អាជ្ញាធរ​ក្រុងភ្នំពេញ​បង្ក្រាប​ដោយ​ហិង្សា​លើ​ជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ

0
125
ទិដ្ឋភាពអតិថិជនក្រុមហ៊ុន ហួយ វ័ន ផេ លើរូប​លោក ហ៊ុន តូ ពេលតវ៉ាទាមទារប្រាក់ពីធនាគារជាតិ កាលពីថ្ងៃទី២៧ មេសា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពអតិថិជនក្រុមហ៊ុន ហួយ វ័ន ផេ លើរូប​លោក ហ៊ុន តូ ពេលតវ៉ាទាមទារប្រាក់ពីធនាគារជាតិ កាលពីថ្ងៃទី២៧ មេសា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អាជ្ញាធរ និង​ក្រុម​សន្តិសុខ​នៃ​រដ្ឋាភិបាល​ត្រកូល ហ៊ុន បាន​បង្ក្រាប​ដោយ​ហិង្សា​លើ​ជនរងគ្រោះ​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ ក្នុង​ពេល​​ដែល​ពួកគាត់​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​លុយ​ដែល​ក្រុមហ៊ុន​បាន​បង្កក​។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុក​ចំណាត់ការ​បង្ក្រាប​របស់​អាជ្ញាធរ​ថា ជា​អំពើ​ខុសច្បាប់ និង​ធ្វើ​ឱ្យ​សាធារណជន​កាន់តែ​អស់ជំនឿ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

យ៉ាង​ហោច​មាន​អ្នក​តវ៉ា​ជា​ជន​ជាតិចិន ២​នាក់​បាន​រង​របួស​ធ្ងន់​នៅត្រង់​ក្បាល​ដោយ​បែក​ឈាម​ហូរ​ស្រោច​ពេញ​ផ្ទៃមុខ ខណៈ​អ្នក​ខ្លះទៀត​បាន​ដួលសន្លប់ និង​រងរបួស​ស្រាល ក្នុង​ហេតុការណ៍​បង្ក្រាប​ដោយ​ហិង្សា​របស់​កម្លាំង​អាជ្ញាធរ​ក្រុងភ្នំពេញ​លើ​ក្រុម​អ្នកតវ៉ា​ដែល​រងគ្រោះ​ពី​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់ លោក ហ៊ុន តូ។ ទន្ទឹម​គ្នា​នេះ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​អ្នក​តវ៉ា​ជា​ពលរដ្ឋ​ខ្មែរ ២​នាក់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ។

កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន បាន​ចាត់វិធានការ​បង្ក្រាប​ដោយ​ប្រើ​ហិង្សា និង​ទាំង​កម្រោល​លើ​ជនរងគ្រោះ​ដែល​មាន​ទាំង​អាជីវករ​ខ្មែរ ចិន និង​ជនជាតិ​វៀតណាម រា​ប់រយ​នាក់​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាងមុខ​ធនាគារជាតិ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា បន្ទាប់ពី​ធនាគារជាតិ​កម្ពុជា​បាន​ប្រកាស​លែង​ទទួលខុសត្រូវ​រឿង​ក្រុមហ៊ុន​លោក ហ៊ុន តូ បង្កក​លុយ​អតិថិជន។

ក្រុម​បាតុករ​ខ្មែរ ចិន និង​វៀតណាម បាន​លើក​បដា និង​ស្រែក​តវ៉ា​ដោយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន ហួយ វ័ន ផេ របស់​លោក ហ៊ុន តូ ប្រគល់​លុយ​ជូន​ពួកគាត់​វិញ និង​រិះគន់​ធនាគារជាតិ​កម្ពុជា​ថា ជា​ស្ថាប័ន​ដែល​អសមត្ថភាព​បំផុត និង​បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ក្នុង​ការ​បិទបាំង​ព័ត៌មាន​ក្រោយ​ដក​អាជ្ញាប័ណ្ណ​តាំងពី​ឆ្នាំ​២០២៤។

ជនរងគ្រោះ​ក្រុមហ៊ុន ហួយ វ័ន ផេ ម្នាក់​គឺ​លោកស្រី ជា ស្រីមុំ ថ្លែង​ថា លុយ​របស់​លោកស្រី​ដែល​មាន​ក្នុង​គណនី ហួយវ័ន ផេ ជាង ១​ម៉ឺន​ដុល្លារ​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក​ដក​លែង​បាន​ហើយ​មក​ដល់​ពេល​នេះ រីឯ​ធនាគារជាតិ​ក៏​គ្មាន​ការ​អន្តរាគមន៍​សម្រាប់​លោកស្រី និង​ជនរងគ្រោះ​ដទៃទៀត​ឡើយ​។ អតិថិជន​រូប​នេះ​ក៏​មិនបាន​ដឹង​ថា ក្រុមហ៊ុន ហួយ វ័ន ផេ ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​លាងលុយកខ្វក់​នោះ​ទេ និង​បញ្ជាក់​ថា លុយ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក​នោះ​គឺ​បាន​មកពី​ការ​ខិតខំ​ប្រឹងប្រែង​រក​ស៊ី​ដោយ​កម្លាំង​ញើស​ឈាម​។​

ជនរងគ្រោះ​រូប​នេះ​បាន​ត្អូញត្អែរ​ចំពោះ​ការ​ប្រឈម​បញ្ហា​ជីវភាព​ខ្វះខាត​ប្រចាំថ្ងៃ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ចេញមុខ​ជួយ​អន្តរាគមន៍ ដើម្បី​ឱ្យ​ក្រុមហ៊ុន ហួយ​វ័ន ផេ ប្រគល់​ប្រាក់​ដែល​បង្កក​ឱ្យ​លោកស្រី​វិញ។

លោកស្រី ជា ស្រីមុំ៖ «ធនាគារជាតិ​ថា ដក​អាជ្ញាប័ណ្ណ​តាំងពី ២០២៤ ប៉ុន្តែ​ពួក​ខ្ញុំ​អត់​មានបាន​ទទួល​ដំណឹង​សូម្បី​តែមួយ​នៅ​តាម​វេប​សាយ (Website) ធនាគារជាតិ ហ្វេសប៊ុក (Facebook) អត់​មានបាន​ទទួល​ដំណឹង​សូម្បីតែ​បន្តិច​ថា ដក​អាជ្ញាប័ណ្ណ​។ ហេតុអ្វី​ដក​អាជ្ញាប័ណ្ណ​ហើយ ធនាគារ​បើក​ធម្មតា​? ប្រើ​នៅ​ស្រុក​ខ្មែរ ប្រើ​ដល់​ខែធ្នូ ២០២៥​។ ខ្ញុំ​អត់​យល់ថា ស្រុក​ខ្មែរ​ច្បាប់​នៅ​ណា ខ្ញុំ​អត់​យល់​! ខ្ញុំ​ចង់​បានតែ​លុយ​របស់ខ្ញុំ​មកវិញ​ទេ ខ្ញុំ​អត់​ចង់បាន​អី​ទេ​។ ធនាគារជាតិ​អត់​មាន​ដំណោះស្រាយ បាន​ពួក​ខ្ញុំ​មកដល់​ហ្នឹង»។

រីឯ ជនរងគ្រោះ​ម្នាក់ទៀត​បាន​លើកឡើង​ថា អតិថិជន​ដែល​ចេញ​តវ៉ា​ប្រឈម​នឹង​ការ​វាយដំ និង​បង្ក្រាប​ដោយ​ហិង្សា​នេះ គឺ​ពួកគាត់​មិន​មាន​សល់​អ្វី​ទៀត​នោះ​ទេ ហើយ​ពួកគាត់​ក៏​មិន​ខ្លាច​នឹង​ការ​ស្លាប់​ទៀត​ឡើយ ព្រោះ​លុយ​ដែល​បាន​មក​ពី​កម្លាំង​ញើស​ឈាម​ត្រូវ​បាន​ក្រុមហ៊ុន​បោកប្រាស់ និង​បង្កក​ដោយ​គ្មាន​ស្ថាប័ន​ណា​ជួយ​ផ្ដល់​ដំណោះស្រាយ។

៖«ពួក​ខ្ញុំ​ចង់ឱ្យ​ខាង​ថ្នាក់ដឹកនាំ​គាត់​ដឹង​លើ​រឿង​ការ​លំបាក​របស់ខ្ញុំ គឺ​ជនជាតិ​ខ្មែរ​តែម្ដង​។ មិន​ថា​ខ្មែរ មិន​ថា​ចិន វៀតណាម​ទេ ពួក​ខ្ញុំ​សុទ្ធតែ​អ្នក​រកស៊ី​ដោយ​សុចរិត​។ ដូច​ខ្ញុំ​ខាង​សំណង់ ហើយ​ខ្ញុំ​អត់​មាន​លុយ​បើក​ឱ្យ​បុគ្គលិក ខ្ញុំ​យក​ប្លង់​ផ្ទះ​ប្លង់ដី​ទៅ​បញ្ចាំ​អស់ហើយ​។ ដល់​តែ​ពេល​ឥឡូវ​គាត់​បែរជា​អត់​មាន​ដំណោះស្រាយ​ឱ្យ​ខាង​ពួក​ខ្ញុំ​។ ពួក​ខ្ញុំ​អត់​ដឹង​ទៅ​ពឹង​នរណា​ទេ ដល់​អ៊ីចឹង​ចង់​ទៅមុខ​ធនាគារជាតិ មិនមែន​ទៅ​បាតុកម្ម​អី​ធំដុំ​អី​ណា​ទៅ​ធ្វើ​អី​ទៀត​ទេ ដោយសារតែ​សុំ​តែ​លើក​រូប​ឈរ​តែមួយ​ចំហៀង​ទេ អត់​មាន​ចង់ទៅ​បាតុកម្ម​មក​រក​រឿង​មក​សន្សំរឿង​ទេ»។

ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​២៥ ខែមេសា បាន​ប្រកាស​ថា ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ លែង​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ខ្លួន​ទៀត និង​បាន​ចាត់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជម្រះបញ្ជី​ទូទាត់​លុយ​សង​អតិថិជន​តាំងពី​ចុងឆ្នាំ​២០២៥។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អគ្គទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា អ្នកស្រី ជា សិរី ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២៧ ខែ​មេសា។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ជនរងគ្រោះ​ក្រុមហ៊ុន ហួយ​វ័ន ផេ គឺជា​អំពើ​ខុសច្បាប់ និង​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ លោក​ថា ចំណាត់ការ​បង្ក្រាប​រប​ស់​អាជ្ញាធរ​មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​ជនរងគ្រោះ​ឡើយ ផ្ទុយទៅវិញ​រដ្ឋាភិបាល​នឹង​រង​ការរិះគន់ និង​សម្ពាធ​ពី​អន្តរជាតិ​បន្ថែម​ទៀត។

លោក អំ សំអាត៖ «យើង​ជា​អង្គការសិទ្ធិមនុស្ស យើង​មិន​ចង់​ឃើញ​នូវ​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ទេ ទោះបីជា​កើត​ចេញ​ពី​ភាគី​ណាក៏ដោយ ពីព្រោះ​អំពើ​ហិង្សា​វា​ជា​រឿង​រំលោភ​សិទ្ធិមនុស្ស វា​ជា​រឿង​ខុសច្បាប់​។ ការ​ទាមទារ​របស់​អតិថិជន​របស់​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) នេះ គួរ​ណាស់​តែ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ស្ថាប័ន​ដែល​ពាក់ព័ន្ធ ឬក៏​ភាគី​ដែល​ពាក់ព័ន្ធ​ហ្នឹង រួមគ្នា​ក្នុង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​រក​ដំណោះស្រាយ​មួយ​ដ៏​សមស្រប និង​សន្តិវិធី ដើម្បី​បញ្ចៀស​នូវ​អំពើ​ហិង្សា ឬក៏​បាតុភាព​ផ្សេងៗ​ដែល​កើតឡើង​។ អំពើ​ហិង្សា​មិនអាច​យក​ទៅ​ដោះស្រាយ​បញ្ហា​បាន​ទេ»។

ក្រុមហ៊ុន ហួយវ័ន ផេ របស់​ក្មួយបង្កើត​លោក ហ៊ុន សែន និង​ត្រូវជា​បងជីដូនមួយ​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ ត្រូវ​បាន​ធនាគារជាតិ​ដក​អាជ្ញាប័ណ្ណ​តាំងពី​ឆ្នាំ​២០២៤ ដោយសារតែ​អនុវត្ត​ខុសពី​បទបញ្ញត្តិ​របស់​ធនាគារ​ជាតិ​។ ក្រុមហ៊ុន​ខុសច្បាប់​របស់​លោក ហ៊ុន តូ ក៏​ចាប់ផ្ដើម​ប្រកាស​បង្កក​លុយ​របស់​អតិថិជន​នៅ​ចុងឆ្នាំ​២០២៥ ក្រោយ​អាមេរិក និង​ចក្រភព​អង់គ្លេស​ចាត់វិធានការ​រួមគ្នា​ដាក់ទណ្ឌកម្ម​ដោយសារតែ​រក​ឃើញ​ថា ជា​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់​លក្ខណៈ​អន្តរជាតិ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន​នេះ​មិនបាន​បញ្ឈប់​ដំណើរការ​របស់​ខ្លួន​ឡើយ និង​បាន​ប្ដូរ​ឈ្មោះ ហួយវ័ន ផេ ទៅជា​ក្រុមហ៊ុន អេច​-​ផេ (H-Pay) ដើម្បី​បន្តដំណើរ​ការ​ជួយ​លាង​លុយ​ឱ្យ​ឧក្រិដ្ឋជន​។ កាលពី​ចុងខែ​មីនា សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន គ្រុប (Huione Group) ឈ្មោះ លី សុង (LI XIONG) តាម​សំណើ​របស់​អាជ្ញាធរ​ចិន និង​បញ្ជូន​ទៅ​ប្រទេស​ចិន ដោយសារតែ​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់ និង​អំពើ​ឆបោក​តាម​អន​ឡាញ។ រីឯ លោក ហ៊ុន តូ ដែល​សហប្រធាន​មួយ​រូប​នៃ​ក្រុមហ៊ុន​នេះ​អាជ្ញាធរ​របប​ត្រកូល ហ៊ុន មិន​ហ៊ាន​ប៉ះ ឬ​ចាត់វិធានការ​ណាមួយ​ឡើយ​មក​ដល់​ពេល​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ