

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានប្រតិកម្មចំពោះកាសែតអន្តរជាតិដែលលាតត្រដាងពីអំពើឧក្រិដ្ឋកម្ម និងហៅកម្ពុជាថា ជានិមិត្តរូបនៃអំពើឆបោកតាមអនឡាញ ឬស្កេមបូឌា (Scambodia)។ ទោះជាយ៉ាងណា មេដឹកនាំនៃក្រុមគ្រួសារត្រកូល ហ៊ុន ធ្លាប់ទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញកំពុងកើតមាននៅកម្ពុជាដែលបានបំផ្លាញសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិនៅលើឆាកអន្តរជាតិ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានបញ្ចេញប្រតិកម្មខ្លាំងៗ បន្ទាប់ពីសារព័ត៌មានអន្តរជាតិ ឌឹវ៉ល់ ស្ទ្រីត ជឺណល (The Wall Street Journal) បានផ្សព្វផ្សាយអត្ថបទរបស់ខ្លួនដែលលាតត្រដាងអំពើឧក្រិដ្ឋកម្ម និងហៅកម្ពុជាថា ស្កេមបូឌា (Scambodia) ឬកម្ពុជាជានិមិត្តរូបនៃអំពើឆបោកតាមអនឡាញ។
លោក ទេព អស្នារិទ្ធ ចាត់ទុកការផ្សព្វផ្សាយរបស់កាសែតអន្តរជាតិដែលភ្ជាប់កម្ពុជាថា ជាប្រទេសឧក្រិដ្ឋកម្មនេះថា ជាការរើសអើង និងបំផ្លាញកិត្តិយសកម្ពុជាលើឆាកអន្តរជាតិ។ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះរិះគន់កាសែត ឌឹ វ៉ល់ ស្ទ្រីត ជឺណលថា គ្មានវិជ្ជាជីវៈ និងទាមទារឱ្យកែសម្រួលអត្ថបទរបស់ខ្លួន។
ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងព័ត៌មានបែបនេះកើតឡើងបន្ទាប់ពីកាសែត ឌឹ វ៉ល់ ស្ទ្រីត ជឺណល (The Wall Street Journal) របស់អាមេរិកកាលពីថ្ងៃទី១៩ ខែមេសា បានចុះផ្សាយអត្ថបទស៊ើបអង្កេតមួយដែលលាតត្រដាងថា កម្ពុជាកំពុងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ប្រតិបត្តិការអំពើឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ បណ្ដាញឧក្រិដ្ឋជនអន្តរជាតិបានចូលមកបង្កើតមូលដ្ឋានប្រតិបត្តិការនៅកម្ពុជាពួកគេសុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំ និងអ្នកនយោបាយ ដើម្បីរៀបចំជាក្រុមហ៊ុន ឬមជ្ឈមណ្ឌលដែលមានអគារបិទជិតសម្រាប់ដំណើរការឆបោកជនរងគ្រោះនៅក្រៅប្រទេស។ ប្រភពដដែលក៏បានលើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្មដោយបង្ខំ ការជួញដូរមនុស្ស និងសកម្មភាពខុសច្បាប់ផ្សេងៗដែលពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា។
ជាមួយគ្នានេះ កាសែត ឌឹ វ៉ល់ ស្ទ្រីត ជឺណល លើកឡើងថា គ្មានអ្វីចម្លែកនោះទេ ដែលពិភពលោកស្គាល់ថា កម្ពុជា គឺជា ស្កេមបូឌា (Scambodia) ឬកម្ពុជាជានិមិត្តរូបនៃអំពើឆបោកតាមអនឡាញព្រោះបណ្ដាញឧក្រិដ្ឋជនបានឃុបឃិតប្រព្រឹត្តអំពើពុករលួយជាមួយមន្ត្រីអាជ្ញាធរ ដើម្បីបង្ខាំងបុគ្គលិកឱ្យក្លាយជាជនរងគ្រោះទាសករតាមអនឡាញបង្ខំឱ្យលួចលុយពិភពលោករាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា កាសែត ឌឹ វ៉ល់ ស្ទ្រីត ជឺណល បានលាតដាងពីការពិត និងស្របតាមវិជ្ជាជីវៈក្នុងការស៊ើបអង្កេតបង្ហាញពីទិដ្ឋភាពជាក់ស្ដែងនៅកម្ពុជា ដែលពោរពេញដោយអំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ អ្នកស្រីយល់ថា ការបន្តចេញមុខបដិសេធរបស់មន្ត្រីគ្រាក់ៗ គឺដើម្បីបិទបាំងមេខ្លោងធំៗដែលបន្តសំងំធ្វើសកម្មភាពឧក្រិដ្ឋកម្មនេះ។
រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ចាប់ផ្ដើមទទួលស្គាល់ចំពោះការរីករាលដាលនៃអំពើឆបោកតាមអនឡាញនៅកម្ពុជា រហូតបង្កើតច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ និងបើកយុទ្ធនាការបង្ក្រាបចាប់តាំងពីដើមឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ បណ្ដាញឧក្រិដ្ឋជននៅតែបន្តសកម្មភាពឆបោកតាមអនឡាញនៅកម្ពុជា ហើយពួកគេក៏កំពុងអភិវឌ្ឍអគារមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតាមព្រំដែនកាន់តែខ្លាំង ដើម្បីបង្ខាំង និងប្រមូលផ្ដុំឱ្យជនរងគ្រោះបន្តធ្វើការបោកប្រាស់ បន្ទាប់ពីសមត្ថកិច្ចចុះបង្ក្រាបបណ្ដាលឱ្យបែកសម្បុកឧក្រិដ្ឋកម្មនៅតាមទីតាំងអគារអនឡាញនានានៃប្រទេសកម្ពុជា។
ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានបង្ក្រាប និងបិទទីតាំងអគារឆបោកតាមអនឡាញជាង ២រយករណី។ ក្នុងនោះមានជនសង្ស័យចម្រុះជាតិសាសន៍ជាង ១ពាន់នាក់ ត្រូវបានបញ្ជូនទៅតុលាការ។ ក្នុងរយៈពេលដូចគ្នានេះ អាជ្ញាធរកម្ពុជាក៏បានបណ្តេញជនបរទេសពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញជាង ១៣ម៉ឺននាក់ចេញពីកម្ពុជា ខណៈមានជនបរទេសជាង ២៤ម៉ឺននាក់ផ្សេងទៀតបានចាកចេញពីកម្ពុជាដោយខ្លួនឯង៕









