អ្នកឃ្លាំមើល​ថា អ្នកស្រី ធី សុវណ្ណថា ត្រូវ​លោក ហ៊ុន សែន ទាត់ចោល​បន្ទាប់​ពី​លែង​មាន​ប្រយោជន៍

0
115
អតីត​អភិបាលរងក្រុង​អរិយ​ក្សត្រ ខេត្ត​កណ្ដាល អ្នកស្រី ធី សុវណ្ណថា (ឆ្វេង) និង​ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន។ រូប៖ បណ្ដាញសង្គម
អតីត​អភិបាលរងក្រុង​អរិយ​ក្សត្រ ខេត្ត​កណ្ដាល អ្នកស្រី ធី សុវណ្ណថា (ឆ្វេង) និង​ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន។ រូប៖ បណ្ដាញសង្គម

អតីត​អភិបាលរងក្រុង​អរិយ​ក្សត្រ ខេត្ត​កណ្ដាល អ្នកស្រី ធី សុវណ្ណថា និង​ប្ដី គឺ​លោក ផែ សុវណ្ណារិទ្ធិ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​បី​ឆ្នាំ ពី​បទ «​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​»។ គូ​ស្វាមីភរិយា​នេះ ត្រូវ​ជាប់​ពន្ធនាគារ បន្ទាប់ពី​បោះបង់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចុះចូល គណបក្ស​ប្រជាជន​កម្ពុជា បាន​ជិត ១០​ឆ្នាំ។ អ្នកឃ្លាំមើល​លើកឡើង​ថា អ្នកស្រី ធី សុវណ្ណថា ត្រូវ​លោក ហ៊ុន សែន ទាត់ចោល បន្ទាប់​ពី​លែង​មាន​ប្រយោជន៍។

ទ្រឹស្ដី​សង្គម ដែល​ពលរដ្ឋ​ទូទៅ តែងតែ​និយាយ​ថា «​ស្លឹកចេក នឹង​ត្រូវ​បោះចោល បន្ទាប់ពី​ប្រើ​រួច​» បាន​ឆ្លុះបញ្ចាំង អំពី​ស្ថានភាព​អ្នកស្រី ធី សុវណ្ណថា និង​ប្ដី នៅ​ពេល​នេះ បន្ទាប់ពី​ពួកគេ បាន​បោះបង់​គណបក្ស​ប្រឆាំង​ទៅ​ចូលរួម​ជីវភាព នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា អស់​ពេល​ជិត ១០ឆ្នាំ។

ភាព​ហ៊ឺហា​ពី​ដំបូងៗ ដោយសារ​លុយកាក់ លាភសក្ការៈ និង​តំណែង​ដែល​បាន ពី លោក ហ៊ុន សែន ពេលនេះ​ប្ដូរ​ជា​ការ​ដេក​ក្នុង​ពន្ធនាគារ ដែល​កាត់ទោស​ដោយ​តុលាការ នៅ​ក្រោម​អំណាច​លោក ហ៊ុន សែន។ អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដ៏​ល្បីល្បាញ អ្នកស្រី ធី សុវណ្ណថា ដែល​បាន​ឡើង​តំណែង​ជា​អភិបាលរង​ក្រុង​អរិយ​ក្សត្រ ក្រោយ​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​សាលាដំបូង រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ ក្រោយ​ការ​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​ជុំវិញ​ការរិះគន់​ពាក់ព័ន្ធ​នឹង​កងទ័ព។

ប្ដី​របស់​អ្នកស្រី គឺ​លោក ផែ សុវណ្ណារិទ្ធិ ក៏​មាន​ទោស​ដូចគ្នា​ដែរ​។ អង្គការ​លីកាដូ​រាយការណ៍​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​កាត់ទោស​អ្នក​ទាំងពីរ កាលពី​ថ្ងៃទី​១៣ ខែកក្កដា។

អ្នកឃ្លាំមើល​លើកឡើង​ថា ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​របស់​អ្នកស្រី ធី សុវណ្ណថា និង​ប្ដី រិះគន់​អំពី​រឿង​កងទ័ព​នោះ គឺជា​សេរីភាព​បញ្ចេញមតិ តាម​ស្មារតី រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ និង​មិនមែន​ជា​កំហុស​ផ្លូវច្បាប់ ដែល​ត្រូវ​ផ្ដន្ទាទោស​ឡើយ ប៉ុន្តែ​ការ​កាត់ទោស​អ្នក​ទាំងពីរ នៅ​ពេល​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សងសឹក នយោបាយ ដែល​លោក ហ៊ុន សែន នៅ​ចងគំនុំ រឿង​អ្នកស្រី ធី សុវណ្ណថា ធ្លាប់ បាន​រិះគន់​លោក ហ៊ុន សែន ធ្ងន់ៗ កាល​ពេល​អ្នកស្រី ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៤ ខែ​កក្កដា​ថា ករណី​អ្នកស្រី ធី សុវណ្ណថា គឺ​ជា​មេរៀន​នយោបាយ​កខ្វក់​មួយ ក្នុង​ចំណោម​សាច់រឿង​ជាច្រើន​ទៀត ដែល​ឆ្លុះបញ្ចាំង​ពី​ឧក្រិដ្ឋកម្ម​នយោបាយ របស់​លោក ហ៊ុន សែន។ លោក​ថា បើ​និយាយ​ដល់​សេរីភាព​បញ្ចេញមតិ អ្នកស្រី ធី សុវណ្ណថា គ្មាន​ទោស​ទេ ប៉ុន្តែ​លោក​ថា លោក ហ៊ុន សែន ប្រើ​លុយ និង​តំណែង​ដើម្បី​អូសទាញ​អ្នកស្រី ធី សុវណ្ណថា ឲ្យ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ហើយក៏​ប្រើ​តុលាការ​កម្ចាត់​ចោល​វិញ បន្ទាប់​ពី​លោក ហ៊ុន សែន អស់​ការ​ពេញចិត្ត​សម្រាប់​ប្រើ ជា​ឧបករណ៍​នយោបាយ​ទៀត។

លោក ម៉ែន ណាត ថា ការ​ដាក់​ទោស​អ្នកស្រី ធី សុវណ្ណថា ក៏​ជា​ល្បិច​ដែល​លោក ហ៊ុន សែន ចង់​បោះ​សារ​គំរាម​ដល់​អ្នក​ចុះចូល​គណបក្ស​ប្រជាជន​ដទៃ​ទៀត កុំ​ឲ្យ​ដើរ​ហួស​ពី​បន្ទាត់​នយោបាយ​អំណាច​របស់​គ្រួសារ​ត្រកូល​ហ៊ុន។

លោក ម៉ែន ណាត៖ «ជា​មេរៀន​មួយ​ទៅដល់​អ្នក​គ្រប់គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​ហ្នឹង មិន​ថា អ្នក​នឹង​គាំទ្រ​បក្ស​ប្រឆាំង ឬក៏​គាំទ្រ​បក្ស​កាន់អំណាច ឬក៏​អ្នក​ហ្នឹង ចុះចូល​គណបក្ស​កាន់អំណាច​ហើយ​បាន​សុខ​ស្រួល​ទេ អត់​ទេ​ណាស់ គឺ​ចុះចូល​គណបក្សកាន់អំណាច អាច​បាន​ទទួល​ប្រយោជន៍​គឺ ជា​ប្រយោជន៍​ដោះដូរ ដោះដូរ​ទិញ​ទឹកចិត្ត ហើយ​ត្រូវ​បម្រើ​ការ​ឱ្យ​លោក ហ៊ុន សែន។ នៅ​ពេល​ដែល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប្រើ​អស់សាច់​ហើយ យើង​ប្រើ​ពាក្យ​អ៊ីចឹង​ចុះ ចង់​កម្ចាត់​ចោល​ពេលណា​ស្រេច​តែ​គេ អាហ្នឹង​វា​អ៊ីចឹង​របប​ហ្នឹង គឺជា​របប​គ្មាន​ច្បាប់ គ្មាន​ទម្លាប់​ទេ គឺ​ដឹកនាំ​តាមតែ​មាត់​មេដឹកនាំ មេ​ដឹក​ថា​ម៉េច គឺ​អ៊ីចឹង។ តុលាការ​ក៏​គ្មាន​សិទ្ធិ»។

ចំណែកឯ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្សលោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៤ ខែកក្កដា​ថា ការ​ផ្ដន្ទាទោស​អ្នកស្រី ធី សុវណ្ណថា និង លោក ផែ សុវណ្ណរិទ្ធិ អាច​រង​ការរិះគន់​ពី​សហគមន៍​ជាតិ​និង អន្តរជាតិ អំពី​ការ​ធ្លាក់​ចុះ​សេរីភាព​បញ្ចេញមតិ​នៅ​ប្រទេស​កម្ពុជា។

លោក​កត់សម្គាល់​ថា ពលរដ្ឋ​ជាច្រើន​នាក់ ដែល​ជាប់ពន្ធនាគារ ទាក់ទង​នឹង​ការរិះគន់​រឿង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​វៀតណាម​-​ឡាវ ក៏​មិនទាន់​ត្រូវ​បាន ដោះលែង​ឱ្យ​មាន​សេរីភាព ទោះបីជា​រដ្ឋាភិបាល​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង នេះ​ហើយ​ក៏ដោយ។ លោក​បន្ថែម​ថា សេរីភាព​នៃ​ការ​បញ្ចេញមតិ កាន់​តែ​មាន ការ​រឹតត្បិត ក្រោយ​មាន​ជម្លោះព្រំដែន ហើយ​ពលរដ្ឋ​ជាច្រើន ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម បទ​ញុះញង់ ឱ្យ​មាន​ការរើសអើង និង​បទ​ជេរប្រមាថ​ជាដើម។

លោក អំ សំអាត៖ «ការ​ចោទប្រកាន់ ការ​ផ្ដន្ទាទោស​ទៅលើ​អ្នកស្រី ធី សុវណ្ណថា និង​លោក ផែ សុវណ្ណរិទ្ធិ ក៏ដូចជា សកម្មជន​ផ្សេងៗ​ទៀត​ហ្នឹង គឺ​យើង​ស្ថិតនៅ​ក្នុង​ការ​មានការ​រិះគន់​ច្រើន​ដែរ ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ទាក់ទង​នឹង​សេរីភាព ក្នុង​ការ​បញ្ចេញមតិ។ អ៊ីចឹង​ហើយ​អ្វី​ដែល​សំខាន់​ហ្នឹង គឺ​ការពិនិត្យ​បាន​ច្បាស់លាស់​របស់​អាជ្ញាធរ និង​តុលាការ​មុន​នឹង​សម្រេច ធ្វើ​ការ​ឃាត់ខ្លួន ចាប់ខ្លួន ចោទប្រកាន់ ឃុំខ្លួន និង​ការ​ផ្ដន្ទាទោស»។

អ្នកស្រី ធី សុវណ្ណថា ធ្លាប់​ល្បីល្បាញ​ខ្លាំង កាល​អំឡុង​ការបោះឆ្នោត​ឆ្នាំ​២០១៣ ក្នុងនាម​ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដោយសារ​អ្នកស្រី ហ៊ាន​កាន់​ផ្លែ​មេក្រូ រិះគន់​លោក ហ៊ុន សែន ឥត​សំចៃមាត់ ជា​សាធារណៈ។ ក្រោយ​ចុះចូល ជាមួយ​បក្ស​កាន់អំណាច​អ្នកស្រី​ត្រូវ​បាន​លោក ហ៊ុន សែន ផ្តល់​លាភសក្ការៈ​ជាច្រើន។ ក្នុង​សារ​សំឡេង បែកធ្លាយ​លើ​បណ្ដាញ​សង្គម អ្នកស្រី ធី សុវណ្ណថា បាន​ទទួល​នូវ​ឡាន​ទំនើប​ផ្ទះ​ប្រណិត ប្រាក់​យ៉ាងតិច​មួយ​លាន​ដុល្លារ និង​បន្ទាប់​មក​បាន ក្លាយ​ជា​អភិបាលរងក្រុង​អរិយក្សត្រ បន្ទាប់ពី​ការ​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០១៧។

ដោយឡែក​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី​លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​សម្ដែង​មតិ​របស់​អ្នកស្រី ធី សុវណ្ណថា កន្លង​មក គ្រាន់តែ​ចង់ឱ្យ​អ្នកកាន់អំណាច និង​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍ លើ​អ្នកស្រី​ប៉ុណ្ណោះ។ លោក​ថា បើ​និយាយ​ទៅ​ដល់​នយោបាយ​វិញ ករណីនេះ អាច​ជា រឿងប្រឌិត​របស់​លោក ហ៊ុន សែន ធ្វើជា​ដាក់​ទោស​អ្នកស្រី ធី សុវណ្ណថា ដើម្បី​បង្កើត​ព្រឹត្តិការណ៍​មួយ យក​ទៅ​លុប​លើ​ព្រឹត្តិការណ៍​ជាតិ​ដទៃទៀត។

លោក ស៊ឹង សែនករុណា៖ «មិន​មាន​ទំនុកចិត្ត ថា​វា​ជា​រឿង​ពិត​ជាក់ស្ដែង​ប៉ុន្មាន​នោះ​ទេ ដោយសារតែ​អ្នក​ទាំងអស់​នោះ សុទ្ធសឹងតែ​ជា​អ្នក​ធ្លាប់តែ​បម្រើ​ដល់​គណបក្ស​ប្រឆាំង ហើយ​ត្រូវ​បាន​គណបក្សកាន់អំណាច ផ្ដល់​ផលប្រយោជន៍​អី​អ៊ីចឹង​ទៅ ក៏​ទៅ​បម្រើ​គណបក្សកាន់អំណាច​អ៊ីចឹង​ទៅ​។ យើង​ស្ទើរតែ​មិន​ជឿ​ថា សុខៗ នៅ​ពេល​ដែល​ខ្លួន​ទទួល​បាន​នូវ​ផលប្រយោជន៍ មាន​តំណែង​តួនាទី ស្រាប់ តែ​លេចចេញ​នូវ​ការ​បញ្ចេញមតិ​មួយ ហើយ​បង្កើត​ជា​រឿងរ៉ាវ​នឹង​អ៊ីចឹង​មក។ អ៊ីចឹង​យើង ក៏​មិន​មាន​ទំនុកចិត្ត​ថា តើ​រឿង​ហ្នឹង វា​ពិត​ឬក៏​យ៉ាង​ណា​ដែរ»។

អ្នកស្រី ធី សុវណ្ណថា និង​ប្ដី ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ខែធ្នូ ឆ្នាំ​២០២៥ និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព» តាម​មាត្រា​៤៧២ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​២ ទៅ ៥​ឆ្នាំ។ បច្ចុប្បន្ន​អ្នកស្រី សុវណ្ណ​ថា កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ រីឯ​លោក សុវណ្ណរិទ្ធិ ជា​ប្ដី​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ