លោក ហ៊ុន ម៉ាណែត ណែនាំ​ដល់​អភិបាលខេត្ត​ភាគ​ឦសាន​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន

0
28
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (មុខ​គេ) ថ្លែង​ពេល​ចុះ​ជួប​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្ត​​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី៣១ មករា ២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (មុខ​គេ) ថ្លែង​ពេល​ចុះ​ជួប​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្ត​​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី៣១ មករា ២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អភិបាលខេត្ត​ស្ទឹងត្រែង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​អភិបាលខេត្ត​តំបន់​ភាគ​ឦសាន​ផ្សេងទៀត​បង្កើន​ការអនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ ទន្ទឹមគ្នា​នេះ លោក​អះអាង​ថា ទោះបី​កម្ពុជា​រង​ការ​ចោទប្រកាន់​ថា ជា​មូលដ្ឋាន​សម្រាប់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ក៏ដោយ ក៏​រដ្ឋាភិបាល​នៅ​តែ​មាន​យុទ្ធសាស្ត្រ​អូសទាញ​អ្នក​វិនិយោគិន​ឱ្យមក​រកស៊ី​នៅ​កម្ពុជា​។ ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​រិះគន់​ថា ការ​លើកឡើង​នេះ​គ្រាន់តែ​ជា​សារ​នយោបាយ​ប្រជាភិថុតិ ដើម្បី​បិទបាំង​ភាព​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លុបបំបាត់​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​វិធានការ​ផ្លូវច្បាប់​លើ​មេខ្លោង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមាន​ថា ខេត្ត​ស្ទឹងត្រែង​មាន​ទីតាំង​ភូមិសាស្ត្រ​អំណោយផល​សម្រាប់​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដូចជា​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​កន្លងមក​តាម​ច្រកព្រំដែន​ជាប់​ប្រទេស​ឡាវ​។ លោក​ជំរុញ​ឱ្យ​អភិបាលខេត្ត​នេះ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​ភាគ​ឦសាន​ផ្សេងទៀត​រួមគ្នា​បង្កើន​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​បទល្មើស​ឆ្លងដែន រួម​ទាំង​អាជីវកម្ម​ខុសច្បាប់​ផ្សេងទៀត ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​ការ​ប្រកប​អាជីវកម្ម​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់។

លោក ហ៊ុន ម៉ាណែត ថ្លែង​បែបនេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា​នៅ​ខេត្តស្ទឹងត្រែង​នៅ​ថ្ងៃទី​១២ ខែសីហា។

លោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹង​គឺ​ទៅ​ធ្វើ​ម៉េច​ទប់ទល់​ក្រុម​បណ្ដាញ​ឧក្រិដ្ឋកម្ម​មិន​ថា នៅក្នុង​ខេត្ត ឬមួយ​ក៏​ឆ្លងខេត្ត ឆ្លង​ប្រទេស ត្រូវតែ​រួមគ្នា​ដើម្បី​ទប់ស្កាត់​ឱ្យ​បាន អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​។ ព្រោះ​បើសិនជា​ខេត្ត​មានឈ្មោះ​ប្រឡាក់​ប្រឡូក​ហើយ គឺ​ពិបាក​លាង​ណាស់​។ នេះ​ដែល​ថា​ទីមួយ​សង្គ្រាម ឥឡូវ​បើ​យើង​អត់​សង្គ្រាម​ហើយ រឿង​សន្តិសុខ ស្ថិរភាព និង​បញ្ហា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ បើ​អសន្តិសុខ កន្លែង​អ​សុវត្ថិភាព មានឈ្មោះ​មាន​បញ្ហា គឺ​អត់​មាន​ពី​ណា​មក​ទេ កុំ​ថា ហៅ​ទេសចរ​មក​លេង ឬមួយ​ក៏​វិនិយោគ សូម្បីតែ​អ្នក​នៅក្នុង​ខេត្ត​ក៏​ពិបាក​រស់នៅ​ដែរ»។

លោក ហ៊ុន ម៉ាណែត ក៏​ទទួលស្គាល់​ថា វត្តមាន​បណ្ដាញ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា បាន​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ និង​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​រង​ការ​ប៉ះពាល់​។ លោក​ថា បញ្ហា​នេះ​ក៏បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ប្រឈម​ការ​លំបាក​ក្នុង​ការ​ស្ដារ​កេរ្តិ៍ឈ្មោះ​កម្ពុជា និង​កសាង​ទំនុកចិត្ត​អ្នក​វិនិយោគ និង​សហគមន៍​អន្តរជាតិ​ឡើងវិញ​ផង​ដែរ។

កន្លងមក​បណ្ដាញ​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ទឹកដី​នៃ​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​គឺជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុង​ការ​ដឹកនាំ​ជញ្ជូន​គ្រឿងញៀន រួម​ទាំង​សារធាតុ​គីមី​ផ្សំ​រាប់​សិប​តោន​ដោយ​យក​មក​ផលិត​ជា​គ្រឿងញៀន​នៅក្នុង​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា​។ ជាមួយ​គ្នា​នេះ ករណី​ពាក់ព័ន្ធ​នឹង​មន្ត្រី​អាជ្ញាធរ​មួយចំនួន​តាម​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ជាប់​ប្រទេស​ឡាវ ក៏​ធ្លាប់​រង​ការចោទប្រកាន់​ពី​ការ​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​បើកដៃ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ភាគច្រើន​ជា​ជនជាតិ​ចិន​នាំ​មនុស្ស​យក​មក​ជួញដូរ​នៅ​កម្ពុជា​។ ដោយឡែក ខេត្ត​តំបន់​ភាគ​ឦសាន​ផ្សេងទៀត​ដូចជា រតនគិរី និង​មណ្ឌលគិរី​ជាដើម ក៏​ត្រូវ​បាន​រាយការណ៍​ថា បណ្ដាញ​ឧក្រិដ្ឋជន​បង្កើត និង​ជួល​អគារ​ពាណិជ្ជកម្ម រួម​ទាំង​សណ្ឋាគារ​មួយចំនួន ដើម្បី​​បម្លែង​ជា​មជ្ឈមណ្ឌល​សម្រាប់​បង្ខាំ​ង​មនុស្ស​ធ្វើ​ទារុណកម្ម ដើម្បី​បង្ខំ​ឱ្យ​ឆបោក​តាម​អនឡាញ។ សមត្ថកិច្ច​នៃ​បណ្ដា​ខេត្ត​ទាំងនេះ​ធ្លាប់​ចុះ​បង្ក្រាប​ទីតាំង​នៅ​តាម​អគារ​ដោយ​រក​ឃើញ​មនុស្ស​ពាក់ព័ន្ធ​រាប់​រយ​នាក់ និង​កំពុង​បន្ត​យុទ្ធនាការ​បង្ក្រាប​ប្រតិបត្តិករ​ដែល​លួច​សម្ងំ​ធ្វើ​ការងារ​ឆបោក​នៅ​តាម​ផ្ទះ។

ជុំវិញ​រឿង​នេះ អ្នកឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា ការ​ថ្លែង​សារ​ដដែលៗ​របស់​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ជា​សារ​នយោបាយ​ស្អំ​ចិត្ត​ពលរដ្ឋ និង​ដើម្បី​បិទបាំង​ពី​ភាព​បរាជ័យ​នៃ​ដឹកនាំ​របស់​ខ្លួន​ដែល​អសមត្ថភាព​ក្នុង​ការ​លុបបំបាត់​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​វិធានការ​ផ្លូវច្បាប់​លើ​មេខ្លោង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា រិះគន់​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ​មិន​ទាន់​មាន​ប្រសិទ្ធភាព និង​មិនអាច​កសាង​ទំនុកចិត្ត​ពី​សហគមន៍​អន្តរជាតិ​បាន​ឡើយ​។ លោក​ថា បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​បង្ក​ការខាតបង់​ដល់​សេដ្ឋកិច្ចជាតិ និង​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​រង​ភាព​អាម៉ាស់​ដូច​សព្វថ្ងៃ គឺ​ដោយសារ​រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​នយោបាយ ក្នុង​ការ​បង្ក្រាប​ឱ្យ​ដល់​ឫសគល់ ជាពិសេស​ចាត់​វិធានកា​រលើ​មេខ្លោង និង​បណ្ដាញ​អ្នក​មាន​អំណាច​ដែល​នៅ​ឈរ​កាង​ពីក្រោយ​ឧក្រិដ្ឋកម្ម​ទាំងនេះ។

លោក ស៊ឹង សែនករុណា៖ «ការ​ចាត់វិធានការ​ឱ្យ​ចំ​គោលដៅ ទីមួយ គឺ​ការ​លាង​ជម្រះ និង​ការ​ជួយ​ទៅដល់​ពលរដ្ឋ​កម្ពុជា និង​ជួយ​ទៅដល់​ប្រទេស​កម្ពុជា​ខ្លួនឯង​ទៅវិញ​ទេ ដើម្បី​លាង​សម្អាតខ្លួន​ពី​ការចោទប្រកាន់​ផ្សេងៗ ហើយ​ធ្វើ​ឱ្យ​ពិភពលោក​គេ​មានការ​ភ័យខ្លាច​ជាមួយនឹង​ប្រទេស​កម្ពុជា​។ ពលរដ្ឋ​ប្រទេស​ផ្សេងៗ​ដែល​គេ​សួរ គេ​ស្គាល់​ថា យើង​កម្ពុជា គឺ​គេ​ស្គាល់​យើង​ជាទី​តាំង​ដែល​ឆបោក​អនឡាញ​នេះ​ឯង វា​ជា​រឿង​អាម៉ាស់​មួយ​សម្រាប់​ពលរដ្ឋ ជា​រឿង​អាម៉ាស់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​យើង​។ យើង​អត់​ចង់​ឃើញ​រូបភាព​អាម៉ាស់​ហ្នឹង​បន្ត​ទៅ​ទៀត​ទេ ក្នុងនាម​យើង​ជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា គឺ​យើង​ចង់ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ឱ្យ​ចំ​អ្នក​នៅ​ពីក្រោយ​ខ្នង រក​ឃើញ​ទោះបី​មាន​ឋានៈ​ប៉ុណ្ណា​ក៏ដោយ ត្រូវតែ​ហ៊ាន​អា​កាត់ ត្រូវ​តែ​ចាត់វិធានការ»។

ស្របពេល​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន រង​ការ​ចោទប្រកាន់​ថា កាង​ការពារ​ពីក្រោយ​មេខ្លោង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​អនឡាញ​នៅ​កម្ពុជា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ព្រមទាំង​សហភាព​អឺរ៉ុប​ឯណោះ​វិញ បាន​បង្ហាញ​ការ​យកចិត្តទុកដាក់​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នេះ និង​បាន​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន និង​មនុស្ស​ជំនិតៗ​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ជា​បន្តបន្ទាប់។

ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន​របស់​សាច់ញាតិ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន គឺ​លោក ហ៊ុន តូ រួម​ទាំង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ពីរ​រូប​ទៀត គឺ​លោក លី យ៉ុងផាត់ និង​លោក កុក អាន ក៏​កំពុង​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​បន្ត​តាមដាន​លើ​សកម្មភាព​របស់​ពួកគាត់ ដែល​ពាក់ព័ន្ធ​នឹង​អង្គការ​ឧក្រិដ្ឋកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ ការ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយកខ្វក់​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ