

គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ប្រាប់តំណាងអង្គទូតបរទេសនិងអង្គការអន្តរជាតិប្រចាំកម្ពុជាប្រមាណ៥០នាក់ នៅទីស្តីការក្រសួងការបរទេសបរទេស នាថ្ងៃទី២៧ ខែសីហា ថា កម្ពុជាបានបោសសម្អាតអស់ហើយនូវមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានជិត៨០០ទីតាំង។ បច្ចុប្បន្នមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គ្មានវត្តមាននៅកម្ពុជាទៀតទេ។
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ បានថ្លែងថា ក្នុងរយៈពេលជាង ១ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៧៩៣ ទីតាំង។ ក្នុងនោះ កម្ពុជាបានឈានទៅបង្ក្រាបជាក់ស្តែងចំនួន ៦២៤ ទីតាំង និងឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣ម៉ឺននាក់ មាន ៣៩សញ្ជាតិ។ លោកថាបច្ចុប្បន្ន មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams Compounds) គឺគ្មានវត្តមាននៅកម្ពុជាទៀតទេ។
លោក ឆៃ ស៊ីណារិទ្ធ បានថ្លែងថា បច្ចុប្បន្នសមត្ថកិច្ចកម្ពុជាកំពុងស្រាវជ្រាវប្រមូលភស្តុតាងនៅទីតាំងបទល្មើសចំនួន ១៦៩ កន្លែងបន្ថែមទៀត ដែលជនល្មើសបានបោះបង់ចោល និងគេចខ្លួន។ លោកថា បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមស្វែងរកចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួន ៨៥៥ នាក់បន្ថែមទៀត តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។
លោក ឆៃ ស៊ីណារិទ្ធ បន្ថែមទៀតថា វិធានការចំពោះជនប្រព្រឹត្តល្មើសច្បាប់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ជនបរទេសសរុបជិត៦ម៉ឺន (៥៨.២៦៦)នាក់។ ក្នុងនោះ មានជាង២ម៉ឺន២ពាន់នាក់ (២២.០៤៥) នាក់ (៣៨ សញ្ជាតិ) ជាមុខសញ្ញាពាក់ព័ន្ធផ្ទាល់នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោក ឆៃ ស៊ីណារិទ្ធ អះអាងថា ទន្ទឹមនឹងវិធានការបណ្តេញចេញ យន្តការផ្លូវច្បាប់ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះមុខសញ្ញាស្នូលហើយនោះ សមត្ថកិច្ច បានកសាង និងបញ្ជូនសំណុំរឿងទៅកាន់តុលាការសរុប ៤០៨ ករណី។ ផ្អែកលើនីតិវិធីតុលាការ មុខសញ្ញាសង្ស័យចំនួន ៣ ៤៧៧ នាក់ មាន ២៩ សញ្ជាតិ ត្រូវបានឃាត់ខ្លួន និងឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ។ ក្នុងនោះ រួមមានជនជាតិចិន បង់ក្លាដែស វៀតណាម មីយ៉ាន់ម៉ា ខ្មែរ ឡាវ ម៉ាឡេស៊ី ប៉ាគីស្ថាន ឥណ្ឌូណេស៊ី ហ្វីលីពីន នេប៉ាល់ យ៉េមែន ស្វីស អេហ្វ្រិកខាងត្បូង កេនយ៉ា កាមេរូន ម៉ារ៉ុក ស្រីលង្កា នេប៉ាល់ កែកហ្ស៊ីស្ថាន អូស្ត្រាលី អ៊ុយក្រែន បារាំង ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងថៃ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការឆបោកអនឡាញ គឺជាឧក្រិដ្ឋកម្មអន្តរជាតិ។ វាជាប្រព័ន្ធស្ទើរតែប្រហាក់ប្រហែលនឹងភេរវកម្មហិរញ្ញវត្ថុអន្តរជាតិទៅហើយ។ វាមានមេបណ្ដាញរបស់វា ទាំងពីក្រៅប្រទេសកម្ពុជា ទាំងនៅក្នុងប្រទសកម្ពុជា។ លោកបន្តថា ឥឡូវនេះ មេបណ្តាញឆបោកអនឡាញធំៗនៅក្នុងប្រទេសកម្ពុជា មិនទាន់ត្រូវបានចាត់វិធានការតាមផ្លូវច្បាប់នៅឡើយទេ។
លោក គឹម សុខ៖ «កាលណា មិនចាត់ការមេបណ្ដាញនៅក្នុងស្រុក ដែលមានអំណាចធំនៅក្នុងការរៀបបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញទេ ធ្វើម៉េចនឹងអាចប្រាប់សហគមន៍អន្តរជាតិ អង្គទូតនានាឱ្យគេជឿថា ការចាត់ការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជានោះ បានស្អាតអស់ហើយ? បើទោះបីជាប្រាប់គេថា បានចាត់ការលើទីតាំងជិត ៨០០ ក៏ដោយ។ កុំថាឡើយជិត ៨០០ បើទោះបីជាប្រាប់គេថា ចាត់ការបាន ១ម៉ឺនទីតាំង ក៏គេអត់ជឿដែរ»។
ចំណែកអ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា នៅពេលនេះ មិនទាន់មានភស្តុតាងឯករាជ្យគ្រប់គ្រាន់ឱ្យជឿថា Online Scams នៅកម្ពុជាត្រូវបានបោសសម្អាតទាំងស្រុងនោះទេ។ ប៉ុន្តែការប្រកាសរបស់រដ្ឋាភិបាលតែឯង មិនអាចចាត់ទុកថាជាភស្តុតាងចុងក្រោយបានទេ។
លោក សេង វណ្ណលី បន្ថែមទៀតថា ដើម្បីឱ្យសហគមន៍អន្តរជាតិជឿថា ការបោសសម្អាតនេះជារឿងពិត កម្ពុជាត្រូវធ្វើលើសពីការបង្ហាញតួលេខនៃការចុះបង្ក្រាប។ គួរតែអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ដោយស្ថាប័នឯករាជ្យ និងដៃគូអន្តរជាតិ បង្ហាញជាសាធារណៈថាទីតាំងណាខ្លះត្រូវបានបិទ អ្នកណាជាម្ចាស់ និងអ្នកណាត្រូវបានចោទប្រកាន់ តាមដានលំហូរប្រាក់ និងទ្រព្យសម្បត្តិដែលទាក់ទងនឹងបទល្មើស ហើយសំខាន់បំផុត គឺត្រូវអនុវត្តច្បាប់ដល់អ្នកមានអំណាច ឬអ្នកមានទំនាក់ទំនងនយោបាយដោយគ្មានការលើកលែង។ លោកថា ប្រសិនបើកម្ពុជាបិទតែអគារ ប៉ុន្តែបណ្ដាញមនុស្ស និងហិរញ្ញវត្ថុនៅដដែល វានឹងបង្កការសង្ស័យថា អាជីវកម្មនេះអាចគ្រាន់តែផ្លាស់ប្ដូរទីតាំង ឈ្មោះក្រុមហ៊ុន ឬបែរទៅធ្វើប្រតិបត្តិការតូចៗដែលពិបាករកឃើញជាងមុន។
ទាក់ទងទៅនឹងបទល្មើសឆបោកអនឡាញនេះ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចេញផ្សាយរបាយការណ៍របស់ខ្លួន កាលពីខែមិថុនា ដោយអះអាងថា ការបង្ក្រាបបទល្មើសឆបោកអនឡាញនៅកម្ពុជាបានបរាជ័យ និងខ្វះតម្លាភាពនៃនិតីវិធីចុះបង្ក្រាប ដោយសារទីតាំងដែលអាជ្ញាធរកម្ពុជាចុះបង្ក្រាបមានចំនួនតិចតួច បើធៀបនឹងទីតាំងធ្វើប្រតិបត្តិការជាក់ស្តែង និងថា អាជ្ញាធរក៏មិនបានខ្វល់ខ្វាយពីកិច្ចការពារជនរងគ្រោះ និងការជួញដូរមនុស្សឡើយ។
Amnesty International បន្ថែមថា អាជ្ញាធរកម្ពុជាមិនបានបង្ហាញព័ត៌មានលម្អិតអ្វីឡើយទាក់ទងទៅនឹងការស៊ើបអង្កេតទីតាំងបទល្មើស ខណៈមនុស្សរាប់ពាន់នាក់ដែលរត់គេចខ្លួនពីការបង្ក្រាបកំពុងប្រឈមនឹងបញ្ហាសុខភាព គ្មានប្រាក់កាក់ គ្មានកន្លែងស្នាក់នៅត្រឹមត្រូវ និងខ្លះបានបាត់លិខិតឆ្លងដែន៕









