

កម្ពុជា និងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងសន្តិសុខមេគង្គ-ឡានឆាង (LMLECC) ដែលមានមូលដ្ឋាននៅប្រទេសចិនបានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ ទោះជាយ៉ាងណា អ្នកតាមដានបញ្ហាឧក្រិដ្ឋកម្មលើកឡើងថា កម្ពុជាគួរពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការ និងដៃគូអន្តរជាតិផ្សេងទៀតដូចជា អង្គការសហប្រជាជាតិ (UN) និងសហរដ្ឋអាមេរិក (US) ដើម្បីសហការស៊ើបអង្កេត និងចាត់វិធានការលើមេខ្លោងពិតប្រាកដ និងបណ្ដាញដែលកាងពីក្រោយឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់កម្ពុជាបានបង្ហាញពីបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់មេគង្គ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើឆបោកតាមអនឡាញ។ អាជ្ញាធរកម្ពុជាអះអាងថា ឧក្រិដ្ឋកម្មឆ្លងដែននេះមានលក្ខណៈស្មុគស្មាញដែលធ្វើឱ្យកម្ពុជាតែម្នាក់ឯងមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពបានឡើយ។
ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបរវាងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាលោក ឆៃ ស៊ីណារិទ្ធ និងអគ្គលេខាធិការនៃ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងសន្តិសុខមេគង្គ-ឡានឆាង (LMLECC) លោក យូ ស៊ាវិន (You Xiaowen) កាលពីថ្ងៃទី១៥ ខែមិថុនា។
លោក ឆៃ ស៊ីណារិទ្ធ អះអាងថា រដ្ឋាភិបាលកម្ពុជាមានបំណងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យដល់ឫសគល់ ហើយបានដាក់ចេញនូវវិធានការបង្ក្រាប និងបទប្បញ្ញត្តិជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងចាត់ការលើក្រុមឧក្រិដ្ឋជន ទាំងមេខ្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនេះបន្តកើតមាននៅកម្ពុជាទៀត។ លោកបន្តថា ជំហានបន្ទាប់ រដ្ឋាភិបាលនឹងផ្ដោតលើការបោសសម្អាតបណ្ដាញឧក្រិដ្ឋកម្មទាំងនេះ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបណ្ដាញឆបោកតាមអនឡាញ ការលាងសម្អាតប្រាក់ ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងទៀត។
ជាការឆ្លើយតប លោក យូ ស៊ាវិន បានសន្យាថា នឹងបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការចែករំលែកព័ត៌មាន ការស្រាវជ្រាវ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋជន ព្រមទាំងពង្រឹងកិច្ចសហការពាក់ព័ន្ធនឹងការតាមដានប្រព័ន្ធហិរញ្ញវត្ថុ និងការកសាងសមត្ថភាពមន្ត្រីអាជ្ញាធរ។ លោកក៏បានបញ្ជាក់ពីការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសការបណ្ដុះបណ្ដាលលើជំនាញទាញយក និងវិភាគភស្តុតាងឌីជីថល ព្រមទាំងការវិភាគភស្តុតាងជីវសាស្ត្រ (DNA) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការស៊ើបអង្កេត និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន។
ក្រៅពីនេះ កម្ពុជាក៏គ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែរ។
ប្រទេសចិនគឺជាអ្នកផ្ដួចផ្ដើមបង្កើត មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងសន្តិសុខមេគង្គ-ឡានឆាង (LMLECC) កាលពីឆ្នាំ២០១៧ ដែលមានសមាជិកចូលរួមចំនួន ៦ប្រទេស រួមមាន ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ អង្គការដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលកុម្មុយនិស្តចិននេះ អះអាងថា បង្កើតឡើងក្នុងគោលបំណងសម្របសម្រួលកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ និងសន្តិសុខក្នុងតំបន់ ដោយផ្ដោតលើការចែករំលែកព័ត៌មានសម្ងាត់ ការស៊ើបអង្កេតប្រតិបត្តិការរួមប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការបង្ក្រាបការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធអាវុធ និងការឆបោកតាមអនឡាញជាដើម។ ទោះជាយ៉ាងណា អង្គការនេះក៏ធ្លាប់រងការរិះគន់ពីអ្នកវិភាគមួយចំនួនថា បានក្លាយជាឧបករណ៍របស់ចិនប្រើប្រាស់ ដើម្បីពង្រីកឥទ្ធិពលផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ខ្លួននៅអនុតំបន់មេគង្គ។
ជុំវិញរឿងនេះដែរ អ្នកតាមដានបញ្ហាឧក្រិដ្ឋកម្មអនឡាញ និងការជួញដូរមនុស្ស ចង់ឃើញរដ្ឋាភិបាលកម្ពុជារិះរកវិធី ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអង្គការអន្តរជាតិ និងបណ្ដាប្រទេសអន្តរជាតិផ្សេងទៀតដូចជា អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកជាដើមដែលបានបង្ហាញរបាយការណ៍ជាបន្តបន្ទាប់ពីទីតាំងឧស្សាហកម្មឆបោកនៅកម្ពុជា និងចង្អុលចំៗចំពោះមេខ្លោងដែលកាងការពារ។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា យល់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងបណ្ដាប្រទេសអន្តរជាតិដែលបានបន្តលាតត្រដាងអំពីទីតាំងមជ្ឈមណ្ឌលឆបោក និងបណ្ដាញមេខ្លោងនៅកម្ពុជា អាចជួយបង្កើនតម្លាភាព និងប្រសិទ្ធភាពការស៊ើបអង្កេត ព្រមទាំងឈានទៅដល់ការកំណត់អត្តសញ្ញាណ និងចាត់ការលើមេខ្លោងសំខាន់ៗ។ លោកវាយតម្លៃថា ចំណាត់ការបង្ក្រាបរបស់អាជ្ញាធរបច្ចុប្បន្ននៅមិនទាន់គ្រប់គ្រាន់ក្នុងការកសាងទំនុកចិត្តពីសហគមន៍អន្តរជាតិ និងភ្ញៀវទេសចរនៅឡើយ ដរាបណាបុគ្គលដែលរងការចោទប្រកាន់ថា ជាមេខ្លោង ឬមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទាំងនេះ នៅតែរស់នៅក្រៅសំណាញ់ច្បាប់។
លោក ឌី ថេហូយ៉ា៖ «កាលណាប្រទេសមួយមិនមានគេហៅថា ដឹកនាំដោយគ្មានតម្លាភាព ឬបណ្តែតបណ្តោយឱ្យជនទុច្ចរិត ឬឧក្រិដ្ឋជនហ្នឹង ប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មតាមរយៈការឆបោកតាមអនឡាញនេះ ច្បាស់ណាស់គេនឹងមិនមករកស៊ីជាមួយយើង គេមិនហ៊ានទេសចរណ៍ស្រុកយើងគេក៏មិនហ៊ានដើរលេងស្រុកយើងដែរ ពីព្រោះ គេគិតថា វាអត់មានសុវត្ថិភាពជាដើមអាហ្នឹងយើងមើលឃើញថា វាជា ការព្រួយបារម្ភ»។
ឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជាបានរីករាលដាលពីទីក្រុងរហូតដល់តំបន់ជនបទ ខណៈសមត្ថកិច្ចក៏បន្តចុះបង្ក្រាបទីតាំងតាមផ្ទះជួលស្ទើរមិនលុះថ្ងៃ។ ក្នុងអំឡុងប្រតិបត្តិការបង្ក្រាបរបស់សមត្ថកិច្ចកន្លងទៅ មានទីតាំងមួយចំនួនក្រុមជនសង្ស័យបានប្រើប្រាស់អាវុធបាញ់គំរាមតទល់ និងបង្កអំពើហិង្សា ខណៈជនរងគ្រោះដែលត្រូវបានបង្ខាំងនៅក្នុងអគារវិញរងការគំរាមកំហែង និងរស់នៅក្នុងភាពភ័យខ្លាចជាបន្តបន្ទាប់។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពដល់ការស្វែងរក និងសង្គ្រោះជនរងគ្រោះនៃការជួញដូរមនុស្សដែលត្រូវបានបង្ខំឱ្យធ្វើការនៅតាមមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងធានាថា ជនរងគ្រោះទាំងអស់ត្រូវតែទទួលបានកិច្ចគាំពារតាមផ្លូវច្បាប់៕









