

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដឹកនាំមន្ត្រីគ្រាក់ៗរបស់លោក ទៅដល់ប្រទេសចិនហើយនៅរសៀលថ្ងៃទី២៥ ខែមិថុនា ដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរយៈពេល ៣ថ្ងៃតាមការអញ្ជើញរបស់មេដឹកនាំកំពូលបក្សកុម្មុយនិស្តចិន។ លោក ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាការបញ្ជាក់ជំហររបស់កម្ពុជាដោយឥតងាករេក្នុងការរឹតចំណង «មិត្តភាពដែកថែប» ជាមួយចិន។ ប៉ុន្តែទន្ទឹមគ្នានេះ អ្នកឃ្លាំមើលយល់ថា ក្នុងដំណើរទស្សនកិច្ចនេះលោក ហ៊ុន សែន នឹងបន្តរណែបរណបអែបអបចិន ជាថ្នូរទទួលបានការគាំទ្រផ្នែកនយោបាយ និងកម្ចី សម្រាប់ពង្រឹងអំណាចក្រុមគ្រួសារត្រកូល «ហ៊ុន»។
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ចាប់ផ្ដើមជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សកុម្មុយនិស្តចិនហើយនៅថ្ងៃទី២៥ ខែមិថុនា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីលោកបានផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅឱ្យលោក ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៣។
មន្ត្រីជាន់ខ្ពស់ដែលអមដំណើរលោក ហ៊ុន សែន ទៅកាន់ប្រទេសចិនលើកនេះ ភាគច្រើនជាមន្ត្រីកំពូលស្ថាប័នការពារជាតិ។ ក្នុងនោះមានអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ទៀ បាញ់ ផងដែរ។ ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានសណ្ដោងកូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ានិត ដែលកំពុងកាន់តំណែងជាប្រធានអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ដើម្បីចូលរួមក្នុងជំនួបទ្វេភាគីជាមួយមេដឹកនាំកំពូលរបស់ចិនដែរ។
សេចក្ដីប្រកាសរបស់ព្រឹទ្ធសភាកម្ពុជាឱ្យដឹងថា លោក ហ៊ុន សែន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jingping) នាយករដ្ឋមន្ត្រី លោក លី ឈាង (Li Qiang) និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ លោក ហ៊ុន សែន គ្រោងចូលបង្គំគាល់ព្រះមហាក្សត្រដែលកំពុងសម្រាកព្យាបាលព្រះរាជរោគនៅប្រទេសចិនដែរ។
ភាគីកម្ពុជា និងចិនមិនទាន់បង្ហាញព័ត៌មានលម្អិតនៃជំនួបរវាងមេដឹកនាំកម្ពុជា និងចិន ឬកិច្ចព្រមព្រៀងណាមួយនៅឡើយ គិតត្រឹមម៉ោងផ្សាយនេះ។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសចិននាពេលនេះក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងបន្តដាំក្បាលដោយសារតែការរីករាលដាលឧក្រិដ្ឋកម្មឆបោកអនឡាញ និងសង្គ្រាមថៃវាយប្រហារឈ្លានពានកម្ពុជា។ ទន្ទឹមគ្នានេះ ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយមើលឃើញថា លោក ហ៊ុន សែន ក៏ទំនងទៅចិន ដើម្បីស្វែងរកកម្ចី និងការទម្លាក់ទុនពីក្រុមហ៊ុននៃរដ្ឋអំណាចចិនបន្ថែម បន្ទាប់ពីរដ្ឋាភិបាលកូនប្រុសលោករបស់គឺលោក ហ៊ុន ម៉ាណែត បរាជ័យអូសទាញអ្នកវិនិយោគពីបណ្ដាលោកសេរីនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសចិនលើកនេះ ក៏កើតឡើងស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានអ្នកជំនាញកិច្ចការអន្តរជាតិវាយតម្លៃថា កំពុងព្យាយាមពង្រីកទំនាក់ទំនងនយោបាយការទូតជាមួយសហរដ្ឋអាមេរិកឡើងវិញ ដើម្បីស្វែងរកការគាំទ្រក្នុងសំណុំរឿងជម្លោះព្រំដែនកម្ពុជា-ថៃ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៥ ខែមិថុនាថា លោក ហ៊ុន សែន នឹងបន្តធ្វើជា «កូនជឹង» ចិន និងអនុញ្ញាតឱ្យភាគីចិនប្រើប្រាស់រដ្ឋាភិបាលត្រកូល ហ៊ុន ជាឧបករណ៍សម្រាប់បម្រើមហិច្ឆតាពង្រីកភូមិសាស្ត្រនយោបាយចិនក្នុងតំបន់។ លោកថា ជាថ្នូរមកវិញភាគីត្រកូល ហ៊ុន នៅបន្តទទួលបានជំនួយ និងកម្ចីពីចិន ដើម្បីបន្តក្ដោបក្ដាប់អំណាចផ្ដាច់ការនៅកម្ពុជា។ ទោះជាយ៉ាងណា លោកថា ភាគីចិនគ្មានភាពស្មោះត្រង់ឡើយ និងបង្កើនទំនាក់ទំនងជាមួយកម្ពុជាសម្លឹងមើលតែផលប្រយោជន៍តែប៉ុណ្ណោះ ប៉ុន្តែនៅពេលកម្ពុជាជួបវិបត្តិចិនតែងតែទុកកម្ពុជាឱ្យឯកោ ដូចជាពេលថៃបើកការឈ្លានពានកម្ពុជាជាដើម។
៖«បើយើងនិយាយពីផលចំណេញពីចិននោះ វាអត់មានទេ។ អ្វីដែលលោក ហ៊ុន សែន គាត់ទៅស្រុកចិននេះ គឺគាត់ទៅបញ្ជាក់ជំហរ អំពីកិច្ចសន្យារបស់គាត់ជាមួយរដ្ឋាភិបាលចិនកន្លងទៅហ្នឹង។ បើយើងនិយាយពីភូមិសាស្ត្រនយោបាយ គឺចិនត្រូវការកម្ពុជាហ្នឹងឯង ដើម្បីជួយឱ្យធ្វើការងារជំនួសមុខមាត់ចិននៅក្នុងអាស៊ាន។ ដូចជាបញ្ហាជម្លោះសមុទ្រចិនខាងត្បូងអីហ្នឹង ក៏ចិនវាត្រូវការកម្ពុជាដើម្បីជួយគាំទ្រដែរ។ លោក ហ៊ុន សែន ហ្នឹងគាត់បានតែបម្រើចិនទេ បើថាឱ្យបានផលប្រយោជន៍ពីចិន វាមិនមានសម្បូរបែបអីទេ»។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងអ្នកវិនិយោគធំមួយរបស់កម្ពុជា។ ទោះយ៉ាងណា ក្នុងវិស័យពាណិជ្ជកម្មជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានអតុល្យភាពខ្លាំងដោយសារតែចិននាំទំនិញមកលក់កម្ពុជាក្នុងតម្លៃច្រើនលើសលប់ ប៉ុន្តែកម្ពុជានាំទំនិញទៅលក់ក្នុងប្រទេសចិនវិញមានតម្លៃតិចតួចស្ដួចស្ដើង។ ក្រោយរម្លាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០២៧ រដ្ឋាភិបាលត្រកូល ក៏បានជំនួយ និងកម្ចីពីចិនជាបន្តបន្ទាប់ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានឈានដល់កិច្ចសហប្រតិបត្តិការកំពូលភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ដោយសារទំនាក់ទំនងឥតព្រំដែនជាមួយចិននេះ លោក ហ៊ុន សែន ក៏បានប្រែក្លាយប្រទេសកម្ពុជា ក៏ទៅជាសម្បុកនៃក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញដែលភាគច្រើនជាជនជាតិចិន ហើយធ្វើឲ្យខូចខាតកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់កម្ពុជាធំធេងនៅលើឆាកអន្តរជាតិ៕







