មេ FBI លាតត្រដាង​ថា មជ្ឈមណ្ឌល​ឆបោក​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ភូមា​-​ថៃ គឺ​ជា​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទ្រង់ទ្រាយ​ធំ

0
119
​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជាមួយ​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក​លោក កាស ប៉ាទែល (Kash Patel) នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០២៦។
​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជាមួយ​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក​លោក កាស ប៉ាទែល (Kash Patel) នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០២៦។

នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក​លោក កាស ប៉ាទែល (Kash Patel) បាន​លាតត្រដាង​ថា តំបន់​ព្រំដែន​នៅ​កម្ពុជា មីយ៉ាន់ម៉ា និង​ថៃ បាន​ក្លាយជា​មូលដ្ឋាន​សំខាន់​របស់​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​ប្រតិបត្តិការ​ឆបោក​លុយ​តាម​អនឡាញ​ក្នុង​ទំហំ​រាប់​សិប​ពាន់​លាន​ដុល្លារ​។ នាយក FBI បញ្ជាក់​ថា បណ្ដាញ​ឧក្រិដ្ឋជន​មិន​ត្រឹមតែ​បង្កើត​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​ឆបោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ផង​ដែរ។

នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក លោក កាស ប៉ាទែល លើកឡើង​ថា មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​តំបន់​ព្រំដែន​កម្ពុជា មីយ៉ាន់ម៉ា និង​ថៃ មាន​លក្ខណៈ ជា​បណ្ដុំ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ​។ លោក​បញ្ជាក់​ថា មនុស្ស​ជាច្រើន​ត្រូវ​បាន​ជួញដូរ បង្ខាំង និង​ដកហូត​សេរីភាព ដោយ​គេ​មិន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​ទីនោះ និង​ត្រូវ​ស្នាក់​នៅក្នុង​ទីតាំង​ទាំងនោះ ២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។

លោក កាស ប៉ាទែល បញ្ជាក់​ថា FBI បាន​ប្រើ​វិធីសាស្ត្រ​ពីរ​ផ្នែក​សំខាន់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​អនឡាញ គឺ​ប្រតិបត្តិការ​ឈ្មោះ (Operation Level Up) ដែល​ផ្ដោត​លើ​ការ​រំដោះ​ជនរងគ្រោះ​ពី​ទីតាំង​ឆបោក និង​ប្រតិបត្តិការ (Operation Blackout) ដែល​ផ្ដោត​លើ​ការស៊ើបអង្កេត​បង្ក្រាប​បណ្ដាញ​ឆបោក​នៅ​តំបន់​ទាំងនេះ។

លោក​ឱ្យ​ដឹង​ថា FBI កំពុង​សហការ​ជាមួយ​មេដឹកនាំ និង​អាជ្ញាធរ​អនុវត្ត​ច្បាប់​នៅក្នុង​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ កំណត់​ទីតាំង និង​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក ព្រមទាំង​រំដោះ​មនុស្ស​ដែល​ត្រូវ​បាន​ជួញដូរ និង​បង្ខំ​ឱ្យធ្វើ​ការ​នៅ​ទីនោះ​។ នាយក FBI លោក កាស ប៉ាទែល អះអាង​ថា ប្រតិបត្តិការ​បណ្ដាញ​ឆបោក​ទាំងនេះ​មិន​ត្រឹមតែ​បង្ក​ការខាតបង់​លុយ​របស់​ប្រជាពលរដ្ឋ​អាមេរិក​ឡើយ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ដែល​ជា​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​ផង​ដែរ ហើយ​ទំហំ​ការខាតបង់​សរុប​អាច​មាន​ដល់​រាប់​រយ​ពាន់​លាន​ដុល្លារ។

ថ្លែង​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ដឹ អេប៉ក ថាមស៍ (The Epoch Times) កាលពី​ថ្ងៃទី ១០ សីហា លោក កាស ប៉ា​ទែ​ល បន្ត​ថា ក្នុង​រយៈពេល​ប្រមាណ ១៤​ខែ​ចុង​ក្រោយនេះ FBI បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​អនុវត្ត​ច្បាប់ និង​មេដឹកនាំ​នៅ​តំបន់ ដើម្បី​បើក​ប្រតិបត្តិ​ការ​រួម​ប្រឆាំង​នឹង​បណ្ដាញ​ឆបោក​ទាំងនេះ​។ លោក​អះអាង​ថា FBI និង​ដៃគូ​បាន​ធ្វើ​ប្រតិបត្តិការ​ចំនួន​៤ ក្នុង​នោះ ៣​នៅ​អាស៊ីអាគ្នេយ៍ និង​មួយទៀត​នៅ​ទីក្រុង​ឌូបៃ ដែល​បាន​រំដោះ​ជនរងគ្រោះ​ពី​ការ​ជួញដូរ​រាប់ពាន់​នាក់។

អំឡុង​ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍​កាលពី​ចុងខែ​កក្កដា កន្លងទៅ ដើម្បី​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ប្រទេស​មួយចំនួន រួម​ទាំង​ថ្នាក់ដឹកនាំ​កម្ពុជា ស្ដីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក លោក កាស ប៉ាទែល បាន​សង្កត់ធ្ងន់​ជា​រួម​ដោយ​ចង់ឱ្យ​មេដឹកនាំ​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ផ្សេងទៀត​មានការ​ទទួលខុសត្រូវ​ខ្ពស់​ជាង​មុន​ដោយ​ពន្លឿន​ការ​បង្ក្រាប ព្រមទាំង​ចាប់ខ្លួន​មេខ្លោង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​តាម​អនឡាញ។

ទាក់ទង​នឹង​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​១១ ខែសីហា​។​

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ យល់ថា ការ​លើកឡើង​របស់​មេ FBI អាមេរិក​គឺ​សារ​ព្រមាន និង​ជា​ការ​រម្លឹក​ជាថ្មី​ដល់​មេដឹកនាំ​កម្ពុជា និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ផ្សេងទៀត​ត្រូវ​ចាត់វិធានការ​ឱ្យ​ចំ​គោលដៅ​មេខ្លោង​កាង​ការពារ​មជ្ឈមណ្ឌល​នៅ​តាម​ព្រំដែន ដោយ​មិនមែន​បង្ក្រាប​ជនល្មើស​តូចតាច​ឡើយ​។ លោក​ថា ការ​លូកដៃ​របស់ FBI ស៊ើបអង្កេត​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទ្រង់ទ្រាយ​ធំ​នា​ពេល​នេះ ដោយសារតែ​អាមេរិក​ដឹង​ថា មេខ្លោង​សំខាន់ៗ​គឺ​សុទ្ធតែ​ពាក់ព័ន្ធ និង​ទទួល​បានការ​កាង​ការពារ​ពី​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​មួយចំនួន​ក្នុង​តំបន់។

លោក គឹម សុខ៖ «បណ្ដាញ​ឆបោក​អនឡាញ​នៅក្នុង​ប្រទេស​កម្ពុជា​ក្តី នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្តី ប្រាកដជា​មិនអាច​មានដំណើរ​ការ​ល្អ​ណែន​ពេញដៃ​ដូច​ពីមុន​ទៀត​ទេ គឺ​មានន័យថា សហរដ្ឋអាមេរិក​នឹង​ប្រើ​គ្រប់​វិធានការ​របស់​ពួកគេ ដើម្បី​កម្ចាត់​មេ​បណ្ដាញ​ធំៗ​ទាំង​នៅ​កម្ពុជា និង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​ពិភពលោក​។ ហេតុដូច្នេះ យុទ្ធនាការ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ខ្ញុំ​មើល​ឃើញ​ថា ត្រូវ​ប្រឈម​នឹង​ភាព​ល្វីង​ជូរចត់​នឹង​ចំណាត់​របស់​សហរដ្ឋអាមេរិក​ហើយ ពីព្រោះ​អាមេរិកកាំង​មកដល់ពេលនេះ បង្ហាញ​ជំហរ​ច្បាស់​ក្នុង​ប្រតិបត្តិការ​របស់​មេ FBI ដែល​ជា​មេ​បច្ចេកទេស​តែម្តង គឺ​ទាមទារ​ឱ្យ​ចាត់ការ​មេ​បណ្ដាញ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​បាន​ជាដាច់ខាត»។

ទន្ទឹម​នឹង FBI សហរដ្ឋអាមេរិក​ប្រកាស​ប្រឆាំង​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ទ្រង់ទ្រាយ​ធំ​ក្នុង​តំបន់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ២​រូប គឺ​លោក លី យ៉ុងផាត់ និង​លោក កុក អាន ដែល​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក នៅ​មិនទាន់​ការស៊ើបអង្កេត ឬ​ចំណាត់ការ​ផ្លូវច្បាប់​ណាមួយ​ពី​អាជ្ញាធរ​កម្ពុជា​នៅឡើយ។

នាយក FBI លោក កាស ប៉ា​ទែ​ល បញ្ជាក់​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្ដាញ​ឆបោក​ទាំងនេះ ត្រូវការ​កិច្ចសហការ​អន្តរជាតិ ព្រោះ​បណ្ដាញ​ឧក្រិដ្ឋកម្ម​អាច​មាន​ទីតាំងនៅ​ប្រទេស​មួយ ដែល​ប្រើប្រាស់​ជនរងគ្រោះ​ជាច្រើន​ពី​ប្រទេស​មួយ​ផ្សេងទៀត និង​ផ្ដោត​លើ​ការ​ឆបោក​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ពេល​តែមួយ​។ លោក​ថា FBI នឹង​បន្ត​ស៊ើបអង្កេត​ឱ្យ​ដល់​ប្រភព​ដើម​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំងនេះ ដោយសារ​មជ្ឈមណ្ឌល​ឆបោក​ភាគច្រើន​ប្រតិបត្តិការ​នៅ​ក្រៅ​ទឹកដី​សហរដ្ឋអាមេរិក​។ នាយក FBI លោក កាស ប៉ាទែល សង្កត់ធ្ងន់​ថា កិច្ចសហការ​របស់ FBI ជាមួយ​អាជ្ញាធរ​ប្រទេស​ពាក់ព័ន្ធ​គឺជា​ចំណុច​សំខាន់ ដើម្បី​អាច​ឈាន​ទៅដល់​ការកំណត់​មុខសញ្ញា​មេខ្លោង​នៃ​បណ្ដាញ​ហិរញ្ញវត្ថុ និង​អ្នក​ដែល​កាង​ការពារ​ពីក្រោយ​នៃ​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ