

ប្រមុខការទូតកម្ពុជា និងប្រមុខការទូតថៃ បានឆ្លៀតជួបចរចាគ្នា ជាលក្ខណៈទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំក្របខ័ណ្ឌអាស៊ាន នៅប្រទេសប្រ៊ុយណេ។ នៅក្នុងជំនួបក្រៅប្រទេសនេះ ភាគីថៃបានប្រាប់កម្ពុជា អំពីមូលហេតុនៃគម្រោងលុបចោលអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ ឬMOU44 ស្ដីពីការរកស៊ីរួមគ្នានៅក្នុងតំបន់ដែនសមុទ្រ និងពិភាក្សាលើការស្ដារទំនាក់ទំនងជាមួយគ្នាឡើងវិញ ក្រោយផ្អាកសង្គ្រាមនៅតំបន់ព្រំដែនគោក។ ចំណែកភាគីកម្ពុជា បានលើកឡើងពីការដោះស្រាយជម្លោះព្រំដែន តាមយន្តការច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយភាគីថៃ។
ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី២៧ ខែមេសា ប្រមុខការបរទេសកម្ពុជា និងថៃបានចរចាគ្នាដោយត្រង់ទៅត្រង់មក លើបញ្ហាជម្លោះតាមព្រំដែន និងជម្លោះនៅលើដែនសមុទ្រ។
នៅក្នុងជំនួបផ្ទាល់មុខដ៏កម្រនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ឱ្យថៃគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ានសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំង២។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី២៨ ខែមេសា។
ក្រសួងការបរទេសកម្ពុជា បានបន្ថែមយ៉ាងខ្លីថា ភាគីទាំងពីរបានប្ដេជ្ញាចិត្តសាជាថ្មី ក្នុងការគោរពបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញ នូវសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ខុសពីភាគីកម្ពុជា ដែលបានបញ្ចេញព័ត៌មានមួយជ្រុង អំពីជម្លោះព្រំដែនគោកនោះ ក្រសួងការបរទេសថៃ បានប្រកាសថា ក្រៅពីជជែករកដំណោះស្រាយបញ្ចប់ជម្លោះព្រំដែន និងស្ដារទំនាក់ទំនងជាមួយគ្នាឡើងវិញ ភាគីថៃក៏បានលើកយកពីមូលហេតុនៃការលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬMOU44 ប្រាប់ទៅតំណាងកម្ពុជាផងដែរ។
តំណាងថៃ បានប្រាប់ទៅភាគីកម្ពុជាថា ដំណើរការលុបចោលMOU44 នឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីថៃដើម្បីពិចារណាក្នុងពេលឆាប់ៗនេះហើយភាគីថៃនឹងបញ្ជូនលិខិតផ្លូវការទៅភាគីកម្ពុជា បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃយល់ព្រមអនុម័តលុបចោលកិច្ចព្រមព្រៀងនេះរួច។ លោក ស៊ីហាសាក់ បានអះអាងថា ការលុបចោលMOU44 នេះ មិនមែនមានន័យថា បិទផ្លូវចរចាជាមួយកម្ពុជានោះទេ ប៉ុន្តែជាការផ្លាស់ប្ដូរវិធីដោះស្រាយដែលមានភាពច្បាស់លាស់ជាងមុន ដោយប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីកំណត់ព្រំដែនសមុទ្រឱ្យបានដាច់ស្រេច។
ប្រមុខការទូតថៃរូបនេះ បញ្ជាក់បន្ថែមថា រដ្ឋាភិបាលថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្ដារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញជាជំហានៗ ដោយពឹងផ្អែកលើកិច្ចសហប្រតិបត្តិការព្រំដែន សន្តិសុខព្រំដែន និងការកសាងទំនុកចិត្តជាមួយគ្នា។
ក្រសួងការបរទេសថៃ លើកឡើងថា ទាក់ទងនឹងកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC)វិញ ភាគីកម្ពុជាបានបង្ហាញពីគោលបំណងក្នុងការធ្វើជាម្ចាស់ផ្ទះ ខណៈភាគីថៃបានស្នើពន្យារពេល ដោយលើកហេតុផលដើម្បីរៀបចំ និងតែងតាំងសមាសភាពគណៈកម្មាធិការបច្ចេកទេស ក្រោយរដ្ឋាភិបាលថ្មីរបស់ថៃ ទើបតែបង្កើតគណៈរដ្ឋមន្ត្រីថ្មីរួច។
ក្នុងជំនួបចរចារវាងប្រមុខការទូតរបស់កម្ពុជា និងថៃ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ នេះ ហាក់មានភាពត្រជាក់ ជាងកាលពីពេលដែលរដ្ឋមន្ត្រីការទូតទាំងពីរ បានតតាំងគ្នានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី សង្កេតឃើញថា កិច្ចប្រជុំរវាងកម្ពុជា-ថៃ នៅប្រទេសប្រ៊ុយណេ នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីចំណុចខ្សោយ និងភាពអសកម្មមួយចំនួន នៃយុទ្ធសាស្ត្រការទូតរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។ លោកបន្តថា ខណៈរដ្ឋាភិបាលកម្ពុជាបង្ហាញពីភាពចាស់ទុំក្នុងការចរចានោះ បានបណ្ដាលឱ្យធ្លាក់ចូលក្នុងអន្ទាក់នយោបាយរបស់ភាគីថៃ ដែលតែងតែប្រើប្រាស់យុទ្ធសាស្ត្រចរចាបណ្ដើរ រំលោភបំពានបណ្ដើរ។
លោក សេង វណ្ណលី៖ «ចំពោះការស្ដារទំនាក់ទំនងឱ្យវិលទៅរកសភាពដើមវិញ តាមដំណាក់កាល ខ្ញុំមានមន្ទិលសង្ស័យយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ក្នុងការទាមទារឱ្យថៃដកទ័ពចេញពីតំបន់ឈ្លានពាន។ ខ្ញុំមើលឃើញថា ការបណ្ដោយឱ្យថៃធ្វើជាអ្នកកំណត់របៀបវារៈនៃការស្ដារទំនាក់ទំនង គឺជាការបន្ទាបខ្លួនរបស់លោក ហ៊ុន ម៉ាណែត ក្នុងឆាកអន្តរជាតិ ទោះបីជារដ្ឋាភិបាលរបស់ខ្លួនអះអាងថា ខ្លួនរក្សាគោលជំហរច្បាប់ ប៉ុន្តែបើគ្មានសកម្មភាពជាក់ស្ដែងលើសពីការនិយាយនៅលើតុចរចានោះទេ វាជាការចរចាដែលគ្មានខ្លឹមសារ ហើយកម្ពុជាជាអ្នកចាញ់ប្រៀបជានិច្ច ទាំងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសមុទ្រ»។
លោក សេង វណ្ណលី បន្ថែមថា នៅក្នុងកិច្ចប្រជុំទល់មុខគ្នានេះភាគីកម្ពុជាហាក់បានលាក់បាំងនូវព័ត៌មានសំខាន់មួយចំនួន ពាក់ព័ន្ធនឹងការលុបចោលអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ ដែលកត្តានេះបានបង្ហាញពីការខ្វះទំនួលខុសត្រូវរបស់រដ្ឋាភិបាល ចំពោះសាធារណជន។ លោកយល់ថា ការធ្វើការទូតបែបលួចលាក់នេះ គឺជាការលាក់បាំងនូវភាពបរាជ័យក្នុងការចរចា ដើម្បីគេចវេះពីការរិះគន់ ដែលនាំឱ្យប្រជាពលរដ្ឋកាន់តែបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល។
ក្រោយចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់បណ្ដោះអាសន្ន កាលពីចុងខែធ្នូ ឆ្នាំ២០២៥ មក ប្រទេសថៃ ដែលជាភាគីមានប្រៀបលើកម្លាំងយោធា បានយកលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀង មកធ្វើការបកស្រាយលើសពីខ្លឹមសារដើម និងបានចូលឈ្លានពានក្នុងដែនអធិបតេយ្យរបស់កម្ពុជា ជាបន្តបន្ទាប់ ខណៈកម្ពុជា ដែលជាភាគីទន់ខ្សោយ បានប្រើប្រាស់វិធីការទូត ដោយចេញលិខិតតវ៉ាចំនួនជិតមួយពាន់ដង។
ក្នុងនោះ ភាគីថៃក៏បានព្រមានជាច្រើនដង មិនឱ្យកម្ពុជាប្រើប្រាស់ពាក្យថា ថៃឈ្លានពានកម្ពុជា និងហាមមិនឱ្យកម្ពុជា ស្វែងរកកិច្ចអន្តរាគមន៍ពីបរទេស ឬមហាអំណាចថែមទៀតផង៕







