សាច់ញាតិ និង​ជនរងគ្រោះ​ទាមទារ​ឱ្យ​ដោះលែង​ពលរដ្ឋ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​លោក ហ៊ុន តូ បង្កក​លុយ​ពួកគាត់

0
15
សហប្រធានក្រុមហ៊ុន ហួយ វ័ន លោក ហ៊ុន តូ។ រូប៖ បណ្ដាញសង្គម
សហប្រធានក្រុមហ៊ុន ហួយ វ័ន លោក ហ៊ុន តូ។ រូប៖ បណ្ដាញសង្គម

គ្រួសារ​សាច់ញាតិ និង​ក្រុម​ជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក សួន សុវណ្ណថៃ និង​លោក វ៉ាត់ មករា ឱ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់​ពី​ពួកគាត់​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចេញ​តវ៉ា​ទាមទារ​លុយ​របស់​ខ្លួន​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក។ សាច់ញាតិ និង​មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុកថា ការ​ចាប់ខ្លួន​នេះ​គឺជា​រឿង​អយុត្តិធម៌​បំផុត​ព្រោះ​ពួកគាត់​ជា​ជនរងគ្រោះ​នៅក្នុង​ការ​កិបកេង​ទ្រព្យសម្បត្តិ​ដោយ​អ្នក​មាន​អំណាច​មិនមែន​ជា​មេខ្លោង​បង្កចលាចល​ក្នុង​សង្គម​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ក្រុម​ជនរងគ្រោះ​ដែល​ចាញ់បោក​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ មក​ដល់​ពេលនេះ មិន​ត្រឹមតែ​មិន​ទទួល​បាន​ដំណោះស្រាយ ឬ​ទទួល​បាន​លុយ​ដែល​ពួកគាត់​ខំប្រឹង​រកបាន​ដោយ​កម្លាំង​ញើស​ឈាម​នោះ​ទេ ពួកគាត់​ថែមទាំង​រង​ការ​បង្ក្រាប​ដោយ​ហិង្សា និង​ចាប់ខ្លួន​ទៀត​ផង។

ជនរងគ្រោះ​លោក សួន សុវណ្ណថៃ និង​លោក វ៉ាត់ មករា ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែ​មករា បន្ទាប់ពី​ចូលរួម​តវ៉ា​ជាមួយ​ជនរងគ្រោះ​ខ្មែរ ចិន និង​ជនជាតិ​វៀតណាម​រាប់​រាយ​នាក់​នៅ​ខាងមុខ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​តវ៉ា​ទាម​ទារ​លុយ​របស់​ខ្លួន​ដែល​ត្រូវ​បាន​ក្រម​ហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ បង្កក​អស់​រយៈពេល​ជាច្រើន​ខែ។

ប្រពន្ធ​លោក សួន សុវណ្ណថៃ គឺ​លោកស្រី ជា ស្រី រៀបរាប់​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ប្ដី​របស់​លោកស្រី​ជា​មនុស្ស​មានចិត្ត​សប្បុរស និង​ចូលរួម​ជួយ​សង្គម និង​មាន​មុខរបរ​ជា​អ្នកម៉ៅការ​សំណង់​ដោយមាន​កម្មករ​រាប់​ពាន់នាក់​នៅ​ក្រោម​ការ​គ្រប់គ្រង​។ លោកស្រី​អះអាង​ថា ប្ដី​របស់​លោកស្រី​ពិតជា​ជនរងគ្រោះ​ពី​ក្រុមហ៊ុន ហួយវ័ន ផេ ព្រោះ​លុយ​ដែល​ត្រូវ​ប្រើ​សម្រាប់​បើក​ឱ្យ​កម្មករ​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក មិនអាច​ដក​បាន​ឡើយ​។ លោកស្រី​បន្ត​ថា កម្មករ​ជាច្រើន​នាក់​ក្រោម​ការគ្រប់គ្រង​របស់​ប្ដី​ក៏​ប្រឈម​នឹង​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ទើប​ប្ដី​របស់​លោកស្រី​បង្ខំចិត្ត​នាំ​កម្មករ​ចេញ​តវ៉ា​ទាមទារ​លុយ​ដែល​ក្រុមហ៊ុន​បង្កក ដើម្បី​យក​មក​បើក​ឱ្យ​កម្មករ។

លោកស្រី ជា ស្រី បញ្ជាក់​ថា ប្ដី​របស់​ខ្លួន​មិនមែន​ជា​មេខ្លោង ឬ​ជា​អ្នករក​ស៊ីឈ្នួល​ធ្វើ​បាតុកម្ម​ដូច​ការ​ចោទប្រកាន់​ឡើយ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​វិញ។

លោកស្រី ជា ស្រី៖ «​គាត់​មិន​មាន​បំណង​អី​ផ្សេង បះបោរ ឬ​ប្រឆាំង​អី​គឺ​អត់​មាន​ទេ អត់​មានអី​ទាំងអស់ គាត់​ប្រជាជន​ធម្មតា ស្លូតត្រង់ គាត់​ត្រូវការ​តែ​លុយ​មក​វិញ ដោះស្រាយ​កម្មករ ពាក្យ​ថា អត់ ពេល​វា​ពិបាក​អ៊ីចឹង​គាត់​នាំ​កម្មករ​ទៅ។ ពាក្យ​ថា ទ័ល​ហើយ ពិបាក​ហើយ គាត់​អី​ក៏​ហ៊ាន​ដែរ ខ្ញុំ​ប្រាប់​ដែរ ខ្ញុំ​ជា​ប្រពន្ធ ខ្ញុំ​អង្វរ «​បង កុំទៅ​អី យើង​នៅ​ជីវិត​យើង​រកទៀ​តទៅ​» ប៉ុន្តែ កូនចៅ​មក​ទារ​រាល់ថ្ងៃ រឹត​ក​គាត់​រាល់ថ្ងៃ គាត់​ទ័ល​ដែរ ហើយ​ថា​គាត់​ធ្វើ​អ៊ីចឹង វា​មាន​បញ្ហា ប៉ុន្តែ​អត់​ទៅ​ក៏​មាន​បញ្ហា គឺ​ដូចគ្នា អ៊ីចឹង​ពិបាក​ទាំងពីរ​ដោយសារ​ពាក្យ​ថា​អត់»។

សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ចាប់ខ្លួន លោក សួន សុវណ្ណថៃ និង​លោក វ៉ាត់ មករា ដោយ​ចោទ​ថា ជា​មេខ្លោង​ប្រមូល​កៀរគរ​ជនជាតិ​ខ្មែរ និង​បរទេស​ប្រមាណ​ជាង ១​រយ​នាក់ ធ្វើបាតុកម្ម និង​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា ក្នុង​ការ​ទាមទារ​តវ៉ា​ឱ្យ​ក្រុមហ៊ុន ហួយវ័ន ផេ ប្រគល់​លុយ​ឱ្យ​ពួកគាត់​វិញ​កាលពី​ថ្ងៃទី​២៧ ខែមេសា​។ ក្រៅពី​ការ​ចាប់ខ្លួន​នេះ សមត្ថកិច្ច​របប​ត្រកូល ហ៊ុន ក៏បាន​បង្ក្រាប​ដោយ​ប្រើ​ហិង្សា​វាយដំ​លើ​ជនរងគ្រោះ​ក្រុមហ៊ុន ហួយ​វ័ន ផេ ដែល​ចេញ​ទាមទារ​តវ៉ា​រហូត​បណ្ដា​ល​ឱ្យ​ជនជាតិ​ចិន ២​នាក់​រង​បួស​ធ្ងន់​ត្រង់​ក្បាល​ដួលសន្លប់។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក សួន សុវណ្ណថៃ និង​លោក វ៉ាត់ មករា បច្ចុប្បន្ន​កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​សមត្ថកិច្ច​ក៏​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។

ទោះជា​យ៉ាងណា ក្រុម​ជនរងគ្រោះ និង​កម្មករ​របស់​លោក សួន សុវណ្ណថៃ ច្រាល​ចោលការ​ចោទប្រកាន់​នេះ និង​អះអាង​ថា សកម្មភាព​តវ៉ា​របស់​លោក សួន សុវណ្ណថៃ គឺ​គ្រាន់តែ​ចង់​ទាម​ទារ​លុយ​ដែល​ក្រុមហ៊ុន ហួយ​វ័ន ផេ បង្កក ដើម្បី​យក​មក​បើក​ឱ្យ​កម្មករ​សំណង់​តែប៉ុណ្ណោះ​។ ពួកគាត់​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ដោះលែង លោក សួន សុវណ្ណថៃ និង​លោក វ៉ាត់ មករា និង​ស្នើ​ឱ្យ​អាជ្ញាធរ​ចេញមុខ​ដោះស្រាយ​ដោយ​យុត្តិធម៌ ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួល​បាន​លុយ​ដោះស្រាយ​ជីវភាព និង​បំណុល​ធនាគារ។

កម្មករ៖ «ក្នុងនាម​ជា​មេជាង និង​ជា​កម្មករ​នៅ​ក្រោម​ឱវាទ​របស់​មេ សួន សុវណ្ណ​ថៃ សមត្ថកិច្ច​ឃាត់ខ្លួន​គាត់​ថា គាត់​នាំគ្នា​ធ្វើបាតុកម្ម បិទផ្លូវ​បិទ​អី​នេះ ដើម្បី​បង្កចលាចល គឺ​មិនមែន​ទេ គឺ​គាត់​ទៅ​ធ្វើ​ដើម្បី​ដក​លុយ​របស់​គាត់ ឱ្យ​ខាង​ធនាគារ ខាង​ក្រុមហ៊ុន ហួយ​វ័ន ជួយ​ដោះស្រាយ​លុយ​ឱ្យ​ពួកគាត់ ដើម្បី​ឱ្យ​គាត់​បាន​មក​ដោះស្រាយ​សម្រាប់​ពួក​ខ្ញុំ​ទាំងអស់គ្នា​ហ្នឹង ដែល​ជា​លុយ​នេះ​ជា​កម្លាំង​ញើស​ឈាម​ពួក​ខ្ញុំ​។ អ៊ីចឹង​ទៅ គាត់​ក៏បាន​ទៅ​ធ្វើ​ការ​តវ៉ា ដើម្បី​បាន​លុយ​ឱ្យ​ពួក​ខ្ញុំ​បាន​ដោះស្រាយ​ដែរ​ហ្នឹង​។ ពួក​ខ្ញុំ​ទាំងអស់គ្នា សូម​លើកដៃ​សំពះ សំណូមពរ​ដល់​សម្តេច​ពុក ហ៊ុន សែន និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ព្រះអង្គ​ទាំង​ទ្វេ ជួយ​ដោះស្រាយ​ករណីនេះ​ផង»។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ដើមហេតុ​នៃ​បញ្ហា​នេះ​គឺ​បណ្ដាលមកពី​ក្រុមហ៊ុន ហួយ​វ័ន ផេ បង្កក​លុយ​អតិថិជន​ទើប​ជនរងគ្រោះ​នាំគ្នា​ចេញ​តវ៉ា ដើម្បី​ស្វែងរក​ដំណោះស្រាយ។ លោក​ថា អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​គប្បី​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ឱ្យ​ពលរដ្ឋ​ដែល​រងគ្រោះ​ជាជាង​ប្រើ​ចំណាត់ការ​បង្ក្រាប​ដោយ​ហិង្សា និង​ចាប់ខ្លួន​អ្នក​ជនរងគ្រោះ​ដែល​ធ្វើ​ឱ្យ​ពួកគាត់​កាន់តែ​រង​សម្ពាធ និង​រង​ភាព​អយុត្តិធម៌​បន្ថែម​ទៀត។

លោក អំ សំអាត៖ «ប្រសិនជា​គាត់​រង​ផល​ប៉ះពាល់​ដោយសារតែ​ការ​ចាញ់​បោក​ប្រាក់​ពី​ក្រុមហ៊ុន មិនអាច​ដក​យក​វិញ​បាន​ត្រូវ​រក​ដំណោះស្រាយ​ធ្វើ​ម៉េច ដោះស្រាយ​ជូន​ពួកគាត់​បាន​កម្រិត​ណា នេះ​គឺជា​រឿង​មួយ​ចាំ​ចាត់​ត្រូវធ្វើ​។ បើ​ពួកគាត់​ទាមទារ​ស្វែងរក​ដំណោះស្រាយ​ហ្នឹងហើយ បែរជា​រង​នូវ​អំពើ​ហិង្សា ឬ​ការ​ចាប់ខ្លួន​បន្ថែម​ទៀត​អាហ្នឹង​ជា​បន្ទុក​មួយទៀត​។ ដំណោះស្រាយ​ត្រូវ​ដោះស្រាយ​រឿងរ៉ាវ​ពិតប្រាកដ​កើតឡើង​ទើប​ស្វែងរក​ទី​បញ្ចប់ ឬ​ដំណោះស្រាយ​ល្អ​ឃើញ»។

រីឯ ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើង​ថា អាជ្ញាធរ​គួរ​ចាប់ខ្លួន​មេខ្លោង​គឺ​លោក ហ៊ុន តូ ដែល​បោកប្រាស់ និង​បង្កក​លុយ​ពលរដ្ឋ​ដោយ​មិនមែន​ចាប់ខ្លួន​ជនរងគ្រោះ​ឡើយ​។ អ្នកស្រី​បន្ត​ថា ការ​តវ៉ា​របស់​ជនរងគ្រោះ​គឺ​ស្របតាម​ច្បាប់​ក្នុង​ការ​សម្ដែង​មតិ ប៉ុន្តែ​របប​ត្រកូល ហ៊ុន បាន​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ជនរងគ្រោះ ដើម្បី​ការពារ​ក្រុមហ៊ុន លោក ហ៊ុន តូ ឱ្យ​ប្លន់​លុយ​ពលរដ្ឋ និង​បន្ត​សកម្មភាព​ឧក្រិដ្ឋកម្ម។

អ្នកស្រី មូរ សុខហួរ៖ «ដូច្នេះ​ប្រព័ន្ធ​ហិង្សា​នេះ​គឺជា​ប្រព័ន្ធ​របស់​រដ្ឋ​។ រដ្ឋ​ជា​អ្នក​ប្រើ​អំពើ​ហិង្សា ហើយ​រដ្ឋ​ប្រើ​អំពើ​ហិង្សា​លើ​ជនរងគ្រោះ​ហួយ​វ័ន ដោយសារតែ​ការពារ​ក្មួយ​របស់​លោក ហ៊ុន សែន​។ សិទ្ធិ​ក្នុង​ការ​តវ៉ា​ដោយ​អហិង្សា​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​។ ពលរដ្ឋ​ដែល​មាន​បញ្ហា​ប្រសិនជា​រដ្ឋ​មិន​ទទួល​ដោះស្រាយ​បញ្ហា​ឱ្យ​ពលរដ្ឋ​ធ្វើ​ម៉េច​? ដូច្នេះ​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​នឹង​បន្ត​ធ្លាក់​ដុនដាប​ទៀតហើយ»។

មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកឃ្លាំមើល​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក សួន សុវណ្ណថៃ និង​លោក វ៉ាត់ មករា ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​ងាក​មក​ដោះស្រាយ​តាមរយៈ​ដោយ​ការជំរុញ និង​ដាក់​សម្ពាធ​ឱ្យ​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ ប្រគល់​លុយ​ឱ្យ​ជនរងគ្រោះ​វិញ​។ ពួកគាត់​បារម្ភ​ថា បើ​រដ្ឋាភិបាល​នៅតែ​មិន​អើពើ​ដោះស្រាយ និង​បន្ត​ចំណាត់ការ​បង្ក្រាប​ពេល​អតិថិជន​ចេញ​តវ៉ា​អាច​នឹង​មាន​ជនរងគ្រោះ​រង​ការ​បង្ក្រាប និង​ត្រូវ​បាន​ចាប់ខ្លួន​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ខ្លួនឯង​កាន់តែ​រង​ការរិះគន់ និង​ភាព​អាម៉ាស់​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ខណៈ​ម្ចាស់​ក្រុមហ៊ុន​ដែល​កិបកេង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​បែរ​ជា​រួចខ្លួន​គ្មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ