តុលាការ​ផ្ដន្ទាទោស​អ្នកសារព័ត៌មាន​ម្នាក់ ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ បន្ទាប់​ពី​រាយការណ៍​រឿង​ទាហាន​ជួរមុខ​ខ្វះ​ទឹក​ប្រើប្រាស់

0
85
អ្នក​សារព័ត៌មាន​អនឡាញ នៃ​សារព័ត៌មាន​ស្រទាប់​យុវវ័យ និង​ជា​អតីត​កីឡាប្រដាល់ លោក លួត សុផល។ រូប៖ ហ្វេសប៊ុក
អ្នក​សារព័ត៌មាន​អនឡាញ នៃ​សារព័ត៌មាន​ស្រទាប់​យុវវ័យ និង​ជា​អតីត​កីឡាប្រដាល់ លោក លួត សុផល។ រូប៖ ហ្វេសប៊ុក

សាលាដំបូង​ខេត្តឧត្ដរមានជ័យ បាន​ផ្ដន្ទាទោស​អ្នកសារព័ត៌មាន​អន​ឡាញ​លោក លួត សុផល ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ បន្ទាប់ពី​រាយការណ៍​រឿង​ទាហាន​ជួរមុខ​ខ្វះ​ទឹក​ប្រើប្រាស់​។ ប្រពន្ធ​លោក លួត សុផល អះអាងថា មិន​ទទួលយក​បានទេ ពីព្រោះ ប្ដី​លោកស្រី ផ្សាយ​ការពិត និង តែងតែ​ជួយ​កងទ័ព​។ រីឯ​អ្នកឃ្លាំមើល​ថា លោក លួត សុផល គ្មាន​កំហុស​ទេ ហើយ​លោក​ធ្វើការ​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ ប៉ុណ្ណោះ។

ប្រពន្ធ​លោក លួត សុផល គឺ​លោកស្រី វឿន ឡាឡង់ ខកចិត្ត​ចំពោះ​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ដែល​បាន​កាត់ ទោស​ឱ្យ​ប្ដី​គាត់ ជាប់​ពន្ធនាគារ ២​ឆ្នាំ ទាំង​គ្មាន​កំហុស។ លោកស្រី​ថា លោកស្រី មិនអាច​ទទួល​យក​បាន​ទេ ពីព្រោះ ប្ដី​លោកស្រី និយាយ​ការពិត​អំពី​ស្ថានភាព កងទ័ព​ដែល​ត្រូវ​យកចិត្តទុកដាក់​ជួយ និង​ពុំ​មាន​បំណង​ញុះញង់ ដូច​តុលាការ ចោទ​ប្រកាន់​នោះ​ទេ។

លោកស្រី វឿន ឡាឡង់ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៥ ខែ​កក្កដា​នេះ ថា ក្រៅពី​និយាយ​តែ​ការពិត លោក លួត សុផល ជា​ប្ដី តែងតែ​ជួយ​យកអាសារ​ប្រជា ពលរដ្ឋ ដែល​ខ្វះ​លទ្ធភាព និង កងទ័ព ដោយ​មិន​យក​កម្រៃ ដូចជា ជួយ​ដឹកជញ្ជូន ពលរដ្ឋ ដែល​គ្មាន​មាន​មធ្យោបាយ​ធ្វើដំណើរ ចេញពី​តំបន់​គ្រាប់​ផ្លោង​របស់​កងទ័ព​ថៃ និង​ជួយ​ដឹកជញ្ជូន​សាកសព​របស់​ទាហាន​ជាដើម។ លោកស្រី ថា ការ​កាត់​ទោស​ប្ដី​លោកស្រី គឺជា​បំបាក់ស្មារតី​មនុស្ស ដែល​ធ្វើអំពើ​ល្អ​ជួយ​ពលរដ្ឋ ទូទៅ ដោយ​គ្មាន​ការរើសអើង។

លោកស្រី វឿន ឡាឡង់៖ «​ខ្ញុំ​ចង់​សំណូមពរ​ដល់​រាជរដ្ឋាភិបាល ឱ្យជួយ​ដោះលែង ប្ដី​ខ្ញុំ គាត់​អត់​បាន​ខុស​អី​ទេ ព្រោះ​គាត់​និយាយ​សុទ្ធតែ​ពាក្យពិត​ទាំងអស់ ហើយ គាត់​មិនដឹង​និយាយ​ពាក្យ​ហ្នឹង​ខុស គាត់​និយាយ​ត្រង់​។ ពួក​ខ្ញុំ​មិនបាន​ប្រកាន់ បក្ខពួក​អី​ទេ ពួក​ខ្ញុំ​ធ្វើការ​ដោយ​ស្មោះត្រង់ ព្រោះ​អី​តាំងពី​វគ្គ​ទី​១ មក​ម្ល៉េះ ដែល​ប្ដី​ខ្ញុំ ដឹក​ស្បៀង​ដឹក​ទឹក​ជូន​ទាហាន ហើយ​ដឹក​ប្រជាជន ដែល​គាត់​អត់​មានអី​ជិះ ដឹក​កម្មករ​ចេញពី​កាស៊ីណូ ដែល​គាត់​មិន​មានអី​ជិះ​ហ្នឹង ក៏​ពួក​ខ្ញុំ​ដឹក ហើយ​សូម្បី​វគ្គ ទី​២ ដែល​គេ​បាញ់​គ្នា​ខ្លាំង​ក៏​ពួក​ខ្ញុំ​ដឹក​ដែរ​។ ដឹក​ដោយ​គ្មាន​យក​លុយ​ទេ គឺ​ជួយ​យក អាសា​គាត់​តែម្ដង»។

អ្នកសារព័ត៌មាន​អនឡាញ និង​ជា​អតីត​កីឡាប្រដាល់ លោក លួត សុផល ត្រូវ​បាន អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ក្រោយពី​លោក បាន​ផ្សាយ​ព័ត៌មាន កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ អំពី​ការ​ខ្វះ​ទឹក​ប្រើប្រាស់​របស់​កងទ័ព​ខ្មែរ ក្នុង​ពេល​កម្ពុជា​បន្ត​មាន​ជម្លោះ ព្រំដែន​ជាមួយ​ថៃ​។ អ្នកសារព័ត៌មាន​អនឡាញ​រូប​នេះ ត្រូវ​បាន​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ កាត់ទោស​ឱ្យ​ជាប់ ពន្ធនាគារ ២​ឆ្នាំ ពី​បទ​«​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​» និង «​ញុះញង់ ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា។

ក្រៅពី​អ្នកសារព័ត៌មាន​លោក លួត សុផល ក៏​មាន​អ្នកសារព័ត៌មាន​អនឡាញ​ពីរ​រូប ទៀត គឺ​លោក ភាព ភារ៉ា និង លោក ផន សុភាព ត្រូវ​បាន​សមត្ថកិច្ច ចាប់ខ្លួន ដាច់ដោយឡែក​ពី​គ្នា​នៅក្នុង​ខែកក្កដា ឆ្នាំ​២០២៥ បន្ទាប់ពី​វិលត្រឡប់​ពី​រាយការណ៍​ព័ត៌មាន នៅ​ខេត្ត​ឧត្តរមានជ័យ​។ ពួកគាត់ ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប ផ្ដន្ទាទោស ឱ្យ​ជាប់​ពន្ធនាគារ​១៤ ឆ្នាំ ពី​បទ​«​ប្រគល់​ឲ្យ​រដ្ឋ បរទេស​នូវ​ព័ត៌មាន ជាអាទិ៍ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​» កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ជា​កម្រិត​ទោស​ខ្ពស់ ជិត​ដល់​កម្រិត​អតិបរមា នៃ​ទោស​សម្រាប់​បទល្មើស​នេះ គឺ​១៥​ឆ្នាំ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA) លោក ណុប វី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៥ ខែ​កក្កដា ថា អ្នកសារព័ត៌មាន​ទាំងនេះ គ្មាន​កំហុស​ទេ ពីព្រោះ​ពួកគាត់ ធ្វើការ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ប្រាប់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទូទៅ​។ លោក​លើកឡើង​ថា ចៅក្រម​គួរតែ​ពិចារណា អំពី​ស្មារតី រដ្ឋធម្មនុញ្ញ និង​ការប្រើប្រាស់​ច្បាប់​អន្តរជាតិ ដូចជា សេចក្ដីថ្លែងការណ៍​សក​ល ស្ដីពី​សិទ្ធិមនុស្ស និង កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ នយោបាយ ជាដើម ដើម្បី​ថ្លឹងថ្លែង​តម្កល់​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ផលប្រយោជន៍ សាធារណៈ​ជាធំ។

លោក ណុប វី បារម្ភ​ថា អ្នកសារព័ត៌មាន និង​ក្រុម​អ្នក​អត្ថាធិប្បាយ​លើ​បណ្ដាញ​សង្គម នឹង​ទទួល​រង​នូវ​ភាព​អយុត្តិធម៌ កាលណា​តុលាការ​បកស្រាយ ខ្លឹមសារ​ច្បាប់ ឱ្យ​មាន​លក្ខណៈ​ទូលំទូលាយ​ពេក ខណៈ​ច្បាប់​កម្ពុជា ក៏​នៅ​មាន​ចំណុច​ខ្វះចន្លោះ យក​ទៅ​ធ្វើជា​មូលដ្ឋាន​នៃ​ការចោទប្រកាន់​លើ​អ្នក​សារព័ត៌មាន និង​អ្នក​រិះគន់។

លោក ណុប វី៖ «ការ​ប្ដឹង​ផ្ដល់ ការចោទប្រកាន់ ការ​កាត់ទោស​នេះ វា​នឹង​ជះឥទ្ធិពល អវិជ្ជមាន វា​ធ្វើ​ឱ្យ​បាត់បង់​នូវ​អ្នក​ដែល​ដើរ​តួនាទី​ជា​អ្នកឃ្លាំមើល បញ្ហា​នៅក្នុង​សង្គម ជាពិសេស អ្នកសារព័ត៌មាន គឺ​ធ្វើ​ឲ្យ​ពួកគាត់​ភ័យខ្លាច​បាក់ស្បាត ហើយ​លែង​ហ៊ាន ធ្វើ​កិច្ចការ​ហ្នឹង​តែម្ដង ដែល​ផល​ជះ​ពី​ហ្នឹង គឺ​ធ្វើ​ឱ្យ​សាធារណជន​ហ្នឹង គឺ​មិន​ទទួល បាន​ព័ត៌មាន​ពិត ហើយ​បើ​សាធារណជន​មិន​ទទួល​បាន​ព័ត៌មាន​ពិត ក្នុង​យុគសម័យ​ឌីជីថល​នេះ គឺ​ស្រប​ពេល​ដែល AI ហើយ​ហ្នឹង​ការបង្កើត​ព័ត៌មាន បង្កើត​ព័ត៌មាន​មិន​ច្រើន​ផង គឺ​វា​ធ្វើ​ឱ្យ​មាន​ផល​អវិជ្ជមាន​ធ្ងន់ធ្ងរ​ទៅលើ​សង្គម»។

ខេមបូចា រាយការណ៍​ថា ចាប់តាំងពី​ខែ​មករា ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២៦ អ្នក​សារព័ត៌មាន ជិត​១០​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយសារ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន បញ្ហា​របស់​កងទ័ព និង​ការ​ឆបោក តាម​អនឡាញ។

អ្នកសារព័ត៌មាន​ខ្លះ ត្រូវ​បាន​ឃុំខ្លួន រយៈពេល​ខ្លី រួច​ក៏​ដោះលែង​វិញ ក្រោយ​ធ្វើ​វីដេអូ​សុំទោស​។ អ្នកសារព័ត៌មាន​ខ្លះ​ត្រូវ​អាជ្ញាធរ​រឹបអូស​យក​ឧបករណ៍ សម្រាប់​បំពេញ វិជ្ជាជីវៈ ខណៈ​អ្នក​សារព័ត៌មាន​ខ្លះ ត្រូវ​អាជ្ញាធរ​បង្ខំ​ឱ្យ​លុប​រូប​ថត ឬ​វីដេអូ​ចេញពី​ម៉ាស៊ីន​ថត ឬ​ទូរស័ព្ទ​ដៃ​ហើយ​ចុងក្រោយ ពួកគេ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំខ្លួន​ដោយ​ប្រើ​ក្រមព្រហ្មទណ្ឌ​តែម្តង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ