អាជ្ញាធរ​កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ចិន​ម្នាក់​តវ៉ា​រឿង​លុយ​ជាប់​គាំង​នៅ​ហួយ​វ័ន ផេ ទៅ​ប្រទេស​ចិន​វិញ​

0
103
អតិថិជន​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ហួយវ័ន ដែល​ជា​ជនជាតិ​ចិន​លោក ខឺ ស៊ាវវ៉េ (Ke Xiaowei) នៅពេល​លើក​បដា​តវ៉ា​នៅ​មុខ​ធនាគារ​ជាតិ កាល​ពី​ថ្ងៃទី១៣ កក្កដា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អតិថិជន​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ហួយវ័ន ដែល​ជា​ជនជាតិ​ចិន​លោក ខឺ ស៊ាវវ៉េ (Ke Xiaowei) នៅពេល​លើក​បដា​តវ៉ា​នៅ​មុខ​ធនាគារ​ជាតិ កាល​ពី​ថ្ងៃទី១៣ កក្កដា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អាជ្ញាធរ​កម្ពុជា​បាន​ចាប់​បញ្ជូន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ខឺ ស៊ាវវ៉េ (Ke Xiaowei) ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ នៅ​រសៀល​ថ្ងៃទី​១៦ ខែ​កក្កដា បន្ទាប់ពី​អាជ្ញាធរ​បាន​ចាប់ខ្លួន​លោក​ថ្មីៗ​នេះ ដោយសារ​ការ​ចេញ​តវ៉ា​ទាម​ទារ​លុយ​របស់​ខ្លួន ដែល​ជាប់​គាំ​​ង​នៅ​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់ជន​រងគ្រោះ ហួយ​វ័ន ផេ ជា​ជន​ជាត​ចិន​ដូចគ្នា​ប្រាប់​មក​ទូរទស្សន៍​អាស៊ីសេរី។

ជនរងគ្រោះ​ដដែល​នេះ​បាន​សរសេរ​សារ​ជា​សំណេរ​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​ថា លោក ខឺ ស៊ាវវ៉េ (Ke Xiaowei) និង​ប្រពន្ធ​របស់​គាត់​បាន​បង្ខំ​ចិត្ត​ចាក​ចេញពី​កម្ពុជា​ទាំង​មិនទាន់​ទទួល​បាន​យុត្តិធម៌ និង​លុយ​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​ត្រឡប់មកវិញ​។ ជនរងគ្រោះ​ដដែល​សង្ស័យ​ថា ការ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នេះ អាជ្ញាធរ​កម្ពុជា​អាច​ដាក់​បម្រាម លោក ខឺ ស៊ាវវ៉េ មិន​ឱ្យ​វិលត្រឡប់​ចូល​កម្ពុជា​វិញ​ទេ។

ទោះជា​យ៉ាងណា ជនរងគ្រោះ​ហួយវ័ន ផេ រូប​នេះ​បញ្ជាក់​ថា កូនប្រុស​របស់​លោក ខឺ ស៊ាវវ៉េ កំពុង​មាន​វត្ត​មាននៅ​កម្ពុជា​នៅឡើយ ហើយ​គាត់​នៅតែ​មាន​ស្មារតី​រឹងមាំ មិន​ខ្លាច​ការ​សម្លុត​គំរាមកំហែង​ក្នុង​ការ​ចូលរួម​តវ៉ា​ជាមួយ​ជនរងគ្រោះ​ជនជាតិ​ចិន និង​ខ្មែរ​ផ្សេងទៀត ដើម្បី​ការពារ​សិទ្ធិ និង​ទាម​ទារ​លុយ​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​ត្រឡប់​មកវិញ​ឡើយ។

លោក ខឺ ស៊ាវវ៉េ (Ke Xiaowei) ធ្លាប់​អះអាង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ បាន​បង្កក​យក​លុយ​របស់​លោក​ប្រមាណ ៣០​ម៉ឺន​ដុល្លារ​។ លោក​អះអាង​ទៀត​ថា លុយ​ទាំងនេះ​គឺជា​ដើមទុន និង​បាន​មក​ពី​ការ​ប្រកប​របរ​រកស៊ី​បើក​ភោជនីយដ្ឋាន​នៅ​កម្ពុជា។

លោក ខឺ ស៊ាវវ៉េ (Ke Xiaowei) ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រុងភ្នំពេញ​ស្ទាក់​ចាប់​ខ្លួន​នៅ​ត្រង់​ចំណុច​បណ្ដោយ​ផ្លូវ​ហាណូយ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ចូល​រូ​ម​ធ្វើបាតុកម្ម​តវ៉ា​ទាម​ទារ​លុយ​នៅ​ខាងមុខ​ធនាគារជាតិ​កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា។ ក្រុម​ជនរងគ្រោះ​បញ្ជាក់​ថា អ្នកបញ្ជា​ឱ្យ​ចាប់ខ្លួន​នេះ គឺជា​ក្មួយបង្កើត​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ សុមនា ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​១៦ ខែកក្កដា​។​

ក្រុមហ៊ុន ហួយវ័ន ផេ ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) មានកម្ម​វិធី​ទូទាត់​លុយ​តាម​អនឡាញ​ដែល​ក្មួយបង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ជា​សហប្រធាន​មួយ​រូប។

ក្រុមហ៊ុន​នេះ​បាន​ប្រកាស​បង្កក​លុយ​អតិថិជន​ដែល​មាន​ក្នុង​គណនី​កាលពី​ចុងឆ្នាំ​២០២៥ ពោល​បន្ទាប់ពី សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​នេះ​។ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​រកឃើញ​ថា ក្រុមហ៊ុន ហួយវ័ន គ្រុប បាន​លាងលុយកខ្វក់​ឱ្យ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​កូរ៉េខាងជើង និង​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​អាមេរិក។

ជនរងគ្រោះ​ភាគច្រើន​ជា​ជន​ជាតិចិន និង​ខ្មែរ លើកឡើង​ថា លុយ​របស់​ពួកគាត់​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក​មិនមែន​ជា​លុយកខ្វក់ ឬ​បាន​មក​ពី​អំពើ​ឧក្រិដ្ឋកម្ម​ឡើយ​។ ក្រុម​ជនរងគ្រោះ​ប្ដេជ្ញាចិត្ត​ថា ពួកគាត់​នឹង​មិន​បោះបង់​ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ឡើយ ដរាបណា​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចេញមុខ​ដោះស្រាយ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន លោក ហ៊ុន តូ សង​លុយ​កម្លាំង​ញើស​ឈាម​ពួកគាត់​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ