

សហរដ្ឋអាមេរិកបានចាត់វិធានការរឹតបន្តឹងទិដ្ឋាការ (Visa) លើបុគ្គលចំនួន ៣២នាក់ ដែលភាគច្រើនគឺជាបក្ខពួក និងមានទំនាក់ទំនងជាមួយក្រុមហ៊ុន ព្រីសន៍ គ្រុប (Prince Group) ដែលជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន (TCO) របស់មេខ្លោង ចេន ហ្ស៊ី។ អាមេរិកបញ្ជាក់ថា បុគ្គលទាំងនេះបានចូលរួមសកម្មភាពជាមួយមេខ្លោងឧក្រិដ្ឋជនឆ្លងដែនលោក ចេន ហ្ស៊ី ឆបោកលុយប្រជាជនអាមេរិកក្នុងមួយឆ្នាំៗរាប់ពាន់លានដុល្លារអាមេរិក តាមរយៈប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពពាក់ព័ន្ធ។
សហរដ្ឋអាមេរិកនៅតែបន្តប្រើប្រាស់គ្រប់មធ្យោបាយប្រឆាំងនឹងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន និងបក្ខពួកមេខ្លោងឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi)។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី២១ ខែកញ្ញា ឱ្យដឹងថា ក្នុងចំណោមបុគ្គល ៣២នាក់ភាគច្រើនជាសមាជិក និងមានទំនាក់ទំនងជាមួយក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន របស់មេខ្លោង ចេន ហ្ស៊ី ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋាភិបាលឪកូនគឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។
ក្រសួងការបរទេសសហរដ្ឋអាមេរិកឱ្យដឹងទៀតថា កាលពីឆ្នាំ២០២៥ អង្គការឧក្រិដ្ឋកម្មឆ្លងដែនក្រុមហ៊ុន ព្រីនស៍ គ្រុប របស់លោក ចេន ហ្ស៊ី ដែលមានមូលដ្ឋាននៅកម្ពុជាបានឆបោកលុយពលរដ្ឋអាមេរិកយ៉ាងហោចណាស់ជាង ១៨ពាន់លានដុល្លារ។ ក្រសួងរតនាគារអាមេរិកក៏បានចាត់វិធានការប្រឆាំង ដោយដាក់ទណ្ឌកម្មក្រុមហ៊ុន ព្រីសន៍ គ្រុប (Prince Group) ព្រមទាំងសមាជិក និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១៤៦ ក្រុមហ៊ុនកាលពីខែតុលា ឆ្នាំ២០២៥។ ក្រោយមកក្នុងខែមិថុនា ឆ្នាំ២០២៦ ក្រសួងរតនាគារអាមេរិកក៏បានពង្រីកចំណាត់ការរបស់ខ្លួនដាក់ទណ្ឌកម្មលើបុគ្គលបន្ថែមចំនួន ៣៥នាក់ទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកសង្កត់ធ្ងន់ថា រដ្ឋបាលក្រោមការដឹកនាំដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ (Donald Trump) នឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីការពារជនជាតិអាមេរិក និងតាមកម្ទេចបណ្ដាញឆបោកតាមអនឡាញរបស់ឧក្រិដ្ឋជន និងបន្តដាក់ទោសទណ្ឌលើអ្នកដែលសម្រួលក្នុងឧស្សាហកម្មឆបោកតាមអនឡាញ។ រដ្ឋាភិបាលអាមេរិកចាត់ទុកថា បុគ្គលដែលរងទណ្ឌកម្ម និងបុគ្គល ៣២នាក់ដែលរងការរឹតបន្តឹងទិដ្ឋាការចុងក្រោយនេះគឺជាអ្នកចូលរួមក្នុងការបំផ្លិចបំផ្លាញក្រុមគ្រួសារ និងបង្កវិនាសកម្មដល់សហគមន៍នៅទូទាំងប្រទេសអាមេរិក ដែលត្រូវតែបដិសេធមិនឱ្យពួកគេជាន់ទឹកដីអាមេរិកជាដាច់ខាត។
ទន្ទឹមនឹងសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត រួមទាំងសហភាពអឺរ៉ុបផងពួនដៃគ្នាដាក់ទណ្ឌកម្មប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែន (TCO) របស់មេខ្លោង ចេន ហ្ស៊ី មេខ្លោងសំខាន់ដែលមានងារជាឧកញ៉ា និងជាមន្ត្រីជាន់ខ្ពស់នៅកម្ពុជាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះមិនត្រូវបានអាជ្ញាធរស៊ើបអង្កេត និងមានចំណាត់ការណាមួយនៅឡើយ។ មិនតែប៉ុណ្ណោះ បណ្ដាញឆបោកតាមអនឡាញនៅកម្ពុជាហាក់កាន់តែរីកដូចផ្សិត ដោយសារក្រុមបណ្ដាញឧក្រិដ្ឋជនបំបែកប្រតិបត្តិការឆបោកតាមអគារតូចៗ និងតាមផ្ទះជួលជាដើម។
ក្រសួងការបរទេសអាមេរិកមិនបានបញ្ជាក់ឈ្មោះបុគ្គលទាំង ៣២នាក់នោះទេ ប៉ុន្តែចំណាត់ការចុងក្រោយរបស់អាមេរិកប្រឆាំងនឹងបណ្ដាញអង្គការឧក្រិដ្ឋកម្ម ចេន ហ្ស៊ី នេះ គឺកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយសមាជិកសភាអាមេរិក ២រូបស្នើឱ្យរដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ស្កុត បេសិន (Scott Bessent) ស៊ើបអង្កេត និងពិចារណាដាក់ទណ្ឌកម្មលើបុគ្គលអ្នកមានលុយមានអំណាចនៅកម្ពុជា ដោយសារតែសង្ស័យពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ និងអំពើពុករលួយធ្ងន់ធ្ងរជាប្រព័ន្ធ។ មន្ត្រីអ្នកមានអំណាចទាំងនេះរូមមាន អ្នកស្រី ជូ ប៊ុនអេង លោក ឌី វិជ្ជា លោក ហ៊ុន តូ លោក គួច ចំរើន លោក ឡុង ឌីម៉ង់ លោក នេត សាវឿន លោក ស សុខា និងបុគ្គលដែលមានទំនាក់ទំនងជិតស្និតជាមួយក្រុមគ្រួសារ លោក ហ៊ុន សែន មួយចំនួនទៀត។
ជុំវិញរឿងនេះ ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ សាទរដែលសហរដ្ឋអាមេរិកបន្តចំណាត់ការរបស់ខ្លួនប្រឆាំងនឹងបណ្ដាញបក្ខពួក ចេន ហ្ស៊ី និងមន្ត្រីអ្នកមានអំណាចនៅកម្ពុជា។ អ្នកស្រីថា បណ្ដាញឧក្រិដ្ឋជនដែលរងទណ្ឌកម្ម និងចំណាត់ការនានារបស់អាមេរិកជាបន្តបន្ទាប់មកនេះ មិនត្រឹមតែបានឃុបឃិតជាមួយមន្ត្រីគ្រាក់ៗនៅកម្ពុជាប្លន់លុយអាមេរិករាប់សិបពាន់លានដុល្លារប៉ុណ្ណោះទេ ថែមទាំងបានបំផ្លាញសេដ្ឋកិច្ច និងកិត្តិយសកម្ពុជាឱ្យមានកេរ្តិ៍ឈ្មោះអាក្រក់លើឆាកអន្តរជាតិ។
អ្នកស្រី មូរ សុខហួរ៖ «ឧក្រិដ្ឋជនទាំងនេះ ប៉ះពាល់ធំណាស់ មិនត្រឹមតែពលរដ្ឋនៅសហរដ្ឋអាមេរិកទេ ប៉ះពាល់ទៅពលរដ្ឋនៅទូទាំងសកលលោក ហើយខ្ញុំបារម្ភបំផុតនោះគឺ ការប៉ះពាល់ទៅដល់សេដ្ឋកិច្ចខ្មែរយើង រាលដាលធំទៅៗ ជនរងគ្រោះនៅគ្រប់ទីកន្លែងទាំងអស់។ ឧក្រិដ្ឋកម្មទំហំដ៏ធ្ងន់ធ្ងរនេះ មិនអាចកើតឡើងបានទេ បើសិនជាអត់មានការការពារពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល។ លោក ហ៊ុន ម៉ាណែត ត្រឹមតែបិទមជ្ឈមណ្ឌល ក៏មិនមានប្រសិទ្ធភាពដែរ បើសិនជាអត់មានចាប់ទៅដល់មេខ្លោងនៅក្នុងរដ្ឋាភិបាលនៃប្រទេសកម្ពុជាយើង។ អ្នកដឹកនាំជាន់ខ្ពស់ទាំងឡាយ គឺត្រូវតែមានការទទួលខុសត្រូវ»។
ទាក់ទងនឹងរឿងនេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចក្រភពអង់គ្លេស លោក ឡដ ហាន់សុន (Lord Hanson) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង ដើម្បីចូលរួមសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅចុងសប្ដាហ៍នេះ។ ស្ថានទូតចក្រភពអង់គ្លេស ឬព្រីតថេន ប្រចាំកម្ពុជាឱ្យដឹងថា អំឡុងមានវត្តមាននៅកម្ពុជា លោក ឡដ ហាន់សុន នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ថ្មីរវាងកម្ពុជា និងអង់គ្លេស ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ការគំរាមកំហែងផ្នែកសន្តិសុខ និងអំពើឆបោកអនឡាញ។ ចក្រភពអង់គ្លេសសង្កត់ធ្ងន់ថា បណ្ដាញឧក្រិដ្ឋជនគ្មានព្រំដែនទេ ដូច្នេះ អង់គ្លេស និងកម្ពុជាក៏ត្រូវតែបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបណ្ដាញឧក្រិដ្ឋកម្មទាំងនេះដោយគ្មានព្រំដែនដូចគ្នា៕









