CCIM រក​ឃើញ​ថា អ្នកសារព័ត៌មាន​កម្ពុជា​នៅតែ​ភ័យខ្លាច​ការ​ជាប់​ពន្ធនាគារ ខណៈ​សេរីភាព​សារព័ត៌មាន​បន្ត​ធ្លាក់ចុះ​នៅ​ឆ្នាំ​២០២៥

0
118
ទិដ្ឋភាព​​អ្នកកាសែត​កម្ពុជា​ចុះ​យក​ព័ត៌មាន​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​ក្រោយ​​ការ​ឈ្លានពាន​របស់​ថៃ ដែល​ក្រសួង​ព័ត៌មាន​រៀបចំ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​នេត្រ ភក្ត្រា
ទិដ្ឋភាព​​អ្នកកាសែត​កម្ពុជា​ចុះ​យក​ព័ត៌មាន​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​ក្រោយ​​ការ​ឈ្លានពាន​របស់​ថៃ ដែល​ក្រសួង​ព័ត៌មាន​រៀបចំ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​នេត្រ ភក្ត្រា

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) រកឃើញ​ថា សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា បាន​បន្ត​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​២០២៥ ដោយ​អ្នកសារព័ត៌មាន​ជាច្រើន​នៅតែ​បារម្ភ​អំពី​ការ​ប្រឈម​មុខ​នឹង​ចំណាត់ការ​ផ្លូវច្បាប់ និង​ការ​ជាប់​ពន្ធនាគារ​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​CCIM ដែល​ចេញផ្សាយ​នៅ​ចុងខែ​ឧសភា។

របាយការណ៍​ស្ដីពី​បញ្ហា​ប្រឈម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​រកឃើញ​ថា ៦៩% នៃ​អ្នកសារព័ត៌មាន​ចំនួន ១០៩ នាក់​ដែល​ត្រូវ​បាន​ស្ទង់​មតិ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​ផ្លូវច្បាប់ រួម​ទាំង​ការ​ចាប់ខ្លួន និង​ការ​ជាប់​ពន្ធនាគារ​។ ចំណែក ៣៩% បាន​និយាយ​ថា ពួកគេ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពេល​បំពេញការងារ។

CCIM បាន​គូសបញ្ជាក់​ថា អ្នកសារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា នៅតែ​ធ្វើការ​ក្នុង​បរិយាកាស​ដែល​ពោរពេញ​ដោយ​សម្ពាធ និង​ការ​គំរាមកំហែង ជាពិសេស​នៅពេល​រាយការណ៍​លើ​ប្រធានបទ​រសើប ដូចជា​អំពើពុករលួយ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការគ្រប់គ្រង​ធនធានធម្មជាតិ។

របាយការណ៍​ដដែល​ក៏បាន​លើកឡើង​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​អ្នកសារព័ត៌មាន​ផង​ដែរ​។ ប្រមាណ ៣០% នៃ​អ្នកចូលរួម​ស្ទង់​មតិ បាន​អះអាង​ថា ពួកគេ​ត្រូវ​ប្រើ​ថ្នាំ ឬ​ស្វែងរក​សេវា​ប្រឹក្សា​ផ្លូវចិត្ត​ជាប្រចាំ ដើម្បី​ដោះស្រាយ​បញ្ហា​សំពាធ​ផ្លូវចិត្ត ឬ​ស្ត្រេស​ដែល​កើតឡើង​ពី​ការងារ។

បន្ថែម​ពី​នេះ អ្នកសារព័ត៌មាន​មួយចំនួន​បាន​រាយការណ៍​ថា ពួកគេ​ធ្លាប់​ជួបប្រទះ​ការ​បៀតបៀន​ផ្លូវភេទ ខណៈ​ស្ថាប័ន​សារព័ត៌មាន​មួយចំនួន​នៅ​មិន​ទាន់​មាន​យន្តការ​គាំទ្រ ឬ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​គ្រប់គ្រាន់​នៅឡើយ។

CCIM បាន​រកឃើញ​ថា វិស័យ​សារព័ត៌មាន​កម្ពុជា​នៅតែ​ប្រឈម​នឹង​បញ្ហា​សមភាព​យេនឌ័រ កង្វះ​យន្តការ​គាំទ្រ​វិជ្ជាជីវៈ និង​ការ​សម្រប​ខ្លួន​ទៅ​នឹង​បច្ចេកវិទ្យា​ថ្មីៗ រួម​ទាំង​បញ្ញា​សិប្បនិម្មិត ដែល​កំពុង​ផ្លាស់ប្ដូរ​របៀប​ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន។

ជុំវិញ​បញ្ហា​នេះ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា បាន​លើកឡើង​ថា របាយការណ៍​ស្ដីពី​ការ​ប្រឈម​របស់​អ្នកសារព័ត៌មាន​ឯករាជ្យ​គឺ ចេញ​ជា​រៀងរាល់​ឆ្នាំ ហើយ​នៅក្នុង​របាយការណ៍​ចុងក្រោយ​នេះ រកឃើញ​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន នៅតែ​មាន​បញ្ហា​ស្មុគស្មាញ។

អ្នកស្រី ឆន សុគន្ធា បាន​ឲ្យ​ដឹង​ទៀត​ថា បញ្ហា​ធំ របស់​អ្នកសារព័ត៌មាន​ឯករាជ្យ គឺ​ពាក់ព័ន្ធ​នឹង​រឿង​សុវត្ថិភាព​នៅ​ពេល​ដែល​រាយការណ៍​ពី​ព័ត៌មាន រសើបៗ គឺ​តែងតែ​រង​នូវ​ការ​គំរាមកំហែង ឬក៏​អាច​ចាប់​ដាក់​ពន្ធនាគារ។

អ្នកស្រី ឆន សុគន្ធា៖ «​អីចឹង​ខ្ញុំ​សង្ឃឹមថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ពិនិត្យ ហើយនឹង​បើកឱកាស​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ រួម​ទាំង​សារព័ត៌មាន ពលរដ្ឋ ដើម្បី​ឲ្យ​គាត់​មានឱកាស​នៅក្នុង​ការ​រាយការណ៍​បញ្ហា​ជាពិសេស​គឺ​បញ្ហា​ការបោះឆ្នោត​នៅពេល​ខាងមុខ​ហ្នឹង​ដោយសារ​ពួកគាត់​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការ​ជួយ រួម​ទាំង​គណបក្ស​នយោបាយ ក៏ដូចជា​ជួយ​ទៅដល់​ពលរដ្ឋ ក៏ដូចជា​រដ្ឋាភិបាល​ផង​ដែរ ដើម្បី​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​មាន​ឱកាស ចូលរួម​នៅក្នុង​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌»។

ការ​រក​ឃើញ​នេះ​ស្របគ្នា​នឹង​ការវាយតម្លៃ​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​បាន​លើកឡើង​ថា អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​នៅតែ​ជួប​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ ជាពិសេស​អ្នក​ដែល​រាយការណ៍​អំពី​បញ្ហា​បរិស្ថាន និង​ធនធានធម្មជាតិ។

ផ្ទុយ​ពី​ការ​រកឃើញ​របស់​អង្គការ​ក្នុងស្រុក និង​អន្តរជាតិ​ដែល​ធ្វើការ​លើ​ការ​ការពារ​អ្នកកាសែត​នេះ កាលពី​ថ្ងៃទី​២៩ ខែឧសភា ក្រសួង​ព័ត៌មាន បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​អះអាង​ថា ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៦ នៅតែ​មាន​ភាព​ល្អ​ប្រសើរ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថា ទោះបី​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ក៏ដោយ ប៉ុន្តែ​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ជាច្រើន។

ទោះជា​យ៉ាងណា សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA) បាន​កត់ត្រា​ករណី​រំលោភសិទ្ធិ និង​ការ​យាយី​លើ​អ្នកសារព័ត៌មាន​ចំនួន ៦១ ករណី ក្នុង​ឆ្នាំ​២០២៥ ដែល​ប៉ះពាល់​ដល់​អ្នកសារព័ត៌មាន ៥៧ នាក់។

របាយការណ៍​របស់ CamboJA បង្ហាញថា ៤៥ ករណី ឬ​ស្មើនឹង ៧៤% នៃ​ករណី​សរុប គឺ​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​ផ្លូវច្បាប់​។ តួលេខ​នេះ​បាន​កើនឡើង ៦១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២៤ ដែល​មាន​ត្រឹម ២៨ ករណី​ប៉ុណ្ណោះ។

ទិន្នន័យ​ទាំងនេះ​បង្ហាញថា បើ​ទោះបី​មានការ​អះអាង​ពី​ភាព​ប្រសើរឡើង​នៃ​សេរីភាព​សារព័ត៌មាន​ក៏ដោយ ក្តី​បារម្ភ​អំពី​សុវត្ថិភាព និង​ហានិភ័យ​ផ្លូវច្បាប់​នៅតែ​ជា​បញ្ហា​ចម្បង​សម្រាប់​អ្នកសារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ