថាប័នសាធារណៈ និងគោលនយោបាយរដ្ឋ ចំពោះសហគមន៍ជនជាតិភាគ តិច និងសាសនានោះ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និង មិនមែនជាបទ ឧក្រិដ្ឋឡើយ ពីព្រោះ ប្រទេសវៀតណាម គឺជារដ្ឋភាគីនៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និង នយោបាយ (ICCPR)។
សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសចំណាត់ការរបស់តុលាការ និងអាជ្ញាធរ វៀតណាម ហើយទាមទារឱ្យអាជ្ញាធរវៀតណាម ដោះលែង លោក ថាច់ ចាន់ត្រា និង សកម្មជនខ្មែរក្រោមទាំងអស់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារវៀតណាមយ៉ាង អយុត្តិធម៌។
អនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍ លោកបណ្ឌិត សឺន ជុំជួន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៥ ខែកញ្ញាថា សមាគមខ្មែរក្រោមនៅគ្រប់ទិសទី មានការព្រួយបារម្ភនៅពេលឃើញរដ្ឋអំណាចវៀតណាម បន្តគំរាមកំហែង បំភិតបំភ័យ និងបំបិទសិទ្ធិសេរីភាពស្របច្បាប់ របស់ពលរដ្ឋខ្មែរក្រោម។ លោកកត់សម្គាល់ថា សកម្មជនខ្មែរក្រោម ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ ខ្លួន ហើយតុលាការប្រទេសនេះ កាត់ទោសនោះ ទទួលរងនូវភាពអយុត្តធម៌ ដោយ សារពុំមានមេធាវីការពារក្ដីត្រឹមត្រូវ ក្នុងដំណើរការនីតិវិធី និង ក្នុងសវនាការ។
ទោះជាយ៉ាងណាក៏ដោយ លោក សឺន ជុំជួន សរសើរសកម្មជនខ្មែរក្រោម ដែល នៅតែពុះពារប្រើសិទ្ធិស្របច្បាប់ ដើម្បីទាមទារសិទ្ធិសេរីភាព និងការគោរពសិទ្ធិ មនុស្សសម្រាប់ពលរដ្ឋខ្មែរក្រោមទូទៅ ទោះបីជាពួកគាត់ប្រឈម នឹងការធ្វើទុក្ខបុក ម្នេញយ៉ាងណាក៏ដោយ។
លោក សឺន ជុំជួន៖ «សម្រាប់យើងនៅខាងក្រៅវិញ មិនដែលបោះបង់ចោលទេ អ្វី ដែលជាការបំពានសិទ្ធិរបស់យើង គឺយើងតែងតែធ្វើសកម្មភាពតស៊ូមតិ ទាំងជាតិ និងអន្តរជាតិ ជាពិសេសនៅពេលខាងមុខនៅក្នុងខែតុលានេះ ក៏ត្រៀមទៅចូលរួម វេទិការប្រជាពលរដ្ឋអាស៊ាន នៅប្រទេសហ្វីលីពីន។ យើងនឹងបញ្ហាទាំងអស់នេះ ទៅលើកជាមួយអង្គការសង្គមស៊ីវិលអន្តរជាតិ ព្រមទាំងអង្គទូតមួយចំនួន ដែរនៅ ក្នុងតំបន់អាស៊ានហ្នឹង ដើម្បីលើកឡើងអំពីបញ្ហាដែលខ្មែរក្រោមកំពុងប្រឈម ក្រោមការគ្រប់គ្រងរបស់វៀតណាម»។
ការផ្ដន្ទាទោសសកម្មជនខ្មែរក្រោមលោក ថាច់ ចាន់ត្រា នេះ កើតឡើងចំថ្ងៃដែល ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី កំពុងមានវត្តមានដឹកនាំយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បំពេញទស្សនកិច្ច នៅប្រទេសវៀតណាម ដើម្បីរឹតចំណងមិត្តភាពយុវជន ដែល គាំទ្រគណបក្សប្រជាជនកម្ពុជា ជាមួយយុវជនបក្សកុម្មុយនីស្ដវៀតណាម។
បណ្ដាញព័ត៌មានវៀតណាម (VIETNAM.VN) ឱ្យដឹងកាលពីថ្ងៃទី២៤ ខែកញ្ញា ថា លោក ហ៊ុន ម៉ានី និង ថ្នាក់ដឹកនាំនៃគណៈកម្មាធិការមជ្ឈឹមសហភាពយុវជន វៀតណាម បានសន្យារឹតចំណងយ៉ាងរឹងមាំ រវាងយុវជនបក្សទាំងពីរតាមគំរូ ដែល បន្សល់ទុកដោយលោក ហ៊ុន សែន ថ្នាក់ដឹកនាំមុនៗនៃគណបក្សប្រជាជនកម្ពុជា ជាមួយក្រុមមេដឹកនាំវៀតណាម។ ពួកគេសន្យាថា កិច្ចសហប្រតិបត្តិការយុវជននេះ ក៏នឹងពង្រីកក្របខណ្ឌលំនាំបីភាគី កម្ពុជា-វៀតណាម-ឡាវ ដែរ។
អ្នកឃ្លាំមើលលើកឡើងថា អាជ្ញាធរ និងតុលាការវៀតណាម ប្រើវិធានការក្ដៅរឹត ត្បិតសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោមផង និង រឹតចំណងជាមួយគណបក្សប្រជាជន កម្ពុជាគ្រប់ជំនាន់ ដើម្បីទុកបក្សនេះប្រើប្រាស់សង្កត់កម្ពុជាកណ្ដាលផង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៥ ខែកញ្ញាថា ខណៈវៀតណាម កំពុងប្រើកណ្ដាប់ដៃក្ដៅប៉ងបំបាត់ពូជសាសន៍ខ្មែរក្រោម នោះជាភាពអាម៉ាស់របស់អ្នកកាន់អំណាចគ្រួសារត្រកូលហ៊ុន និងគណបក្សប្រជាជនកម្ពុជា ដែលមិនហ៊ាននិយាយស្ដីការពារសិទ្ធិសេរីភាពខ្មែរ ក្រោម ហើយនៅបន្តបម្រើបន្តមនោគមវិជ្ជានយោបាយឈ្លានពានគ្រប់ជំនាន់របស់ វៀតណាម។ លោកថា លោក ហ៊ុន ម៉ានី គួរស្គាល់ខ្លួនឯងជាខ្មែរ ហើយត្រូវចេះការពារខ្មែរ ទើបសមជាមន្ត្រីជាន់ខ្ពស់របស់ខ្មែរ។
លោក ម៉ែន ណាត ៖«លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី ក្រុមគ្រួសារ ត្រកូល ហ៊ុន មានកំណើតកើតជាខ្មែរគួរណាស់ តែលើកបញ្ហាបងប្អូនខ្មែរក្រោម យកទៅ និយាយជាមួយរដ្ឋអំណាចវៀតណាម ដើម្បីឱ្យរដ្ឋអំណាចវៀតណាម គោរពសិទ្ធិ ជនជាតិដើមជាខ្មែរម្ចាស់ស្រុក ទឹកដីកម្ពុជាក្រោមផងទៅអាហ្នឹងជាការល្អ»។
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន ត្រូវហ៊ានបំភ្លឺប្រាប់ ប្រជាជាខ្មែរឱ្យច្បាស់ អំពីនយោបាយដឹកនាំរបស់ខ្លួន ដែលបន្តរឹតចំណងជាមួយវៀតណាមគ្រប់ជំនាន់ គ្រប់កាលៈទេសៈ និងគ្រប់យុទ្ធសាស្ត្រ ខណៈអាជ្ញាធរ វៀតណាម នៅតែប្រកាន់គោលការណ៍ធ្វើបាបខ្មែរកម្ពុជាក្រោមឥតស្រាកស្រាន្ត៕







