ក្រុម​អតិថិជន ហួយវ័ន ផេ បន្ត​តវ៉ា​មុខ​ស្ថានទូត​ចិន​ទាមទារ​លុយ និង​ទាមទារ​ឱ្យ​ដោះលែង​ជន​រងគ្រោះ

0
85
ទិដ្ឋភាព​អតិថិជន​រងគ្រោះដោយសារក្រុមហ៊ុន​ ហួយវ័ន លើកបដាតវ៉ានៅ​មុខស្ថានទូត​ចិន​ នៅ​កម្ពុជា កាលពីថ្ងៃទី១៤ កក្កដា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាព​អតិថិជន​រងគ្រោះដោយសារក្រុមហ៊ុន​ ហួយវ័ន លើកបដាតវ៉ានៅ​មុខស្ថានទូត​ចិន​ នៅ​កម្ពុជា កាលពីថ្ងៃទី១៤ កក្កដា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​អតិថិជន​រងគ្រោះ​នៃ​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ ប្រមាណ ១​រយ​នាក់​នៅតែ​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅមុខ​ស្ថានទូត​ចិន ទោះបី​ប្រឈម​នឹង​ការ​គំរាមកំហែង និង​មាន​អ្នក​តវ៉ា​ជនជាតិ​ចិន​ម្នាក់ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ក៏ដោយ។ ក្រុម​ជនរងគ្រោះ​អះអាង​ថា អ្នកបញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​អ្នក​តវ៉ា​ជា​បន្តបន្ទាប់​គឺ​លោក ហ៊ុន តូ ដែល​ត្រូវជា​ក្មួយប្រុស​បង្កើត​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន។ ចំណែក អ្នកជំនាញ​សិទ្ធិមនុស្ស ចាត់ទុក​ការ​ចាប់ខ្លួន​អ្នក​តវ៉ា​ទាម​ទារ​លុយ​របស់​ខ្លួន​មកវិញ​នេះ​ថា ជា​ទង្វើ​បំពាន​ច្បាប់ និង​ជា​ការ​គំរាមកំហែង ដើម្បី​បំបាក់ស្មារតី​ជនរងគ្រោះ​ផ្សេងទៀត​មិន​ឱ្យ​បន្ត​ទាមទារ​យុត្តិធម៌។

ក្រុម​ជនរងគ្រោះ​នៃ​ក្រុមហ៊ុន ហួយវ័ន ផេ ហាក់​កាន់តែ​ផុសផុល​ក្នុង​ការ​បន្ត​ចេញ​តវ៉ា​បន្ទាប់ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​ជនរងគ្រោះ​ជនជាតិ​ចិន​ម្នាក់ទៀត​ក្រោយ​ចូលរួម​តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​របស់​លោក ហ៊ុន តូ សង​លុយ​ដែល​ត្រូវ​បាន​បង្កក​អស់​រយៈពេល​ជាច្រើន​ខែ​។ ក្រុម​អ្នក​តវ៉ា​លើកឡើង​ថា ពួកគាត់​គឺជា​ជនរងគ្រោះ មិនមែន​ជា​ជនល្មើស​ឡើយ ហើយ​ការណ៍​ដែល​អាជ្ញាធរ​បន្ត​ចាប់ខ្លួន​អ្នក​ចេញ​តវ៉ា​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​បាត់​បង់លុយ​កាន់តែ​រង​ភាព​អយុត្តិធម៌​ផ្ទួនៗ​បន្ថែម​ទៀត។

ជនរងគ្រោះ​ប្រមាណ ១​រយ​នាក់​នៅ​ថ្ងៃទី​១៤ ខែកក្កដា បាន​បន្ត​ប្រមូល​ផ្ដុំគ្នា​ស្រែក​តវ៉ា​ទាមទារ​ឱ្យ​ស្ថានទូត​ចិន​ជួយ​អន្តរាគមន៍​ដោះលែង​ជនរងគ្រោះ​ដោយ​ឥត​លក្ខខណ្ឌ និង​បន្ត​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ចេញមុខ​ដោះស្រាយ​រឿង​លុយកាក់​របស់​ពួកគាត់​ដែល​ជាប់​គាំង​ក្នុង​ក្រុមហ៊ុន ហួយ​វ័នផេ​។ ក្រុម​បាតុករ​បាន​ព្យាយាម​លើក​ស្លាក​បដា និង​រូបថត​នៃ​សមាជិក​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដូច​សព្វមួយដង ប៉ុន្តែ​ត្រូវ​បាន​កងកម្លាំង​អាជ្ញាធរ​ស្រែក​គំរាម​សម្លុត​ចាប់​ទាញ​គ្រវែង​ចោល។

ជនរងគ្រោះ​ជនជាតិ​ចិន​ម្នាក់​ថ្លែង​តាមរយៈ​អ្នកបកប្រែ​ថា លោកស្រី និង​អ្នក​ផ្សេងទៀត​ដែល​បន្ត​ចេញ​តវ៉ា​ទាម​ទារ​លុយ​របស់​ខ្លួន​ឯង​នេះ​គឺ​ទាំង​អារម្មណ៍​ភ័យខ្លាច និង​ការ​ចាប់ចង​ពី​សំណាក់​អាជ្ញាធរ​។ ទោះជា​បែបនេះ​ក្ដី​លោកស្រី​ថា ពួកគាត់​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​បន្ត​ទាមទារ​រក​យុត្តិធម៌​នោះ​ទេ ព្រោះ​លុយ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក គឺជា​ទ្រព្យសម្បត្តិ​ដែល​រកបាន​ដោយ​ការ​ខិតខំ​ប្រឹងប្រែង និង​កម្លាំង​ញើស​ឈាម​។ ជនរងគ្រោះ​រូប​នេះ​យល់​ថា ការ​បន្ត​ចាប់ខ្លួន​អ្នក​តវ៉ា​គឺជា​រូបភាព​គំរាមកំហែង​ដល់​ជនរងគ្រោះ​ផ្សេងទៀត ដើម្បី​ឱ្យ​បញ្ឈប់​ការ​ចេញ​ប្រមូលផ្ដុំ​តវ៉ា​ទាម​ទារ​លុយ​របស់​ខ្លួន​ដែល​បាន​បាត់បង់។

ដូចគ្នា​នេះ​ដែរ អ្នក​តវ៉ា​ម្នាក់ទៀត​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ឱ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹង​ថា លោកស្រី​ចេញ​តវ៉ា​រាល់ថ្ងៃ​នេះ​ទាំង​អារម្មណ៍​ភ័យខ្លាច​អាជ្ញាធរ​ចាប់​ដាក់គុក ប៉ុន្តែ​បើ​មិន​ចេញ​ទាមទារ​លោកស្រី​ថា លុយ​របស់​ខ្លួន​នឹង​មិន​ទទួល​បាន​មកវិញ​ឡើយ​។ អ្នក​លក់ដូរ​គ្រឿងសំណង់​រូប​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន ហួយវ័ន ផេ បាន​បង្កក​លុយ​លោកស្រី​ប្រមាណ ២០​ម៉ឺន​ដុល្លារ​។ លោកស្រី​បន្ថែម​ថា ការបាត់បង់​ប្រាក់​ទាំង​នោះ​បាន​ធ្វើ​ឱ្យ​គ្រួសារ​របស់​លោក​ស្រី​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ជំពាក់​បំណុល​គេ និង​ធ្វើ​ឱ្យ​មុខរបរ​អាជីវកម្ម​ប្រឈម​ការ​ជាប់​គាំង។

អ្នកចូលរួម​តវ៉ា​ជនជាតិ​ចិន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ​ស្ទាក់​ចាប់​កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា​មានឈ្មោះ ខឺ ស៊ាវវ៉េ (Ke Xiaowei) មាន​វ័យ​ជាង ៦០​ឆ្នាំ​។ ជនរងគ្រោះ​ជនជាតិ​ចិន​រូប​នេះ​ធ្លាប់​អះអាងថា បាន​ជាប់​គាំង​លុយ​ប្រមាណ ៣០​ម៉ឺន​ដុល្លារ ក្នុង​គណនី​ហួយ​វ័ន និង​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​បន្ទាប់ពី​ចូល​រូម​តវ៉ា​នៅ​ខាងមុខ​ធនាគារជាតិ​កម្ពុជា។ បច្ចុប្បន្ន​សមត្ថកិច្ច​ក្រុងភ្នំពេញ​បាន​បញ្ជូន​រូបលោក​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បន្ត​នីតិវិធី។

ក្រុម​អ្នក​តវ៉ា​ឱ្យ​ដឹង​ថា ភ្លាមៗ​ក្រោយពេល​សមត្ថកិច្ច​ស្ទាក់​ចាប់​ខ្លួន​លោក ខឺ ស៊ាវវ៉េ នៅ​ត្រង់​ចំណុច​បណ្ដោយ​ផ្លូវហាណយ​ក្នុង​រាជធានី​ភ្នំពេញ ក្រុម​កម្លាំង​សមត្ថកិច្ច​បាន​ស្រែក​សម្លុត​ប្រាប់​ថា ការ​ចាប់ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក ហ៊ុន តូ។ «»

មក​ដល់​ពេល​នេះ មាន​ជនរងគ្រោះ​ចំនួន ៣​នាក់​ហើយ​ដែល​ត្រូវ​បាន​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ត្រកូល ហ៊ុន បាន​ចាប់​ដាក់​ពន្ធនាគារ​ដោយសារតែ​ភាព​សកម្ម​របស់​ពួកគាត់​ក្នុង​ការ​ចេញ​តវ៉ា​ដោយ​សន្តិវិធី​រឿង​ទាម​ទារ​លុយ​របស់​ខ្លួន​ដែល​ត្រូវ​បាន​ក្រុមហ៊ុន លោក ហ៊ុន តូ បង្កក​យក​តាំងពី​ចុងឆ្នាំ​២០២៥។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សំ វិច្ឆិកា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១៤ ខែ​កក្កដា។

ចំណាត់ការ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​ដែល​បន្ត​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​អតិថិជន​រងគ្រោះ​ជា​បន្ត​បន្ទាប់​នេះ កើតឡើង​ក្រោយ​លោក ហ៊ុន តូ ដែល​ជា​សហប្រធាន​ក្រុមហ៊ុន ហួយវ័ន ផេ ធ្លាប់​បាន​ប្រកាស​បដិសេធ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ និង​មិន​ទទួលខុសត្រូវ​ចំពោះ​លុយ​ដែល​អតិថិជន​អះអាង​ថា បាន​បាត់បង់​នៅក្នុង​ក្រុមហ៊ុន​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ចេញ​តវ៉ា​ដោយ​សន្តិវិធី​របស់​ក្រុម​ជនរងគ្រោះ ទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន គឺជា​សិទ្ធិ​ស្របច្បាប់​ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ លោក​ថា ការ​បន្ត​ចាប់ចង​ជនរងគ្រោះ​មិន​ត្រឹមតែ​ជា​ទង្វើ​បំពាន​ច្បាប់​នោះ​ទេ តែ​ជា​ទង្វើ​ដែល​មេដឹកនាំ​ផ្ដាច់ការ​ចូលចិត្ត​ប្រើប្រាស់ ដើម្បី​សម្លុត​គំរាមកំហែង បំបាក់ស្មារតី ដល់​ជនរងគ្រោះ​ដទៃទៀត​កុំឱ្យ​បន្ត​ងើប​ទាមទារ​យុត្តិធម៌។ «»

ចំណែក នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត នៅតែ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​អតិថិជន​ដោយ​សន្តិវិធី ជាជាង​ការ​បន្ត​បង្ក្រាប និង​ចាប់ចង​អ្នក​ដែល​រងគ្រោះ​។ លោក​បន្ត​ថា ការណ៍​ដែល​ស្ថាប័ន​ជំនាញ​ជំរុញ​ឱ្យ​ជនរងគ្រោះ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ​នឹង​កាន់តែ​បង្ក​លក្ខណៈ​ស្មុគស្មាញ និង​ធ្វើ​ឱ្យ​ជនរងគ្រោះ​រង់ចាំ​ពេលវេលា​យូរ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌។ «»

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា វាយតម្លៃ​ថា ពន្លឺយុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ក្នុង​សំណុំរឿង​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ហាក់​នៅ​ឆ្ងាយ​ដូច​ជើងមេឃ​។ អាជ្ញាធរ និង​តុលា​ការដែល​ស្ថិត​ក្នុង​ការ​បញ្ជា​របស់​អ្នក​មាន​អំណាច​នឹង​មិន​ហ៊ាន​ចាត់វិធានការ​ដោះស្រាយ​រឿង​នេះ​ឡើយ​ដោយសារតែ​លោក ហ៊ុន តូ ដែល​ជា​មេដឹកនាំ​ក្រុមហ៊ុន​នេះ​មាន​ទាំង​លុយ អំណាច និង​ត្រូវជា​ក្មួយបង្កើត​លោក ហ៊ុន សែន ហើយក៏​ត្រូវជា​បងជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ ទោះជា​យ៉ាងណា លោក ស៊ឹង សែនករុណា យល់​ថា ជនរងគ្រោះ​នៅតែ​មាន​ក្តី​សង្ឃឹម​អាច​ទទួល​បាន​លុយ​ញើស​ឈាម​របស់​ខ្លួន​ត្រឡប់មកវិញ ប្រសិនបើ​ជនរងគ្រោះ​ទាំងអស់​បន្ត​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់ រួបរួម​គ្នា​តវ៉ា​ឱ្យ​ខ្លាំងក្លា ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ចេញមុខ​ដោះស្រាយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ