ពលរដ្ឋ សកម្មជន និង​អ្នកឃ្លាំមើល​ថា ការសម្រេច​​ផ្ដន្ទាទោស​លោក រ៉ុង ឈុន មាន​ភាព​អយុត្តិធម៌

0
11
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) ឈររង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) ឈររង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ សកម្មជន និង​អ្នកឃ្លាំមើល​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​សាលដីកា​តុលាការ​កំពូល​ដែល​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ថា មាន​ភាព​អយុត្តិធម៌ និង​មិន​បាន​ការពារ​សិទ្ធ​ដល់​ពលរដ្ឋ​ឡើយ។ អ្នកឃ្លាំមើល​ថា ការ​ដកហូត​សិទ្ធិ​នយោបាយ​លោក រ៉ុង ឈុន ស្តែង​ពី​ភាព​កំសាក​នៃ​បក្ស​កាន់​អំណាច​ក្នុង​ការ​ប្រកួតប្រជែង​នយោបាយ​ដោយ​ស្មើភាព និង​យុត្តិធម៌។

ពលរដ្ឋ សកម្មជន និង​អ្នកឃ្លាំមើល​លើកឡើង​ថា ពួកគេ​គ្មាន​ជំនឿ​ចិត្ត​លើ​តុលាការ​របប​ក្រុងភ្នំពេញ​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ជូន​លោក រ៉ុង ឈុន និង​ពលរដ្ឋ​មាន​មតិ​ផ្ទុយ​ឡើយ​ដោយសារ​តុលាការ​តែង​ធ្វើតាម​បញ្ជា​របស់​បក្ស​កាន់អំណាច។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World ) លោកស្រី ម៉ម សុវឌ្ឍិន ថ្លែង​ថា លោកស្រី​មិន​ពេញចិត្ត​ឡើយ​ចំពោះ​ការសម្រេច​របស់​តុលាការ​កំពូល​លើ​លោក រ៉ុង ឈុន។ លោកស្រី​យល់​ថា ការសម្រេច​របស់​តុលាការ​បែបនេះ គឺ​ហាក់បីដូច​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អ្នក​មាន​អំណាច ដោយ​គាប​សង្កត់​ដល់​ពលរដ្ឋ​ស្លូតត្រង់ មិន​ឲ្យ​បញ្ចេញមតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ លោកស្រី​ថា លោក រ៉ុង ឈុន គឺជា​អ្នកនយោបាយ​ស្លូតត្រង់ និង​លះបង់ ដើម្បី​ប្រទេសជាតិ​ជាច្រើន ហើយ​លោក​គួរ​ត្រូវ​បាន​ការពារ និង​ឲ្យ​តម្លៃ​មិនមែន​ផ្ដន្ទាទោស​នោះ​ទេ។

លោកស្រី ម៉ម សុវឌ្ឍិន៖ «​បង​មើលឃើញ​ថា មិនអាច​ទទួល​យក​បាន​ទេ​។ លោក រ៉ុង ឈុន អត់​មានទោស​ទេ ប៉ុន្តែ​កាត់ក្តី​ឲ្យ​គាត់​មានទោស​។ កន្លងមក​សកម្មជន អត់​ដែល​រួចខ្លួន​ទេ សកម្មជន​ដែល​លះបង់ ដើម្បី​ជាតិ​ពិតប្រាកដ​ហ្នឹង តែងតែ​ត្រូវ​បាន​ចោទ​ប​ប្រកាន់ លាប​ពណ៌​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ សូម្បីតែ​ភស្តុតាង​អី​ក៏​មិន​មាន​គ្រប់គ្រាន់​ទៅ​ទៀត​។ អង្គហេតុ​វា​មិន​ស៊ីមេទ្រី​គ្នា​ទៀត ប៉ុន្តែ​នៅតែ​អាច​អឺ​យក​ពួកគាត់​ដាក់គុក ដើម្បី​បំបិទ​សំឡេង​ពួកគាត់។ តុលាការ​រាល់ថ្ងៃ​ហ្នឹង​អត់​មាន​យុត្តិធម៌​ទេ»។

ពលរដ្ឋ​មួយ​រូប​ទៀត គឺ​លោក យ៉ាន សុឃឿន ដែល​បច្ចុប្បន្ន​កំពុង​ភៀសខ្លួន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ លើកឡើង​ថា តុលាការ​មាន​ភាព​លំអៀង​ទៅលើ​បក្ស​កាន់អំណាច និង​ចូលរួម​ជា​ប្រព័ន្ធ​ក្នុង​ការ​គំរាមកំហែង​លើ​ប្រជាពលរដ្ឋ ដែល​ហ៊ាន​ប្រើប្រាស់​សិទ្ធ​បញ្ចេញមតិ​។ អតីត​សកម្មជន​បក្សប្រឆាំង​រស់​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ដែល​ធ្លាប់​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ក្រុមប្រឹក្សាធម្មនុញ្ញ លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត និង​ដកសិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​រូប​នេះ យល់ថា ការ​កាត់ទោស​លោក រ៉ុង ឈុន នេះ គឺជា​ការ​គំរាម​ដល់​ពលរដ្ឋ​មិន​ឲ្យ​ក្រោកឈរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ តុលាការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ មន្ត្រី​បក្ស ប្រឆាំង ឬ​អ្នកមាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល។

លោក យ៉ាន សុឃឿន៖ «​យើង​ហ្នឹង​គិតថា តុលាការ​ហ្នឹង​គឺជា​តុលាការ​អាយ៉ង​របស់ រដ្ឋាភិបាល​ដែល​គេ​បញ្ជា​។ អឺ​កាលដែល​ចេញ​សាលក្រម ចំពោះ​លោកគ្រូ រ៉ុង ឈុន នេះ​គឺ​ដូចជា​ការ​គំរាមកំហែង​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​មិន​ឲ្យ​អឺ​បញ្ចេញមតិ មិន​ឲ្យ​អឺ​ធ្វើ​សកម្មភាព​អ្វី​ដែល​អឺ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។ ដល់ពេល​អញ្ចឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​អឺ​ភាព​ភ័យខ្លាច​ដែល​គាត់​អត់​បាន​ចេះដឹង​អឺ​ផ្នែក​ច្បាប់ ឬក៏​អត់​មាន​អឺ​គំនិត​ទូលំទូលាយ»។

ប្រតិកម្ម​នេះ គឺ​ក្រោយ​ពេល​ដែល​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ត្រូវ​បាន​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៩ ខែមិថុនា ប្រកាស​បន្ធូរ​បន្ថយទោស​ខ្លះ និង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​លើ​លោក រ៉ុង ឈុន ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល រួម​នឹង​ការ​ដកហូត​សិទ្ធិ មិន​ឱ្យ​ថ្លែង​សារ​នយោបាយ និង​ការ​ផ្លាស់​ទីលំនៅ​ក្រៅ​រាជធានី​ភ្នំពេញ​។ លោក រ៉ុង ឈុន ចាត់ទុក​ការសម្រេច​នេះ​ថា​អយុត្តិធម៌ និង​រារាំង​លោក​មិន​ឱ្យធ្វើ​នយោបាយ។

ចំណែក​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី លើកឡើង​នៅ​លើ​បណ្តា​ញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា ការ​ធ្វើទុក្ខបុកម្នេញ​តាមផ្លូវ​ច្បាប់​លើ​លោក រ៉ុង ឈុន ដោយសារ​លោក​រិះគន់​រឿង​ព្រំដែន និង​ការ​តស៊ូ​មតិ ដើម្បី​សិទ្ធិ​កម្មករ មិន​ត្រឹមតែ​ជា​ទង្វើ​អយុត្តិធម៌​ដ៏​ធ្ងន់ធ្ងរ​ដល់​សកម្មជន​សិទ្ធិមនុស្ស និង​សហជីព​ប៉ុណ្ណោះ​ទេវា​ថែមទាំង​បំផ្លាញ​ចោល​ទាំងស្រុង​នូវ​មុខមាត់​ប្រទេស​នៅ​លើ​ឆាក​អន្តរជាតិ និង​រុញច្រាន​កម្ពុជា​ឱ្យ​កាន់តែ​ធ្លាក់​ដុនដាប​ទៅ​ក្នុង​របប​ផ្តាច់ការ​ឯក​បក្ស។

លោក​មើលឃើញ​ថា នេះ​ជា​ល្បិចកល​របស់​រដ្ឋាភិបាល ក្នុង​ការ​រារាំង​មិន​ឱ្យ​លោក រ៉ុង ឈុន ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ ២០២៧ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០២៨ ខាងមុខនេះ​។ លោក​ថា រដ្ឋាភិបាល​បង្ហាញ​ពី​ភាព​ទន់ជ្រាយ​និង​ភាព​មិន​ហ៊ាន​ប្រឈមមុខ​តទល់​ដោយ​ស្មើភាព​នៅ​លើ​សមរភូមិ​ឆ្នោត​បែប​ប្រជាធិបតេយ្យ ដែល​វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​សេរី និង​យុត្តិធម៌​ប៉ុណ្ណោះ​ទេ​ថែមទាំង​ស្តែង​ឱ្យ​ឃើញ​ថា របប​ភ្នំពេញ​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ការ​បង្ក្រាប និង​ខ្វះ​ភាព​ស្របច្បាប់​ពី​ពលរដ្ឋ​ពិតប្រាកដ។

ក្នុង​អំឡុង​តុលាការ​កំពូល​បើក​សវនាការ និង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​លោក រ៉ុង ឈុន មាន​អ្នកគាំទ្រ​លោក​ជាច្រើន​រយ​នាក់​បាន​ទៅ​ជួបជុំ​នៅ​ខាងមុខ​តុលាការ​កំពូល បើ​ទោះ​ជា​មានការ​ព្យាយាម​រារាំង​ពី​សមត្ថកិច្ច​រដ្ឋាភិបាល​ក៏ដោយ។ អ្នកគាំទ្រ​ទាំងអស់​នោះ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ និង​អនុញ្ញាត​ឱ្យ​លោក​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​នយោបាយ​។ ទោះជា​យ៉ាងណា ការសម្រេច​របស់​តុលាការ​បាន​ធ្វើ​ឱ្យ​ម្នាក់ៗ​ខកចិត្ត។

ជុំវិញ​រឿង​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ជ​រុញ​ឱ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត បើក​លំហ​នយោបាយ​ឡើងវិញ និង​អនុញ្ញាត​ឱ្យ​អង្គការ​សង្គម​ស៊ីវិល អាច​អនុវត្ត​ការងារ​បាន​ដោយ​សេរី នៅមុន​ការបោះឆ្នោត​ខាងមុខនេះ។

នាយករង​ទទួលបន្ទុក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​អ្នកស្រី ប្រីយ៉ូនី ឡៅ (Bryony Lau) ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការប្រើប្រាស់​តុលាការ ដើម្បី​បំបិទ​សំឡេង​គណបក្យ​ប្រឆាំង។ អ្នកស្រី Bryony Lau បន្ថែម​ថា ការ​កាត់ទោស លោក រ៉ុង ឈុន នេះ គឺ​តុលាការ​កម្ពុជា បាន​បង្ហាញ​ពី​កង្វះ​ឯករាជភាព​របស់​ខ្លួន​ពី​គណបក្សកាន់អំណាច តាមរយៈ​ការ​តម្កល់​សាលដីកា​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ពី​បទ​ញុះញង់ និង​ការ​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន គឺជា​អ្នកនយោបាយ ជា​អ្នកការពារ​សិទ្ធិ​កម្មករ​-​សហជីព និង ជា​គ្រូបង្រៀន​ឯករាជ្យ​ម្នាក់ ដែល​បាន​តស៊ូ ដើម្បី​យុត្តិធម៌​សង្គម សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាង​ពាក់កណ្ដាល​ជីវិត​មក​ហើយ​។ លោក​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន ៣​លើក រួច​មក​ហើយ និង​មានរឿង​ក្ដីក្ដាំ ជាច្រើន​នៅក្នុង​តុលាការ ប៉ុន្តែ លោក​នៅតែ​មាន​ឆន្ទៈ​រឹងមាំ មិន​បោះបង់​មនសិការ ដូរ​យក​ទ្រព្យសម្បត្តិ និង មុខតំណែង​ធំៗ ក្នុង​ជួរ​រដ្ឋាភិបាល​នោះ​ទេ បើទោះជា​លោក​ធ្លាប់​ត្រូវ​បាន​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចេញពី​កូតា​បក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ​។ កន្លងទៅ​ទាំង អង្គការ​ជាតិ និង​អន្តរជាតិ បាន​ចាត់​ទុក​សំណុំរឿង លោក រ៉ុង ឈុន មិនមែន​ជា​ការអនុវត្ត​ច្បាប់​នោះ​ទេ ប៉ុន្តែ​គឺជា​រឿង​នយោបាយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ